ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១៤៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ទាំង​រង់ចាំ​សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរីល្អ​របស់​ព្រះ​ដ៏​ជា​ធំ និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង។ ទីតុស ២:១៣

នៅពេលនោះនគរដ៏ពោរពេញទៅដោយសុខសន្តិភាពរបស់ព្រះមែស្ស៊ី នឹងត្រូវបានស្ថាបនាឡើង «ព្រះយេហូវ៉ាទ្រង់នឹងកំសាន្តចិត្តក្រុង ស៊ីយ៉ូន ទ្រង់បានដោះទុក្ខអស់ទាំងកន្លែងខូចខាតបង់របស់គេ ក៏បានធ្វើឱ្យ ទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឱ្យវាលព្រៃនោះ ត្រឡប់ដូចជាសួនរបស់ព្រះយេហូវ៉ាដែរ»។ អេសាយ ៥១:៣។

ដំណើរយាងមករបស់ព្រះអម្ចាស់ បានជាទីសង្ឃឹមដល់អស់អ្នកដែល បានតាមទ្រង់ដ៏ពិតនៅគ្រប់ជំនាន់ទាំងអស់។ នៅក្នុងកណ្តាលការរងទុក្ខ និងអំពើបៀតបៀនគឺ «ដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវ គ្រីស្ទជាព្រះអង្គសង្គ្រោះនៃយើង» គឺជា «សេចក្តីសង្ឃឹមដ៏មានពរ»។ ទីតុស ២:១៣។ សាវ័កប៉ុលបានចង្អុលទៅឯការរស់ឡើងវិញ នៅពេលព្រះអង្គ សង្គ្រោះយាងមក គឺនៅពេលដែលពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញ រួចអ្នកដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នា ទាំងអស់ ដើម្បីឱ្យបានជួបជុំជាមួយព្រះអម្ចាស់នៅនាអាកាស។ «យ៉ាងនោះ» គាត់បន្ថែម «យើងនឹងនៅជាមួយព្រះអម្ចាស់ជាដរាបទៅ ដូច្នេះចូរកំសាន្តចិត្ត គ្នាទៅវិញទៅមកដោយដំណើរនេះចុះ»។ ថែស្សាឡូនីចទី១ ៤:១៧។

នៅលើកោះប៉ាត់ម៉ុស សាវ័កស្ងួនភ្ងាបានឮនូវពាក្យសន្យាថា «ប្រាកដមែនអញមកជាឆាប់»។ ការឆ្លើយតបរបស់គាត់ ជាសេចក្តីអធិស្ឋាន របស់ក្រុមជំនុំ៖ «អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក»។ វិវរណៈ ២២:២០។

ពីគុកងងឹត ពីបង្គោលពិឃាត និងពីរន្ទាពិឃាត ជាទីដែលពួកបរិសុទ្ធ និងពួកប្តូរផ្តាច់បានធ្វើទីបន្ទាល់សម្រាប់សច្ចធម៌នោះ ការផ្សាយជំនឿ និងសេចក្តីសង្ឃឹមរបស់ពួកគេត្រូវបានឮរាប់សតវត្សតៗមក។ មានម្នាក់ក្នុងអ្នក គ្រីស្ទានទាំងនេះមានប្រសាសន៍ថា ដោយដឹង «ប្រាកដថាទ្រង់បានរស់ឡើង វិញ ហើយដោយសារទ្រង់រស់ ខ្លួនគេក៏រស់ឡើងវិញដែរនៅពេលព្រះអង្គ យាងមក ព្រោះហេតុនេះហើយបានជាពួកគេមិនខ្លាចស្លាប់ទេ ព្រោះគេបាន ឃើញការដែលប្រសើរជាង»១។ ពួកវ៉លដូក៏មានសេចក្តីស្រឡាញ់ដល់ជំនឿដូចគ្នាដែរ។ វ៉ាយឃ្លីហ្វ លូធើរ ខាលវិន ណក្ស វិតលី និងបែក្សទើរ ក៏មានជំនឿ ចំពោះដំណើរយាងមករបស់ព្រះអម្ចាស់ដែរ។ នេះហើយជាសេចក្តីសង្ឃឹមនៃក្រុមជំនុំរបស់ពួកសាវ័ក របស់ «ក្រុមជំនុំនៅក្នុងវាលរហោស្ថាន» និង របស់ពួកកែទម្រង់។

