ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៨៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កំឡាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន​ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ​យក​បាន​ទី​ក្រុង​ទៅ​ទៀត។ សុភាសិត​ ១៦:៣២

កាលនោះ ព្រះអង្គបានដឹងតិចតួចណាស់អំពីគោលលទ្ធិដែលមានទម្រង់ថ្មីនោះ ប៉ុន្តែព្រះអង្គបានចាប់ចិត្តជាខ្លាំងនឹងពាក្យពេចន៍ដ៏ម៉ឺងម៉ាត់ និងដ៏ច្បាស់របស់លូធើរ។ បើមិនបានបញ្ជាក់ថាអ្នកកែទម្រង់ខុសទេ ស្តេច ហ្វ្រិដដឺរិក នៅតែឈរមុខជាអ្នកការពារដដែល។ ក្នុងការឆ្លើយតបទៅ សង្ឃទូតវិញ ទ្រង់បានសរសេរថា៖ «ដោយបណ្ឌិតម៉ាទីន លូធើរ បាននៅ ចំពោះលោកនៅអ៊ក្សប៊ករួចហើយនោះ លោកគួរតែស្កប់ចិត្តហើយ។ យើង ពុំបានគិតថា លោកព្យាយាមធ្វើឱ្យគាត់ដកគោលជំនឿ ដោយពុំបានបង្ហាញឱ្យច្បាស់ពីកំហុសទាំងឡាយរបស់គាត់ទេ។ ឥតមានជនមានចំណេះវិជ្ជាក្នុង ខេត្តរបស់យើងបានប្រាប់ខ្ញុំថា គោលលទ្ធិរបស់លោកម៉ាទីន លូធើរ ខ្វះ សេចក្តីគោរព ប្រឆាំងនឹងអ្នកគ្រីស្ទាន ឬជាលទ្ធិបែកឆ្វេងឡើយ »២០។​សម្តេចហ្វ្រិដដឺរិកបានឃើញថា កិច្ចកែទម្រង់ជាសេចក្តីត្រូវការមួយ។ ទ្រង់ បានអរសប្បាយដោយសម្ងាត់ ព្រោះមានឥទ្ធិពលដ៏ប្រសើរបានលេចឡើងក្នុងព្រះវិហារ។

គ្រាន់តែបានកន្លងផុតមួយឆ្នាំប៉ុណ្ណោះ ចាប់តាំងពីពេលដែលអ្នកកែទម្រង់បោះសេចក្តីស្នើឱ្យកែប្រែនៅលើប្រាសាទវិហារមក សំណេររបស់ លោកបានធ្វើឱ្យមនុស្សគ្រប់ទីកន្លែង មានការចាប់ចិត្តជាថ្មីមួយ ក្នុងព្រះគម្ពីរ បរិសុទ្ធ។ ពុំមែនគ្រាន់តែពីគ្រប់ផ្នែកនៃប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះទេ ពីទឹកដីដទៃទៀតក៏មាននិស្សិតប្រមូលគ្នាមកឯសាកលវិទ្យាល័យដែរ។ ពួកយុវជននាំគ្នាមកឯវិតថិនបឺកជាលើកដំបូង «លើកដៃប្រណម្យឡើងទៅលើមេឃ ហើយសរសើរតម្កើងព្រះ ដោយទ្រង់បានបណ្តាលឱ្យមានពន្លឺនៃសេចក្តីពិត ភ្លឺចាំងជះព្រោងព្រាតពីទីក្រុងនេះ »។

លូធើរពុំទាន់ងាកចេញពីកំហុសនៃលទ្ធិរ៉ូមនិយមទាំងស្រុងទេ។ ប៉ុន្តែគាត់បានសរសេរថា៖ «ខ្ញុំកំពុងអានក្រឹត្យបញ្ញត្តិរបស់ពួកសម្តេចសង្ឃ ហើយ...ខ្ញុំមិនដឹងថា សម្តេចសង្ឃជាអ្នកប្រឆាំងព្រះគ្រីស្ទផ្ទាល់ ឬក៏សាវ័ក របស់សម្តេចសង្ឃឡើយ ព្រោះក្រឹត្យបញ្ញត្តិទាំងនេះ មួលបង្ខូចព្រះគ្រីស្ទ ខ្លាំងណាស់ ហើយអំពើបាបរបស់គេក៏បានឆ្កាងទ្រង់ខ្លាំងណាស់ដែរ»។

