ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៩) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១០៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​វាយផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន​សង្ឃឹម​ឲ្យ​វា​រាងចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ។ សុភាសិត​ ១៩:១៨

ជម្លោះជាមួយពួកកាតូលិករ៉ូម

ដោយឃើញថាការបៀតបៀនក្នុងការគាបសង្កត់កិច្ចការរបស់លោកលូធើរ នៅប្រទេសអាល្លឺម៉ង់បានហុចលទ្ធផលតិចតួចពេក ពួកកាតូលិករ៉ូមក៏សម្រេចចិត្តប្រើជម្លោះជាមួយស្វីងកាលីម្តង។ គេនឹងធ្វើយ៉ាងម៉េចដើម្បីឱ្យបានទទួលជ័យជម្នះ ដោយមិនគ្រាន់តែជ្រើសរើសទីប្រយុទ្ធទេ គឺដោយជ្រើស រើសពួកចៅក្រមដែលនឹងកាត់ក្តីរវាងអ្នកឈ្លោះប្រកែកទៀតផង។ ប្រសិនបើបានស្វីងកាលីនៅក្នុងអំណាចរបស់ពួកគេភ្លាម នោះពួកគេនឹងមិនឱ្យ គាត់គេចខ្លួនរួចឡើយ ប៉ុន្តែ គោលបំណងនេះ ត្រូវបានលាក់បាំងដោយប្រុង ប្រយ័ត្នបំផុត។

គេបានណាត់ធ្វើការដេញដោលនៅបាដិន។ ដោយសង្ស័យអំពី ឧបាយកលរបស់ពួកកាតូលិក ហើយដោយបានដឹងនូវការដុតសម្លាប់ពួកអ្នក ទទួលជឿដំណឹងល្អនៅក្នុងសង្កាត់របស់ប៉ាប ក្រុមប្រឹក្សាប្រចាំក្រុងសួរិចក៏ហាមឃាត់ពួកគ្រូគង្វាលរបស់ខ្លួន មិនឱ្យចេញមុខចំពោះការគ្រោះថ្នាក់នេះ។ បើទៅកាន់បាដិនដែលជាកន្លែងដែលពួកប្តូរបង់ជីវិតទើបតែបានខ្ចាយ ឈាមដោយព្រោះសេចក្តីពិតនោះប្រាកដជាទៅរកសេចក្តីស្លាប់ហើយ។ អ៊ីខូឡាមភេដៀស (Oecolampadius) និងហល្ល័រ (Haller) ត្រូវបានជ្រើស រើសឱ្យធ្វើជាតំណាងអ្នកកែទម្រង់ ចំណែកបណ្ឌិតអិកដ៏ល្បីវិញ ជាជើងឯក របស់រ៉ូម ដែលមានពួកបណ្ឌិតចេះដឹង និងពួកសង្ឃជាន់ខ្ពស់គាំទ្រផង។

ពួកលេខាធិការ សុទ្ធតែបានជ្រើសរើសដោយពួកប៉ាបទាំងអស់ ហើយ មិនអនុញ្ញាតឱ្យអ្នកដទៃទៀតកត់ហេតុជាដាច់ខាត លោនឹងត្រូវស្លាប់។ តែសិស្សម្នាក់ដែលចូលរួមនៅកន្លែងដេញដោលគ្នាបានកត់ហេតុទុករាល់ល្ងាច អំពីការជជែកគ្នាដែលបានធ្វើឡើងនៅថ្ងៃនោះ។ មានសិស្សពីរនាក់ទៀត បញ្ជូនក្រដាសស្នាមទាំងនេះ ជាមួយសំបុត្រប្រចាំថ្ងៃរបស់អ៊ីខូឡាមភេដៀស ទៅឱ្យស្វីងកាលីនៅឯសួរិច។ អ្នកកែទម្រង់បានឆ្លើយតបមកវិញតាមការ ផ្តល់ឱវាទ។ ដើម្បីបន្លំកុំឱ្យអ្នកយាមផ្លូវចូលទៅទីក្រុងចាប់ថ្នាក់បាន អ្នកនាំសារទាំងនេះបានយកកញ្ជើដាក់មាន់ទាមកទូលនៅលើក្បាល រួចក៏ត្រូវបានអនុញ្ញាតឱ្យចូលដោយឥតមានគេសង្ស័យ។

ស្វីងកាលី «ធ្វើការច្រើន» ម៉ាយខូនៀសមានប្រសាសន៍ «ដោយការ សញ្ជឹងគិត ដោយឥតបានដេកពួននៅវេលាយប់ ហើយនិងដោយការឱ្យដំបូន្មាន ដែលគាត់បញ្ជូនទៅកាន់ក្រុងបាដិន ជាងគាត់បានធ្វើដោយការជជែកវែក ញែកគ្នាដោយផ្ទាល់ នៅក្នុងកណ្តាលចំណោមពួកបច្ចាមិត្តរបស់គាត់ទៅទៀត»។

