ថ្ងៃអាទិត្យ ទី១៨​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២០) ​

ការស្រឡាញ់ដំណើរយាងមកវិញរបស់ព្រះគ្រីស្ទ

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក១២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែចំណែក​អ្នក ឱ​ដានីយ៉ែល​អើយ ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង។ ដានីយ៉ែល ១២:៤

ដំណឹងរបស់ទេវតាទីមួយក្នុងគម្ពីរវិវរណ​ៈជំពូក១៤ បានទាយពីការភ្ញាក់រឭកដ៏អស្ចារ្យមួយបែរទៅរកសាសនាវិញ។ មានឃើញទេវតាមួយអង្គ ហោះ «កាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ចសម្រាប់នឹងថ្លែងប្រាប់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ»។ ទេវតាប្រកាស ដោយ «សំឡេង ជាខ្លាំង» ថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អ របស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជម្រះ នោះបានមកដល់ហើយ។ ចូរក្រាបថ្វាយ បង្គំព្រះដ៏ [ជាអ្នក] បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹក ទាំងប៉ុន្មានចុះ»។ វិវរណៈ ១៤:៦,៧។

ទេវតា គឺតំណាងពីចរិតលក្ខណៈដ៏ឧត្តុង្គឧត្តមនៃកិច្ចការដែលនឹងត្រូវបានសម្រេចដោយព្រះរាជសារ ហើយនិងដោយអំណាច និងសិរីល្អដែលត្រូវប្រទានមកតាមក្រោយ។ ការដែលទេវតាហោះ «កាត់កណ្តាលមេឃ» ក្នុង «សំឡេងជាខ្លាំង» និងការប្រកាស «ដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារ» បង្ហាញភ័ស្តុតាងនៃការធ្វើចលនាយ៉ាងឆាប់រហ័ស ហើយទូទាំងពិភពលោក។ នៅពេលដែលការប្រកាសផ្សាយនេះចាប់ផ្តើមឡើង ក៏មានឮការប្រកាសផ្សាយអំពីការចាប់ផ្តើមជំនុំជម្រះផងដែរ។

ដំណឹងនេះគឺជាដំណឹងល្អមួយផ្នែក ែលនឹងត្រូវប្រកាសក្នុងជំនាន់ចុងក្រោយប៉ុណ្ណោះ ព្រោះមានតែនៅពេលនោះទេ ដែលពេលជំនុំជម្រះបានមកដល់ មែននោះ។ ព្រះទ្រង់បង្គាប់ឱ្យដានីយ៉ែលបិទ ហើយបោះត្រា នូវផ្នែកនៃទំនាយដែលទាក់ទងទៅនឹងជំនាន់ចុងក្រោយ «ទុកដរាបដល់គ្រាចុងក្រោយបំផុត»។ ដានីយ៉ែល ១២:៤។ លុះដល់ពេលនេះទើបដំណឹងស្តីពីការជំនុំជម្រះនឹងអាចប្រកាសបានព្រោះបទទំនាយបានសម្រេចស្រេចហើយ។

សាវ័កប៉ុលបានហាមក្រុមជំនុំ មិនឱ្យរង់ចាំនូវការយាងមកវិញនៃព្រះគ្រីស្ទក្នុងជំនាន់គាត់។ លុះដល់មានការបែរចេញពីជំនឿជាខ្លាំង និងការសោយរាជ្យដ៏យូរលង់របស់ «មនុស្សដែលជាតួបាប» សិនទើបយើងអាចទន្ទឹងចាំការយាងមកនៃព្រះអម្ចាស់របស់យើងបាន។ សូមអានថែស្សាឡូនីចទី២ ២:៣។ «មនុស្សដែលជាតួបាប»ឬ «សេចក្តីអាថ៌កំបាំងនៃការទទឹងច្បាប់» «មួយនាក់នោះដែលបានតម្រូវឱ្យត្រូវវិនាស» និង «អាទទឹងច្បាប់» គឺតំណាងប្រព័ន្ធកាតូលិកដែលនឹងត្រូវមានអំណាចគ្រប់គ្រងអស់១២៦០ឆ្នាំ។ អំឡុងពេលនេះបានចប់នៅឆ្នាំ១៧៩៨។ ការយាងមកវិញរបស់ព្រះគ្រីស្ទ ពុំអាចកើតឡើងមុនពេលនោះទេ។ សាវ័កប៉ុលបានរៀបរាប់យ៉ាងប្រយ័ត្នប្រយែង ពីការបែកខ្ញែកនៃគ្រីស្ទានទាំងមូលរហូតដល់ឆ្នាំ១៧៩៨។ ដំណឹងនៃការយាងមកវិញជាលើកទីពីររបស់ព្រះគ្រីស្ទ គឺនឹងត្រូវប្រកាសបន្ទាប់ពីឆ្នាំនេះឯង។

ឥតមានដំណឹងដូចនេះត្រូវបានប្រកាសឡើងក្នុងជំនាន់មុនទេ។ ដូចយើងបានឃើញហើយសាវ័កប៉ុលពុំបានផ្សព្វផ្សាយដំណឹងនេះទេ តែគាត់បានចង្អុលទៅអនាគតកាលនៅឯនាយឯនុះ៎ ថាជាដំណើរយាងមកវិញរបស់ព្រះអម្ចាស់។ ពួកកែទម្រង់ក៏ពុំបានប្រកាសដែរ។ លោកម៉ាធីន លូធើរបានកំណត់ថា ការជំនុំជម្រះគឺ៣០០ឆ្នាំនៅឯអនាគតកាលឯនុះ៎ ចាប់ពីជំនាន់គាត់ទៅ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ១៧៩៨មក គម្ពីរដានីយ៉ែលត្រូវបានបកត្រាចេញ ហើយជនជាច្រើនបានប្រកាសផ្សាយដំណឹងនៃការវិនិច្ឆ័យទោសដែលនឹងមកដល់។

