ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១
ហេតុអ្វីបានជាមានការខកចិត្តដ៏សម្បើមម៉្លេះ?
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្តហើយជឿដំណឹងល្អចុះ។ ម៉ាកុស ១:១៥
ពីយុគសម័យមួយទៅយុគសម័យមួយ ការងាររបស់ព្រះសម្តែងភាពស្រដៀងគ្នាដ៏គួរឱ្យចាប់អារម្មណ៍នៅរាល់ពេលមានចលនាកែទម្រង់ និងចលនាសាសនាធំៗ។ គោលការរបស់ព្រះក្នុងការប្រស្រ័យទាក់ទងជាមួយមនុស្ស នៅតែដដែល។ ចលនាសំខាន់ៗនៅនាបច្ចុប្បន្ននេះ មានការស្របគ្នាទៅនឹងចលនាកាលពីអតីតកាល ហើយការពិសោធរបស់ព្រះវិហារកាលពីសម័យដើមមានមេរៀនជាច្រើនសម្រាប់យើងនៅគ្រាឥឡូវនេះ។
តាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះទ្រង់បានតម្រែតម្រង់ជាពិសេស ដល់អ្នកបម្រើព្រះអង្គនៅផែនដីឱ្យផ្សព្វផ្សាយការងារនៃសេចក្តីសង្គ្រោះ។ មនុស្សជាឧបករណ៍នៅក្នុងព្រះហស្តនៃព្រះ ម្នាក់ៗត្រូវបានផ្តល់ពន្លឺឱ្យមួយ រង្វាល់គ្រប់ល្មមដើម្បីប្រកបការងារដែលត្រូវបានប្រគល់មក។ ប៉ុន្តែ គ្មាននរណាម្នាក់បានឈានដល់ការយល់ដឹងដ៏ពេញខ្នាតនូវព្រះរាជបំណងនៅក្នុងការងារសម្រាប់ពេលវេលារបស់ខ្លួនឡើយ។ មនុស្សមិនយល់នូវព្រះរាជសារដែលខ្លួនផ្សព្វផ្សាយក្នុងព្រះនាមទ្រង់ទាំងស្រុងទេ។ សូម្បីតែពួកហោរាក៏ពុំបានយល់ជ្រួតជ្រាបទាំងស្រុងដែរ អំពីការបើកសម្តែងមកចំពោះលោក។ អត្ថន័យនោះនឹងបានត្រូវបកស្រាយពីយុគមួយទៅយុគមួយវិញ។
សាវ័កពេត្រុសមានប្រសាសន៍អំពីសេចក្តីសង្គ្រោះនេះថា៖ «ពួកហោរាជាអ្នកបានទាយពីព្រះគុណដែលផ្តល់មកអ្នករាល់គ្នា គេបានសុើប សួរហើយខំរកឱ្យដឹងពីសេចក្តីសង្គ្រោះនេះ ទាំងស្វែងរកឱ្យដឹងពេលវេលាណា ឬគ្រាយ៉ាងណាដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទដ៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុនអំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មានដែលត្រូវមកតាមក្រោយ តែទ្រង់បានសម្តែងឱ្យគេដឹងថា សេចក្តីទាំងនោះមិនមែនសម្រាប់គេទេ គឺសម្រាប់យើងរាល់គ្នាវិញ»។ ពេត្រុសទី១ ១:១០-១២។ នេះជាមេរៀនដ៏ល្អណាស់សម្រាប់បណ្តាជនរបស់ព្រះ នៅក្នុងយុគសម័យគ្រីស្ទាន! អស់អ្នកបរិសុទ្ធនៃព្រះ «បានសុើបសួរ ហើយខំរកឱ្យដឹង» អំពីការបើកសម្តែងដែលបានប្រគល់មកសម្រាប់កូនចៅតំណក្រោយដែលពុំទាន់កើតមក។ នេះបានចំជាការថ្កោលទោសដល់លោកីយ៍ដែលស្រឡាញ់សេចក្តីព្រងើយកន្តើយ ដែលពេញចិត្តតែនឹងប្រកាសថាបទទំនាយទាំងឡាយពុំអាចយល់បាន!
