ថ្ងៃច័ន្ទ ទី១៩​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក១៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពី​ព្រោះ ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង និង​វិញ្ញាណ ហើយ​សន្លាក់ និង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិតដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ។ ហេព្រើរ ៤:១២

កុមារក៏បានត្រឡប់ទៅផ្ទះហើយអានបទគម្ពីរ។ ឃើញថា ព្រះយេស៊ូវនៃស្រុកណាសារ៉ែតបានសម្រេចបទទំនាយយ៉ាងឥតខ្ចោះ។ តើពាក្យពេចន៍នៃពួកគ្រីស្ទានទាំងឡាយនោះពិតឬ? កុមារបានសួរឪពុកឱ្យពន្យល់ពីបទទំនាយ ប៉ុន្តែ បានជួបប្រទះនឹងសេចក្តីស្ងប់ស្ងាត់បែបមិនស្រួលទៅវិញ ប្រុសតូចក៏លែងហ៊ានលើកសំដៅទៅរឿងនោះទៀតតាំងពីពេលនោះមក។

នៅពេលអាយុបានដប់មួយឆ្នាំ កុមារបានចេញពីសំបុកទៅក្នុងលោកខាងក្រៅ ទៅរៀនសូត្រដើម្បីជ្រើសរើសសាសនា និងកិច្ចការប្រចាំជីវិតរបស់ខ្លួន។ មានតែខ្លួនមួយ ហើយឥតប្រាក់កាសមួយរៀលសោះ កុមារត្រូវតែពុះពារ។ គាត់បានសិក្សាដោយយកចិត្តទុកដាក់ ហើយចិញ្ចឹមជីវិតដោយបង្រៀនភាសាហេព្រើរ។ គាត់ក៏បានជឿជំនឿកាតូលិករ៉ូម ហើយក៏ទៅបន្តការសិក្សានៅមហាវិទ្យាល័យឃោសនាការនាក្រុងរ៉ូម។ នៅទីនេះ គាត់បានចោទប្រកាន់ដល់សេចក្តីរំលោភនៃព្រះវិហារ ហើយទទូចឱ្យមានការកែទម្រង់។ មិនយូរប៉ុន្មាន គេក៏ដកគាត់ចេញ។ ឃើញថាគាត់នឹង មិនចុះចូលដល់ចំណងនៃលទ្ធិរ៉ូមនិយមជាដាច់ខាត។ គេបានប្រកាសថា គាត់ជាមនុស្សហួសពីកែច្នៃទៅហើយ ហើយឱ្យទៅណាស្រេចតែទំនើងចិត្តខ្លួនចុះ។ គាត់ក៏ចាកចេញទៅប្រទេសអង់គ្លេស ហើយចូលរួមជាមួយវិហារអង់គ្លេស។ បន្ទាប់ពីបានសិក្សាពីរឆ្នាំហើយ គាត់ក៏ចេញទៅធ្វើបេសកកម្មក្នុងឆ្នាំ១៨២១។

លោកវុហ្វបានឃើញថា បទទំនាយទាំងឡាយបើកសម្តែងអំពីដំណើរ យាងមកជាលើកទីពីររបស់ព្រះគ្រីស្ទដោយអំណាច និងសេចក្តីរុងរឿង។ កាលគាត់ស្វះស្វែងដឹកនាំប្រជាជនរបស់គាត់ឱ្យស្គាល់ព្រះយេស៊ូវនៃស្រុកណាសារ៉ែតថាជាព្រះតាមសេចក្តីសន្យាដើម្បីបង្ហាញពួកគេពីដំណើរយាងមកជាលើកទីមួយថាជាយញ្ញបូជាលោះបាបនោះ គាត់ក៏បង្ហាត់បង្រៀនពួកគេពីការយាងមកជាលើកទីពីរផងដែរ។

លោកវុហ្វជឿថា ការយាងមកនៃព្រះអម្ចាស់គឺជិតដល់ហើយ។ ការបកស្រាយពីអំឡុងពេលនៃបទទំនាយរបស់គាត់គឺខុសគ្នាតែពីរបីឆ្នាំទៅនឹងពេលវេលាដែលលោកមិល្លើរបានទូទាត់ប៉ុណ្ណោះ។ «តើព្រះអម្ចាស់របស់យើង...មិនប្រទានទីសម្គាល់នៃពេលវេលា ប្រយោជន៍ឱ្យយើងដឹង យ៉ាងហោចណាស់ពីការដែលទ្រង់យាងមកដូចជាការដែលយើងដឹងពីដំណើរចូលខែប្រាំង ឬពេលដើមល្វារុះស្លឹកទេឬអ្វី? ទីសម្គាល់នៃពេលវេលាអាច ប្រាប់ឱ្យដឹងគ្រប់គ្រាន់ហើយ ដើម្បីទាក់ទាញយើងឱ្យរៀបចំសម្រាប់ការយាងមករបស់ទ្រង់ដូចជាលោកណូអេរៀបចំទូកដូច្នោះដែរ»។

