ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១២) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១១៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះទ័យ​នៃ​ស្តេច នោះ​នៅ​ក្នុង​ព្រះហស្ត​ព្រះយេហូវ៉ា ដូច​ជា​ផ្លូវ​នៃ​ទឹក​ហូរ​ទាំងឡាយ ទ្រង់​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ព្រះហឫទ័យ។ សុភាសិត​ ២១:១

ព្រះមហាក្សត្រ មានព្រះទ័យរីករាយចំពោះឱកាសល្អ ដើម្បីបំបាក់ ប្ញករបស់ពួកសង្ឃក្រអឺតទាំងនេះ ក៏បញ្ជាឱ្យពួករ៉ូមយកព្រះគម្ពីរមកការពារបុព្វហេតុរបស់ខ្លួន។ អាវុធនេះពួកគេធ្លាប់ដឹង ហើយថាមានប្រយោជន៍តិចណាស់សម្រាប់ពួកគេ ការដាក់ទារុណកម្ម ហើយនិងបង្គោលពិឃាតគឺជា អាវុធដែលពួកគេចេះកាន់ស្ទាត់ជាង។ ឥឡូវនេះ តុបានត្រឡប់បះជើងឡើង ហើយពួកគេបានឃើញថា ខ្លួនគេហៀបនឹងធ្លាក់ទៅក្នុងជង្ហុកដែលពួកគេ សង្ឃឹមថានឹងទម្លាក់បឺឃ្វីនចូល។ ក្នុងសភាពស្លន់ស្លោ ពួកគេក៏រកផ្លូវគេចខ្លួន។

«នៅចំពេលនោះ រូបសំណាកនៃនាងព្រហ្មចារីមួយ ដែលស្ថិតនៅ ត្រង់កាច់ជ្រុងផ្លូវ ក៏ត្រូវបានគេបំបាក់បំបែក»។ ពួកមនុស្សបានផ្តុំគ្នាទៅ កន្លែងនោះ ទាំងស្រែកថ្ងូរ និងមានកំហឹងផង។ ព្រះមហាក្សត្រក៏មានព្រះ ទ័យក្តុកក្តួលជាខ្លាំងដែរ។ «ទាំងនេះគឺជាផលផ្លែនៃគោលលទ្ធិរបស់បឺឃ្វីន» ពួកសង្ឃបានស្រែកឡើង។ «អ្វីៗទាំងអស់ហៀបនឹងរលំហើយ សាសនា ច្បាប់ ទម្លាប់ រាជ្យបល្ល័ង្ក ដោយគម្រោងការក្បត់របស់ពួកលូធើរនេះ»។

ស្តេចបានយាងចេញពីក្រុងប៉ារីស ទុកឱ្យពួកសង្ឃធ្វើតាមអំពើចិត្ត របស់ខ្លួន។ អ្នកកែទម្រង់ត្រូវបានគេជំនុំជម្រះ ហើយកាត់ទោសប្រហារជីវិត ហើយដោយខ្លាចហ្វ្រង់ស៊ីសមកជួយគាត់ គេបានប្រកាសវិនិច្ឆ័យនៅថ្ងៃនោះតែម្តង។ នៅថ្ងៃត្រង់ មនុស្សដ៏សន្ធឹកសន្ធាប់ប្រជុំគ្នាមកមើលព្រឹត្តិការណ៍ មនុស្សជាច្រើនបានឃើញដោយភ្ញាក់ផ្អើលជាខ្លាំង ហើយមានពិភាល់ក្នុង ចិត្តថា ជនរងគ្រោះត្រូវបានជ្រើសរើសមកអំពីគ្រួសារដ៏ថ្លៃថ្នូរ និងក្លាហាន បំផុតនៃប្រទេសបារាំង។ ការស្ងើចហួសពីចិត្ត កំហឹងឆេះឆួល ការបន្ទោស ហើយនិងសម្អប់ដ៏ជូរចត់ បានគ្របបាំងលើផ្ទៃមុខនៃពួកមនុស្សដ៏កកកុញ នោះ ប៉ុន្តែមានផ្ទៃមុខមួយដែលឥតមានស្រមោលគ្របបាំងឡើយ។ គាត់បាន គិតតែអំពីវត្តមាននៃព្រះអម្ចាស់របស់គាត់តែមួយប៉ុណ្ណោះ។