ពួកកាតូលិករ៉ូមបាននាំគ្នាធ្វើដំណើរមកកាន់បាដិន ប្រកបដោយអាវ ផាយដ៏ថ្លៃបំផុត និងរំលេចដោយគ្រឿងអលង្ការគ្រប់យ៉ាង។ ពួកគេបរិភោគ ម្ហូបដ៏សំបូររុងរឿង តុរបស់ពួកគេបានពោរពេញទៅដោយរបស់មានតម្លៃ បំផុត ហើយសុរាក៏វិសេសបំផុតដែរ។ ចំណែកពួកកែទម្រង់វិញ ឃើញថា ផ្ទុយគ្នាស្រឡះ ពួកគេពុំអង្គុយបរិភោគនៅនឹងតុយូរឡើយ។ ម្ចាស់ផ្ទះរបស់ អ៊ីខូឡាមភេដៀសតែងតែលបមើលគាត់នៅក្នុងបន្ទប់ជារឿយៗ ឃើញគាត់តែងតែរវល់ជានិច្ចក្នុងការរៀនសូត្រ ឬក៏អធិស្ឋាន ហើយក៏បានរាយការណ៍ ថា ជនកាន់លទ្ធិខុសឆ្គង «មានជំនឿជឿស៊ប់ល្អណាស់តើ»។

នៅសន្និសីទ «បណ្ឌិតអិកបានក្រោកដើរយ៉ាងក្រអឺត ឡើងទៅកាន់តុអធិប្បាយដែលប្រកបដោយការតាក់តែងដ៏រុងរឿង រីឯអ៊ីខូឡាមភេដៀស ដ៏សុភាពរាបសា ប្រដាប់ដោយសំលៀកបំពាក់ចាស់ៗ ត្រូវគេបង្ខំខ្លួនឱ្យទៅអង្គុយនៅលើជើងម៉ាដ៏គគ្រើមមួយ ចំពីមុខគូបដិបក្ខរបស់ខ្លួន»។ សំឡេង បំពងដ៏គគ្រាត ហើយនិងទំនុកទុកចិត្តដ៏លើសលប់របស់លោកអិក ពុំដែល ធ្វើឱ្យខ្លួនខកចិត្តឡើយ ព្រោះអ្នកការពារជំនឿនេះ នឹងទទួលរង្វាន់ដ៏គាប់ ចិត្ត។ កាលណាជជែកចាញ់ គាត់រកកលជេរប្រទេច និងស្បថស្បែផង។

អ៊ីខូឡាមភេដៀសមានប្ញកពាររម្យទម ហើយមិនទុកចិត្តខ្លួនឯងផង ក៏រួញរាចំពោះការប្រយុទ្ធ។ ទោះបីគាត់មានឥរិយាបថទន់ភ្លន់ និងសមរម្យ ក៏ដោយ គាត់បានបង្ហាញថា ខ្លួនគាត់មានសមត្ថភាពគ្រប់គ្រាន់ ហើយពុំ ញញើតសោះឡើយ។ អ្នកកែទម្រង់បានប្រកាន់យ៉ាងមាំទៅនឹងបទគម្ពីរ បរិសុទ្ធ។ «ទំនៀមទម្លាប់» គាត់ថ្លែង «គ្មានអំណាចនៅក្នុងប្រទេសស្វ៊ីសយើង ទេ លើកលែងតែដោយយោងទៅតាមធម្មនុញ្ញ ឥឡូវនេះ ក្នុងវិស័យជំនឿព្រះ គម្ពីរគឺជាធម្មនុញ្ញរបស់យើង »។

ការបង្ហាញហេតុផលតាមសម្រួលដ៏ច្បាស់លាស់របស់អ្នកកែទម្រង់ ត្រូវបានធ្វើទៅដោយស្រទន់ និងសមរម្យបំផុត ហើយបានដិតជាប់ក្នុងគំនិតមនុស្សដែលស្អប់ខ្ពើមដល់អំនួតក្អេងក្អាងរបស់លោកអិក។

ការជជែកដេញដោលគ្នាបានបន្តអស់ដប់ប្រាំបីថ្ងៃ។ នៅថ្ងៃបញ្ចប់ ពួកប៉ាបបានអះអាងយកជ័យជម្នះ។ ភូឈួយភាគច្រើនបានកាន់ខាងរ៉ូម ហើយក្រុមប្រឹក្សាវិហារបានប្រកាសឱ្យពួកកែទម្រង់ចាញ់ព្រមទាំងប្រកាសថា ពួកគេរួមទាំងស្វីងកាលី ត្រូវកាត់ផ្តាច់ចេញអំពីវិហារ។ ប៉ុន្តែការប្រកួតគ្នាបានទទួលលទ្ធផលដោយសន្ទុះខ្លាំងទៅលើបុព្វហេតុប្រូតេស្តង់។ មិនយូរ ប៉ុន្មានក្រោយមក ទីក្រុងសំខាន់ៗ ដូចជាទីក្រុងបឺន និងបេសុល ក៏បាន ប្រកាសទទួលស្គាល់លទ្ធិកែទម្រង់។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់ស្កល់​ជានិច្ច ឥត​មាន​សេចក្តី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។ សុភាសិត​ ១៩:២៣

Powered by CAM