ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១២៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នកណាដែលមើលគេដោយចិត្តល្អ នោះនឹងបានពរដ្បិតអ្នកនោះរមែងចែកអាហារខ្លួនដល់មនុស្សទាល់ក្រ។ សុភាសិត ២២:៩
គូកនរបស់គាត់បានជ្រោមជ្រែងឱ្យគាត់អធិប្បាយ តែគាត់បានអល់អែកទាំងញាប់ញ័រយ៉ាងខ្លាំងចំពោះទំនួលបន្ទុកនេះ។ បន្ទាប់ពីបានតប់ប្រមល់ ក្នុងចិត្តអស់ប៉ុន្មានថ្ងៃមក គាត់ក៏យល់ព្រម។ ប៉ុន្តែ កាលបើបានយល់ព្រម ហើយ គាត់បានប្រឹងប្រែងទៅមុខដោយចិត្តក្លាហានឥតខ្លាចញញើតឡើយ។ អ្នកកែទម្រង់ដ៏មោះមុតនេះ ឥតខ្លាចមុខមនុស្សណាឡើយ។ នៅពេលប្រឈម នឹងព្រះភ័ក្ត្រមហាក្សត្រិយានីនៃប្រទេសអេកូស លោកចន ណក្សមិនឱ្យគេឈ្នះដោយការបបោសអង្អែលឡើយ ក៏មិនបាក់ទឹកចិត្តដោយសេចក្តីគំរាមកំហែងដែរ។ ព្រះនាងមានព្រះបន្ទូលថា គាត់បានបង្រៀនរាស្ត្រឱ្យជឿ សាសនាដែលរដ្ឋហាមឃាត់ ហើយនេះជាការរំលងក្រឹត្យវិន័យរបស់ព្រះ ព្រោះ ក្រឹត្យវិន័យចែងថាឱ្យរាស្ត្រគោរពដល់ស្តេចរបស់ខ្លួន។ លោកណក្សបាន ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា៖ «ប្រសិនបើពូជរបស់លោកអ័ប្រាហាំដែលបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចផារ៉ោនជាយូរអង្វែង បានដើរតាម សាសនារបស់ទ្រង់នោះ ទូលបង្គំសូមអង្វរព្រះនាងថា តើនឹងបានទៅជា សាសនាអ្វីទៅក្នុងពិភពលោកនេះ? ឬបើមនុស្សទាំងអស់ក្នុងជំនាន់ពួកសាវ័ក បានកាន់សាសនានៃព្រះចៅអធិរាជនៃក្រុងរ៉ូម តើនឹងបានជាសាសនាអ្វីទៅលើផែនដីនេះ?»
ព្រះនាងមា៉រីមានបន្ទូលថា៖ «លោកបកស្រាយព្រះគម្ពីរតាមរបៀប មួយ ចំណែកឯពួកគេ [កាតូលិករ៉ូម] បកស្រាយតាមរបៀបផ្សេងទៀត តើឱ្យ ខ្ញុំជឿអ្នកណា តើអ្នកណានឹងត្រូវធ្វើចៅក្រម?»
«ព្រះនាងត្រូវជឿដល់ព្រះ ព្រោះព្រះបន្ទូលរបស់ទ្រង់ងាយយល់ទេ» អ្នកកែទម្រង់បានឆ្លើយ...។ «ព្រះបន្ទូលរបស់ព្រះគឺងាយយល់ ហើយបើមើល ទៅដូចមិនច្បាស់ក្នុងកន្លែងណាមួយព្រះវិញ្ញាណបរិសុទ្ធនឹងពន្យល់ឱ្យយល់នៅកន្លែងផ្សេងទៀត»។
ទោះជាមានគ្រោះយាយីដល់ជីវិតគាត់ក៏ដោយ អ្នកកែទម្រង់ដ៏ឥតខ្លាចញញើតបានតោងជាប់នូវគោលបំណងរបស់ខ្លួន ដោយទឹកចិត្តដ៏ មោះមុត រហូតដល់ប្រទេសអេកូសបានរួចពីលទ្ធិកាតូលិករ៉ូម។
