ថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៨៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ជា​ទី​គាប់​ដល់​ព្រះហឫទ័យ​នៃ​ព្រះយេហូវ៉ា នោះ​ទ្រង់​ក៏​បណ្តាល​ឲ្យ​ទាំង​ពួក​ខ្មាំងសត្រូវ​បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។ សុភាសិត​ ១៦:៧

នៅពេលលូធើរត្រូវការឱវាទជាច្រើនពីមិត្តសម្លាញ់ដ៏ស្មោះស្ម័គ្រ របស់លោកនោះ ព្រះបានបញ្ជូនលោកមេលែងថិនឱ្យមកឯវិតថិនបឺក។ សុភនិច្ឆ័យរបស់មេលែងថិន រួមនឹងចរិតលក្ខណៈដ៏បរិសុទ្ធល្អថ្លៃថ្លារបស់ គាត់ បានធ្វើឱ្យគេសរសើរគ្រប់ទីកន្លែង។ ក្រោយមកគាត់ក៏បានធ្វើជាមិត្តដ៏គួរជាទីទុកចិត្តដល់លូធើរ សេចក្តីសុភាពរាបសា ការប្រយ័ត្នប្រយែង ហើយ និងភាពម៉ឺងម៉ាត់របស់គាត់ ជាលក្ខណ​ៈសម្បត្តិបន្ថែមលើសេចក្តីក្លាហាននិងកម្លាំងរបស់លូធើរ។

គេបានកំណត់យកក្រុងអ៊ក្សប៊ក ធ្វើជាកន្លែងកាត់ក្តី ហើយអ្នកកែទម្រង់ បានចេញដំណើរដោយជើងទៅកាន់ទីនោះ។ គេបានគំរាមថានឹងសម្លាប់ គាត់នៅតាមផ្លូវ ហើយមិត្តភក្តិគាត់បានអង្វរមិនឱ្យចេញដំណើរ។ ប៉ុន្តែ គាត់ តបវិញថា «ខ្ញុំដូចជាហោរាយេរេមាដូច្នោះដែរ ជាមនុស្សនៃសេចក្តីវិវាទ ហើយឱ្យតែគេគំរាមខ្លាំងឡើង សេចក្តីត្រេកអររបស់ខ្ញុំក៏កាន់តែកើនច្រើនឡើងដែរ...។ គេបានបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំស្រេចទៅហើយ...។ ចំណែកឯព្រលឹងខ្ញុំវិញ គេមិនអាចយកវាបានទេ។ អ្នកដែលប្រាថ្នា ចង់ប្រកាសផ្សាយព្រះបន្ទូលរបស់ព្រះគ្រីស្ទដល់ពិភពលោកត្រូវរំពឹងថ្ងៃ ស្លាប់គ្រប់ពេលវេលា »។

ដំណឹងឮថាលូធើរបានមកដល់អ៊ក្សប៊កហើយ បានធ្វើឱ្យសង្ឃទូតពេញចិត្តជាអនេក។ ជនបែកឆ្វេងដែលបង្ករឿង ធ្វើឱ្យពិភពលោកទាក់ អារម្មណ៍នោះ ឥឡូវហាក់បីដូចជាស្ថិតនៅក្នុងអំណាចរ៉ូម ហើយលោកមិន អាចគេចខ្លួនឡើយ។ សង្ឃទូតមានបំណងចង់បង្ខំលូធើរឱ្យដកពាក្យ ឬបើ ធ្វើទៅពុំបានទេ ត្រូវល្បួងគាត់មកឯរ៉ូម ដើម្បីទទួលវាសនារបស់លោក ហាស់ និងលោកយេរ៉ូម។ ដូច្នេះហើយ សង្ឃទូតបានខិតខំតាមរយៈភ្នាក់ងាររបស់លោក ដើម្បីអន្ទោកអន្ទងលូធើរឱ្យអញ្ជើញមកដោយគ្មានលិខិតឆ្លងកាត់ ហើយគ្រាន់តែទុកចិត្តទៅលើធម៌មេត្តារបស់លោកទៅបានហើយ។ អ្នក កែទម្រង់បានរួញរាមិនយល់ព្រមតាមការធ្វើរបៀបនេះ។ ទាល់តែបានទទួល ឯកសារចែងពីសេចក្តីការពារពីព្រះចៅអធិរាជសិន ទើបលោកទៅបង្ហាញ មុខដល់អគ្គសាសនទូតនៃមហាសង្ឃរាជ។

