ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១៤៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះអាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះចន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មក​ដល់។ យ៉ូអែល ២:៣១

ព្រះចន្ទប្រែទៅដូចជាឈាម

«គ្មានភាពងងឹតនៃរាត្រីណាចម្លែក ហើយគួរឱ្យខ្លាចជាងរាត្រីនៃថ្ងៃនោះឡើយ ថ្វីបើមានព្រះចន្ទស្ទើរពេញវង់ក៏ដោយ ក៏ពុំអាចមើលឃើញរបស់ ណាមួយបានឡើយ វៀរលែងតែដោយពន្លឺភ្លើងចង្កៀង ឬភ្លើងទៀន ហើយ នៅពេលដែលមើលពីផ្ទះអ្នកជិតខាង ឬពីទីកន្លែងឆ្ងាយៗ គេឃើញតែពន្លឺ ប្លុងៗ មិនខុសគ្នាពីភាពងងឹតនៃប្រទេសអេស៊ីព្ទឡើយ កាំរស្មីហាក់ដូចជាពុំ អាចជ្រៀតចូលក្នុងភាពងងឹតបានទាល់តែសោះ»៦។ «ប្រសិនបើរាល់តួអង្គ នៃពន្លឺ ត្រូវបានស្រោបបាំងដោយម្លប់ដែលពន្លឺមិនអាចជ្រៀតចូលបាន ឬក៏ ត្រូវកម្ចាត់ចេញបាត់អស់ទៅ នោះភាពងងឹតពុំបានដល់សភាពសូន្យស្លុង បែបនេះឡើយ»៧។ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ភាពងងឹតក៏បានរសាត់ បាត់ទៅ ហើយព្រះចន្ទបានលេចមកឱ្យឃើញ មុនដំបូងបង្អស់មាន ទ្រង់ទ្រាយដូចជាឈាម។

ថ្ងៃទី១៩ ឧសភា ១៧៨០ មានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រថាជា «ថ្ងៃ ងងឹត»។ តាំងពីសម័យហោរាម៉ូសេរហូតមក ពុំដែលមានភាពងងឹតណាមានសភាពសូន្យស្លុង ហើយមានរយៈកាលយូរបែបនេះឡើយ។ ការពិពណ៌នា ដោយអ្នកបានឃើញផ្ទាល់ គឺជាការបន្ទរនៃពាក្យកត់ត្រា ដោយហោរា យ៉ូអែលកាលពី២៥០០ឆ្នាំមុនថា៖ «ព្រះអាទិត្យនឹងប្រែជាងងឹត ហើយព្រះ ចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ងែងខ្លាចរបស់ព្រះយេហូវ៉ាបានមក ដល់»។ យ៉ូអែល ២:៣១។

«កាលណាការទាំងនេះចាប់តាំងកើតមក» ព្រះគ្រីស្ទមានបន្ទូល «នោះឱ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។ ទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចទៅពួកសិស្ស អំពីដើមល្វាថា «កាលណាវាលាស់ឡើង នោះអ្នករាល់គ្នាយល់ឃើញដោយខ្លួនឯងថា រដូវក្តៅជិតដល់ហើយ កាលណាអ្នករាល់គ្នាឃើញការទាំងនេះ កើតមក នោះត្រូវដឹងថានគរព្រះជិតដល់ហើយ យ៉ាងដូច្នោះដែរ»។ លូកា ២១:២៨,៣០,៣១។

