ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១១៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្តីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។ សុភាសិត ២២:៣
ការហៅរបស់ខាលវិន
នៅក្នុងសាលារៀនមួយនៃទីក្រុងប៉ារីស មានយុវជនស្ងាត់ស្ងៀម ប្រកបដោយគំនិតជ្រៅម្នាក់ ត្រូវបានគេសម្គាល់ដោយមានជីវិតដែលមិន អាចបន្ទោសបាន ប្រកបដោយបញ្ញាវាងវៃ និងដោយការខ្ជាប់ខ្ជួនខាង សាសនា។ សេចក្តីឆ្លៀវឆ្លាតដល់កំពូល ហើយនិងកិរិយាប្រព្រឹត្តរបស់គាត់បានធ្វើឱ្យគាត់ក្លាយជាមោទនភាពនៃវិទ្យាល័យ អ្នកផងសង្ឃឹមទាំងមាន ទំនុកទុកចិត្តយ៉ាងខ្លាំងថា ចន ខាលវិន† (John Calvin) នឹងក្លាយទៅជាអ្នកការពារក្រុមជំនុំដែលមានសមត្ថភាពបំផុត។
ប៉ុន្តែ រស្មីនៃពន្លឺស័ក្តិសិទ្ធិបានជ្រួតជ្រាបចូលទៅក្នុងជញ្ជាំងនៃប្រព័ន្ធសិក្សា និងជំនឿអកុសលដែលជាសាលារបស់ខាលវិន។ អូលីវេថិន ជាបង ប្អូនជីដូនមួយរបស់ខាលវិន បានចូលរួមជាមួយអ្នកកែទម្រង់។ សាច់ញាតិ ទាំងពីរនាក់ តែងតែជួបគ្នាជារឿយៗ ដើម្បីពិគ្រោះគ្នាអំពីរឿងរ៉ាវដែលរំខានដល់ពិភពគ្រីស្ទាន។ «មានតែសាសនាពីរទេនៅក្នុងលោកនេះ» អូលីវេថិនជាអ្នកប្រូតេស្តង់បាននិយាយឡើង។ «មួយជាសាសនាដែលមនុស្សបង្កើត ឡើង ហើយដែលមានជំនឿថា មនុស្សបានសង្គ្រោះដោយការប្រារព្ធពិធី និងដោយអំពើល្អ មួយទៀត គឺជាសាសនាដែលបានសម្តែងនៅក្នុងគម្ពីរ ដែល បង្រៀនឱ្យមនុស្សស្វែងរកសេចក្តីសង្គ្រោះអំពីព្រះគុណដ៏ឥតគិតថ្លៃនៃព្រះតែប៉ុណ្ណោះ»។
«ខ្ញុំមិនចង់បានគោលលទ្ធិថ្មីរបស់អ្នកទេ»។ ខាលវិនឧទាន «តើអ្នក គិតថាមួយជីវិតនេះ ខ្ញុំបានរស់នៅក្នុងកំហុសខុសឆ្គងឬ?»៧ ប៉ុន្តែកាលគាត់នៅក្នុងបន្ទប់តែម្នាក់ឯង គាត់បានសញ្ជឹងគិតពីពាក្យសម្តីរបស់ជីដូនមួយ គាត់។ គាត់បានឃើញថាខ្លួនគាត់គ្មានស្មាក្តីជួយអង្វរករព្រះដ៏ជាចៅក្រមដ៏ យុត្តិធម៌ហើយបរិសុទ្ធសោះ។ អំពើល្អ ពិធីប្រារព្ធទាំងឡាយរបស់វិហារទាំងអស់នេះ គ្មានអំណាចដើម្បីប្រោសលោះបានទាល់តែសោះ។ ការសារភាព និងទុក្ករកិរិយា ពុំអាចសម្រុះសម្រួលព្រលឹងជាមួយព្រះបានឡើយ។
បានឃើញការដុតសម្លាប់
ចៃដន្យអ្វី ថ្ងៃមួយគាត់បានទៅលេងទីលានសាធារណៈ ក៏បានឃើញ គេដុតអ្នកកាន់លទ្ធិខុសឆ្គងម្នាក់នៅទីនោះ។ ក្រោមទារុណកម្មនៃសេចក្តីស្លាប់ដ៏គួរឱ្យតក់ស្លុត ហើយនិងការផ្តន្ទាទោសដ៏អាក្រក់អាក្រីរបស់វិហារនោះ អ្នកប្តូរបង់ជីវិតបានបង្ហាញជំនឿនិងសេចក្តីក្លាហាន ដែលយុវសិស្សខំប្រៀបផ្ទឹមទាំងខ្លោចផ្សាទៅនឹងភាពងងឹត និងភាពអស់សង្ឃឹមរបស់ខ្លួនគាត់ផ្ទាល់។ គាត់បានដឹងថា «ជនកាន់លទ្ធិខុសឆ្គង» មានជំនឿទៅលើព្រះគម្ពីរ។ គាត់សម្រេចថានឹងសិក្សាព្រះគម្ពីរ ស្រាវជ្រាវរកអាថ៌កំបាំងនៃអំណររបស់ ពួកគេ។
