ថ្ងៃសៅរ៍ ទី១៧​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៩) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក១១

មិល្លើរបានប្រកាន់យកទស្សនៈទូទៅថាផែនដីជា «ទីបរិសុទ្ធ» ហើយគាត់ជឿថា «ការសម្អាតទីបរិសុទ្ធ» ជានិមិត្តរូបនៃការសម្អាតផែនដីដោយភ្លើងនៅពេលព្រះអង្គយាងមក។ ម៉្លោះហើយគាត់បានសន្និដ្ឋានថា ទីបញ្ចប់នៃរយៈកាល២៣០០ថ្ងៃជាកំណត់ពេលវេលានៃដំណើរយាងមកជាលើកទីពីរ។

ការសម្អាតទីបរិសុទ្ធ គឺជាការងារចុងក្រោយបង្អស់ធ្វើឡើងដោយសម្តេចសង្ឃជាន់ខ្ពស់នៅក្នុងកិច្ចការប្រចាំឆ្នាំ ជាកិច្ចបញ្ចប់នៃការសណ្តោសប្រោស ជាការយកចេញ ឬញែកចេញនូវអំពើបាបអំពីជនជាតិអ៊ីស្រាអែល។ ការសម្អាតនេះជាតំណាងដល់កិច្ចការបញ្ចប់របស់សម្តេចសង្ឃជាន់ខ្ពស់របស់យើងនៅស្ថានសួគ៌ នៅក្នុងការយកចេញ ឬលុបចេញនូវអំពើបាបរបស់មនុស្សដែលមានចុះឈ្មោះនៅក្នុងកំណត់ហេតុនៅស្ថានសួគ៌។ ការងារនេះមានទាក់ទងជាមួយកិច្ចការពិនិត្យអង្កេតកិច្ចការជំនុំជម្រះ ហើយចាប់ផ្តើមឡើងមុនដំណើរយាងមករបស់ព្រះគ្រីស្ទនៅក្នុងពពកនាឰដ៏ស្ថានសួគ៌ ដ្បិតនៅពេលទ្រង់យាងមក ករណីទាំងអស់ត្រូវបានសម្រេចអស់ហើយ។ ព្រះយេស៊ូវមានបន្ទូលថា៖ «មើលអញមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីនឹងចែកឱ្យគ្រប់គ្នាតាមការដែលខ្លួនបានធ្វើ»។ វិវរណ​ៈ ២២:១២។ កិច្ចការ ជំនុំជម្រះនេះឯងដែលត្រូវបានប្រកាសនៅក្នុងព្រះរាជសារនៃទេវតាទីមួយនៅវិវរណៈ១៤:៧៖ «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជម្រះ នោះបានមកដល់ហើយ»។

អស់អ្នកដែលបានប្រកាសផ្សាយសេចក្តីព្រមាននេះ គឺបានផ្តល់នូវព្រ រាជសារដ៏ត្រឹមត្រូវហើយចំពេលតែម្តង។ ដែលពួកសិស្សបានគិតខុសថា នគរនឹងត្រូវតាំងឡើងនៅទីបញ្ចប់នៃ «៧០អាទិត្យ» ជាយ៉ាងណា ពួកនិវត្តកៈក៏បានគិតខុសថា ព្រឹត្តិការណ៍នឹងកើតមាននៅពេលផុតកំណត់នៃរយៈកាល «២៣០០ថ្ងៃ» ជាយ៉ាងនោះដែរ។ នៅក្នុងករណីទីពីរ កំហុសខុសឆ្គងដែលគេនិយមខ្លាំងនេះបានបិទបាំងគំនិតពីសេចក្តីពិត។ ទាំងពីរបានបំពេញបំណងព្រះទ័យនៃព្រះក្នុងការបញ្ជូនព្រះរាជសារដែលទ្រង់សព្វព្រះទ័យឱ្យផ្សាយ ហើយតាមរយៈការយល់ខុសចំពោះព្រះរាជសាររបស់ខ្លួនពួកអ្នកទាំងពីរបានមានការខកចិត្តដ៏សែនជូរចត់។