រ៉ូមរឹងរឹតតែក្តៅក្រហាយខ្លាំងឡើងៗ ចំពោះការទិតៀនរបស់លោក លូធើរ។ គូប្រឆាំងដែលវង្វេងវង្វាន់សតិ សូម្បីតែពួកសាសនបណ្ឌិតក្នុង សាកលវិទ្យាល័យកាតូលិកផង បានថ្លែងថា អ្នកណាដែលសម្លាប់សង្ឃនេះ បាន នឹងមិនត្រូវមានបាបឡើយ។ ប៉ុន្តែព្រះជាអ្នកការពារលោក។ គេបានឮគោលលទ្ធិរបស់លោកគ្រប់ទីកន្លែង «ក្នុងខ្ទម និងទីលំនៅរបស់សង្ឃ...ក្នុង ប្រាសាទនៃពួកអភិជន ក្នុងសាកលវិទ្យាល័យ ហើយនិងក្នុងបល្ល័ង្កស្តេច ផង »។

មកដល់ពេលនេះ លោកលូធើរបានរកឃើញថា អ្នកកែទម្រង់ហាស់ដែលជាសាសន៍បូហ៊ីមានោះ គាត់បានកាន់ជឿរួចទៅហើយនូវសេចក្តីពិតដ៏ ធំអស្ចារ្យ អំពីការរាប់ជាសុចរិតដោយជំនឿ។ លូធើរមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នា ប៉ុល អូហ្គឹស្ទីន និងខ្លួនខ្ញុំ សុទ្ធតែជាសាវ័ករបស់ហាស់ ដោយមិនដឹងខ្លួនទេតើ» «គេបានផ្សព្វផ្សាយសេចក្តីពិត...មួយសតវត្សមុន ហើយត្រូវបានគេដុតទៀតផង»។

លូធើរសរសេរពីសាកលវិទ្យាល័យដូច្នេះថា៖ «ខ្ញុំខ្លាចក្រែងតែ សាកល វិទ្យាល័យទាំងឡាយនឹងត្រូវបានបញ្ជាក់ឱ្យឃើញថាជាខ្លោងទ្វារនរកទេ បើគេមិនខិតខំធ្វើការពន្យល់សព្វគ្រប់ពីព្រះគម្ពីរ ហើយចារទុកក្នុងចិត្តពួក យុវជនទេនោះ...។ គ្រប់ទាំងវិជ្ជាស្ថានណាដែលគ្មានមនុស្សប្រឹងប្រែង សិក្សាដោយឥតឈប់ឈរ នូវព្រះបន្ទូលរបស់ព្រះនោះ នឹងត្រូវពុករលួយ ហើយ »។

សំណូមពរនេះ ត្រូវបានបញ្ជូនទៅពាសពេញប្រទេសអាល្លឺម៉ង់។ ប្រជាជាតិទាំងមូលបានកក្រើករំជួល។ អ្នកប្រឆាំងលូធើរ បានជំរុញឱ្យ សម្តេចសង្ឃ ចាត់វិធានការលៃលកគាត់ជាកំហិត។ គេបានចេញបញ្ញត្តថា គោលលទ្ធិរបស់គាត់ ត្រូវតែទទួលការផ្តន្ទាទោសជាបន្ទាន់។ ហើយបើអ្នក កែទម្រង់ និងអ្នកកាន់តាមលទ្ធិរបស់គាត់ មិនដកគោលលទ្ធិចេញទេ នោះគេនឹងត្រូវកាត់កាល់ទាំងអស់គ្នា។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​ណា​ដែល​គ្រប​បាំង​សេចក្តី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក​សេចក្តី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្រ​សំឡាញ់​បាក់​បែក​គ្នា​វិញ។ សុភាសិត​ ១៧:៩

Powered by CAM