ថ្ងៃសៅរ៍ ទី៨ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៩១
ពពួកទេវតារបស់ព្រះបានបញ្ចាំងកាំរស្មីចូលទៅក្នុងភពងងឹតនៃ សេចក្តីខុសឆ្គង ហើយបើកចំហចិត្តមនុស្សឱ្យទទួលសេចក្តីពិត។ ព្រះចេស្តា របស់ព្រះនៃសេចក្តីពិត បានគ្រប់គ្រងទាំងពួកខ្មាំងសត្រូវនៃកំណែទម្រង់ ហើយបានរៀបចំផ្លូវសម្រាប់កិច្ចការដ៏ចម្បងដែលនឹងត្រូវសម្រេចជាស្ថាពរ។ គេបានឮព្រះសូរសៀងរបស់ព្រះដែលមានឥទ្ធិប្ញទ្ធិជាងលូធើរទៅទៀត នៅ ក្នុងអង្គប្រជុំនោះ។
គណៈកម្មការមួយក៏បានតាំងឡើង ដើម្បីធ្វើការរៀបរាប់អំពើជិះជាន់នៃវិហារកាតូលិករ៉ូម ដែលមានទម្ងន់យ៉ាងធ្ងន់ដល់ប្រជារាស្ត្រអាល្លឺម៉ង់។ បញ្ជីនេះ ក៏ត្រូវបានប្រទានដល់ព្រះចៅអធិរាជ ទាំងមានសំណូមពរឱ្យរក មធ្យោបាយកែតម្រូវដល់សេចក្តីរំលោភទាំងនេះ។ ពួកអ្នកប្តឹងបាននិយាយ ថា «វាជាភារកិច្ចរបស់យើង ដើម្បីបង្ការមិនឱ្យមានការហិនវិនាស និងការ ខូចកេរ្តិ៍ឈ្មោះដល់ប្រជាជនយើង។ ដោយមូលហេតុនេះហើយ យើងសូម អង្វរទ្រង់ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គចេញបទបញ្ជាឱ្យមានការកែ ទម្រង់ជាទូទៅ ហើយចាប់ផ្តើមសម្រេចការជាបន្ទាន់បំផុតក្រាបទូល »។
លូធើរត្រូវបានកោះហៅឱ្យមកបង្ហាញខ្លួន
ឥឡូវនេះក្រុមប្រឹក្សាបានទាមទារអ្នកកែទម្រង់ឱ្យមកបង្ហាញខ្លួន។ នៅទីបំផុតព្រះចៅអធិរាជក៏យល់ព្រម ហើយគេក៏កោះហៅលូធើរ។ ជាមួយ នឹងលិខិតកោះហៅ មានលិខិតឆ្លងកាត់ផងដែរ។ លិខិតទាំងពីរនេះ ត្រូវ បានយកទៅក្រុងវិតថិនបឺក ដោយអ្នកនាំសារម្នាក់ដែលត្រូវនាំគាត់មកឯ ក្រុងវើមវិញ។
ដោយបានដឹងអំពីការប្រកាន់និងភាពជាខ្មាំងនឹងគាត់ មិត្តភក្តិរបស់លូធើរក៏ខ្លាចគេមិនគោរពលិខិតឆ្លងកាត់របស់គាត់។ គាត់បានតបវិញថា៖ «ព្រះគ្រីស្ទនឹងប្រទានដល់ខ្ញុំនូវព្រះវិញ្ញាណទ្រង់ ដើម្បីយកជ័យជម្នះលើពួក គ្រូនៃសេចក្តីខុសឆ្គងទាំងនេះ។ ខ្ញុំស្អប់ខ្ពើមគេណាស់ក្នុងជីវិតខ្ញុំនេះ ខ្ញុំនឹងឈ្នះលើពួកគេដោយមរណភាពរបស់ខ្ញុំ។ ពួកគេរវល់តែជំរុញឱ្យខ្ញុំដកពាក្យនៅឯក្រុងវើម ហើយការដកពាក្យរបស់ខ្ញុំនឹងបានជាដូច្នេះវិញ៖ ពីមុនខ្ញុំបាន និយាយថា សម្តេចប៉ាបជាតួតំណាងព្រះគ្រីស្ទ ឥឡូវនេះខ្ញុំបញ្ជាក់ថា លោក ជាសត្រូវរបស់ព្រះយេហូវ៉ា ហើយជាសាវ័ករបស់អារក្សទៀតផង »។
