ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១៤៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ កាលណោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ និងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្តីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ និងរលក។ លូកា ២១:២៥
ភ្នំទាំងឡាយ «ក្នុងចំណោមភ្នំធំបំផុតនៅប្រទេសព័រទុយហ្គេ បាន ញ័ររង្គើដូចគេចាប់អង្រួនពីបាតក្រោម ហើយភ្នំខ្លះបានរបើកកំពូលបែក ខ្ចាយធ្លាក់ទាំងដុំធំៗ ចុះទៅក្នុងជ្រលងជ្រោះ ដូចគេចាប់បោះដូច្នោះ។ គឺមានទាំងភ្លើងផងដែរ ឆេះចេញអំពីភ្នំទាំងនេះ»។
នៅឯទីក្រុងលីស្បិន «មានឮសន្ធឹកដូចជាផ្គរលាន់នៅខាងក្រោមដី មួយរំពេចក្រោយមក ស្រាប់តែមានការរញ្ជួយយ៉ាងខ្លាំងមួយ ធ្វើឱ្យទីក្រុង មួយផ្នែកធំត្រូវរលំ។ ក្នុងរយៈកាលប្រហែលជាប្រាំមួយនាទី បណ្តាជនប្រាំមួយម៉ឺននាក់ត្រូវវិនាសអន្តរាយ។ មុនដំបូងសមុទ្របាននាចទៅឱ្យនៅរីងស្ងួត រួចទឹកក៏ហូរកំហុកមកវិញ ឡើងដល់ជាងហាសិបហ្វ៊ីត (១៥ម៉ែត្រ) ហួសពីកម្ពស់ធម្មតា»។
«ការកក្រើកដីនេះបានកើតឡើងនៅថ្ងៃសីល នៅថ្ងៃដែលវិហារទាំងឡាយកំពុងជួបជុំពេញដោយមនុស្សម្នា ហើយមានមនុស្សតិចណាស់ដែលបានគេចរួច»៣។ មនុស្សម្នាទាំងឡាយបានភ័យរន្ធត់ដ៏រកថ្លែងពុំបានឡើយ។ គ្មាននរណាម្នាក់យំសោកទេ វាហួសពីចេញទឹកភ្នែកទៅហើយ។ គេនាំគ្នារត់ ស្រ ម្តងទៅណេះ ម្តងទៅណោះ ទាំងវង្វេងវង្វាន់ដោយភ័យតក់ស្លុត និង ភ្ញាក់ផ្អើលជាខ្លាំង គេគក់ក្បាល និងគក់ដើមទ្រូងហើយស្រែកឡើង «មីសេរីខ័រឌៀ! ដល់ទីបញ្ចប់លោកីយ៍ហើយ» ពួកម្តាយៗភ្លេចកូនខ្លួនម្នាក់ៗគិតតែពីឱបក្រសោបរូបសំណាកឈើឆ្កាងពេញខ្លួន រត់ចុះរត់ឡើង។ ជាអកុសល ច្រើននាក់នាំគ្នារត់ទៅរកកន្លែងជ្រកកោនក្នុងវិហារ តែវត្ថុស័ក្តិសិទ្ធិដែលតម្កល់នៅទីនោះ បានទៅជាឥតប្រយោជន៍ទាំងអស់ សត្វលោក កម្សត់នាំគ្នាឱបអាសនាជាអាសារឥតការ ទាំងរូបសំណាក ទាំងពួកសង្ឃ និងបណ្តាជន ត្រូវបានកប់ជាមួយគ្នានៅក្នុងគំនរបាក់បែកនោះទៅ។
ព្រះអាទិត្យ និងព្រះចន្ទទៅជាងងឹត
២៥ឆ្នាំក្រោយមក ទីសម្គាល់បន្ទាប់ក៏បានកើតឡើង ដូចមានចែងនៅក្នុងបទទំនាយព្រះអាទិត្យ និងព្រះចន្ទទៅជាងងឹត។ ពេលវេលានៃការ សម្រេចនេះ បានចង្អុលបង្ហាញយ៉ាងច្បាស់នៅក្នុងបទសន្ទនារបស់ព្រះអង្គ សង្គ្រោះជាមួយនឹងពួកសិស្សនៅលើភ្នំអូលីវ «ប៉ុន្តែ នៅក្រោយគ្រាសេចក្តី វេទនានេះ ថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ»។ ម៉ាកុស ១៣:២៤។ ១២៦០ ថ្ងៃឬឆ្នាំ បានបញ្ចប់នៅឆ្នាំ១៧៩៨។ ២៥ឆ្នាំមុន ការធ្វើទុក្ខបៀតបៀន ស្ទើរតែ ឈប់លែងមានទាំងស្រុងទៅហើយ។ បន្ទាប់ពីការធ្វើទុក្ខបៀតបៀននេះ ថ្ងៃ នឹងបានទៅជាងងឹត។ បទទំនាយនេះ ត្រូវបានសម្រេចនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៧៨០។