ចលនានិវត្តលេចឡើងព្រមៗគ្នាក្នុងប្រទេសដទៃ

ដូចជាកំណែទម្រង់នៃសតវត្សទី១៦ដែរ​ ចលនានិវត្តបានលេចឡើងព្រមៗគ្នាក្នុងប្រទេសដទៃទៀត។ អ្នកមានជំនឿត្រូវបានគេនាំឱ្យសិក្សាបទទំនាយ ហើយឃើញនូវភ័ស្តុតាងយ៉ាងច្បាស់ថា ទីបញ្ចប់គឺជិតដល់ហើយ។ ដោយសារតែការសិក្សាបទគម្ពីរ ក្រុមគ្រីស្ទានដែលនៅដាច់ឡែកពីគេក៏បានជឿថាការយាងមករបស់ព្រះអង្គសង្គ្រោះគឺជិតដល់ហើយដែរ។

បីឆ្នាំបន្ទាប់ពីលោកមិល្លើរបានបកស្រាយបទទំនាយរបស់គាត់មកបណ្ឌិតយ៉ូសែប វុហ្វដែលជា «បេសកជននៃពិភពលោក» ក៏បានចាប់ផ្តើមប្រកាសពីការយាងមកនៅពេលបន្តិចទៀតរបស់ព្រះអម្ចាស់។ លោកបានកើតនៅក្នុងប្រទេសអាល្លឺម៉ង់ មានឪពុកម្តាយជាសាសន៍ហេព្រើរ កាលគាត់នៅពីតូចគាត់បានជឿច្បាស់នូវសេចក្តីពិតនៃសាសនាព្រះគ្រីស្ទ។ គាត់ចូលចិត្តស្តាប់ការសន្ទនាគ្នាក្នុងផ្ទះរបស់ឪពុកគាត់ នៅពេលពួកសាសន៍ហេព្រើរដែលជឿស៊ប់ជួបជុំគ្នា ដើម្បីដំណាលពីសេចក្តីសង្ឃឹមនៃប្រជាជនខ្លួនពីសិរីល្អនៃព្រះមែស្ស៊ីដែលកំពុងយាងមក និងពីការកែលម្អឡើងក៏សួរថា ទ្រង់ជានរណា។ «ជាសាសន៍ជូវដ៏មានអំណោយទានយ៉ាងខ្លាំងអស្ចារ្យម្នាក់» ជាចម្លើយ «ប៉ុន្តែ នៅពេលទ្រង់ធ្វើពុតជាព្រះមែស្ស៊ី នោះសាលាកាត់ក្តីជូវក៏កាត់ ទោសទ្រង់ដល់ស្លាប់»។

«ហេតុអ្វី» កុមារសួរបន្ថែមទៀត «បានជាក្រុងយេរូសាឡិមត្រូវបានហិនហោច ហើយហេតុអ្វីបានជាយើងស្ថិតនៅក្នុងភាពជាឈ្លើយដូច្នេះ?»

«ឱកូនអើយ!» ឪពុកគាត់ឆ្លើយ «ពីព្រោះពួកជូវបានសម្លាប់ហោរាទាំងឡាយណាកូន»។ គំនិតមួយបានលេចឡើងភ្លាមដល់កុមារថា៖ «ប្រហែលព្រះយេស៊ូវជាហោរាដែរទេដឹង ហើយពួកជូវបានសម្លាប់ទ្រង់ ដែលគ្មានទោសសោះ»។ ទោះជាគេហាមដាច់ខាតមិនឱ្យចូលព្រះវិហារ គ្រីស្ទានក៏ដោយ កុមារតែងតែលួចស្តាប់ការអធិប្បាយពីខាងក្រៅ។ ពេលមានអាយុត្រឹមតែប្រាំពីរឆ្នាំប៉ុណ្ណោះ កុមារបានអួតអាងដល់អ្នកគ្រីស្ទានដែលជាអ្នកជិតខាងម្នាក់ពីជ័យជម្នះនាអនាគតកាលរបស់ប្រទេសអ៊ីស្រាអែលនៅពេលព្រះមែស្ស៊ីយាងមកវិញ។ព្រឹទ្ធាចារ្យក៏តបមកវិញដោយស្រទន់ថា៖ «ចៅអើយ តានឹងប្រាប់ឯងថានរណាជាព្រះមែស្ស៊ីពិតនោះ៖ ទ្រង់ជាព្រះយេស៊ូវនៃស្រុកណាសារ៉ែត...ដែលដូនតាឯងបានឆ្កាងណាចៅ...ចូរទៅផ្ទះ ហើយអានគម្ពីរអេសាយជំពូក៥៣ទៅ នោះឯងនឹងជឿច្បាស់ថាព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រារបស់ព្រះហើយ»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ វេទនា​ដល់​ពួក​អ្នក ដែល​រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្តី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្តី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ។ អេសាយ ៥:២០

Powered by CAM