នៅក្នុងព្រះគម្ពីរ គាត់បានរកឃើញព្រះគ្រីស្ទ។ «ឱព្រះវរបិតា» គាត់ ស្រែកឡើង «យញ្ញបូជាទ្រង់ [ព្រះគ្រីស្ទ] បានរំងាប់សេចក្តីក្រោធរបស់ព្រះ អង្គ ព្រះលោហិតទ្រង់បានលាងជម្រះនូវភាពមិនស្អាតរបស់ទូលបង្គំ ឈើឆ្កាងទ្រង់បានទទួលរងបណ្តាសាទូលបង្គំ ជីវង្គតទ្រង់បានលោះបាបទូល បង្គំ...។ ព្រះអង្គបានពាល់ដល់ចិត្តទូលបង្គំ ប្រយោជន៍ឱ្យទូលបង្គំអាចខ្ពើម របស់ទាំងអស់ លើកលែងតែរបស់មកអំពីព្រះយេស៊ូវប៉ុណ្ណោះ»។
ឥឡូវនេះគាត់ប្តេជ្ញាបូជាជីវិតចំពោះដំណឹងល្អវិញ។ ប៉ុន្តែ គាត់មាន កំណើតជាមនុស្សមិនសម្តីច្រើន ម៉្លោះហើយចង់បូជាខ្លួនចំពោះការសិក្សាវិញ។ តែដោយការទទូចអង្វរជាខ្លាំងអំពីមិត្តភក្តិ ទីបំផុតគាត់ក៏យល់ព្រមធ្វើជាគ្រូសាធារណៈ។ ពាក្យសម្តីរបស់គាត់ប្រៀបដូចជាទឹកសន្សើមធ្លាក់មក ស្រោចស្រប់ផែនដី។ ឥឡូវនេះគាត់នៅក្នុងក្រុងនៃខែត្រមួយ ស្ថិតនៅក្រោមអាណាព្យាបាលរបស់អ្នកអម្ចាស់ម៉ាការ៉ែត ជាអ្នកស្រឡាញ់ដំណឹងល្អ ក៏បាន បញ្ចេញកិច្ចការពារដល់ពួកសិស្សនៃដំណឹងល្អថែមទៀត។ ការងាររបស់ខាល វិនបានចាប់ផ្តើមជាមួយបណ្តាជនទាំងឡាយ នៅនឹងទីលំនៅរបស់គេ។ អស់អ្នកដែលបានឮ ក៏នាំគ្នាយកដំណឹងល្អនេះទៅប្រាប់អ្នកដទៃទៀត។ គាត់បានធ្វើដំណើរឆ្ពោះទៅមុខ ចាក់គ្រឹះវិហារដែលនឹងត្រូវផ្តល់ស្មរបន្ទាល់ ដ៏ឥតក្រែងញញើតសម្រាប់សេចក្តីពិត។
ក្រុងប៉ារីសនឹងត្រូវបានអញ្ជើញឱ្យទទួលដំណឹងល្អម្តងទៀត។ សេចក្តីអញ្ជើញរបស់ឡឺហ្វែវ និងហ្វារ៉ែលត្រូវបានបដិសេធ ប៉ុន្តែមនុស្សគ្រប់ជាន់ថ្នាក់នៅក្នុងទីក្រុងធំនោះ នឹងត្រូវបានឮព្រះរាជសារម្តងទៀត។ ចំណែកឯស្តេច (បិតារបស់ព្រះនាងម៉ាការ៉ែត) ទ្រង់ពុំទាន់កាន់ខាងរ៉ូមដើម្បី ប្រឆាំងពួកកែទម្រង់ទាំងស្រុងនៅឡើយទេ។ ព្រះនាងម៉ាការ៉ែតបានសម្រេច ថា គួរផ្សព្វផ្សាយជំនឿដែលមានទម្រង់ថ្មីនៅទីក្រុងប៉ារីសវិញ។ ព្រះនាងបាន បញ្ជាគ្រូគង្វាលប្រូតេស្តង់ម្នាក់ ឱ្យអធិប្បាយនៅក្នុងវិហារទាំងប៉ុន្មាននោះ។ ដោយពួកអ្នកមានតំណែងខ្ពស់ប្រចាំវិហារកាតូលិកបានហាមឃាត់មិនឱ្យធ្វើដូច្នេះ ព្រះនាងក៏បានបើកព្រះរាជវាំងឱ្យគេផ្សាយតែម្តង។ គេបានប្រកាស ថា នៅរៀងរាល់ថ្ងៃនឹងមានគេអធិប្បាយ ហើយបណ្តាជនត្រូវបានអញ្ជើញ ឱ្យចូលស្តាប់។ មានមនុស្សរាប់ពាន់នាក់ចូលរួមប្រជុំរាល់ថ្ងៃ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ផលនៃសេចក្តីសុភាព និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។ សុភាសិត ២២:៤