ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៣) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១២៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នក​ណា​ដែល​ថែទាំ​ដើម​ល្វា អ្នក​នោះ​នឹង​បាន​ផ្លែ​បរិភោគ ហើយ​អ្នក​ណា​ដែល​បំរើ​ចៅហ្វាយ​ខ្លួន​ដោយ​ល្អ នោះ​នឹង​បាន​កិត្តិសព្ទ។ សុភាសិត ២៧:១៨

នៅប្រទេសអាល្លឺម៉ង់ ព្រះចៅឆាលស៍ទី៥បានដាក់បម្រាមដល់លទ្ធិកែទម្រង់ ប៉ុន្តែពួកក្សត្របានឈរឡើងជារបាំងរាំងរាចំពោះអំណាចជិះជាន់ របស់ទ្រង់។ នៅឯនីដឺឡែនវិញ ព្រះអង្គមានអំណាចខ្លាំងជាង។ បទបញ្ជាធ្វើទុក្ខបៀតបៀនបានចេញមកជាបន្តបន្ទាប់។ ការអានព្រះគម្ពីរ ការស្តាប់ ឬ ការអធិប្បាយ ការអធិស្ឋានដល់ព្រះនៅក្នុងទីអាថ៌កំបាំង ការមិនព្រមឱន គោរពថ្វាយបង្គំរូបសំណាក និងការច្រៀងទំនុកតម្កើង សុទ្ធតែអាចទទួល ទណ្ឌកម្មដល់ស្លាប់។ ជនរាប់ពាន់នាក់ត្រូវបានវិនាសសាបសូន្យនៅក្រោម របបឆាលស៍ និងភីលីពទី២។

នៅគ្រាមួយមានគ្រួសារមួយគ្រួ ត្រូវបានគេនាំមកចំពោះពួកដេញដោលរកទោស ហើយត្រូវជាប់ចោទដោយបានគេចវាសពីពិធីម៉ាស់ ហើយ ធ្វើការថ្វាយបង្គំនៅផ្ទះ។ កូនប្រុសពៅគេបានឆ្លើយថា៖ «យើងបានលុត ជង្គង់ចុះ អធិស្ឋានទូលសូមព្រះឱ្យបំភ្លឺដល់គំនិត និងអត់ទោសដល់អំពើបាប របស់យើងផង យើងអធិស្ឋានសម្រាប់មហាក្សត្រយើង សូមឱ្យរាជ្យទ្រង់ បានចម្រើន សូមឱ្យព្រះជន្មទ្រង់បានពោរពេញទៅដោយសេចក្តីសុខ យើងអធិស្ឋានសម្រាប់ពួកចៅក្រមរបស់យើង សូមឱ្យព្រះជួយរក្សាការពារពួកគេ»។ ឪពុកនិងកូនប្រុសម្នាក់របស់គាត់ត្រូវបានគេកាត់ទោសឱ្យស្លាប់នឹងបង្គោលពិឃាត។

មិនគ្រាន់តែពួកប្រុសៗប៉ុណ្ណោះទេ គឺទាំងស្ត្រី និងស្ត្រីក្រមុំផង ក៏បាន បង្ហាញនូវសេចក្តីក្លាហានដ៏ឥតញញើត។ «ភរិយាទាំងឡាយឈរនៅក្បែរ បង្គោលពិឃាតនៃស្វាមីរបស់ខ្លួន ហើយនៅពេលដែលគាត់កំពុងទ្រាំទ្រ ចំពោះភ្លើង ពួកគេខ្សឹបនូវពាក្យសម្រាលទុក្ខ ឬក៏ច្រៀងទំនុកតម្កើងឱ្យ រីករាយឡើង។» «ស្ត្រីក្រមុំក្មេងៗ ដេកចុះនៅក្នុងផ្នូរដ៏រស់ ដូចជាពួកគេកំពុងចូលទៅក្នុងបន្ទប់ដេកនៅវេលាយប់ ឬចេញទៅកាន់រន្ទារពិឃាតនិងភ្លើង ប្រដាប់ ដោយសំលៀកបំពាក់ល្អបំផុតដូចជាកំពុងធ្វើដំណើរទៅកាន់ពិធី អាពាហ៍ពិពាហ៍របស់ខ្លួន»។

