ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៩) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១០៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ សតិបញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។ សុភាសិត​ ១៩:១១

នៅសួរិច ស្វីងកាលីបានអធិប្បាយយ៉ាងខ្ជាប់ខ្ជួនទាស់នឹងជំនួញលក់សេចក្តីអត់ទោស ពេលដែលសែមសិនចូលមកដល់ ក៏បានជួបជាមួយអ្នកនាំសារអំពីក្រុមប្រឹក្សាក្នុងរបៀបស្និទ្ធស្នាលដោយសង្ឃឹមថានឹងឆ្លងកាត់បាន។ គាត់រកផ្លូវចូលបានដោយខំប្រើឧបាយកល ប៉ុន្តែ គាត់ត្រូវបាន​បញ្ជូនចេញដោយមិនបានលក់ច្បាប់អត់ទោសឱ្យនរណាម្នាក់ឡើយ មិនយូរប៉ុន្មាន គាត់ក៏ចាកចេញពីប្រទេសស្វ៊ីសតែម្តងទៅ។

មានជំងឺអាសន្នរោគឬមហាមរណៈ បានកើតដល់ប្រទេសស្វ៊ីសនៅក្នុងឆ្នាំ១៥១៩។ ជនជាច្រើនបានមានអារម្មណ៍ថា ការអត់ទោសដែលពួកគេ បានទិញ ក្លាយជាឥតតម្លៃ និងជាអសារឥតការទៅវិញ ពួកគេប្រាថ្នាចង់ បាននូវគ្រឹះដ៏មាំមួនជាង សម្រាប់ជំនឿរបស់ខ្លួន។ ចំណែកស្វីងកាលីដែល នៅឯសួរិច គាត់បានឈឺជាទម្ងន់ ហើយគេបានរាយការណ៍សព្វទីកន្លែងថាគាត់បានស្លាប់ទៅហើយ។ នៅក្នុងកាលៈទេសៈដ៏វេទនានោះ គាត់បានមើល ទៅឈើឆ្កាងនៃកាល់វ៉ារី ដោយជឿទុកចិត្តចំពោះសេចក្តីធួននឹងអំពើបាប របស់គាត់។ នៅពេលដែលគាត់ចេញពីខ្លោងទ្វារមច្ចុរាជវិញ គាត់បាន អធិប្បាយដំណឹងល្អ ដែលប្រកបដោយកម្លាំងមាំមួន ជាងពេលណាៗ ទាំងអស់។ បណ្តាជនទាំងឡាយបានស្វាគមន៍គ្រូគង្វាលដ៏ជាទីស្រឡាញ់ របស់ខ្លួនដោយអំណរ ព្រោះគាត់បានរួចផុតពីសេចក្តីស្លាប់។ ឯពួកបណ្តា ជនដែលបានត្រឡប់មកពីបីបាច់ពួកអ្នកឈឺ និងអ្នកស្លាប់ មានចិត្តក្តុកក្តួល ចំពោះតម្លៃនៃដំណឹងល្អដូចពុំដែលមានពីមុនឡើយ។

ស្វីងកាលីបានឈ្វេងយល់សេចក្តីពិតនៃដំណឹងល្អរឹតតែច្បាស់ឡើង ហើយការពិសោធនៅក្នុងខ្លួនចំពោះអំណាចដែលធ្វើឱ្យទៅជាថ្មីឡើងវិញ ក៏កាន់តែពោរពេញណាស់ដែរ។ គាត់មានប្រសាសន៍ថា «ព្រះគ្រីស្ទ...បានទិញ ឱ្យយើងនូវសេចក្តីប្រោសលោះដែលគ្មានទីបញ្ចប់...។ អ្វីដែលទ្រង់មាន ព្រះទ័យចង់ប្រទានឱ្យយើង គឺយញ្ញបូជាដ៏អស់កល្ប ហើយនិងការព្យាបាលដ៏ស័ក្តិសិទ្ធិជានិរន្ត គឺសេចក្តីនេះហើយដែលបានបំពេញល័ក្ខខ័ណ្ឌនៃសេចក្តី យុត្តិធម៌របស់ព្រះជារៀងរហូតទៅ ជំនួសអស់អ្នកដែលពឹងផ្អែកទៅលើ សេចក្តីនេះ ដោយជំនឿមាំមួនដែលឥតរង្គោះរង្គើបាន...។ ទីណាដែលមាន ជំនឿដល់ព្រះ ទីនោះនឹងមានការជំរុញចិត្តមនុស្សឱ្យធ្វើអំពើល្អ»។

នៅសួរិច លទ្ធិកែទម្រង់ចេះតែចម្រើនទៅមុខមួយជំហានម្តងៗ។ ពួក សត្រូវមានការភ្ញាក់ផ្អើលក៏ក្រោកឡើងធ្វើសកម្មភាពប្រឆាំង។ ស្វីងកាលី បានទទួលការវាយប្រហារផ្ទួនៗ។ សង្គ្រាជនៅក្រុងខន់ស្តិន បានបញ្ជូនភូឈួយ បីនាក់ទៅកាន់ទីប្រឹក្សាសាលាក្រុងសួរិច ដោយចោទប្រកាន់ស្វីងកាលីថា បានរំខានដល់សន្តិសុខ និងរបៀបរៀបរយនៃសង្គម។ គាត់បានលើកឡើង​ថា ប្រសិនបើអាជ្ញាច្បាប់របស់វិហារត្រូវបានដាក់ទៅម្ខាង នោះនឹងមាន អនាធិបតេយ្យកើតឡើងជាសាកលមិនខាន។

ក្រុមប្រឹក្សាសាលាក្រុង មិនព្រមរករឿងរកហេតុជាមួយស្វីងកាលី ម៉្លោះហើយរ៉ូមក៏រៀបចំការវាយប្រហារសាជាថ្មី។ ជនកែទម្រង់បានឧទាន ឡើងថា៖ «ចូរឱ្យពួកគេចូលមកចុះ ខ្ញុំខ្លាចពួកគេដូចជាច្រាំងសមុទ្រខ្លាចទឹករលកបោកទង្គិចដូច្នោះ»៩។ ការខំប្រឹងរបស់ពួកសាស្រា្តចារ្យ បានត្រឹមតែ ជួយឱ្យការងារដែលគេខំរកវិធីរំលំ បានចម្រើនឡើងកាន់តែខ្លាំងប៉ុណ្ណោះ។ សេចក្តីពិតចេះតែរាលដាលជាលំដាប់។ នៅប្រទេសអាល្លឺម៉ង់ អ្នកកាន់ខ្ជាប់ខ្ជួនដែលត្រូវបានរបូតចេញដោយការបាត់ខ្លួនរបស់លូធើរនោះ ក៏បានចាប់ ចិត្តឡើងវិញ ដោយបានឃើញការរីកចម្រើននៃដំណឹងល្អនៅក្នុងប្រទេស ស្វ៊ីស។ នៅពេលដែលលទ្ធិកែទម្រង់បានស្ថាបនាឡើងនៅសួរិច ផលផ្លែក៏ ត្រូវបានឃើញយ៉ាងច្បាស់ជាងមុន ក្នុងការគាបសង្កត់អំពើអបាយមុខ ហើយ និងការលើកឱ្យមានរបៀបរៀបរយឡើង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់ស្កល់​ជានិច្ច ឥត​មាន​សេចក្តី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។ សុភាសិត​ ១៩:២៣

Powered by CAM