នៅប្រទេសអង់គ្លេស ការបង្កបង្កើតលទ្ធិប្រូតេស្តង់និយមជាសាសនា ជាតិ បានធ្វើឱ្យការធ្វើទុក្ខទោសអន់ថយទៅ ប៉ុន្តែ មិនបានបញ្ឈប់ឱ្យបាន ដាច់ស្រឡះទាំងស្រុងនោះទេ។ គេនៅតែកាន់តាមទម្រង់របស់រ៉ូមជាច្រើន។ គេបានបដិសេធអំណាចកាន់ក្តាប់របស់សម្តេចសង្ឃ ហើយតែងតាំងព្រះ មហាក្សត្រមកធ្វើជាប្រមុខនៃព្រះវិហារវិញ។ នៅមានការឃ្លាតចាកពីភាព បរិសុទ្ធនៃដំណឹងល្អយ៉ាងក្រាស់ក្រែលទៀត។ គេពុំទាន់យល់ពីសេរីភាព សាសនានៅឡើយទេ។ អ្នកដឹកនាំប្រូតេស្តង់កម្រប្រើអំពើយង់ឃ្នងដែលរ៉ូមបានប្រព្រឹត្តនោះណាស់ ប៉ុន្តែ ពួកគេពុំបានឱ្យសិទ្ធិដល់មនុស្សគ្រប់រូបគោរពព្រះតាមតែផ្លូវចិត្តរបស់គេទេ។ ពួកប្រូតេស្តង់ពិតប្រាកដបានរងទុក្ខពីការបៀតបៀនអស់រាប់រយឆ្នាំ។
គ្រូគង្វាលរាប់ពាន់នាក់ត្រូវគេបណ្តេញចេញ
នៅសតវត្សទី១៧ គេបានបណ្តេញចេញគ្រូគង្វាលរាប់ពាន់នាក់ ហើយ បានហាមមិនឱ្យបណ្តាជនទៅចូលរួមក្នុងការប្រជុំដែលទាក់ទងនឹងសាសនាណាមួយឡើយ លើកលែងតែសាសនាដែលព្រះវិហារអនុញ្ញាត។ នៅក្នុងទីជម្រកនៃក្រអៅព្រៃព្រឹក្សា រាស្ត្ររបស់ព្រះដែលគេបៀតបៀនបានរួមគ្នាប្រជុំ ដើម្បីអធិស្ឋាន និងច្រៀងសរសើរព្រះ។ មនុស្សជាច្រើនបានរងទុក្ខចំពោះ ជំនឿរបស់ខ្លួន។ គុកជាច្រើនបានពោរពេញទៅដោយបណ្តាមនុស្ស ហើយ ក្រុមគ្រួសារបានបែកខ្ចាត់ខ្ចាយ។ តែការបៀតបៀនមិនអាចបំបាត់ទីបន្ទាល់ របស់ពួកគេបានឡើយ។ ជនជាច្រើននិរទេសខ្លួនឆ្លងកាត់មហាសាគរ ទៅ កាន់ប្រទេសអាមេរិក ហើយបានតាំងមូលដ្ឋាននៃសេរីភាពស៊ីវិល និង សាសនានៅទីនោះ។
ក្នុងគុកងងឹតដែលពោរពេញទៅដោយជនឧក្រិដ្ឋ លោកចន បាន់យែន បានលំហើយនឹងអាកាសធាតុនៃស្ថានសួគ៌ ហើយសរសេររឿង ប្រៀបធៀបដ៏ល្អអំពីដំណើររបស់អ្នកធម្មយាត្រា ពីទឹកដីនៃសេចក្តីហិន វិនាសទៅកាន់ទីក្រុងនៃស្ថានសួគ៌។ រឿង ការចម្រើនទៅមុខនៃពួក ធម្មយាត្រា និងរឿង ព្រះគុណដ៏បរិបូរចំពោះអ្នកមានបាបជាងគេបង្អស់ បាននាំមនុស្សជាច្រើនមកឯផ្លូវជីវិត។
ក្នុងគ្រាងងឹងខាងព្រលឹងវិញ្ញាណ លោកវៃហ្វៀល និងលោកវែស្លីបាន លេចឡើងដូចជាអ្នកកាន់ពន្លឺសម្រាប់ព្រះ ពីព្រោះព្រះវិហារដែលបានតាំងឡើងហើយនោះ បណ្តាលឱ្យបណ្តាជនធ្លាក់ទៅក្នុងសភាពមួយដែលសឹងតែដូចគ្នានឹងពួកកាន់សាសនាដទៃដូច្នោះ។ វណ្ណៈខ្ពស់បានមើលងាយមើលថោកដល់អ្នកគោរពជឿសាសនា។ រីឯវណ្ណៈទាំងនោះបានធ្លាក់ទៅក្នុងអំពើ អបាយមុខ។ ក្រុមជំនុំគ្មានទឹកចិត្តឬជំនឿ ដើម្បីគាំទ្រសេចក្តីពិតដែលបានធ្លាក់ចុះនោះទេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់។ សុភាសិត ៣:១៣