ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១៤១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ។ សុភាសិត ៥:២១
នេះហើយជាគោលការណ៍ដ៏សំខាន់បំផុតនៃលទ្ធិប្រូតេស្តង់និយម។ ដោយសារតែគោលបំណងនេះហើយ ទើបពួកធម្មយាត្រាចាកចេញពី ប្រទេសហូឡង់ ទៅរកគេហដ្ឋានក្នុងដែនដីថ្មី។ លោកចន រ៉ប់ប៊ិនសិន (John Robinson) ដែលជាគ្រូគង្វាលរបស់គេ បានមានប្រសាសន៍ដល់និរទេសជន ក្នុងពេលដែលគាត់លាពួកគេថា៖
«ខ្ញុំសូមជម្រាបដល់អ្នក នៅចំពោះព្រះ និងពួកទេវតាដ៏ចម្រើនរបស់ ទ្រង់ថា សូមដើរតាមខ្ញុំដូចជាខ្ញុំដើរតាមព្រះគ្រីស្ទដែរ។ បើព្រះបើកបង្ហាញ អ្វីៗដល់បងប្អូន ដោយឧបករណ៍ផ្សេងទៀតក្តី ចូរប្រុងប្រៀបទទួលដូចដែលបងប្អូនប្រុងទទួលសេចក្តីណាមួយនៃការផ្សាយរបស់ខ្ញុំដែរ ព្រោះខ្ញុំមាន ទំនុកចិត្តខ្លាំងណាស់ថា ព្រះទ្រង់មានសេចក្តីពិត និងពន្លឺជាច្រើនទៀត ដែល នឹងត្រូវចាំងជះចេញពីព្រះបន្ទូលបរិសុទ្ធរបស់ទ្រង់»។
«ចំណែកខ្ញុំវិញ ខ្ញុំមិនអាចសម្តែងការសោកស្តាយគ្រប់គ្រាន់ ដល់ លក្ខណៈនៃព្រះវិហារដែលមានទម្រង់ថ្មីទេ ដែល...បច្ចុប្បន្ននេះ បោះជំហានទៅមុខមិនហួសពីឧបករណ៍នៃការកែទម្រង់របស់គេឡើយ។ ពួកលូធើរ មិនអាចឈានហួសជំហានរបស់លោកលូធើរបានឡើយ...រីឯពួកខាលវិនវិញ បងប្អូនឃើញទេ គេប្រកាន់ខ្ជាប់ខ្ជួនទៅតាមអ្វីដែលវីរបុរសរបស់ព្រះបាន បន្សល់ទុកឱ្យ តែវីរបុរសនោះមិនបានយល់ដឹងនូវអ្វីៗទាំងអស់នោះទេ...។ ទោះបីជានៅជំនាន់គេ គេជាពន្លឺដែលឆេះហើយចាំងរស្មីក៏ដោយ ក៏គេមិនបានយល់ជ្រួតជ្រាបអស់ទាំងព្រះតំរិះរបស់ព្រះបានដែរ ប៉ុន្តែបើគេរស់នៅ មកទល់ឥឡូវនេះ គេក៏នៅតែមានចិត្តចង់ឱបក្រសោបពន្លឺបន្ថែមទៀត ដូចពេលដែលគេបានទទួលពន្លឺពីលើកដំបូងដូច្នោះដែរ»។
«ចូរនឹកចាំពាក្យសន្យា និងសេចក្តីសញ្ញារបស់អ្នករាល់គ្នាជាមួយនឹងព្រះ និងជាមួយគ្នាថាត្រូវទទួលពន្លឺនិងសេចក្តីពិតណាដែលបើកសម្តែងមកពីសំណេររបស់ទ្រង់ ប៉ុន្តែខ្ញុំសូមអង្វរថា ចូរយកចិត្តទុកដាក់ចំពោះអ្វីដែល អ្នករាល់គ្នារាប់ថាជាសេចក្តីពិត ហើយត្រូវផ្ទឹម និងថ្លឹងថ្លែងជាមួយបទគម្ពីរនៃសេចក្តីពិតផ្សេងទៀត មុននឹងទទួលជឿ ព្រោះពិភពគ្រីស្ទានទើបតែចេញពីភពងងឹតយ៉ាងក្រាស់ដែលប្រឆាំងនឹងជនគ្រីស្ទាន ដូច្នេះមិនអាចមានចំណេះ វិជ្ជាពេញលេញបានមកតែម្តងនោះឡើយ»។
