ថ្ងៃព្រហស្បតិ៍ ទី១៥​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៩) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អញ​នឹង​នាំ​ពួក​មនុស្ស​ខ្វាក់​តាម​ផ្លូវ​១​ដែល​គេ​មិន​ស្គាល់ អញ​នឹង​ដឹក​គេ​តាម​ផ្លូវ​ច្រក​ដែល​គេ​មិន​ធ្លាប់​ដើរ អញ​នឹង​ធ្វើ​ឲ្យ​សេចក្តី​ងងឹត​បាន​ភ្លឺ​ឡើង​នៅ​មុខ​គេ ហើយ​ផ្លូវ​ក្ងិចក្ងក់​ឲ្យ​ទៅ​ជា​ត្រង់​វិញ គឺ​ការ​ទាំង​នេះ​ដែល​អញ​នឹង​ធ្វើ ហើយ​មិន​បោះបង់​ចោល​គេ​ឡើយ។ អេសាយ ៤២:១៦

ព្រះគ្រីស្ទបានយាងមកចំពេលដែលបានទាយទុកមក។ បទគម្ពីរត្រូវបានសម្រេចគ្រប់សេចក្តី។ ព្រះបន្ទូល និងព្រះវិញ្ញាណនៃព្រះបានបញ្ជាក់យ៉ាងច្បាស់នូវបេសកកម្មដ៏ពិសិដ្ឋរបស់ព្រះរាជបុត្រាព្រះអង្គ។ ចិត្តគំនិតរបស់ ពួកសិស្សនៅតែពោរពេញទៅដោយការសង្ស័យ។ ប្រសិនបើព្រះយេស៊ូវជាព្រះមែស្ស៊ីពិតមែននោះ តើពួកគេនឹងត្រូវធ្លាក់ទៅក្នុងសេចក្តីទុក្ខសោក និងសេចក្តីខកចិត្តយ៉ាងដូច្នេះឬ? នេះជាសំណួរដែលបានចោទសួរដុកដាន់ជាខ្លាំងដល់ព្រលឹងរបស់ពួកគេ នៅក្នុងអំឡុងពេលអស់សង្ឃឹមនៃថ្ងៃសប្បាតហ៍ ចន្លោះពេលព្រះអង្គសុគត និងពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។

តែព្រះអង្គមិនចោលពួកគេទេ។ «កាលខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ...។ ទ្រង់នឹងនាំខ្ញុំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្តីសុចរិតរបស់ទ្រង់»។ «មានពន្លឺភ្លឺឡើងក្នុងទីងងឹត សម្រាប់មនុស្ស ទៀងត្រង់»។ «អញនឹងធ្វើឱ្យសេចក្តីងងឹត បានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិកក្ងក់ឱ្យទៅជាត្រង់វិញ គឺជាទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ»។ មីកា ៧:៨,៩; ទំនុកតំកើង ១១២;៤; អេសាយ ៤២:១៦។

ការប្រកាសផ្សាយដោយពួកសិស្សគឺត្រឹមត្រូវណាស់ «ពេលវេលាបានសម្រេច ហើយនគរព្រះជិតមកដល់»។ នៅពេលដែល «ពេលវេលា» បានកន្លងផុតទៅហុកសិបប្រាំបួនអាទិត្យនៃដានីយ៉ែល៩ ត្រូវលាតសន្ធឹងមកដល់ព្រះមែស្ស៊ីជា «អ្នកដែលចាក់ប្រេងតាំង» ព្រះគ្រីស្ទបានទទួលចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីទទួលបុណ្យជ្រមុជដោយលោកយ៉ូហានមក។ «នគរព្រះ» ពុំមែនជាអាណាចក្រនៅផែនដីដូចគេបានបង្ហាត់បង្រៀនពួកគេនោះទេ ក៏ពុំមែនជានគរដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនៅអនាគតកាលដែល «គ្រប់ទាំងអំណាចគ្រប់គ្រងនឹងត្រូវគោរព ដល់ទ្រង់ ហើយស្តាប់បង្គាប់ផង»នោះឡើយ។ ដានីយ៉ែល ៧:២៧។

ដែលហៅថា «នគរព្រះ» នោះមានន័យថាជានគរនៃព្រះគុណ និងនគរនៃសិរីល្អ។ សាវ័កប៉ុលមានប្រសាសន៍ថា៖ «ដូច្នេះត្រូវឱ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហានដើម្បីទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណចុះ»។ ហេព្រើរ ៤:១៦។ មានបល្ល័ង្កបញ្ជាក់ថាមាននគរ។ ព្រះគ្រីស្ទទ្រង់ប្រើពាក្យថា «នគរនៃស្ថានសួគ៌» ដើម្បីសម្គាល់កិច្ចការនៃព្រះគុណនៅលើចិត្តមនុស្ស។ ដូច្នេះបល្ល័ង្កនៃសិរីល្អតំណាងឱ្យនគរនៃសិរីល្អ។ ម៉ាថាយ ២៥:៣១,៣២។ នគរនេះនៅក្នុងអនាគតកាលនៅឡើយ ពុំទាន់តាំងឡើងទេរហូតទាល់តែព្រះគ្រីស្ទយាងមកជាលើកទីពីរ។