ការធ្វើទុក្ខបៀតបៀនបានបង្កើនចំនួននៃអ្នកធ្វើទីបន្ទាល់សម្រាប់ សេចក្តីពិត។ ពីមួយឆ្នាំទៅមួយឆ្នាំ មហារាជាបានជំរុញកិច្ចការដ៏ឃោរឃៅ របស់ទ្រង់ ប៉ុន្តែនៅតែអាសារឥតការដដែល។ ទីបំផុត លោកវិល្លៀមនៃស្រុក អូរ៉ង់ (ប្រទេសអៀកឡង់ខាងជើង) បាននាំមកឱ្យប្រទេសហូឡង់នូវសិទ្ធិ សេរីភាពក្នុងការថ្វាយបង្គំព្រះ។

លទ្ធិកែទម្រង់នៅប្រទេសដិនម៉ាក (Denmark)

នៅក្នុងប្រទេសនៃភាគខាងជើង ដំណឹងល្អបានរកឃើញផ្លូវចូល ដោយសុខសាន្ត។ សិស្សទាំងឡាយនៅវិតថិនបឺក ត្រឡប់មកផ្ទះវិញដោយបាននាំមកជាមួយនូវទម្រង់ជំនឿថ្មី មកកាន់ប្រទេសស្កែនឌីនេវី។ សំណេរ របស់លូធើរ ក៏បានផ្សព្វផ្សាយពន្លឺដែរ។ ពួកមនុស្សដ៏រឹងប៉ឹង នៅភាគខាង ជើងបានបែរចេញពីអំពើពុករលួយ និងជំនឿអកុសលរបស់រ៉ូម ហើយមក ទទួលសច្ចធម៌ដែលផ្តល់ជីវិតរបស់ព្រះគម្ពីរវិញ។

ថូសេន (Tausen) ជា «អ្នកកែទម្រង់នៃប្រទេសដិនម៉ាក» កាលនៅ ជាកុមារ មានបញ្ញាមុតស្រួច ហើយបានចូលក្នុងទីអារាមមួយ។ ការពិនិត្យ សង្កេតបានបង្ហាញឱ្យឃើញថា គាត់មានអំណោយទានដែលនឹងផ្តល់ការ បម្រើដ៏ល្អដល់វិហារ។ យុវសិស្សនេះត្រូវបានផ្តល់សិទ្ធិឱ្យជ្រើសយក សាកលវិទ្យាល័យនៅអាល្លឺម៉ង់ ឬក៏នៅនីដឺឡែនសម្រាប់ខ្លួន តាមកិច្ចសន្យា មួយ៖ គាត់មិនត្រូវទៅកាន់វិតថិនបឺកឡើយក្រែងលោកធ្លាក់ខ្លួនទៅក្នុងលទ្ធិ ខុសឆ្គង។ នេះជាសម្តីរបស់ពួកសង្ឃតូចតាច។

ថូសេនបានទៅកាន់ក្រុងកូឡូញ ជាទីមាំមួនមួយរបស់លទ្ធិរ៉ូមនិយម។ នៅទីនេះមិនយូរប៉ុន្មានគាត់ក៏មានការជិនឆ្អន់។ ក្នុងពេលជាមួយគ្នានោះ គាត់ បានអានសំណេររបស់លូធើរដោយរីករាយ ព្រមទាំងមានការប្រាថ្នាដ៏ខ្លាំងក្លា ចង់បានការណែនាំផ្ទាល់អំពីអ្នកកែទម្រង់។ ដើម្បីធ្វើដូច្នេះ គឺគាត់ត្រូវតែ ប្រថុយបាត់បង់នូវការគាំទ្ររបស់ចៅហ្វាយខ្លួន។ មិនយូរប៉ុន្មានគាត់ក៏បានក្លាយទៅជានិស្សិតមួយរូបនៅវិតថិនបឺក តាមការសម្រេចចិត្តរបស់គាត់។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំងសត្រូវ នោះ​ជា​សេចក្តី​បញ្ឆោត​វិញ។ សុភាសិត ២៧:៦

Powered by CAM