ទឹកមុខរបស់បឺឃ្វីន បានពោរពេញទៅដោយពន្លឺរស្មីនៃស្ថានសួគ៌។ គាត់បានប្រដាប់កាយដោយ «អាវបំពង់កាំម្ញីវែង សំពត់សូត្រទន់រលើប និង ទេសសំពត់ដាម៉ាស ព្រមទាំងស្រោមជើងពណ៌មាសផង »៥។ គាត់ហៀបនឹង ថ្លែងទីបន្ទាល់នៃជំនឿរបស់គាត់នៅចំពោះស្តេចដ៏លើសអស់ទាំងស្តេចហើយ ហើយគ្មានបញ្ហានៃទំនួញណា នឹងត្រូវមកភូតកុហកដល់អំណររបស់គាត់ឡើយ។

នៅពេលដែលក្បួនហែបានរំកិលយឺតៗ នៅតាមផ្លូវថ្នល់ដ៏កុះករ បណ្តាមនុស្សបានកត់សម្គាល់ទាំងងឿងឆ្ងល់នូវជោគជ័យដ៏សែនរីករាយនៃការអត់ទ្រាំរបស់គាត់។ «គាត់» ពួកគេនិយាយ «ដូចជាអ្នកអង្គុយនៅក្នុង វិហារ ហើយធ្វើសង្ក្រមភាវនានៅលើវត្ថុបរិសុទ្ធដូច្នោះ»។

បឺឃ្វីននៅនឹងបង្គោលពិឃាត

នៅនឹងបង្គោលពិឃាត បឺឃ្វិនបានព្យាយាមប្រាប់ពីរបីម៉ាត់ដល់ បណ្តាមនុស្ស ប៉ុន្តែពួកសង្ឃក៏ចាប់ផ្តើមស្រែកឡើង ពួកទាហានទង្គិចអាវុធគ្នាលាន់ស្នូរគ្រាំគ្រេង បន្លិចសំឡេងអ្នកប្តូរផ្តាច់បាត់ទៅ។ ម៉្លោះហើយ នៅ គ.ស.១៥២៩ អាជ្ញាធរសាសនាដ៏ខ្ពង់ខ្ពស់បំផុតនៃក្រុងប៉ារីសដែលមាន វប្បធម៌ «បានធ្វើជាគំរូដើមចំពោះបណ្តាជននៅគ.ស.១៧៩៣ ដោយប្រើការខ្ទប់ពាក្យពិសិដ្ឋរបស់ជនរងគ្រោះ នៅលើរានពិឃាត»។ បឺឃ្វិនត្រូវគេ ច្របាច់កសម្លាប់ ហើយរូបកាយរបស់គាត់ត្រូវឆេះនៅក្នុងភ្លើង។

ពួកគ្រូនៃទម្រង់ជំនឿថ្មី ក៏ចេញទៅធ្វើការនៅទីផ្សេងវិញ។ ឡឺហ្វែវបានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។ ហ្វារ៉ែលបានត្រឡប់ទៅកាន់ ស្រុកកំណើតរបស់ខ្លួន នៅប្រទេសបារាំងខាងកើត ដើម្បីផ្សព្វផ្សាយពន្លឺនៅក្នុងស្រុកដែលគាត់រស់នៅពីកុមារ។ មានមនុស្សជាច្រើន ស្តាប់សេចក្តីពិត ដែលគាត់បានបង្រៀន។ មិនយូរប៉ុន្មាន គេក៏បណ្តេញគាត់ចេញពីទីក្រុង។ គាត់បានធ្វើដំណើរឆ្លងកាត់តាមវាលតាមភូមិ បង្រៀនគេនៅតាមលំនៅ ឯកជន និងនៅតាមវាលដាច់ស្រយាល ហើយរស់នៅក្នុងរូងតាមព្រៃភ្នំក្រំថ្ម ជាកន្លែងដែលគាត់ធ្លាប់លេងកំសាន្តកាលពីកុមារភាព។

ដូចជានៅក្នុងសម័យពួកសាវ័កដែរ ការបៀតបៀនបាន «ប្រែទៅជាការចម្រើនដល់ដំណឹងល្អវិញ»។ ភីលីព ១:១២។ បន្ទាប់ពីត្រូវគេបណ្តេញ ចេញអំពីប៉ារីស និងម៉ូស៍មក អស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ ដើរចុះឡើង ផ្សាយព្រះបន្ទូល។ កិច្ចការ ៨:៤។ ម៉្លោះហើយពន្លឺក៏បានរកឃើញផ្លូវចូលទៅតាមខែត្រដាច់ស្រយាលជាច្រើន ក្នុងប្រទេសបារាំង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ផល​នៃ​សេចក្តី​សុភាព និង​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត។ សុភាសិត​ ២២:៤

Powered by CAM