ថ្ងៃច័ន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១២) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១២១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​ផ្ចង់​ចិត្ត​ឯង​ចំពោះ​សេចក្តី​ប្រៀនប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​ដែល​ប្រកប​ដោយ​ដំរិះ​ចុះ។ សុភាសិត​ ២៣:១២

ក្បួនហែបានរៀបចំឡើងម្តងទៀត។ «មិនឆ្ងាយប៉ុន្មានគេបានឃើញរានពិឃាតសង់ឡើង ដើម្បីដុតជនគ្រីស្ទានប្រូតេស្តង់ពិតប្រាកដទាំងរស់។ គេបានរៀបចំឱ្យគំនរឧសត្រូវឆេះឡើង នៅពេលស្តេចមកជិតដល់ ហើយ ត្រូវបញ្ឈប់ក្បួនហែនៅនឹងកន្លែង ដើម្បីមើលការប្រហារជីវិត »។ ចំពោះ ជនរងគ្រោះ គេគ្មានការក្រែងញញើតឡើយ។ នៅពេលបង្ខំឱ្យប្តូរចិត្ត មាន ម្នាក់ឆ្លើយថា៖ «យើងជឿតែអ្វីដែលពួកហោរា និងពួកសាវ័កបានបង្ហាត់ បង្រៀនពីមុនមក ហើយនិងអ្វីដែលពួកបរិសុទ្ធទាំងអស់បានជឿប៉ុណ្ណោះ។ ជំនឿរបស់យើង មានទំនុកចិត្តចំពោះព្រះដែលនឹងឈ្នះលើអស់ទាំង អំណាចរបស់ស្ថាននរក »។

នៅពេលទៅដល់វាំងវិញ ពួកមនុស្សបានបែកខ្ញែកគ្នា ហើយស្តេចនិង ពួកសង្ឃជាន់ខ្ពស់បានថយទៅដំណាក់រៀងខ្លួន ទាំងអបអរសាទរដល់ខ្លួន ដែលកិច្ចការនេះនឹងបន្តទៅដរាបដល់ «លទ្ធិខុសឆ្គង» ត្រូវរលាយសាប សូន្យអស់ទាំងស្រុងតែម្តង។

ដំណឹងល្អនៃសុខសន្តិភាពដែលប្រទេសបារាំងបានបដិសេធ គឺប្រាកដ ជានឹងត្រូវគេដកទាំងប្ញសតែម្តង ហើយលទ្ធផលដ៏រន្ធត់នឹងកើតមានឡើង។ នៅថ្ងៃទី២១ មករា ១៧៩៣ ក្បួនហែមួយទៀត បានធ្វើនៅតាមផ្លូវនៃទីក្រុង ប៉ារីស។ «ស្តេចបានធ្វើជាមេខ្លោងម្តងទៀត ចលាចលនិងការស្រែកអ៊ូអរ បានកើតឡើងម្តងទៀត មានឮសម្រែកស្រែករកជនរងគ្រោះថែមទៀត មាន រានពិឃាតខ្មៅងងឹតម្តងទៀត ហើយទិដ្ឋភាពនៅថ្ងៃនោះ ត្រូវបានបិទវគ្គទៅដោយការប្រហារជីវិតដ៏គួរឱ្យរន្ធត់ម្តងទៀត លូវិសទី១៦ ខំត្រដររើបម្រះពី ឆ្មាំគុក និងពេជ្ឈឃាតក្នុងពេលពួកគេកំពុងអូសទៅកាន់ដុំឈើ ហើយសង្កត់ ចុះជាប់ដោយកម្លាំងមាំ រហូតដល់ផ្លែពូថៅធ្លាក់ចុះមកផ្តាច់ព្រះកេសទ្រង់ រមៀលធ្លាក់ទៅលើរានពិឃាត»។ នៅជិតកន្តែងនោះដែរ មានមនុស្សជាតិ ២៨០០នាក់ត្រូវវិនាសដោយយន្តកាត់ក។

ពួកកែទម្រង់បានបង្ហាញដល់ពិភពលោកនូវព្រះគម្ពីរដ៏បើកចំហមួយ។ សេចក្តីស្រឡាញ់ដ៏គ្មានព្រំដែនបានបើកបង្ហាញដល់មនុស្ស នូវគោលការនៃ នគរស្ថានសួគ៌។ នៅពេលដែលប្រទេសបារាំងបានបដិសេធអំណោយទាននៃនគរស្ថានសួគ៌ គឺខ្លួនបានសាបព្រោះក្តីមហន្តរាយហើយ។ លទ្ធផល ជាក់ស្តែង ដែលពុំអាចជៀសវាងបានអំពីហេតុនិងផល គឺបដិវត្តន៍ និង រជ្ជកាលនៃក្តីរន្ធត់។

