ថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៦) ​

ការស្វែងរកសេរីភាពក្នុងដែនដីថ្មី

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១៤០

ទោះជាគេបានបដិសេធរដ្ឋអំណាច និងគោលជំនឿរបស់រ៉ូមក៏ដោយ ក៏គេនៅតែយកពិធីរបស់រ៉ូមជាច្រើន មករួមបញ្ចូលក្នុងការថ្វាយបង្គំព្រះ ក្នុង វិហារអង់គ្លេស (Church of England) ដែរ។ គេបានអះអាងថា គ្រប់ទាំងអ្វីៗដែលបទគម្ពីរពុំបានហាមនោះ គឺគ្មានអ្វីអាក្រក់ទេ។ ពិធីគោរពព្រះរបស់ វិហារដែលមានទម្រង់ថ្មី កាន់តែប្រហាក់ប្រហែលនឹងវិហាររ៉ូមជាលំដាប់ ហើយគេបានលើកឡើងថា ការធ្វើដូច្នេះនឹងនាំឱ្យពួកកាតូលិករ៉ូមទទួល ស្គាល់ជំនឿប្រូតេស្តង់។

ក្រុមមួយទៀតពុំបានយល់ស្របទេ។ ពួកគេបានចាត់ទុកទំនៀម ទម្លាប់ទាំងនេះ ថាជាផ្លាកទាសករដែលគេធ្លាប់ពាក់។ គេបានឱ្យហេតុផល ថា ព្រះបានតាំងក្នុងព្រះបន្ទូលរបស់ទ្រង់ ឱ្យមានច្បាប់ទម្លាប់ស្តីពីពិធីគោរពថ្វាយបង្គំរបស់ទ្រង់ ហើយថា មនុស្សយើងគ្មានសិទ្ធិអ្វីនឹងបន្ថែម ឬបន្ថយ ច្បាប់ទម្លាប់ទាំងនោះបានឡើយ។ ដំបូងរ៉ូមបានចាប់ផ្តើមចេញបទបញ្ជាឱ្យធ្វើអ្វីដែលព្រះពុំបានហាម ហើយនៅទីបំផុតបានហាមនូវអ្វីដែលទ្រង់បាន បង្គាប់ឱ្យធ្វើ។

មនុស្សជាច្រើនបានចាត់ទុកទំនៀមទម្លាប់នៃព្រះវិហារអង់គ្លេស ថាជាវិមាននៃការថ្វាយបង្គំរូបចម្លាក់ ហើយពួកគេមិនអាចចូលរួមក្នុងការថ្វាយបង្គំជាមួយវិហារនោះឡើយ។ ប៉ុន្តែ ព្រះវិហារដែលបានគាំទ្រដោយអាជ្ញាធរស៊ីវិល នឹងមិនអនុញ្ញាតឱ្យមានដំណឹងខ្វែងយោបល់គ្នាឡើយ។ គេបានហាម មិនឱ្យប្រជុំដោយគ្មានការអនុញ្ញាត ដោយមានការចាប់ដាក់គុក ឬការ បណ្តេញចេញពីស្រុក ឬមរណភាពជាពិន័យ។

ដោយមានការដេញចាប់ ការធ្វើទុក្ខបុកម្នេញ និងការចាប់យកទៅដាក់ក្នុងពន្ធនាគារទៀតផងនោះ ពួកបរិសុទ្ធនិយមគ្មានសង្ឃឹមថានឹងមាន ថ្ងៃធូរស្បើយឡើយ។ ខ្លះប្តេជ្ញាទៅរកកន្លែងជ្រកកោននៅប្រទេសហូឡង់ តែត្រឡប់ជាធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់ខ្លួនវិញ ដោយសារ គេក្បត់។ ប៉ុន្តែការតស៊ូដ៏ខ្លាំងក្លាបានធ្វើឱ្យពួកគេមានជ័យជម្នះក្នុងទីបំផុត ហើយគេបានរកឃើញទីជម្រកនៅលើកោះត្រើយដ៏ប្រកបដោយមេត្រីភាព។

គេបានចាកចេញពីផ្ទះ និងផ្លូវជីវិតរបស់ខ្លួន។ ពួកគេជាជនចម្លែក ក្នុងទឹកដីចម្លែក ហើយត្រូវពុះពារគ្រប់ឧបសគ្គ ដើម្បីបំប៉នជីវិតរបស់ខ្លួន។ គេពុំបានទុកពេលវេលាឱ្យកន្លងផុតទៅដោយនៅស្ងៀម ឬរវល់តូចចិត្ត ឡើយ។ គេបានថ្លែងអំណរអរគុណដល់ព្រះ ចំពោះព្រះពរដែលបានប្រទាន ដល់ខ្លួន ហើយបានអររីករាយក្នុងការប្រកបគ្នាខាងព្រលឹងវិញ្ញាណដោយ គ្មានអំពើព្យាបាទ។

ព្រះគ្រប់គ្រងលើព្រឹត្តិការណ៍ទាំងឡាយ

នៅពេលព្រះហស្តរបស់ព្រះហាក់បីដូចជាតម្រង់ពួកគេ ឱ្យឆ្លងកាត់សមុទ្រឆ្ពោះទៅឯទឹកដីមួយដែលគេអាចចែកសេរីភាពខាងសាសនាជាកេរ្តិ៍មត៌កដល់កូនចៅរបស់ខ្លួននោះ គេក៏បានធ្វើដំណើរទៅមុខតាមគន្លងផ្លូវនៃសេចក្តីថ្នាក់ថ្នមរបស់ព្រះ។ ការបៀតបៀន និងការបណ្តេញចេញពីស្រុក បានបើកផ្លូវឱ្យមានសេរីភាពទៅវិញ។

នៅពេលគេបង្ខំឱ្យបំបែកចេញពីវិហារអង់គ្លេសជាលើកដំបូង ពួកគេ បានរួមសាមគ្គីគ្នា ដោយដាក់សេចក្តីសញ្ញាមួយ ថារាស្ត្រសេរីរបស់ព្រះ «ដើម្បី ដើរទាំងអស់គ្នាក្នុងផ្លូវរបស់ទ្រង់ដែលខ្លួនស្គាល់ ឬនឹងស្គាល់នៅពេល ក្រោយ»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ត្រូវ​ឲ្យ​ពិចារណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង​បាន​ត្រឹម​ត្រូវ​ចុះ។ សុភាសិត ៤:២៦

Powered by CAM