ក្រៅអំពីអ្នកនាំសាររបស់ចក្រភព មានមិត្តភក្តិបីនាក់ទៀតបានប្តេជ្ញានាំដំណើរលូធើរ។ ចិត្តរបស់មេលែងថិនបានចាក់ស្រេះជាប់នឹងលូធើរ ហើយ មានចិត្តចង់ដើរតាមគាត់ជាខ្លាំង ប៉ុន្តែលូធើរបានបដិសេធដល់ការទទូចអង្វររបស់គាត់។ អ្នកកែទម្រង់មានប្រសាសន៍ថា៖ «ប្រសិនបើខ្ញុំមិនត្រឡប់មក វិញទេ ហើយពួកសត្រូវរបស់ខ្ញុំសម្លាប់ខ្ញុំហើយនោះ ចូរបន្តការបង្ហាត់ បង្រៀន ហើយឈរឱ្យមាំមួនក្នុងសេចក្តីពិតចុះ។ ចូរធ្វើការជំនួសខ្ញុំផង។ ប្រសិនបើអ្នកមានជីវិត នោះសេចក្តីស្លាប់របស់ខ្ញុំវាមិនសំខាន់ទេ»។
ចិត្តរបស់បណ្តាជនត្រូវបានសង្គ្រុបលើដោយប្រផ្នូលដ៏ខ្មៅងងឹត។ គេបានដឹងថាសំណេររបស់លោកលូធើរត្រូវបានផ្តន្ទាទោសនៅឯក្រុងវើម។ អ្នកនាំសារខ្លាចលូធើរមិនមានសេចក្តីសុខនៅចំពោះក្រុមប្រឹក្សា ក៏បានសួរថាតើគាត់ចង់ធ្វើដំណើរទៅមុខឬយ៉ាងណា។ គាត់បានឆ្លើយថា «ទោះជាមាន ការហាមឃាត់នៅគ្រប់ទីក្រុងក៏ដោយ ក៏ខ្ញុំនឹងនៅតែទៅមុខជានិច្ច»។
នៅក្រុងអ័រហ្វឺត លូធើរបានឆ្លងកាត់ផ្លូវដែលធ្លាប់ឆ្លងកាត់។ គាត់ បានទៅបន្ទប់អាវាសរបស់គាត់ ហើយនឹកគិតពីពន្លឺដែលបានចាំងជះមកលើគាត់ និងការពុះពារគ្រប់បែបយ៉ាងក្នុងការយកពន្លឺនេះទៅបញ្ចាំងលើ ប្រទេសអាល្លឺម៉ង់។ គេបានសូមឱ្យគាត់អធិប្បាយ។ នេះជាការដែលគេហាម ឃាត់ដាច់ខាត ប៉ុន្តែ អ្នកនាំសារបានផ្តល់ការអនុញ្ញាតដល់គាត់ ហើយអ្នក ស្មូមដែលធ្លាប់ជាអ្នកធ្វើការដ៏យ៉ាប់យឺុនសម្រាប់អាវាស ឥឡូវនេះបានឈាន ទៅកាន់តុអធិប្បាយ។
ប្រជាជនបានស្តាប់ហាក់បីដូចជាត្រូវសណ្តំ។ នំបុ័ងជីវិតត្រូវបានកាច់ ឱ្យព្រលឹងដ៏ស្រេកឃ្លានទាំងនោះ។ ព្រះគ្រីស្ទត្រូវបានលើកតម្កើងនៅចំពោះគេ លើពួកស្តេចប៉ាប សង្ឃទូត អធិរាជ និងស្តេចទៅទៀត។ លោកលូធើរពុំបានពោលសំដៅមកលើស្ថានភាពដ៏គ្រោះថ្នាក់របស់គាត់ទេ។ ក្នុងព្រះគ្រីស្ទ គាត់ពុំបាននឹកគិតពីខ្លួនឯងឡើយ។ គាត់បានពួននៅពីក្រោយព្រះអង្គនៃ កាល់វ៉ារី សង្វាតចង់តែបង្ហាញព្រះយេស៊ូវថាជាព្រះអង្គប្រោសលោះរបស់ អ្នកមានបាបប៉ុណ្ណោះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នកណាដែលគ្របបាំងសេចក្តីកំហុសរបស់អ្នកដទៃ នោះជាអ្នកស្វែងរកសេចក្តីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្រសំឡាញ់បាក់បែកគ្នាវិញ។ សុភាសិត ១៧:៩