ហ្វារ៉ែលដ៏ក្លាហានមោះមុត ត្រូវបានគេបង្ខំឱ្យភៀសចេញពីស្រុក កំណើតរបស់ខ្លួន ទៅកាន់ប្រទេសស្វ៊ីស។ គាត់នៅតែបន្តបញ្ចេញឥទ្ធិពល ទៅលើកំណែទម្រង់នៅប្រទេសបារាំងទៀត។ ដោយមានជំនួយអំពីជន និរទេសដទៃទៀត សំណេររបស់អ្នកកែទម្រង់អាល្លឺម៉ង់នេះ ត្រូវបានបកប្រែ ទៅជាភាសាបារាំង ហើយត្រូវបានបោះពុម្ពរួមគ្នាជាមួយគម្ពីរភាសាបារាំងបានជាច្រើនក្បាលទៀតផង។ ហើយពួកដើរលក់សៀវភៅ បានយកទៅ លក់បានយ៉ាងសន្ធឹកសន្ធាប់នៅក្នុងប្រទេសបារាំង។

ហ្វារ៉ែលចូលធ្វើការនៅប្រទេសស្វ៊ីស ក្នុងការបន្លំយ៉ាងស្រគត់ស្រគំធ្វើជាចាងហ្វាងសាលាទាំងចែកចាយសេចក្តីពិតនៃព្រះគម្ពីរដោយប្រុង ប្រយ័ត្ន។ មានជនខ្លះបានទទួលជឿ ប៉ុន្តែពួកសង្ឃបានមកបញ្ឈប់កិច្ចការនេះ ពួកកាន់ជំនឿអកុសល ក៏ត្រូវបានញុះញង់ឱ្យប្រឆាំងជំទាស់ដែរ។ «ហ្នឹង ពុំមែនជាដំណឹងល្អរបស់ព្រះគ្រីស្ទទេ» ពួកសង្ឃបានបន្លឺឡើង «ព្រោះ សេចក្តីអធិប្បាយនោះ ពុំនាំមកនូវសុខសន្តិភាពទេ មានឃើញតែសង្គ្រាម»។

ហ្វារ៉ែលធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទាំងទ្រាំទ្រនឹងការស្រេក ឃ្លាន ការត្រជាក់ និងការខ្សោះល្វើយ ហើយនិងប្រថុយគ្រោះថ្នាក់ដល់ជីវិតនៅគ្រប់ទីកន្លែង។ គាត់អធិប្បាយនៅក្នុងផ្សារ នៅក្នុងវិហារ ជួនកាលនៅនឹង តុអធិប្បាយនៃវិហារកាតូលិកធំៗផង។ គាត់ត្រូវគេវាយដំស្ទើរស្លាប់អស់ ប៉ុន្មានដងហើយ។ គាត់នៅតែមមុលទៅមុខជានិច្ច។ គាត់បានឃើញទីក្រុង និងទីប្រជុំជន ដែលជាទីកន្លែងរឹងមាំនៃលទ្ធិកាតូលិករ៉ូម បានបើកទ្វារទទួល ដំណឹងល្អជាបន្តបន្ទាប់។

ហ្វារ៉ែលបានប្រាថ្នាចង់បណ្តុះបណ្តាលខ្នាតនៃលទ្ធិប្រូតេស្តង់ នៅទី ក្រុងហ្សឺណែវ (Geneva)។ បើអាចមានជ័យជម្នះលើទីក្រុងនេះបាន នោះវានឹងបានជាមជ្ឈមណ្ឌលសម្រាប់លទ្ធិកែទម្រង់នៅប្រទេសបារាំង ប្រទេស ស្វ៊ីស និងប្រទេសអ៊ីតាលី។ ភូមិតូចធំជាច្រើននៅជុំវិញនោះក៏បានទទួលជឿ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំងសត្រូវ នោះ​ជា​សេចក្តី​បញ្ឆោត​វិញ។ សុភាសិត ២៧:៦

Powered by CAM