ថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១២) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១២០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច នោះ​មាន​សុទ្ធ​តែ​បន្លា ហើយ​នឹង​អន្ទាក់ អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន នឹង​ចៀស​ឆ្ងាយ​ពី​នោះ​ចេញ។ សុភាសិត​ ២២:៥

គេបានសម្លាប់ជនរងគ្រោះ ដោយទារុណកម្មដ៏ឃោរឃៅជាទីបំផុត ជាពិសេសនៅពេលគេបញ្ជាឱ្យអ្នកដុតភ្លើងដុតបន្តិចម្តងៗ ដើម្បីបន្លាយ ពេលវេលានៃការឈឺចាប់។ ប៉ុន្តែ ពួកគេបានស្លាប់ទៅក្នុងនាមជាអ្នកឈ្នះ ចិត្តដាច់ខាតរបស់ពួកគេស្ថិតនៅនឹងធឹងជានិច្ច សេចក្តីសុខរបស់ពួកគេក៏ពុំមានល្អក់កករសោះឡើយ។ ពួកអ្នកធ្វើទុក្ខបៀតបៀនមានអារម្មណ៍បរាជ័យទៅវិញ ព្រោះ «អ្នកក្រុងប៉ារីសទាំងអស់អាចមើលឃើញថា យោបល់ថ្មីបាន បង្កើតមនុស្សប្រភេទណាហើយ ព្រោះគ្មានសេចក្តីអធិប្បាយណាមានវោហារ ដូចជាគំនររបស់ពួកប្តូរបង់ជីវិតឡើយ។ អំណរដ៏ស្ងប់រំងាប់ដែលចាំងចេញពីភក្ត្រានៃអ្នកទាំងនេះ នៅពេលដែលពួកគេកំពុងតែធ្វើដំណើរ...ទៅកាន់ទីពិឃាតបានបញ្ចេញវោហារដ៏មានឥទ្ធិពលលើចិត្ត ទទូចអង្វរជនទាំង​ឡាយ​ឱ្យទទួលជឿដំណឹងល្អ»។

ពួកប្រូតេស្តង់ត្រូវបានគេចោទប្រកាន់ថាមានផែនការលបសម្លាប់ រង្គាលដល់ពួកកាតូលិក និងប៉ងរំលំរដ្ឋាភិបាល ព្រមទាំងគិតធ្វើឃាតដល់ ស្តេចទៀតផង។ ប៉ុន្តែពុំមានស្រមោលភ័ស្តុតាងជាក់លាក់ណាមួយ ចំពោះ ពាក្យចោទទាំងនេះឡើយ។ ប៉ុន្តែ អំពើឃោរឃៅដែលបានប្រព្រឹត្តទៅលើ ពួកប្រូតេស្តង់ស្លូតត្រង់ បានប្រមូលផ្តុំឡើងទៅជាទម្ងន់នៃពៀរវេរា រួចហើយនៅក្នុងប៉ុន្មានសតវត្សក្រោយមក វាសនាអាក្រក់ដែលបានទស្សន៍ទាយទុក ចំពោះស្តេច ចំពោះរដ្ឋាភិបាលទ្រង់ ហើយនិងរាស្ត្ររបស់ទ្រង់ក៏បានមកជាពិត។ ប៉ុន្តែ ការនោះបានសម្រេចដោយពួកឥតសាសនា និងពួកប៉ាប។ ការជិះជាន់ដល់លទ្ធិប្រូតេស្តង់និយម បាននាំមកដល់ប្រទេសបារាំងនូវវិបត្តិភ័យ ដ៏អាក្រក់ទាំងនេះ។

ការសង្ស័យ ការមិនទុកចិត្ត ហើយនិងសេចក្តីភ័យរន្ធត់ បានជ្រួតជ្រាប នៅគ្រប់ទាំងស្រទាប់វណ្ណៈនៃសង្គម។ មនុស្សរាប់រយនាក់បានភៀសចេញពីក្រុងប៉ារីស ធ្វើនិរទេសចេញពីស្រុកកំណើតរបស់ខ្លួន ក្នុងករណីភាគច្រើន គេបង្ហាញថាគេពេញចិត្តនឹងទម្រង់ជំនឿថ្មី។ ពួកប៉ាបបានអស្ចារ្យក្នុងចិត្តជាខ្លាំង ដោយមិននឹកស្មានថាមាន «ពួកកាន់លទ្ធិខុសឆ្គង» នៅស៊ូទ្រាំក្នុង ចំណោមពួកគេដូច្នេះសោះ។