សូម្បីតែគំនិតនៃអ្នកបម្រើព្រះក៏បានទទួលការបាំងបិទជាញឹកញយដោយទំនៀមទម្លាប់ និងសេចក្តីបង្រៀនខុសឆ្គងដែរ បានជាពួកគេចាប់យកបានតែផ្នែកខ្លះៗនូវអ្វីដែលបានបើកសម្តែងនៅក្នុងព្រះបន្ទូលព្រះ។ ពួកសិស្សរបស់ព្រះគ្រីស្ទក៏ដូច្នោះដែរ សូម្បីតែកាលព្រះអង្គសង្គ្រោះបានគង់នៅជាមួយផង ក៏ពួកគេមានគំនិតគិតក្នុងចិត្តថា ព្រះមែស្ស៊ីគ្រាន់តែជាព្រះរាជបុត្រនៃលោកីយ៍ដែលនឹងត្រូវលើកស្ទួយអ៊ីស្រាអែលឱ្យទៅជាចក្រភពសាកលមួយប៉ុណ្ណោះ។ ពួកគេពុំបានយល់ព្រះបន្ទូលព្រះអង្គដែលទស្សន៍ទាយ ប្រាប់ជាមុនអំពីសេចក្តីរងទុក្ខ និងជីវង្គតរបស់ព្រះអង្គឡើយ។
«ពេលវេលាត្រូវបានសម្រេច»
ព្រះគ្រីស្ទទ្រង់បានបញ្ជូនព្រះរាជសារដល់គេជាមុនថា៖ «ពេលវេលាបានសម្រេចហើយ នគរព្រះជិតមកដល់ ដូច្នេះចូរប្រែចិត្ត ហើយជឿដំណឹង ល្អចុះ»។ ម៉ាកុស ១:១៥។ ព្រះរាជសារនោះបានតាំងនៅក្នុងបទទំនាយនៃគម្ពីរដានីយ៉ែលជំពូក៩។ អំឡុងពេល «ហុកសិបប្រាំបួនអាទិត្យ» លាតសន្ធឹងទៅដល់ «ព្រះមែស្ស៊ីដ៏ជាព្រះរាជបុត្រ» ហើយពួកសិស្សបានទន្ទឹងរង់ចាំនូវការស្ថាបនានគររបស់ព្រះមែស្ស៊ីនៅយេរូសាឡិម ដើម្បីគ្រប់គ្រងលើ ផែនដីទាំងមូល។
ពួកគេបានផ្សព្វផ្សាយព្រះរាជសារដែលបានផ្ទុកផ្តាក់ដល់ខ្លួន ទោះបីពួកគេពុំបានយល់សព្វគ្រប់ក៏ដោយ។ នៅពេលដែលសេចក្តីប្រកាសរបស់ពួកគេត្រូវបានរកឃើញនៅដានីយ៉ែល ៩:២៥ ពួកគេពុំបានមើលនៅខបន្ទាប់ដែលថា ព្រះមែស្ស៊ីនឹងត្រូវ «ផ្តាច់ចេញវិញ»នោះទេ។ ចិត្តពួកគេបានផ្តោតទៅលើសិរីរុងរឿងនៃអាណាចក្រនៅផែនដីតែប៉ុណ្ណោះដែលជាហេតុធ្វើឱ្យបាំងការយល់ដឹងរបស់ខ្លួន។ នៅចំពេលដែលពួកគេសង្ឃឹមថានឹងបានឃើញ ព្រះអម្ចាស់របស់ខ្លួនឡើងទៅកាន់បល្ល័ង្កហ្លួងដាវីឌ ស្រាប់តែមានគេចាប់ទ្រង់វាយដំ ចំអកឱ្យ ហើយផ្តន្ទាទ្រង់នៅលើឈើឆ្កាង។ តើសេចក្តីអស់សង្ឃឹម និងសេចក្តីទង្គឹះចិត្តបានរណ្តំចិត្តពួកសិស្សដល់ប៉ុនណាទៅ?
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយពីសេចក្តីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា និងសេចក្តីអាណិតអាសូរពោរពេញដែរ។ យ៉ាកុប ៥:១១