នៅពេលដែលព្រះអង្គសង្គ្រោះបានប្រគល់ព្រះជន្មទ្រង់ដោយស្រែកឡើងថា «ការស្រេចហើយ» សេចក្តីសន្យានៃសេចក្តីសង្គ្រោះចំពោះគួស្វាមីភរិយាមានបាបនៅក្នុងសួនច្បារអេដែន ក៏បានសម្រេច។ នគរនៃព្រះគុណដែលមាននៅតាំងតែពីមុនដោយសេចក្តីសន្យានៃព្រះនោះ គឺបានស្ថាបនាឡើងនៅពេលនោះឯង។

ដូច្នេះជីវង្គតនៃព្រះគ្រីស្ទ ជាព្រឹត្តិការណ៍ដែលពួកសិស្សចាត់ទុកថា ជាការវិនាសបង់នូវទីសង្ឃឹមរបស់ខ្លួនជារៀងរហូត ជាសេចក្តីសុគតដែល សម្រេចយ៉ាងជាក់ស្តែងនូវសេចក្តីសន្យារបស់ទ្រង់។ ការដែលបាននាំមកនូវការខកចិត្តដ៏ឃោរឃៅ គឺជាភ័ស្តុតាងបង្ហាញឱ្យឃើញថា ពួកគេបានជឿដូច្នោះមែន។ ព្រឹត្តិការណ៍ដែលបានបំពេញពួកគេដោយការអស់សង្ឃឹមបានបើកទ្វារនៃសេចក្តីសង្ឃឹមដល់អស់អ្នកស្មោះត្រង់ចំពោះព្រះនៅគ្រប់ជំនាន់វិញ។

លាយជាមួយនឹងមាសសុទ្ធនៃសេចក្តីស្រឡាញ់របស់ពួកសិស្សដល់ព្រះយេស៊ូវគឺជាគ្រឹះលង្ហិននៃមហិច្ឆតាផ្ទាល់ខ្លួន។ ទស្សនៈរបស់ពួកគេបានពោរពេញទៅដោយបល្ល័ង្ក មកុដ ហើយនិងសិរីរុងរឿង។ ការមានចិត្តធំ និងការស្រេកឃ្លាននូវសិរីរុងរឿងនាលោកីយ៍បាននាំឱ្យពួកគេរំលងហួសដោយ មិនដឹងខ្លួននូវព្រះបន្ទូលព្រះអង្គសង្គ្រោះដែលសម្តែងប្រាប់អំពីភាពពិតនៃ នគររបស់ព្រះអង្គ ហើយដែលសំដៅទៅរកជីវង្គតរបស់ទ្រង់ផង។ ការខុសឆ្គងនេះបណ្តាលឱ្យមានគ្រាទង្គឹះចិត្តប្រយោជន៍ឱ្យពួកគេមានឱកាសកែប្រែឡើង ព្រោះគេនឹងត្រូវទទួលបន្ទុកនូវដំណឹងល្អដ៏រុងរឿងនៃព្រះអម្ចាស់របស់ គេដែលបានមានព្រះជន្មរស់ឡើងវិញ។ ដើម្បីរៀបចំពួកគេសម្រាប់ការងារនេះ ពួកគេត្រូវបានបណ្តាលឱ្យជួបប្រទះនូវការពិសោធដែលហាក់ដូចជាជូរចត់ក្រៃលែង។

បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលេចមកឯពួកសិស្សនៅតាមផ្លូវទៅអេម៉ូសហើយក៏ «ស្រាយន័យសេចក្តីដែលតម្រូវដល់ទ្រង់ពីក្នុងគម្ពីរទាំងឡាយឱ្យគេស្តាប់»។ បំណងព្រះទ័យទ្រង់ គឺដើម្បីឱ្យគេជឿដល់ «បទពាក្យទំនាយដ៏ពិត» (លូកា ២៤:២៧; ពេត្រុសទី២ ១:១៩) មិនគ្រាន់តែដោយសារទីបន្ទាល់ផ្ទាល់របស់ព្រះអង្គប៉ុណ្ណោះទេ គឺដោយបទទំនាយនៅក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ នៅជំហានដំបូងបង្អស់ក្នុងការចែកចំណេះនេះ ព្រះយេស៊ូវបានតម្រង់ពួកសិស្សទៅឯ «គម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក» ក្នុងគម្ពីរសញ្ញាចាស់។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយពី​សេចក្តី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា និង​សេចក្តី​អាណិតអាសូរ​ពោរពេញ​ដែរ។ យ៉ាកុប ៥:១១

Powered by CAM