ការបោះពុម្ពត្រូវបានគេបំផ្លាញ

ហ្វ្រង់ស៊ីសទី១ មានសោមនស្សជាខ្លាំង ក្នុងការកោះប្រជុំពួកអ្នកចេះដឹងពីគ្រប់ប្រទេសនៅក្នុងទីនាំងរបស់ព្រះនាង។ ប៉ុន្តែ ដោយជឿស៊ប់ថាត្រូវតែបំបាត់លទ្ធិខុសឆ្គង ជនគាំទ្រដល់ចំណេះវិជ្ជានេះ បានចេញបញ្ញត្តិប្រកាស មិនឱ្យមានការបោះពុម្ពទូទាំងប្រទេសបារាំង ហ្វ្រង់ស៊ីសទី១ ជាតួតំណាងមួយក្នុងចំណោមគំរូជាច្រើននៅលើកំណត់ហេតុ ដែលបង្ហាញថាក្រុមបញ្ញវន្ត ពុំមែនជារនាំងបាំងការប្រកាន់សាសនា ហើយនិងការធ្វើទុក្ខបៀតបៀន ឡើយ។ ពួកសង្ឃទាមទារថា ពាក្យប្រមាថមើលងាយដែលបានថ្វាយទៅ ដល់ព្រះនៃនគរស្ថានសួគ៌ដ៏ខ្ពស់ ក្នុងការថ្កោលទោសដល់ពិធីម៉ាស់នោះ ត្រូវទទួលលាងទោសដោយឈាមវិញ។ ថ្ងៃទី២១ មករា ១៥៣៥ ត្រូវបាន កំណត់សម្រាប់ពិធីដ៏រន្ធត់។ នៅពីមុខទ្វារផ្ទះនីមួយៗ មានដុតភ្លើងជាកិត្តិយស ដល់ «ពិធីប្រសិទ្ធីបរិសុទ្ធ»។ ក្បួនហែបានរៀបចំ នៅក្នុងវាំងស្តេចមុនពេល ថ្ងៃរះ។

«ព្រះអម្ចាស់ទាំង៤នៃព្រះលោហិត...បានសែងសង្គ្រាជនៃក្រុង ប៉ារីស ដែលស្ថិតនៅក្រោមដំបូលដ៏រុងរឿង ដៃសង្គ្រាជកាន់នំបុ័ងសម្រាប់ ពិធីម៉ាស់។ រីឯស្តេច ទ្រង់យាងតាមក្រោយនំបុ័ង...។ នៅថ្ងៃនោះហ្វ្រង់ស៊ីសទី១ពុំបានពាក់មកុដ ឬឯកសណ្ឋានរដ្ឋឡើយ»។ទ្រង់បានឱនក្នុងក្តី អាម៉ាស់នៅរាល់ទាំងអាសនា ពុំមែនចំពោះអំពើអបាយមុខទាំងឡាយដែលបំផ្លាញព្រលឹងទ្រង់ ឬចំពោះឈាមពួកស្លូតត្រង់ដែលប្រឡាក់ព្រះហស្តព្រះអង្គឡើយ គឺចំពោះ «បាបកម្មដល់ស្លាប់» នៃរាស្ត្ររបស់ទ្រង់ដែលហ៊ាន ថ្កោលទោសដល់ពិធីម៉ាស់វិញ។

នៅក្នុងទីនាំងដ៏ធំនៃវាំងរបស់សង្គ្រាជ ព្រះមហាក្សត្របានលេចមក ហើយដោយវាចាក្តុកក្តួលជាខ្លាំង ទ្រង់បង្ហាញសេចក្តីទុក្ខសោកចំពោះ «ឧក្រិដ្ឋកម្ម សេចក្តីប្រមាថ ទិវានៃសេចក្តីសោកសង្រេង និងអពមង្គល» ដែលកើតដល់ប្រជាជាតិ។ រួចទ្រង់ក៏បវារណាដល់រាល់អ្នកមានភក្តីភាពឱ្យ ជួយបំបាត់អាសន្នរោគ «លទ្ធិបែកឆ្វេង» ដែលបានគំរាមកំហែងប្រទេស បារាំងឱ្យអន្តរាយ។ ទ្រង់បានមានបន្ទូលទាំងទឹកភ្នែក និងអំណួលដើមក រួច អង្គប្រជុំទាំងមូលក៏យំសោកដែរ ទាំងបន្លឺសំឡេងព្រមៗគ្នាថា «យើងនឹងរស់ ព្រមទាំងស្លាប់ ដើម្បីសាសនាកាតូលិក»។

«ព្រះគុណដែលនាំមកនូវសេចក្តីសង្គ្រោះ» បានលេចមកហើយ ប៉ុន្តែ ប្រទេសបារាំងដែលបានទទួលពន្លឺភ្លឺចែងចាំងហើយនោះ បានជាបែរចេញ ទៅរើសយកភាពងងឹតវិញ។ គេបានហៅសេចក្តីអាក្រក់ថាល្អ សេចក្តីល្អថា ជាអាក្រក់ រហូតទាល់តែបានធ្លាក់ជាជនរងគ្រោះនៃសេចក្តីបញ្ឆោតរបស់ ខ្លួន។ ពួកគេបានបដិសេធដោយស្ម័គ្រពីចិត្ត នូវពន្លឺដែលអាចជួយគេពី សេចក្តីបញ្ឆោត និងពីការប្រឡាក់ឈាមទុច្ចរិតដល់ព្រលឹងខ្លួន។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំងសត្រូវ នោះ​ជា​សេចក្តី​បញ្ឆោត​វិញ។ សុភាសិត ២៧:៦

Powered by CAM