ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១
មហាវិវាទ (ជំពូកទី-១១)
ការប្រឆាំងរបស់ពួកក្សត្រ
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១១០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ មាស ហើយត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានតំឡៃយ៉ាងប្រសើរវិញ។ សុភាសិត ២០:១៥
ទីបន្ទាល់ដ៏ថ្លៃថ្នូរបំផុតមួយ ដែលត្រូវបានបន្លឺឡើងសម្រាប់គាំទ្រ កំណែទម្រង់ គឺការប្រឆាំងទាស់ដែលបានធ្វើឡើងដោយពួកក្សត្រនៃ ប្រទេសអាល្លឺម៉ង់ នៅក្នុងអង្គប្រជុំនីតិបញ្ញត្តិនៃក្រុងស្ប៉ាយ (Diet of Spires) ក្នុងឆ្នាំ១៥២៩។ សេចក្តីក្លាហាននិងភាពម៉ឺងម៉ាត់នៃជនរបស់ព្រះទាំងនោះ បានបង្កើនសេរីភាពខាងសម្បជញ្ញៈជាលំដាប់តមក ហើយបានឱ្យឈ្មោះ ដល់ព្រះវិហារដែលមានទម្រង់ថ្មីថាប្រូតេស្តង់។
សេចក្តីថ្នាក់ថ្នមថែរក្សារបស់ព្រះ បានបំបាក់កម្លាំងទាំងឡាយដែល ប្រឆាំងនឹងសេចក្តីពិត។ ព្រះចៅអធិរាជឆាលស៍ទី៥ (Charles V) បានតាំង ចិត្តកម្ទេចកំណែទម្រង់ ប៉ុន្តែនៅពេលទ្រង់លើកព្រះហស្តវាយពេលណា ឃើញ ថាគេបញ្ឆៀងព្រះហស្តឱ្យវាយខុសនៅពេលនោះ។ ម្តងហើយម្តងទៀត ក្នុង ពេលប្រថុចមែនទែន កងទ័ពនៃប្រទេសទួរគី ឬស្តេចនៃប្រទេសបារាំង ឬ សម្តេចសង្ឃផង បានលេចឡើងនៅសមរភូមិ ធ្វើសង្គ្រាមជាមួយនឹងព្រះអង្គ។ ដូច្នេះ នៅកណ្តាលការតស៊ូដ៏វេទនា និងកោលាហលនៃប្រទេសជាតិ កំណែទម្រង់ក៏បានទុកឱ្យដុះដាលមាំមួនឡើង។
នៅទីបំផុត សម្តេចសង្ឃនៃវិហារកាតូលិករ៉ូម បានរករឿងទាស់នឹង ពួកអ្នកកែទម្រង់។ ព្រះចៅអធិរាជបានកោះហៅឱ្យមានអង្គប្រជុំនីតិបញ្ញត្តិមួយ ដើម្បីជួបប្រជុំនៅឯទីក្រុងស្ប៉ាយក្នុងឆ្នាំ១៥២៩ ដោយមានគោល បំណងចង់កម្ទេចលទ្ធិបែកឆ្វេង។ ប្រសិនបើប្រើសន្តិវិធីមិនបានជោគជ័យ ព្រះ ចៅឆាលស៍នឹងដោះស្រាយដោយប្រើផ្លែដាវវិញម្តង។
ក្រុមជំនុំកាតូលិករ៉ូមនៅឯក្រុងស្ប៉ាយ បានសម្តែងភាពជាសត្រូវ ទាស់នឹងពួកកែទម្រង់។ លោកមេលែងថិនបានមានប្រសាសន៍ថា៖ «យើង ជាសម្អប់ និងជាសំរាមនៃផែនដី ប៉ុន្តែ ព្រះគ្រីស្ទនឹងទតមើលមករាស្ត្រដ៏ កម្សត់របស់ទ្រង់ ហើយថែរក្សាគេ»១។ ប្រជាជននៃក្រុងស្ប៉ាយ បានស្រេក ឃ្លានព្រះបន្ទូលរបស់ព្រះ ហើយទោះជាមានគេហាមឃាត់ក៏ដោយ គេបានសម្រុកចូលទៅស្តាប់ការផ្សាយព្រះបន្ទូល ក្នុងព្រះវិហាររបស់សម្តេច ហ្វ្រិដដឺរិកនៃប្រទេសសាក់សូនី។ ការនេះបានធ្វើឱ្យវិបត្តិមកកាន់តែឆាប់។ ការអនុញ្ញាតឱ្យមានការគោរពសាសនា ក៏មានឡើងជាផ្លូវការពេញច្បាប់ ហើយរដ្ឋដែលកាន់ខាងការផ្សាយដំណឹងល្អ បានសម្រេចចិត្តដោះស្រាយ ដោយប្រឆាំងនឹងការរំលោភសិទ្ធិរបស់ខ្លួនវិញ។ ពួកគូកនរបស់លោកលូធើរ និងពួកក្សត្រដែលព្រះបានស្រង់ឡើង ដើម្បីការពារកិច្ចការរបស់ទ្រង់ បាន មកជំនួសទីកន្លែងរបស់លូធើរវិញ។ សម្តេចហ្វ្រិដដឺរិកនៃប្រទេសសាក់សូនីក៏បានសុគតទៅ ប៉ុន្តែ ព្រះអម្ចាស់ចន (Duke John) ដែលជាអ្នកឡើង តំណែងបន្ទាប់ពីទ្រង់ ក៏បានទទួលស្វាគមន៍កំណែទម្រង់ដោយរីករាយ ហើយ បង្ហាញទឹកចិត្តក្លាហានយ៉ាងខ្លាំង។
ពួកសង្ឃទាំងឡាយ បានទាមទារចង់ឱ្យរដ្ឋណាដែលបានទទួល កំណែទម្រង់ ចុះចូលនឹងអាជ្ញាធររ៉ូម។ យ៉ាងណាមិញ ពួកកែទម្រង់ពុំអាច យល់ព្រមថា រ៉ូមត្រូវគ្រប់គ្រងរដ្ឋដែលទទួលជឿដល់ព្រះបន្ទូលរបស់ព្រះទេ។
ទីបំផុត គេបានស្នើថា នៅទីណាដែលពុំទាន់មានកំណែទម្រង់ នោះត្រូវប្រតិបត្តិតាមនីតិបញ្ញត្តិនៅក្រុងវើម ហើយថា «នៅទីណាដែលប្រជាជនពុំអាចប្រព្រឹត្តតាមដោយគ្មានការបះបោរ នោះគេមិនគួរបង្កើតកំណែទម្រង់ថ្មីឡើយ...មិនគួរប្រឆាំងនឹងពិធីបុណ្យម៉ាស់ និងមិនគួរអនុញ្ញាតឱ្យអ្នក កាតូលិករ៉ូម ឱបក្រសោបលទ្ធិលូធើរនិយមឡើយ»។ នីតិបញ្ញត្តិបានយល់ ស្របដល់វិធានការនេះ ហើយបានគាប់ចិត្តដល់ពួកសង្ឃ និងពួកសង្ឃជាន់ ខ្ពស់យ៉ាងខ្លាំង។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តីមេត្តា និងសេចក្តីទៀងត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យទ្រង់ក៏ស្ថិតនៅ ដោយសារសេចក្តីសប្បុរសដែរ។ សុភាសិត ២០:២៨