ថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១១៩
ការហៅរបស់ខាលវិន
ស្តេចបានបញ្ជាឱ្យបើកវិហារពីរទៀតនៅប៉ារីស។ ទីក្រុងនេះមិនដែល បានរំជួលដោយព្រះបន្ទូលរបស់ព្រះដូច្នេះសោះ។ ការប្រមាណខ្លួន ភាព បរិសុទ្ធ របៀបរៀបរយ ហើយនិងការឧស្សាហ៍បានជំនួសការប្រមឹក ការ បំពានច្បាប់ ការជ្រួលច្របល់ ហើយនិងភាពព្រងើយកន្តើយ។ នៅពេលដែល មានមនុស្សមួយចំនួនទទួលជឿដំណឹងល្អ មនុស្សភាគច្រើនបដិសេធវិញ។ ពួកប៉ាបក៏បានឈ្នះនៅពេលគេឡើងកាន់អំណាចឡើងវិញ។ វិហារត្រូវបិទ ទ្វារម្តងទៀត បង្គោលពិឃាតត្រូវដាំឡើង។
ខាលវិនស្ថិតនៅក្នុងទីក្រុងប៉ារីសនៅឡើយ។ ក៏ប៉ុន្តែ នៅទីបំផុតពួកកាន់អំណាចបានប្តេជ្ញាថានឹងចាប់គាត់មកប្រគល់ឱ្យអណ្តាតភ្លើង។ គាត់ពុំបាន គិតថាខ្លួនមានគ្រោះថ្នាក់អ្វីទេ រហូតទាល់តែមិត្តភក្តិគាត់ នាំគ្នាប្រញាប់ ប្រញាល់មកកាន់បន្ទប់គាត់ ហើយប្រាប់គាត់ថា មានពួកភ្នាក់ងារកំពុងធ្វើ ដំណើរសំដៅមកចាប់គាត់។ ឮស្នូរគោះទ្វារពីចម្ងាយ នៅឯផ្លូវចូលខាងក្រៅ។ ដោយមិនបង្អង់យូរ មិត្តរបស់គាត់ខ្លះចេញទៅបង្អាក់ដំណើរពួកភ្នាក់ងារនៅនឹងមាត់ទ្វារ នៅពេលដែលមិត្តខ្លះទៀតដាក់គាត់ចុះតាមបង្អួច ហើយគាត់ក៏ប្រញាប់ធ្វើដំណើរសំដៅទៅជាយក្រុង ទៅស្នាក់នៅក្នុងខ្ទមនៃកម្មករម្នាក់ ដែលជាមិត្តរបស់អ្នកកែទម្រង់។ គាត់បានបន្លំខ្លួនដោយពាក់អាវម្ចាស់ផ្ទះ លីចបធ្វើដំណើរទៅទិសខាងត្បូង ទៅជ្រកពួននៅក្នុងដំណាក់របស់ម៉ាការ៉ែត ម្តងទៀត។
គាត់ស្ថិតនៅស្ងៀមយូរពុំបាន។ នៅពេលព្យុះសង្ឃរាអន់ថយភ្លាម គាត់បានស្វែងរកកន្លែងថ្មី នៅស្រុកភយធៀស៍ដើម្បីប្រកបការងារ គឺជាកន្លែង ដែលគេចូលចិត្តយោបល់ថ្មីរួចទៅហើយ។ មនុស្សគ្រប់ជាន់ថ្នាក់ បានស្តាប់ ដំណឹងល្អដោយក្តីអំណរ។ នៅពេលដែលចំនួនអ្នកស្តាប់កើនឡើង ពួកគេក៏គិតនាំគ្នាទៅប្រជុំនៅខាងក្រៅទីក្រុង ព្រោះគិតថានៅទីនោះមានសន្តិសុខជាង។ គេបានជ្រើសរើសយកល្អាងភ្នំធ្វើជាកន្លែងប្រជុំ ដែលមានដើមឈើ និងថ្មគ្របពីលើ ធ្វើឱ្យកន្លែងដាច់ពីគេនេះជាទីប្រជុំដ៏សមសួនមួយ។ ព្រះ គម្ពីរត្រូវបានអាននិងពន្យល់នៅកន្លែងដ៏ស្ងប់ស្ងាត់នេះ។ នៅទីនេះ ពួកប្រូតេស្តង់នៃប្រទេសបារាំងបានប្រារព្ធពិធីលៀងព្រះអម្ចាស់ជាលើកទីមួយ។ ពីវិហារតូចនេះមានពួកអ្នកផ្សាយដំណឹងល្អដ៏ស្វាហាប់មួយចំនួនត្រូវបានបញ្ជូនចេញទៅ។
