ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១២) ​

លទ្ធិកែទម្រង់នៅប្រទេសបារាំង

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១១៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត និង​សេចក្តី​សប្បុរស នោះ​រមែង​បាន​ជីវិត សេចក្តី​សុចរិត និង​កិត្តិសព្ទ។ សុភាសិត​ ២១:២១

បន្ទាប់ពីការប្រកែកជំទាស់នៅក្រុងស្ប៉ាយ និងការថ្លែងជំនឿជា លាយលក្ខណ៍អក្សរនៅក្រុងអ៊ក្សប៊កមក មានការប៉ះទង្គិច និងភាពងងឹត អស់ជាច្រើនឆ្នាំ។ ដោយមានភាពទន់ខ្សោយព្រោះការបែកបាក់គ្នា លទ្ធិ ប្រូតេស្តង់និយម ហាក់ដូចជាបានឈានឆ្ពោះទៅរកសេចក្តីវិនាសទាំងស្រុង។

ប៉ុន្តែ នៅក្នុងពេលដែលមើលទៅហាក់ដូចជាខ្លួនមានជ័យជម្នះនោះ ព្រះចៅអធិរាជត្រូវបានគេកម្ទេចឱ្យបរាជ័យវិញ។ នៅទីបំផុតទ្រង់ក៏ត្រូវបង្ខំឱ្យផ្តល់ការអត់ឱន ដល់គោលលទ្ធិដែលទ្រង់មានមហិច្ឆតាចង់បំផ្លាញចោលក្នុងជីវិតរបស់ទ្រង់។ ព្រះចៅបានឃើញកងទ័ពរបស់ទ្រង់ត្រូវទន់ខ្សោយ ដោយសង្គ្រាម ទ្រព្យសម្បត្តិក៏ត្រូវខាតបង់ នគរជាច្រើនរបស់ទ្រង់ទទួលការគំរាមកំហែងដោយការបះបោរ នៅពេលដែលជំនឿដែលទ្រង់ខំប្រឹងគាប សង្កត់ កំពុងរីករាលដាលឡើងគ្រប់ទីកន្លែង។ ព្រះចៅឆាលស៍ទី៥ កំពុង​ធ្វើសង្គ្រាម ប្រឆាំងនឹងអំណាចដ៏ប្រកបដោយសព្វានុភាព។ ព្រះទ្រង់មាន​បន្ទូលថា «ចូរ ឱ្យមានពន្លឺឡើង» ប៉ុន្តែ ព្រះចៅអធិរាជបានស្វែងរកវិធីរក្សាភាពងងឹតមិនឱ្យបែកបាក់បាន។ ដោយបានខ្សោះល្វើយជាមួយនឹងការតស៊ូដ៏យូរអង្វែង ព្រះចៅក៏ដាក់រាជ្យបល្ល័ង្កចុះ រួចទៅបង្កប់ខ្លួននៅក្នុង​ទីវត្ត​អារាមមួយ។

នៅប្រទេសស្វ៊ីសវិញ នៅពេលដែលតំបន់នយោបាយទាំងឡាយជាច្រើន បានទទួលនូវទម្រង់ជំនឿថ្មី អ្នកដទៃទៀតក៏បានតោងជាប់ទៅនឹង គោលជំនឿរបស់រ៉ូម។ ការបៀតបៀនក៏បណ្តាលឱ្យមានសង្គ្រាមស៊ីវិលផុស ឡើង។ ស្វីងកាលីហើយនិងគ្នាគាត់ជាច្រើនដែលបានរួមជាមួយក្នុងការកែ ទម្រង់បានធ្លាក់ទៅក្នុងវាលឈាមនៅខាប់ប៉ែល។ រ៉ូមបានទទួលជ័យជម្នះ ហើយហាក់ដូចជាបានទទួលមកវិញទាំងអស់នូវទីកន្លែងជាច្រើនដែលបានបាត់ទៅពីមុន។ ប៉ុន្តែ ព្រះពុំបានបោះបង់ចោលបុព្វហេតុ ឬបណ្តាជនរបស់ ព្រះអង្គឡើយ។ នៅស្រុកដទៃទៀត ទ្រង់បានលើកអ្នកធ្វើការឡើងឱ្យបន្ត កិច្ចកែទម្រង់។

