ថ្ងៃសុក្រ ទី១៦​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៩) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក១០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​សេចក្តី​ខ្ញាល់​របស់​ទ្រង់​នៅ​តែ​១​ភ្លែត​ទេ តែ​ព្រះគុណ​​ នៃ​ទ្រង់ នោះ​នៅ​អស់​១​ជីវិត​វិញ ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បានតែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្តី​អំណរ​ឡើង​ដែរ។ ទំនុកតម្កើង ៣០:៥

ពីការអស់សង្ឃឹមដល់ការសង្ឃឹមទុកចិត្ត

អ្វីដែលពោរពេញទៅដោយសុភនិច្ឆ័យជាងពេលណាៗទាំងអស់នោះ គឺពួកសិស្សបាន «រកឃើញព្រះអង្គដែលលោកម៉ូសេបានចែងទុកពីទ្រង់នៅក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង»ដែរ។ ភាពមិនច្បាស់លាស់ ភាពអស់សង្ឃឹមបែរជាមានភាពសង្ឃឹមទុកចិត្ត និងមានជំនឿដែលឥតស្រពេចស្រពិលវិញ។ ពួកគេបានឆ្លងផុតគ្រាទុក្ខព្រួយដ៏ធំធេងដែលពួកគេបានពិសោធហើយបានឃើញពីរបៀបដែលព្រះបន្ទូលនៃព្រះបានសម្រេចជាស្ថាពរផង។ ពីនេះតទៅមុខ តើមានអ្វីអាចមកធ្វើឱ្យ ស្រអាប់ជំនឿពួកគេបានទៀត? ក្នុងគ្រាមានទុក្ខព្រួយខ្លាំងពួកគេមាន «សេចក្តីកម្លាចិត្តឡើងជាខ្លាំង» ដែរជាសេចក្តីសង្ឃឹមដែល «ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន»។ ហេព្រើរ ៦:១៨,១៩។

ព្រះអម្ចាស់មានបន្ទូលថា៖ «រាស្ត្រអញនឹងមិនត្រូវមានសេចក្តីខ្មាសទៀតឡើយ» «ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់...តែព្រឹកឡើងគង់នឹងមានសេចក្តីអំណរឡើង»។ យ៉ូអែល ២:២៦; ទំនុកតំកើង ៣០:៥។ នៅថ្ងៃព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសិស្សទាំងនេះបានជួបទ្រង់ ចិត្តពួកគេក៏ឆេះឆួលឡើង ហើយបានស្តាប់ទ្រង់មានបន្ទូល។ នៅពេលមុនទ្រង់យាងឡើងទៅឋានសួគ៌វិញ ព្រះយេស៊ូវបានផ្តាំដល់ពួកសិស្សថា៖ «ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ» ទ្រង់បានបន្ថែមទៀតថា៖ «មើលខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជាដរាបដែរ»។ ម៉ាកុស ១៦:១៥; ម៉ាថាយ ២៨:២០។ នៅថ្ងៃបុណ្យទីហាសិបព្រះអង្គដ៏ជាអ្នកកំសាន្តចិត្តដែលបានសន្យាថានឹងប្រទានមកនោះបានយាងចុះមក ហើយពួកអ្នកជឿក៏បានរំភើបចិត្តឡើងដោយដឹងថាព្រះអម្ចាស់របស់ខ្លួនដែលបានយាងទៅលើហើយនោះមានវត្តមាននៅជាមួយគេ។

ដំណឹងរបស់ពួកសិស្សប្រៀបធៀបទៅនឹងព្រះរាជសារឆ្នាំ១៨៤៤

បទពិសោធន៍របស់ពួកសិស្សនៅពេលព្រះគ្រីស្ទយាងមកជាលើកទីមួយ គឺស្រដៀងគ្នានឹងបទពិសោធន៍របស់ពួកអ្នកដែលប្រកាសផ្សាយអំពីដំណើរយាងមកជាលើកទីពីររបស់ព្រះអង្គដែរ។ ដូចដែលពួកសិស្សបានអធិប្បាយផ្សាយថា «ពេលវេលាបានសម្រេច...នគរព្រះជិតមកដល់» លោកមិល្លើរ និងគូកនគាត់ក៏ប្រកាសផ្សាយដែរថា រយៈកាលតាមបទទំនាយក្នុងគម្ពីរហៀបនឹងផុតកំណត់ហើយ ថាសេចក្តីជំនុំជម្រះក៏ជិតមកដល់ ហើយថានគរដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ច ក៏បានរៀបចំរួចស្រេចហើយដែរ។ សេចក្តីអធិប្បាយរបស់ពួកសិស្សដែលអាស្រ័យទៅនឹងពេលវេលា គឺត្រូវបានតាំងទៅលើ៧០អាទិត្យនៃគម្ពីរដានីយ៉ែល៩។ ព្រះរាជសារដែលត្រូវផ្សាយដោយមិល្លើរ និងសហការីបានប្រកាសផ្សាយអំពីការបញ្ចប់នៃ២៣០០ថ្ងៃ នៅគម្ពីរដានីយ៉ែល ៨:១៤ ដែល៧០អាទិត្យនោះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ សេចក្តីអធិប្បាយនីមួយៗបានអាស្រ័យទៅលើការសម្រេចនូវផ្នែកផ្សេងគ្នានៃរយៈកាលតាមបទទំនាយដដែលនោះឯង។

ដូចគ្នានឹងពួកសិស្សនៅគ្រាដំបូងដែរ លោកវិល្លៀម មិល្លើរ និងក្រុមគាត់ពុំបានយល់សព្វគ្រប់នូវព្រះរាជសារដែលពួកគេបានទទួលនោះទេ។ ការខុសឆ្គងដែលបានស្ថាបនាឡើងនៅក្នុងវិហារជាយូរមកហើយនោះបានបង្ការមិនឱ្យគេបកស្រាយត្រឹមត្រូវនូវចំណុចសំខាន់ៗក្នុងបទទំនាយ។ ម៉្លោះហើយ ទោះបីពួកគេបានប្រកាសផ្សាយព្រះរាជសារដែលព្រះបានផ្ទុកផ្តាក់ដល់ខ្លួនក៏ដោយ ក៏ពួកគេនៅតែមានការខកចិត្តដ៏ឥតគណនាដែរដោយសារការយល់ខុសអត្ថន័យ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយពី​សេចក្តី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា និង​សេចក្តី​អាណិតអាសូរ​ពោរពេញ​ដែរ។ យ៉ាកុប ៥:១១

Powered by CAM