ខាលវិនបានត្រឡប់ទៅប៉ារីសម្តងទៀត ប៉ុន្តែគាត់ស្ទើរតែរកការងារធ្វើពុំបានសោះ។ ទីបំផុតគាត់ក៏សម្រេចចិត្តចាកចេញទៅកាន់ប្រទេស អាល្លឺម៉ង់។ មិនយូរប៉ុន្មានបន្ទាប់ពីគាត់បានចាកចេញពីប្រទេសបារាំងហើយ ព្យុះសង្ឃរាក៏បានបក់បោកទៅលើពួកប្រូតេស្តង់ទៀត។ ពួកជនកែទម្រង់បារាំង បានប្តេជ្ញាសំពងមួយអន្លូងទៅលើជំនឿអកុសលរបស់រ៉ូម ដែលនឹងកម្រើក រំពើកដល់ប្រជាជាតិទាំងមូលតែម្តង។ សំបុត្រវាយប្រហារទៅលើពិធីម៉ាស់ ត្រូវបានបិទពាសពេញប្រទេសបារាំង។ ផ្ទុយអំពីធ្វើឱ្យលទ្ធិកែទម្រង់ជឿនទៅមុខ ចលនាមោះមុតដែលប៉ាន់ស្មានមិនត្រឹមត្រូវនេះ បានផ្តល់លេសឱ្យ ពួកកាតូលិករ៉ូម ទាមទាររកបំផ្លាញ «ពួកកាន់លទ្ធិខុសឆ្គង» ដោយចោទថា ជាពួករំជើបរំជួល ធ្វើឱ្យមានគ្រោះថ្នាក់ដល់រាជបល្ល័ង្ក និងសន្តិសុខនៃ ប្រទេសជាតិ។
មានបដាមួយបានបោះភ្ជាប់ទៅនឹងទ្វារដំណាក់ផ្ទាល់ខ្លួនរបស់ ស្តេច។ សេចក្តីក្លាហានដ៏ខុសទំនង ដោយការជំរុញពាក្យសម្តីអុចអាលនេះ បានចូលទៅចំពោះព្រះរាជា ធ្វើឱ្យទ្រង់មានព្រះទ័យក្រោធជាខ្លាំង។ កំហឹង របស់ស្តេចបានបញ្ចេញពាក្យសម្តីដ៏គួរឱ្យតក់ស្លុត៖ «ចូរចាប់ទាំងអស់ដោយ ឥតរើសមុខ អស់អ្នកណាដែលសង្ស័យថាជាពួកលូធើរ យើងនឹងធ្វើឱ្យពួកវារលាយសូន្យទាំងអស់»៩។ ស្តេចបានប្តេជ្ញាកាន់ខាងរ៉ូមទាំងស្រុង។
រជ្ជកាលនៃក្តីរន្ធត់
អ្នកកាន់ទម្រង់ជំនឿថ្មីដ៏កំសត់ម្នាក់ ដែលធ្លាប់កោះហៅពួកអ្នកជឿ ឱ្យរួមប្រជុំនៅក្នុងទីសម្ងាត់ត្រូវបានគេចាប់ខ្លួន។ គេបានគំរាមកំហែងថានឹងយកទៅដុតទាំងរស់នៅនឹងបង្គោលពិឃាត បើមិននាំគេទៅបង្ហាញផ្ទះពួក ប្រូតេស្តង់គ្រប់រូប នៅក្នុងទីក្រុងនោះទេ។ ដោយខ្លាចអំណាចភ្លើង គាត់ក៏ សុខចិត្តក្បត់ចំពោះបងប្អូនខ្លួន។ ម៉ូរាំង ជាអ្នកតាមដានរបស់ព្រះរាជា ធ្វើ ដំណើរសន្សឹមៗ ហើយស្ងាត់ស្ងៀម ឆ្លងកាត់ផ្លូវទីក្រុងជាមួយនិងជនក្បត់។ នៅពេលមកដល់មុខផ្ទះនៃពួកលូធើរ ហើយជនក្បត់ក៏ធ្វើសញ្ញាដោយមិន មានបញ្ចេញសំឡេង។ ក្បួនហែក៏ឈប់មួយកន្លែង ហើយមានមនុស្សចូល ទៅក្នុងផ្ទះ អូសទាញគ្រួសារចេញមកដាក់ច្រវ៉ាក់ រួចក្រុមយង់ឃ្នងបន្ត ដំណើរទៅមុខ រកជនរងគ្រោះថ្មីទៀត។ «ម៉ូរាំងបានធ្វើឱ្យទីក្រុងទាំងអស់ កក្រើករំពើក...គឺជារជ្ជកាលនៃក្តីរន្ធត់ដ៏ញាប់ញ័រ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ផលនៃសេចក្តីសុភាព និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។ សុភាសិត ២២:៤