ថ្ងៃច័ន្ទ ទី១២​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៨) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិត ជំពួក៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​ចំណែក​អ្នក ឱ​ដានីយ៉ែល​អើយ ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង។ ដានីយ៉ែល ១២:៤

ការទស្សន៍ទាយត្រូវបានសម្រេច

នៅក្នុងពេលកំណត់នោះ ប្រទេសទួរគីបានយល់ព្រមទទួលសេចក្តីការពារនៃអំណាចសម្ព័ន្ធមិត្តអឺរ៉ុប ហើយក៏ត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រង នៃប្រទេសដែលកាន់ជំនឿព្រះគ្រីស្ទ។ ព្រឹត្តិការណ៍នេះបានកើតឡើងដូច បានទាយទុក។ មនុស្សទាំងពួងបានជឿពីរបៀបបកស្រាយបទទំនាយដែលលោកមិល្លើរ និងគូកនរបស់គាត់បានប្រើ។ អ្នកមានតម្រិះវិជ្ជា និងមុខ តំណែង បានរួមជាមួយនឹងមិល្លើរ ក្នុងការអធិប្បាយ និងការបោះពុម្ភផ្សាយទស្សនៈរបស់គាត់។ ពីឆ្នាំ១៨៤០ ទៅឆ្នាំ១៨៤៤ កិច្ចការនេះបានចម្រើន យ៉ាងរហ័ស។

លោកវិល្លៀម មិល្លើរ មានស្មារតីខ្លាំង ហើយបានទទួលប្រាជ្ញាពី ស្ថានសួគ៌ថែមទៀត ដោយគាត់ភ្ជាប់ខ្លួននឹងប្រភពប្រាជ្ញា។ គេបានគោរព គាត់នៅគ្រប់ទីកន្លែងណាដែលមានភាពស្មោះត្រង់ និងសីលធម៌ខ្ពង់ខ្ពស់។ ដោយភាពឱនលំទោនជាអ្នកគ្រីស្ទាន គាត់មានចិត្តទុកដាក់ និងស្រស់បស់ ដល់ជនទាំងឡាយ រង់ចាំស្តាប់ដល់អ្នកផង ហើយថ្លឹងថ្លែងយោបល់របស់ គេ។ គាត់បានសាកល្បងគ្រប់ទាំងទ្រឹស្តីដោយព្រះបន្ទូលរបស់ព្រះ ហើយ ការពិចារណា និងតម្រិះវិជ្ជានៃបទគម្ពីរដ៏ជ្រៅជ្រះរបស់គាត់ បានធ្វើឱ្យគាត់ ដឹងកំហុសបាន។

តែដូចជាពួកកែទម្រង់កាលពីដើមដែរ ពួកគ្រូសាសនាល្បីៗ ពុំបានទទួលស្គាល់សេចក្តីពិតដែលគាត់បានបន្លឺឡើងទេ។ ដោយពួកគេទាំងនេះ ពុំអាចរកភ័ស្តុតាងក្នុងបទគម្ពីរមកគាំទ្រគោលជំនឿរបស់ខ្លួនបាន គេក៏ទៅ រកគោលលទ្ធិរបស់មនុស្ស និងទំនៀមទម្លាប់នៃជីដូនជីតារបស់គេ។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះ គឺជាទីបន្ទាល់តែមួយគត់ ដែលពួកអ្នកផ្សាយដំណឹងអំពី សេចក្តីពិតនៃការយាងមករបស់ព្រះគ្រីស្ទបានទទួល។ អ្នកប្រឆាំងបានប្រើពាក្យចំអកឡកឡឺយ ដើម្បីព្យាបាទដល់អ្នកដែលរង់ចាំព្រះអម្ចាស់របស់គេទាំងអំណរ និងខិតខំព្យាយាមរស់នៅក្នុងជីវិតបរិសុទ្ធ ហើយទំនុកបម្រុងអ្នកដទៃឱ្យរៀបចំខ្លួនសម្រាប់ការយាងមករបស់ទ្រង់។ គេបានចោទថា ការសិក្សា អំពីបទទំនាយទាំងឡាយនៃការយាងមករបស់ព្រះគ្រីស្ទ និងអំពើទីបំផុតនៃ ពិភពលោក គឺជាអំពើបាបមួយ។ ដូច្នេះ ហើយការផ្សាយដំណឹងដែលគេ ចូលចិត្ត បានរំលើងជំនឿក្នុងព្រះបន្ទូលរបស់ព្រះទៅវិញ។ សេចក្តីបង្រៀន របស់គេ បានធ្វើឱ្យមនុស្សកើតជាទមិឡ ហើយមនុស្សជាច្រើនបានដើរតាមកាមតណ្ហារបស់ខ្លួន។ បន្ទាប់មក គេបង្កសេចក្តីអាក្រក់ ចោទការទាំងនេះ ទៅលើពួកនិវត្តកៈ (Adventists)។