សាក្សីម្នាក់នៅរដ្ឋម៉ាសាឈូសិន បានពិពណ៌នាព្រឹត្តិការណ៍នេះដូចតទៅ៖ «មានដុំពពកខ្មៅដ៏ក្រាស់មួយ បានគ្របដណ្តប់ទៅលើផ្ទៃមេឃទាំងមូល នៅសល់តែរឹមខាងលើជើងមេឃតែបន្តិចប៉ុណ្ណោះ ហើយក៏ចាប់ផ្តើមងងឹត ស៊្លប់ ដូចនៅម៉ោង៩យប់នារដូវក្តៅ...»។
«បណ្តាជនទាំងឡាយចាប់ផ្តើមមានចិត្តភ័យខ្លាច ព្រួយបារម្ភ និង ងឿងឆ្ងល់។ ពួកស្រីៗបាននាំគ្នាឈរនៅមាត់ទ្វារសម្លឹងមើលទៅក្នុង ទេសភាពខ្មៅងងឹត ពួកប្រុសៗបានត្រឡប់មកពីកន្លែងធ្វើការនៅទីវាល ពួកជាងឈើបានទុកចោលប្រដាប់ប្រដារបស់ខ្លួន ជាងដែកទុកចោលឡ ពួក ជំនួញចាកចោលតុ។ សាលារៀន ឱ្យសិស្សចេញទៅផ្ទះវិញ កូនសិស្សនាំគ្នាប្រញាប់ប្រញាល់សំដៅទៅគេហដ្ឋានទាំងញាប់ញ័រ។ ពួកអ្នកធ្វើដំណើរ បាន ឈប់ផ្អាកនៅនឹងផ្ទះចម្ការជិតខាង។ គ្រប់ទាំងចិត្ត និងបបូរមាត់បានសួរថា ‘ស្អីមកហើយ?‘ មើលទៅដូចជាមហាព្យុះសង្ឃរាហៀបនឹងបកសង្គ្រុបមកលើ ឬហាក់ដូចជាថ្ងៃនៃទីបញ្ចប់នៃរបស់សព្វសារពើត្រូវមកដល់ដូច្នោះ»។
«ទៀន និងឧសត្រូវបានដុតឡើងភ្លឺចិញ្ចែង ដូចនៅរាត្រីគ្មានខែរះនា រដូវស្លឹកឈើជ្រុះ...។ ពួកសត្វបក្សីបក្សានាំគ្នាហើរខ្ញៀវខ្ញារចូលសំបុក សត្វពាហនៈប្រមូលផ្តុំគ្នាក្នុងទីវាល ស្រែកទ្រហឹងអឺងកងលាយឡំជាមួយ សំឡេងកង្កែប និងក្អាត់ ចាបយំកញ្ជៀវតាមទម្លាប់ពេលល្ងាចរបស់ខ្លួន ជ្រឹង និងប្រចៀវ នាំគ្នាហើរខ្វាត់ខ្វែង។ ប៉ុន្តែ មនុស្សជាតិគេដឹងថា រាត្រីកាលពុំ ទាន់មកដល់នៅឡើយទេ...»។
«ក្រុមជំនុំមកជួបជុំគ្នានៅជាច្រើន...កន្លែង។ ខគម្ពីរសម្រាប់ អធិប្បាយដោយឥតព្រៀងទុក ហាក់ដូចជាបានចង្អុលបង្ហាញផ្ទួនៗ នូវភាពងងឹតដែលស្របទៅនឹងបទទំនាយក្នុងព្រះគម្ពីរ...។ ភាពងងឹតបានកើនឡើង កាន់តែខ្លាំងឡើង បន្ទាប់ពីម៉ោង១១ព្រឹកបន្តិច»។
«នៅតំបន់ភាគច្រើននៃប្រទេស មានភាពងងឹតខ្លាំងណាស់ មនុស្សម្នាពុំអាចមើលឃើញម៉ោងនៅនឹងនាឡិកា ឬទទួលទាន ឬធ្វើកិច្ចការផ្ទះ ដោយគ្មានពន្លឺទៀនបានឡើយ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណនឹងសេចក្តីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្តីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ។ យ៉ូអែល ២:១២-១៣