ទំនាស់នឹងការបកស្រាយដែលគេនិយម

លោកវុហ្វបានសរសេរពីប្រព័ន្ធបកស្រាយបទគម្ពីរដែលគេនិយមនោះថា៖ «ព្រះវិហារភាគច្រើនបានងាកចេញពីភាពងាយស្រួលយល់នៃគម្ពីរ ហើយ...បើគេអានពាក្យថា សាសន៍ជូវគេត្រូវយល់ថា ជាសាសន៍ដទៃ ពេលគេអានពាក្យយេរូសាឡិម គេត្រូវយល់ថាជាព្រះវិហារ ហើយបើនិយាយសំដៅទៅផែនដីមានន័យថា មេឃទៅវិញចំណែកឯដំណើរ យាងមករបស់ព្រះអម្ចាស់ គេត្រូវយល់ថា ជាការចម្រើនលូតលាស់នៃសង្គមបេសកកម្ម ហើយការឡើងភ្នំដ៏ជាទីសំណាក់របស់ព្រះតំណាង ការជួបជុំនៃពួកមេថូឌីសត៍ក្នុងមួយក្រុមធំទៅវិញ»។

ចាប់ពីឆ្នាំ១៨២១ ដល់១៨៤៥ លោកវុហ្វបានធ្វើដំណើរក្នុងប្រទេសអេស៊ីព្ទ អាប៊ីសនា ប៉ាលេស្ទីន ស៊ីរា ពើស៊ី បុក្ខារ៉ា ឥណ្ឌា និងសហរដ្ឋអាមេរិក។

អំណាចក្នុងសៀវភៅ

បណ្ឌិតវុហ្វបានធ្វើដំណើរក្នុងប្រទេសភាគច្រើនដែលសំបូរគ្រោះថ្នាក់ដោយគ្មានអ្វីការពារខ្លួនសោះ ដោយស៊ូទ្រាំនឹងភាពលំបាក និងគ្រោះថ្នាក់យាយីរាប់មិនអស់។ គាត់បានអត់ឃ្លាន ត្រូវគេយកទៅលក់ជាខ្ញុំកញ្ជះគេ គេកាត់ទោសដល់ស្លាប់បីដង បៀតបៀនដោយពួកចោរ ហើយជួនកាលស្ទើរតែនឹងស្លាប់ដោយសម្រេកទៀតផង។ មានម្តងនោះគេបានសម្រាតគាត់ ឱ្យដើររាប់រយគីឡូម៉ែត្រដោយជើងទទេកាត់ព្រៃភ្នំ មានទឹកកកធ្លាក់ជះលើមុខគាត់ហើយបាទជើងទទេក៏ស្ពឹកដោយដីដ៏ត្រជាក់ស្រឹប។

នៅពេលគេហាមមិនឱ្យចេញដំណើរក្នុងចំណោមពួកកុលសម្ព័ន្ធកាចសាហាវ ដោយឥតមានអ្វីការពារខ្លួន គាត់បានពោលថាគាត់ «បាន​ប្រដាប់អាវុធសព្វគ្រប់ក្នុងខ្លួនហើយ» គឺ «សេចក្តីអធិស្ឋានសេចក្តីមោះមុតសម្រាប់ ព្រះគ្រីស្ទ និងទំនុកចិត្តក្នុងជំនួយរបស់ទ្រង់»។ «ខ្ញុំក៏ប្រដាប់​ដោយ​សេចក្តីស្រឡាញ់របស់ព្រះ និងរបស់អ្នកជិតខាងរបស់ខ្ញុំនៅក្នុងចិត្តខ្ញុំ ហើយព្រះគម្ពីរគឺនៅក្នុងដៃខ្ញុំ»។ «ខ្ញុំមានអារម្មណ៍ថាអំណាចរបស់ខ្ញុំគឺនៅក្នុងសៀវភៅ ហើយឥទ្ធិពលរបស់សៀវភៅនោះនឹងទ្រទ្រង់ខ្ញុំ»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ វេទនា​ដល់​ពួក​អ្នក ដែល​រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្តី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្តី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ។ អេសាយ ៥:២០

Powered by CAM