ព្រះនៅតែសម្រេចបំណងព្រះទ័យព្រះអង្គ ក្នុងការអនុញ្ញាតឱ្យគេផ្សាយសេចក្តីព្រមាននៃសេចក្តីជំនុំជម្រះ ដូចបានធ្វើរួចមកហើយនោះ។ នៅក្នុងទិព្វញ្ញាណព្រះអង្គ ព្រះរាជសារនោះគឺសម្រាប់ល្បងល និងធ្វើឱ្យស្អាតដល់ក្រុមជំនុំ។ តើសេចក្តីស្រឡាញ់របស់ពួកគេបានដាក់ទៅលើលោកីយ៍នេះ ឬក៏ទៅលើព្រះគ្រីស្ទ និងស្ថានសួគ៌? តើពួកគេសុខចិត្តលះបង់មហិច្ឆតានាលោកីយ៍ ហើយត្រៀមខ្លួនចាំទទួលដំណើរយាងមករបស់ព្រះអង្គសង្គ្រោះនៃខ្លួនដែរឬទេ?

ការខកចិត្តបានសាកល្បងដល់ចិត្តនៃអស់អ្នកដែលអះអាងថា បានទទួលការព្រមាននោះហើយដែរ។ តើពួកគេនឹងប្រញាប់ប្រញាល់បោះបង់ចោលបទពិសោធន៍ ហើយលែងទុកចិត្តដល់ព្រះបន្ទូលរបស់ព្រះនៅពេលដែលត្រូវហៅឱ្យទ្រាំទ្រចំពោះសេចក្តីបន្ទោសនៃលោកីយ៍ និងការសាកល្បងនៃការពន្យារពេល ហើយនិងការខកចិត្តនោះឬយ៉ាងណា? ដោយព្រោះពួកគេពុំយល់ភ្លាមៗនូវសេចក្តីប្រព្រឹត្តរបស់ព្រះ តើពួកគេនឹងបោះបង់ចោលនូវសេចក្តីពិតទាំងឡាយដែលបានទ្រទ្រង់ដោយទីបន្ទាល់ច្បាស់លាស់នៃព្រះបន្ទូលទ្រង់ឬ?

ការសាកល្បងនេះបង្រៀនពីការគ្រោះថ្នាក់នៃការទទួលនូវការបកស្រាយរបស់មនុស្សជាជាងឱ្យព្រះគម្ពីរធ្វើជាអ្នកបកស្រាយដោយខ្លួនឯង។ ពួកកូនចៅនៃជំនឿត្រូវបាននាំឱ្យរៀនព្រះបន្ទូលរឹតតែដិតដល់ ឱ្យពិនិត្យសង្កេត បានប្រិតប្រៀនថែមទៀតនូវមូលដ្ឋាននៃជំនឿរបស់ខ្លួន ហើយឱ្យបដិសេធគ្រប់ទាំងអ្វីៗដែលពុំមានឃើញនៅក្នុងបទគម្ពីរ ទោះជាបានទទួលជាទូទៅដោយពិភពគ្រីស្ទានប៉ុនណាក៏ដោយ។

អ្វីដែលហាក់ដូចជាងងឹតពិបាកយល់នៅក្នុងគ្រាវេទនានឹងបានយល់ច្បាស់វិញនៅពេលក្រោយ។ ថ្វីបើមានសេចក្តីទង្គឹះចិត្តដែលជាលទ្ធផលមកអំពីការខុសឆ្គងរបស់ខ្លួនក៏ដោយ ក៏ពួកគេបានរៀនសូត្រដោយការពិសោធន៍ដ៏មានពរថា ព្រះអម្ចាស់ទ្រង់ «មានព្រះទ័យមេត្តាករុណា និងសេចក្តីអាណិតអាសូរពោរពេញដែរ» ថាអស់ទាំងផ្លូវរបស់ទ្រង់ «សុទ្ធតែប្រកបដោយសេចក្តីសប្បុរស និងសេចក្តីពិតចំពោះអស់អ្នកដែលកាន់តាមសេចក្តីសញ្ញា និងសេចក្តីបន្ទាល់របស់ទ្រង់»។ យ៉ាកុប ៥:១១; ទំនុកតំកើង ២៥:១០។
Jeans
«ដរាបដល់បានកន្លង២៣០០ព្រឹកនិងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើង»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយពី​សេចក្តី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា និង​សេចក្តី​អាណិតអាសូរ​ពោរពេញ​ដែរ។ យ៉ាកុប ៥:១១

Powered by CAM