ក្នុងពេលជាមួយគ្នានឹងការទាញពួកមនុស្សដែលមានប្រាជ្ញាយ៉ាង សន្ធឹកសន្ធាប់នោះ ឈ្មោះរបស់មិល្លើរ កម្រមានចេញក្នុងសារពត៌មាន ណាស់ មានតែការចំអក ឬការវាយប្រហារប៉ុណ្ណោះ។ អ្នកគ្មានព្រះក្នុងខ្លួន ដែលពួកគ្រូសាសនាបានលើកទឹកចិត្តឱ្យមានគោលជំហររឹងមាំ បានប្រើការប្រមាថដ៏ប៉ិនប្រសប់ដល់គាត់នឹងកិច្ចការរបស់គាត់។ ជនសក់ស្កូវដែលបានចាកចេញពីលំនៅដ៏សុខស្រួល ដើម្បីធ្វើដំណើរដោយបង់ប្រាក់ខ្លួនឯង ទៅធ្វើទីបន្ទាល់ដល់ពិភពលោកពីសេចក្តីព្រមានយ៉ាងច្បាស់នៃការវិនិច្ឆ័យដែលនៅជិតបង្កើយ ត្រូវបានគេហៅថាជាមនុស្សវង្វេងទៅវិញ។

ការចាប់ចិត្តជឿ និងការមិនជឿ

មនុស្សបានចាប់ចិត្តជឿកាន់តែខ្លាំងឡើង។ ក្រុមជំនុំបានកើនពី ចំនួនបួនដប់ និងមួយរយទៅដល់រាប់ពាន់។ ប៉ុន្តែ មិនយូរប៉ុន្មាន មានការប្រឆាំង កើតឡើងទាស់នឹងអ្នកប្រែចិត្តទាំងនេះ ហើយព្រះវិហារទាំងឡាយបានចាប់ផ្តើមដាក់វិន័យ ដល់អ្នកដែលជឿតាមទស្សនៈរបស់លោកមិល្លើរ។ ការនេះបានធ្វើឱ្យគាត់ឆ្លើយតបអំពីស្លាបប៉ាការបស់គាត់ថា៖ «បើយើងខុស សូម អធិស្ឋាន ហើយបង្ហាញយើងផង ថាយើងខុសត្រង់ណា។ សូមបង្ហាញយើងពីព្រះបន្ទូលរបស់ព្រះ ថាយើងស្ថិតក្នុងសេចក្តីខុសឆ្គងពិតមែន ឬយ៉ាងណា ព្រោះយើងបានទទួលពាក្យចំអកឡកឡឺយគ្រប់គ្រាន់ហើយ។ មានតែព្រះ បន្ទូលរបស់ព្រះតែមួយប៉ុណ្ណោះ ដែលអាចផ្លាស់ប្តូរទស្សនៈរបស់យើងបាន។ ការសន្និដ្ឋានទាំងឡាយ ត្រូវបានគ្រោងឡើងដោយចេតនា និង ដោយការអធិស្ឋានយ៉ាងអស់ពីចិត្ត ដោយព្រោះយើងឃើញភ័ស្តុតាងក្នុង បទគម្ពីរ»។

នៅពេលភាពទុច្ចរិតនៃពួកមនុស្សមុនទឹកជំនន់ បានធ្វើឱ្យព្រះនាំមកនូវទឹកជំនន់ដល់ផែនដី ទ្្រង់បានប្រាប់ពីគោលបំណងរបស់ទ្រង់ជាមុនរួចហើយ។ ការផ្សាយដំណឹងឱ្យមនុស្សប្រែចិត្តនោះបានដល់១២០ឆ្នាំ។ ប៉ុន្តែ គេមិនបានជឿទេ។ គេបានចំអកឱ្យអ្នកនាំសាររបស់ព្រះ។ បើដំណឹងរបស់ លោកណូអេនោះពិត ហេតុអ្វីបានជាអស់ទាំងពិភពលោកឃើញហើយមិនជឿ? ការអះអាងនៃមនុស្សម្នាក់ទាស់នឹងប្រាជ្ញានៃមនុស្សរាប់ពាន់! គេមិន បានស្តាប់ការព្រមាន ឬរកជម្រកក្នុងទូកឡើយ។

អ្នកចំអកទាំងឡាយ បានចង្អុលទៅនឹងរដូវដែលមិនផ្លាស់ប្តូរ និងមេឃ ខៀវស្រឡះដែលមិនដែលបង្អុរភ្លៀង។ គេបានចាត់ទុកទាំងសម្អប់ថា អ្នក ផ្សាយដំណឹងនៃសេចក្តីសុចរិត ជាមនុស្សចម្កួត។ គេបានបន្តការប្រព្រឹត្ត អាក្រក់របស់គេលើសពីមុនទៅទៀត។ ប៉ុន្តែ ដល់ពេលកំណត់ព្រះនឹងវិនិច្ឆ័យ អ្នកដែលបដិសេធសេចក្តីមេត្តាករុណារបស់ទ្រង់។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ពី​សេចក្តី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា និង​សេចក្តី​អាណិតអាសូរ​ពោរពេញ​ដែរ។ យ៉ាកុប ៥:១១

Powered by CAM