នៅប្រទេសបារាំង ជនម្នាក់ដែលចាប់បានពន្លឺមុនគេគឺ ឡឺហ្វែវ (Lefevre) ជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យប៉ារីស។ ការស្រាវជ្រាវ ខាងអក្សរសាស្ត្របុរាណរបស់គាត់ បណ្តាលឱ្យគាត់មានការចាប់អារម្មណ៍ ចំពោះព្រះគម្ពីរ ហើយក៏យកទៅបង្រៀនដល់សិស្សរបស់គាត់។ គាត់បាន ទទួលបន្ទុករៀបចំនូវប្រវត្តិសាស្ត្ររបស់ពួកសន្តបុគ្គល ហើយនិងពួកស៊ូប្តូរ បង់ជីវិត ដូចមានចែងនៅក្នុងដំណើររឿងនៃវិហារ។ កាលកំពុងបំពេញ ភារកិច្ចនោះ គាត់បានគិតឃើញថាប្រហែលជាអាចរកជំនួយពីព្រះគម្ពីរបាន ក៏ចាប់ផ្តើមសិក្សានៅលើមុខវិជ្ជានេះតែម្តងទៅ។ ត្រង់នេះ គាត់បានរកឃើញ យ៉ាងច្បាស់អំពីពួកសន្តបុគ្គល (ពួកបរិសុទ្ធ) ប៉ុន្តែពួកគេពុំមានសភាពដូចបាន បង្ហាញនៅក្នុងប្រក្រតិទិនរ៉ូមុាំង [កាតូលិក] ឡើយ។ គាត់បានបែរចេញពី បន្ទុកតំណែងរបស់គាត់ដោយភាពខ្ពើមឆ្អើម ហើយមកប្រគល់ខ្លួនចំពោះ ព្រះបន្ទូលនៃព្រះវិញ។

នៅឆ្នាំ១៥១២ មុនលូធើរនិងស្វីងកាលីចាប់ផ្តើមធ្វើកិច្ចការកែទម្រង់ទៅទៀតនោះ ឡឺហ្វែវបានសរសេរថា «គឺព្រះទេដែលប្រទានឱ្យយើងនូវ សេចក្តីសុចរិត ដោយជំនឿដែលផ្តល់ជីវិតអស់កល្ប ដោយព្រះគុណនៃព្រះតែមួយគត់ប៉ុណ្ណោះ »១។ ក្នុងពេលដែលគាត់បង្រៀនថា សិរីល្អនៃសេចក្តី សង្រ្គោះជារបស់ផងព្រះតែមួយព្រះអង្គគត់ គាត់ក៏បានបញ្ជាក់ផងដែរថា កាតព្វកិច្ចនៃការស្តាប់បង្គាប់ជារបស់ផងមនុស្ស។

សិស្សខ្លះរបស់ឡឺហ្វែវ បានស្តាប់ពាក្យសម្តីគាត់ដោយយកចិត្តទុកដាក់ ហើយយូរក្រោយមក បន្ទាប់ពីសំឡេងរបស់គ្រូត្រូវបានស្ងាត់ទៅ ពួក គេក៏បន្តប្រកាសសេចក្តីពិត។ ដូចជាវិល្លៀមហ្វារ៉ែលជាដើម ដែលជាកូនមាន ឪពុកម្តាយជឿស៊ប់ខាងជំនឿកាតូលិករ៉ូម គាត់មានចិត្តក្តៅក្រហាយទាំងរក បំផ្លាញអស់អ្នកណាដែលហ៊ានប្រឆាំងនឹងវិហារ។ «ខ្ញុំសង្កៀតធ្មេញដូចសត្វ ចចក» គាត់បានសំណាលរឿងដើម «កាលណាខ្ញុំឮនរណាម្នាក់និយាយ ប្រឆាំងនឹងស្តេចប៉ាប»។ ការសរសើរពួកសន្តបុគ្គល ការថ្វាយបង្គំនៅតាម អាសនា ហើយនិងការយកតង្វាយមកតុបតែងដល់ទីសក្ការៈ ពុំបាននាំមក នូវសុខសន្តិភាពដល់ព្រលឹងឡើយ។ ការដឹងថាខ្លួនមានបាប បានដុកដាន់ គាត់ជាខ្លាំង ហើយរាល់ទាំងអំពើទុក្ករកិរិយាដែលគាត់អនុវត្តនោះ ក៏ពុំឃើញ មានប្រសិទ្ធភាពអ្វីសោះ។ គាត់ស្តាប់សម្តីរបស់ឡឺហ្វែវដែលថា៖ «សេចក្តី សង្គ្រោះគឺបានមកដោយសារព្រះគុណ»។ «មានតែឈើឆ្កាងនៃព្រះគ្រីស្ទតែមួយគត់ ដែលបើកខ្លោងទ្វារស្ថានសួគ៌ ហើយបិទខ្លោងទ្វារស្ថាននរក»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ផល​នៃ​សេចក្តី​សុភាព និង​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត។ សុភាសិត​ ២២:៤

Powered by CAM