សេចក្តីប្រាថ្នាចង់បានសេរីភាពខាងផ្លូវចិត្ត បានបណ្តាលឱ្យអ្នកធម្មយាត្រាឆ្លងកាត់មហាសមុទ្រទ្រាំទ្រនូវការលំបាកវេទនានៃទីរហោស្ថាន ហើយ លាតគ្រឹះឱ្យបានជាប្រទេសជាតិដ៏ខ្លាំងពូកែមួយ។ តែពួកធម្មយាត្រាពុំទាន់យល់ច្បាស់អំពីសេរីភាពខាងសាសនានៅឡើយទេ។ សេរីភាពដែលគេខិតខំពុះពារសម្រាប់ខ្លួនគេនោះ គេមិនចង់ចែករំលែកឱ្យអ្នកដទៃទៀតឡើយ។ លទ្ធិដែលថាព្រះអនុញ្ញាតវិហារឱ្យគ្រប់គ្រងលើសតិសម្បជញ្ញៈ ហើយដើម្បី ឱ្យផ្តល់អត្ថន័យ និងដាក់ទណ្ឌកម្មដល់លទ្ធិខុសឆ្គងនោះ គឺជាកំហុសដ៏ធ្ងន់ធ្ងរ បំផុតមួយនៃលទ្ធិកាតូលិករ៉ូម។ ពួកអ្នកកែទម្រង់ទាំងឡាយ មិនទាន់បាន ដាច់ស្រឡះពីសេចក្តីទ្រាំមិនបានរបស់រ៉ូមទេ ព្រោះភាពងងឹតដ៏ក្រាស់ដែលលទ្ធិកាតូលិករ៉ូមបានគ្របដណ្តប់លើពិភពគ្រីស្ទាននោះ មិនទាន់បានរសាយ បាត់អស់នៅឡើយ។
ព្រះវិហារប្រចាំរដ្ឋមួយប្រភេទ ត្រូវបានបង្កើតឱ្យមានរាងរៅឡើង ដោយពួកអាណានិគម ហើយគេចាត់ពួកចៅក្រមឱ្យសង្កត់សង្កិនលទ្ធិខុស ឆ្គង។ ម៉្លោះហើយ អំណាចលោកីយ៍ក៏ស្ថិតនៅក្រោមកណ្តាប់ដៃរបស់ព្រះ វិហារ។ វិធានការទាំងនេះក៏នាំឱ្យជួបលទ្ធផលដែលចៀសវាងមិនរួច ពោល គឺការធ្វើទុក្ខទោស។
លោករ៉ូជ័រ វិល្លៀមស៍
ដូចជាអ្នកធម្មយាត្រាជំនាន់ដើមដែរ លោករ៉ូជ័រ វិល្លៀមស៍ (Roger Williams) បានមកដែនដីថ្មី ដើម្បីមកទទួលសេរីភាពខាងសាសនានឹងគេដែរ។ ប៉ុន្តែ ផ្ទុយពីពួកគេឯទៀត គាត់បានមើលឃើញនូវអ្វីដែលមានតែមនុស្ស ប៉ុន្មាននាក់ប៉ុណ្ណោះបានមើលឃើញ គឺថាសេរីភាពនេះគឺជាសិទ្ធិដែល មនុស្សទាំងអស់ មិនអាចលើកចោលបាន។ គាត់បានស្វែងរកសេចក្តីពិតដ៏ អស់ពីចិត្ត។ លោកវិល្លៀមស៍ «ជាជនទីមួយក្នុងពិភពគ្រីស្ទានសម័យថ្មី ដែល បង្កើតរដ្ឋាភិបាលស៊ីវិលលើគោលលទ្ធិនៃសេរីភាពខាងផ្លូវចិត្ត»។ គាត់មាន ប្រសាសន៍ថា៖ «សាធារណៈជន ឬពួកចៅក្រមអាចសម្រេចនូវកាតព្វកិច្ច របស់បុគ្គលម្នាក់ៗ ប៉ុន្តែ នៅពេលគេដាក់កាតព្វកិច្ចដែលមនុស្សត្រូវធ្វើ សម្រាប់ព្រះ នោះដូចជាមិនសមសួនសោះ ហើយគ្មានសន្តិសុខផង ព្រោះ ជាការច្បាស់ណាស់ថា កាលបើចៅក្រមទាំងឡាយមានអំណាចនោះ គេ អាចចេញក្រឹត្យក្រមនៅថ្ងៃនេះ ឬថ្ងៃស្អែក តាមតែមតិរបស់គេ ឬតាមតែជំនឿ របស់គេ ដូចដែលបានប្រព្រឹត្តក្នុងប្រទេសអង់គ្លេស ដោយពួកក្សត្រា និង ក្សត្រិយានី និងដោយសម្តេចសង្ឃ និងក្រុមប្រឹក្សាទាំងឡាយក្នុងវិហាររ៉ូមយ៉ាងដូច្នោះដែរ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណនឹងសេចក្តីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្តីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ។ យ៉ូអែល ២:១២-១៣