បើតាមក្បួននយោបាយវិញ ពួកអ្នកកាន់លទ្ធិរ៉ូម បានសម្រេចយក ឈ្នះលើលោកលូធើរ ដោយធ្វើអាការៈទន់ភ្លន់តែពីខាងក្រៅ។ សង្ឃទូតបានបង្ហាញភាពរាក់ទាក់ដ៏សម្បើមក្រៃលែង ប៉ុន្តែ ទាមទារឱ្យលូធើរចុះចូលនឹង ព្រះវិហារលើគ្រប់ចំណុច ដោយគ្មានតវ៉ាឬសួរដេញដោលអ្វីឡើយ។ ក្នុងការ ឆ្លើយតបនោះ លូធើរបានសម្តែងការគោរពដល់ព្រះវិហារ ការប្រាថ្នាចង់បាន សេចក្តីពិត ការសុខចិត្តឆ្លើយអស់ទាំងសេចក្តីជំទាស់ដែលគាត់បានបង្រៀន ព្រមទាំងការសុខចិត្តដាក់គោលលទ្ធិរបស់គាត់ ដើម្បីឱ្យសាកលវិទ្យាល័យល្បីៗសម្រេចសេចក្តីផង។ ប៉ុន្តែ គាត់បានជំទាស់នឹងដំណើរការរបស់សមាជិក ទីប្រឹក្សាដែលឱ្យគាត់ដកពាក្យដោយគ្មានគេបញ្ជាក់ថាគាត់ខុស។

ចម្លើយតបមកវិញ មានឮតែ «ដកពាក្យៗ» ប៉ុណ្ណោះ។ អ្នកកែទម្រង់បានបង្ហាញគេឱ្យឃើញថាគោលជំហររបស់គាត់ គឺត្រូវបានពឹងផ្អែកទៅលើ បទគម្ពីរ។ លោកមិនអាចលះបង់សេចក្តីពិតចោលបានឡើយ។ សង្ឃទូតពុំអាចឆ្លើយតបទៅនឹងការវែកញែករបស់លោកលូធើរបាន ក៏សន្ធប់ដោយព្យុះ នៃការថ្កោលទោស ការចំអក ការបញ្ជោរ និងពាក្យដកស្រង់ពីប្រពៃណី ហើយនិងពាក្យចាស់បុរាណ មិនឱ្យឱកាសដល់អ្នកកែទម្រង់និយាយឡើយ។ ទីបំផុត លូធើរបានទទួលការអនុញ្ញាតទាំងអល់អែក ឱ្យជូនចម្លើយរបស់លោកជាលាយលក្ខណ៍អក្សរវិញ។

គាត់បានមានប្រសាសន៍នៅពេលសរសេរទៅមិត្តភក្តិម្នាក់ថា «អ្វី ដែលបានសរសេរ គឺស្រេចតែអ្នកដទៃវិនិច្ឆ័យចុះ ហើយទីពីរ យើងមាន ឱកាសនឹងទូទាត់រកអ្វីដែលបំភិតបំភ័យ ព្រមទាំងអ្វីដែលនៅក្នុងសតិសម្បជញ្ញៈ របស់អ្នកប្រើអំណាចផ្តាច់ការដ៏ក្រអឺត ហើយដែលចេះតែពោលពាក្យ ផ្តេសផ្តាសនេះ តែបើមិនធ្វើដូច្នេះទេ លោកនឹងបានឈ្នះដោយភាសាដ៏មានវោហាររបស់លោកជាមិនខាន»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​ណា​ដែល​គ្រប​បាំង​សេចក្តី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក​សេចក្តី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្រ​សំឡាញ់​បាក់​បែក​គ្នា​វិញ។ សុភាសិត​ ១៧:៩

Powered by CAM