បទទំនាយពុំគ្រាន់តែទស្សន៍ទាយនូវលក្ខណៈ និងគោលបំណងនៃដំណើរយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទតែប៉ុណ្ណោះទេ គឺសម្តែងសញ្ញា ឱ្យមនុស្សបានដឹងថា ថ្ងៃនោះកាន់តែជិតមកដល់ទៀតផង។ «នឹងមានទី សម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ និងផ្កាយ»។ លូកា ២១:២៥។ «ថ្ងៃ នឹងទៅជាងងឹត ខែនឹងលែងភ្លឺ ផ្កាយនៅលើមេឃនឹងធ្លាក់ចុះ ហើយអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក នោះគេនឹងឃើញកូនមនុស្សមកក្នុងពពក មានទាំងព្រះចេស្តា និងសិរីល្អផង»។ ម៉ាកុស ១៣:២៤-២៦។ អ្នកបើក សម្តែងបានពិពណ៌នានូវទីសម្គាល់ទី១ មុនដំណើរយាងមកជាលើកទីពីរថា៖ «មានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ ត្រឡប់ប្រែទៅដូចជាឈាម»។ វិវរណៈ ៦:១២។

ការរញ្ជួយផែនដីដែលកក្រើកពិភពលោក

បទទំនាយនេះបានសម្រេចនៅឆ្នាំ១៧៥៥ ដោយមានការកក្រើក ផែនដីដ៏រន្ធត់បំផុតមួយ ពុំដែលមាននៅក្នុងបញ្ជីប្រវត្តិសាស្ត្រសោះឡើយ។ គឺជាការកក្រើកដីនៅក្រុងលីស្បិន† ដែលរញ្ជួយដល់ទ្វីបអឺរ៉ុប អាហ្វ្រិក និង អាមេរិក។ ដីកក្រើកនៅប្រទេសគ្រីនឡែនដ៍ អ៊ិនឌីខាងលិច ម៉ាឌីរ៉ា នរវេ និង ស្វ៊ីដិន ចក្រភពអង់គ្លេស និងអៀកឡង់ ជាការរញ្ជួយមួយដែលលាតសន្ធឹង មិនតិចជាង៦លានគីឡូម៉ែត្រការ៉េឡើយ។ នៅទ្វីបអាហ្វ្រិកការរញ្ជួយមាន សភាពធ្ងន់ធ្ងរដូចនៅអឺរ៉ុបដែរ។ នៅទ្វីបអាហ្វ្រិកការរញ្ជួយមានសភាពធ្ងន់ធ្ងរដូចនៅអឺរ៉ុបដែរ។ ផ្នែកដ៏ធំមួយនៃប្រទេសអាល់ជៀរ៍ត្រូវវិនាសខូច។ មហា រលកដ៏ធំមួយបានបោកទៅលើឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ និងអាហ្វ្រិក ត្របាក់លេបទីក្រុងទាំងប៉ុន្មាននោះបាត់ទៅ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ឲ្យ​អស់​អំពី​ចិត្ត​ដោយ​តម​អត់ ហើយ​យំ​ពិលាប ព្រម​ទាំង​សៅសោក​ឥឡូវ​នេះ​ចុះ មិន​ត្រូវ​ឲ្យ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត​វិញ ហើយ​វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះគុណ​នឹង​សេចក្តី​មេត្តាករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ទ្រង់​មាន​ព្រះហឫទ័យ​ស្តាយ​ដោយ​ត្រូវ​វាយផ្ចាល​គេ​ដែរ។ យ៉ូអែល ២:១២-១៣

Powered by CAM