ប៉ុន្តែ នៅក្នុងក្រុមជំនុំ សេចក្តីស្រឡាញ់ចំពោះព្រះគ្រីស្ទនិងជំនឿចំពោះ ដំណើរយាងមកជាលើកទីពីររបស់ទ្រង់ ចេះតែត្រជាក់ទៅ។ អ្នកដែលតាំង ខ្លួនថាជាបណ្តាជនរបស់ព្រះអង្គ ពុំបានមើលឃើញសេចក្តីណែនាំរបស់ព្រះអង្គសង្គ្រោះ ដែលទាក់ទងនឹងទីសម្គាល់នៃដំណើរលេចមករបស់ទ្រង់ទេ។ គេបានធ្វេសប្រហែសនឹងគោលលទ្ធិស្តីអំពីដំណើរយាងមកជាលើកទីពីរ រហូតទាល់តែលែងរវីរវល់ ហើយភ្លេចទាំងស្រុងទៅ ជាពិសេសនៅប្រទេស អាមេរិកតែម្តង។ ការជក់ចិត្តតាមរកប្រាក់ ការស្វះស្វែងរកប្រជាប្រិយ និង អំណាច បានបណ្តាលឱ្យមនុស្សទុកថ្ងៃដ៏ឱឡារិក (គឺពេលដែលស្ថានភាព បច្ចុប្បន្ននេះនឹងត្រូវបានកន្លងបាត់ទៅ) នៅក្នុងអនាគតដ៏យូរអង្វែងឯនុះ។

ព្រះអង្គសង្គ្រោះទ្រង់មានបន្ទូលជាមុន អំពីសភាពនៃការជំពប់ដួល ដែលនឹងកើតមាននៅមុនពេលទ្រង់យាងមកជាលើកទីពីរ។ ចំពោះអស់អ្នក រស់នៅនាពេលនោះ ការព្រមានដាស់តឿនរបស់ព្រះគ្រីស្ទគឺ៖ «ចូរអ្នករាល់ គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្តីវក់ និងស៊ីផឹក ហើយ និងសេចក្តីខ្វល់ខ្វាយក្នុងជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ដូច្នេះចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឱ្យបានរាប់ជាគួរ និងរួចពីការទាំងនេះដែលត្រូវមកហើយឱ្យបានឈរនៅមុខកូនមនុស្សផង»។ លូកា ២:៣៤,៣៦។

ជាការចាំបាច់ណាស់ដែលមនុស្សភ្ញាក់រឭកឡើង ដើម្បីរៀបចំខ្លួន សម្រាប់ព្រឹត្តិការណ៍ដ៏មហោឡារិក ដែលទាក់ទងទៅនឹងទីបញ្ចប់នៃពេល ទុកឱ្យប្រែចិត្ត។ «ដ្បិតថ្ងៃនៃព្រះយេហូវ៉ាធំក្រៃលែង ហើយគួរស្ញែងខ្លាច ណាស់ តើអ្នកណាអាចនឹងធន់នៅបាន»។ តើនរណាអាចឈរបាននៅពេល ទ្រង់លេចមក ទាំង «មានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់ មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ» នោះ? «អញនឹងធ្វើទោស ដល់លោកីយ៍ ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែល ប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេផង អញនឹងបំបាត់ សេចក្តីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនិងបន្ទាបបន្ថោកឫកខ្ពស់របស់មនុស្សកាចអាក្រក់»។ «ទោះទាំងប្រាក់ និងមាសរបស់គេ ក៏មិនអាចនឹងជួយគេឱ្យ រួច» «ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបជាន់ ហើយផ្ទះគេនឹងត្រូវចោលស្ងាត់ ទទេ»។ យ៉ូអែល ២:១១; ហាបាគុក ១:១៣; អេសាយ ១៣:១១; សេផានា ១:១៨,១៣។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ឲ្យ​អស់​អំពី​ចិត្ត​ដោយ​តម​អត់ ហើយ​យំ​ពិលាប ព្រម​ទាំង​សៅសោក​ឥឡូវ​នេះ​ចុះ មិន​ត្រូវ​ឲ្យ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត​វិញ ហើយ​វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះគុណ​នឹង​សេចក្តី​មេត្តាករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ទ្រង់​មាន​ព្រះហឫទ័យ​ស្តាយ​ដោយ​ត្រូវ​វាយផ្ចាល​គេ​ដែរ។ យ៉ូអែល ២:១២-១៣

Powered by CAM