ថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៩២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ការចាប់ផ្តើមប្រកាន់គ្នា នោះប្រៀបដូចជាបើកទំនប់ទឹក ដូច្នេះ ចូរលើកការទាស់គ្នាចេញ មុនដែលកើតមានការប្រឈ្លោះគ្នាផង។ សុភាសិត ១៧:១៤
សេចក្តីក្លាហានរបស់ជនប្តូរផ្តាច់ម្នាក់
នៅពេលអ្នកកែទម្រង់បន្តដំណើររបស់គាត់ ពួកមនុស្សដែលយក ចិត្តទុកដាក់ បានមកប្រជុំគ្នានៅជុំវិញគាត់ ហើយមានសំឡេងស្និទ្ធស្នាល ព្រមានគាត់ពីពួកកាន់សាសនារ៉ូម។ អ្នកខ្លះនិយាយថា «គេនឹងដុតអ្នក ហើយ រំលាយរាងកាយរបស់អ្នកឱ្យទៅជាផេះ ដូចជាគេធ្វើដល់លោកចន ហាស់ ដែរ»។ លូធើរតបវិញថា «បើទោះជាគេដុតភ្លើងពីក្រុងវើមទៅដល់ក្រុង វិតថិនបឺក...ក៏ខ្ញុំនឹងដើរកាត់វាក្នុងព្រះនាមនៃព្រះយេហូវ៉ាដែរ ខ្ញុំនឹងលេច ឡើងនៅមុខគេ...ថ្លែងប្រាប់គេពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ »។
ការដែលគាត់ធ្វើដំណើរជិតដល់ក្រុងវើម បានធ្វើឱ្យមានការរំជើប រំជួលជាខ្លាំង។ មិត្តភក្តិទាំងឡាយរបស់គាត់បានញាប់ញ័រខ្លួនចំពោះ សន្តិសុខរបស់គាត់ ពួកសត្រូវក៏បានភ័យខ្លាចចំពោះការប្រព្រឹត្តរបស់ខ្លួនដែរ។ ដោយមានការចាក់រុកពីពួកកាតូលិករ៉ូម គេបានសូមឱ្យគាត់អញ្ជើញទៅកាន់ប្រាសាទនៃសេនាស្តេចម្នាក់ ជាទីកន្លែងដែលគេថ្លែងថា អស់ទាំងភាពលំបាកទាំងប៉ុន្មាននឹងត្រូវបានបំប្រែបំប្រួលដោយមេត្រីភាព។ មិត្តភក្តិទាំងប៉ុន្មានបានពិពណ៌នាពីសេចក្តីគ្រោះថ្នាក់ដែលគំរាមកំហែងដល់គាត់។ លូធើរនៅតែរឹងប៉ឹងដដែល ក៏បានថ្លែងថា៖ «ទោះជាមានអារក្សបិសាចនៅ ឯវើម ច្រើនសន្ធឹកសន្ធាប់ដូចក្បឿងនៅលើដំបូលផ្ទះក៏ដោយ ក៏ខ្ញុំនៅតែចូល ទៅក្នុងដែរ »។
នៅពេលគាត់បានធ្វើដំណើរមកដល់ក្រុងវើមហើយ មនុស្សដ៏កុះករបានប្រមូលគ្នាមកទទួលស្វាគមន៍គាត់។ ការរំជើបរំជួលនោះខ្លាំងពេកក្រៃ។ «ព្រះនឹងបានជាអ្នកការពារខ្ញុំ» លូធើរមានប្រសាសន៍បន្ទាប់ពីបានចុះពីរទេះសេះមក។ ការមកដល់របស់គាត់បានធ្វើឱ្យពួកកាតូលិកស្រឡាំងកាំង។ ព្រះ ចៅអធិរាជបានកោះហៅពួកប្រឹក្សាទ្រង់ភ្លាម។ តើត្រូវធ្វើផ្លូវណា? អ្នកកាតូលិក រ៉ូមដ៏តឹងរ៉ឹងម្នាក់បានថ្លែងថា៖ «យើងបានពិគ្រោះគ្នាជាយូរហើយចំពោះរឿងនេះ។ សូមព្រះករុណានៃចក្រភពកម្ចាត់មនុស្សនេះជាបន្ទាន់ក្រាបទូល។ តើព្រះចៅសិជ្ជីសម៉ាន់មិនបានបណ្តាលឱ្យគេដុតចនហាស់ទេឬអ្វី? យើងគ្មានអ្វីជំពាក់ជំពិនស្តីពីការប្រគល់ ឬការរក្សាទុកលិខិតឆ្លងកាត់របស់មនុស្សបែកឆ្វេងឡើយ»។ «ទេ» ព្រះចៅមានបន្ទូល «យើងត្រូវរក្សាសេចក្តីសន្យារបស់យើង »១២។ គេក៏បានសម្រេចចិត្តថាគួរតែឮក្តីរបស់អ្នកកែទម្រង់។
មនុស្សពីគ្រប់ទីក្រុងចង់ឃើញជនដ៏គួរឱ្យចាប់អារម្មណ៍នេះណាស់។ លូធើរត្រូវការភាពស្ងប់ស្ងាត់ និងការសម្រាក ព្រោះខ្សោះល្វើយពីការធ្វើ ដំណើរ។ ប៉ុន្តែ គាត់បានសម្រាកបានតែប៉ុន្មានម៉ោងប៉ុណ្ណោះក៏មានពួក អភិជន សេនាស្តេច សង្ឃ និងពលរដ្ឋទាំងឡាយប្រមូលផ្តុំគ្នានៅជុំវិញ គាត់។ ក្នុងចំណោមជនទាំងនេះ មានពួកអភិជនដែលបានទាមទារអធិរាជ ទាំងឥតញញើត ឱ្យមានការកែទម្រង់មួយដល់សេចក្តីរំលោភទាំងឡាយ របស់ពួកសាស្ត្រាចារ្យ។ ពួកសត្រូវព្រមទាំងមិត្តភក្តិទាំងប៉ុន្មានបានមកមើលលោកសង្ឃដែលឥតព្រឺព្រួច។ គោលជំហររបស់គាត់គឺរឹងមាំ ហើយអង់អាច ទៀតផង។ ភ័ក្ត្រាស្លេកស្លាំងហើយស្មើ បញ្ចេញទឹកមុខដ៏សប្បុរស និង រីករាយ។ ពាក្យពេចន៍ដ៏ឱឡារិករបស់គាត់បានបញ្ចេញអំណាចបារមី ដែលសូម្បីតែពួកខ្លាំងសត្រូវរបស់គាត់ក៏ទ្រាំមិនបានផង។ អ្នកខ្លះបានជឿថាអានុភាព មកពីព្រះបានសណ្ឋិតនៅក្នុងគាត់ ខ្លះទៀតបានថ្លែងដូចជាពួកផារិស៊ីបាន ថ្លែងអំពីព្រះគ្រីស្ទថា៖ «អ្នកនោះមានអារក្សចូលមែន»។ យ៉ូហាន ១០:២០។
នៅថ្ងៃបន្ទាប់ភ្នាក់ងាររបស់អធិរាជម្នាក់ត្រូវបានចាត់តាំងឱ្យនាំលូធើរចូលទៅតុលាការ។ គ្រប់ទាំងច្រកល្ហកត្រូវបានពោរពេញទៅដោយទស្សនិកជន ដែលចង់ឃើញលោកសង្ឃដែលហ៊ានទទឹងនឹងស្តេចប៉ាប។ ឧត្តមសេនីយ៍ចំណាស់ម្នាក់ ដែលជាវីរជនក្នុងការប្រយុទ្ធជាច្រើននោះ មាន ប្រសាសន៍ដោយសុភាពរាបសាមកកាន់គាត់ថា៖ «សង្ឃកំសត់អើយ ក្នុងការ ប្រយុទ្ធហុតឈាមទាំងឡាយរបស់ពួកខ្ញុំ យើងមិនដែលបានឈរដោយនូវ ជំហរថ្លៃថ្នូរដូចអ្នកទេ ឥឡូវនេះអ្នកនឹងឈរដោយជំហរថ្លៃថ្នូរជាងខ្ញុំឬជាង អនុសេនីយ៍ឯកដទៃទៅទៀត។ ប៉ុន្តែ បើដំណើរការរបស់អ្នកវាយុត្តិធម៌...ចូរទៅមុខក្នុងព្រះនាមរបស់ព្រះចុះ ហើយកុំភ័យខ្លាចអ្វីឡើយ ព្រះនឹងមិន ភ្លេចអ្នកទេ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។ សុភាសិត ១៨:៤