ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៩០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯង ទ្រង់នឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។ សុភាសិត ៣:២៦
លូធើរត្រូវបានគេចោទថាកាន់លទ្ធិខុសឆ្គង
អាលៀនដ័របានយកតម្រិះវិជ្ជា និងវោហាររបស់គាត់មកប្រើ ដើម្បី ផ្តួលលូធើរ ដោយបានចោទថាជាសត្រូវនៃវិហារ និងរដ្ឋ។ គាត់បានថ្លែង ថា៖ «ក្នុងសេចក្តីខុសឆ្គងរបស់លូធើរ មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចាប់ដុត មនុស្សបែកឆ្វេងមួយសែននាក់»។
«តើពួកកាន់តាមលូធើរនេះជាអ្វីទៅ? គឺជាមនុស្សមួយក្រុមដែល មានពួក គ្រូព្រហើន សង្ឃពុករលួយ លោកសង្ឃដែលប្រព្រឹត្តខុសគន្លងធម៌ មេធាវីល្ងង់ខ្លៅ និងអភិជនថោកទាប...។ ចូរមើលចុះ គណៈកាតូលិកមាន អំណាចធំសម្បើមណាស់ ប្រៀបផ្ទឹមទៅនឹងពួកគេ ក្នុងចំនួន សមត្ថភាព និង អំណាច ក្រឹត្យក្រមដែលបានយល់ព្រមទាំងអស់គ្នាពីអង្គប្រជុំដ៏ឱឡារិកនេះ នឹងបំភ្លឺជនសាមញ្ញ ព្រមានអ្នកធ្វេសប្រហែស សម្រេចចិត្តអ្នកមានចិត្តរេរា និងចម្រើនកម្លាំងដល់អ្នកទន់ខ្សោយទៀតផង»។
ការពោលពាក្យរបៀបនេះ នៅតែបំពងទាស់នឹងអស់អ្នកដែលហ៊ានសម្តែងសេចក្តីបង្រៀនដ៏ងាយយល់នៃព្រះបន្ទូលរបស់ព្រះ។ «តើពួកអ្នក ផ្សាយលទ្ធិថ្មីនេះជានរណា? ពួកគេគ្មានចំណេះវិជ្ជាអ្វីទេ មានចំនួនក៏តិច ហើយមានវណ្ណៈក្រីក្រ ហើយពួកគេអះអាងថាមានសេចក្តីពិត និងត្រូវបាន ជ្រើសរើសជារាស្ត្ររបស់ព្រះទៀតផង។ ពួកគេល្ងង់ខ្លៅ ហើយត្រូវគេ បញ្ឆោត។ មើលចុះ វិហាររបស់យើងមានចំនួនដ៏ច្រើនលើសលប់ និង ឥទ្ធិពលខ្លាំងក្លាណាស់» ការជជែកវែកញែកទាំងនេះ ឃើញថាច្បាស់លាស់ដល់ខ្លួនក្នុងពេលឥឡូវនេះ ដូចនៅជំនាន់អ្នកកែទម្រង់ដូច្នោះដែរ។
លូធើរពុំបានមានវត្តមាននៅសាលាក្តី ដើម្បីយកជ័យជម្នះលើជើង ឯករបស់ស្តេចប៉ាបទេ។ មានឃើញសេចក្តីលម្អៀងជាទូទៅ មិនគ្រាន់តែ ដើម្បីផ្តន្ទាទោសគាត់ និងគោលលទ្ធិដែលគាត់បង្រៀនទេ តែថែមទាំងដើម្បីរំលើងប្ញសលទ្ធិខុសឆ្គងទៀតផង បើអាចធ្វើទៅបាន។ អស់ទាំងអ្វីដែលរ៉ូម ចង់និយាយ ដើម្បីគាំទ្រខ្លួននោះ ត្រូវបាននិយាយរួចអស់ហើយ។ អំណឹះត ទៅ ភាពផ្ទុយគ្នារវាងសេចក្តីពិត និងសេចក្តីខុសឆ្គង នឹងបានឃើញច្បាស់ ថែមទៀត នៅពេលសេចក្តីទាំងពីរចូលសមរភូមិប្រយុទ្ធជាសាធារណៈ។
ឥឡូវនេះព្រះយេហូវ៉ាបានបណ្តាលសមាជិកនៃអង្គប្រជុំនីតិបញ្ញត្តិ មួយអង្គ ឱ្យពិពណ៌នាការពិតអំពីលទ្ធផលនៃអំណាចផ្តាច់ការរបស់វិហារ កាតូលិករ៉ូម។ ព្រះអម្ចាស់ចូចនៃប្រទេសសាក់សូនី (Duke George of Saxony) បានក្រោកឈរឡើងនៅក្នុងអង្គប្រជុំដែលពោរពេញទៅដោយពួក ក្សត្រ ហើយរ៉ាយរ៉ាប់យ៉ាងច្បាស់បំផុតអំពីអំពើបោកបញ្ឆោត និងអំពើដ៏ស្អប់ខ្ពើមទាំងឡាយរបស់លទ្ធិកាតូលិករ៉ូមនិយមថា៖
«ការរំលោភរាប់មិនអស់...ស្រែកឡើងទាស់នឹងរ៉ូម។ អស់ទាំង សេចក្តីអាម៉ាស់ត្រូវបានទុកដោយឡែក ហើយគោលបំណងតែមួយគត់ របស់គេគឺ...ប្រាក់កាស ប្រាក់កាស ប្រាក់កាស...ដើម្បីឱ្យពួកគ្រូអធិប្បាយ ដែលគួរបង្រៀនសេចក្តីពិត បញ្ចេញតែសេចក្តីក្លែងក្លាយ ហើយមិនគ្រាន់តែ ប៉ុណ្ណោះទេ គេថែមទាំងជូនរង្វាន់ឱ្យទៀតផង ព្រោះបើពាក្យកុហករបស់គេមានច្រើនប៉ុនណា ការចំណេញរបស់គេក៏បានច្រើនប៉ុណ្ណោះដែរ។ គឺរន្ធទឹកដ៏ស្អុយស្មោកគ្រោកនេះហើយដែលបង្ហូរទឹកកខ្វក់នោះ។ អំពើអបាយមុខវារាល ដាលដល់សេចក្តីលោភលន់ហួសខ្នាត...។ ព្រះអើយ វាជារឿងអាស្រូវដែល បណ្តាលមកពីពួកគ្រូសាសនា ដែលបោះជនជាច្រើនឱ្យទៅជាប់ទោសដ៏ អស់កល្បនោះឯង។ ការកែទម្រង់ជាទូទៅមួយត្រូវតែកើតមានឡើង »៥។ ការដែលអ្នកនិយាយគឺជាសត្រូវដ៏ប្តូរផ្តាច់របស់អ្នកកែទម្រង់ បានធ្វើឱ្យពាក្យ សម្តីរបស់លូធើរមានឥទ្ធិពលកាន់តែខ្លាំងឡើងថែមទៀត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នកណាដែលគ្របបាំងសេចក្តីកំហុសរបស់អ្នកដទៃ នោះជាអ្នកស្វែងរកសេចក្តីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្រសំឡាញ់បាក់បែកគ្នាវិញ។ សុភាសិត ១៧:៩