ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក១៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯហេណុកជាដំណទី៧ពីលោកអ័ដាមមក គាត់បានទាយពីមនុស្សទាំងនោះថា មើលព្រះអម្ចាស់ទ្រង់យាងមកនៅកណ្តាលពួកបរិសុទ្ធទ្រង់ទាំងសល់សែន ។ យូដាស ខ:១៤
គាត់បានតស៊ូរហូតដល់ដំណឹងបាននាំទៅដល់ទឹកដីជាច្រើន។ គាត់បានចែកចាយព្រះបន្ទូលរបស់ព្រះជាភាសាដទៃក្នុងចំណោមពួកជូវ ពួកទួរគី ពួកផាស៊ី ពួកព្រហ្មញ្ញ និងជាតិសាសន៍ដទៃទៀត។ ហើយនៅគ្រប់ទីកន្លែងគាត់បានផ្សព្វផ្សាយពីការយាងមកវិញជាឆាប់របស់ព្រះមែស្ស៊ី។
នៅប្រទេសបុក្ខារ៉ា គាត់បានឃើញប្រជាជនដែលនៅដាច់ឡែកពីគេនេះកាន់គោលលទ្ធិនៃការយាងមកដ៏ឆាប់ៗនៃព្រះអម្ចាស់។ គាត់មានប្រសាសន៍ថា ពួកអារ៉ាប់នៃប្រទេសយេម៉ែន «មានសៀវភៅមួយឈ្មោះ សៀរ៉ា ដែលប្រាប់ពីការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ និងការសោយរាជ្យក្នុងភាពរុងរឿង ហើយគេសង្ឃឹមថានឹងមានព្រឹត្តិការណ៍ដ៏អស្ចារ្យកើតឡើងក្នុងឆ្នាំ១៨៤០»។ «ខ្ញុំឃើញពួកកូនចៅអ៊ីស្រាអែល កូនចៅនៃកុលសម្ពន្ធរបស់ដែន...ដែលសង្ឃឹមរង់ចាំជាមួយនឹងកូនចៅរបស់រីឆាប នូវការយាងត្រឡប់មកវិញយ៉ាងឆាប់រហ័សនៃព្រះមែស្ស៊ីក្នុងពពកនៃស្ថានសួគ៌»។
បេសកជនម្នាក់បានរកឃើញអ្នកកាន់ជំនឿស្រដៀងគ្នានេះដែរក្នុងប្រទេសថាថារី (Tatary)។ សង្ឃជនជាតិថាថារ (Tatar) មួយអង្គបានសួរពីពេលវេលានៃព្រះគ្រីស្ទនឹងយាងមកជាលើកទីពីរ។ នៅពេលបេសកជនឆ្លើយថាគាត់ពុំដឹងពីពេលវេលានោះទេ សង្ឃក៏ភ្ញាក់ផ្អើលចំពោះអវិជ្ជានៃគ្រូគម្ពីរនេះ ហើយក៏ដំណាលជំនឿរបស់ខ្លួនដែលស្ថិតនៅលើបទទំនាយថា ព្រះគ្រីស្ទនឹងយាងមកប្រហែលក្នុងឆ្នាំ១៨៤៤។
ដំណឹងនៃការនិវត្តនៅប្រទេសអង់គ្លេស
ដំណឹងនៃការយាងមកត្រូវបានចាប់ផ្តើមផ្សព្វផ្សាយនៅប្រទេសអង់គ្លេសតាំងតែពីដើមឆ្នាំ១៨២៥ម៉្លេះ។ គេពុំបានបង្រៀនជាទូទៅអំពីពេលវេលាពិតប្រាកដនៃការយាងមកនោះទេ ប៉ុន្តែ ការពិតនៃការដែលព្រះគ្រីស្ទយាងមកជាឆាប់ដោយព្រះចេស្តា និងសេចក្តីរុងរឿងនោះត្រូវបានប្រកាសផ្សាយយ៉ាងឱឡារិក។ អ្នកនិពន្ធអង់គ្លេសម្នាក់បានថ្លែងថា គ្រូគង្វាលរបស់ វិហារនៃអង់គ្លេសប្រហែល៧០០នាក់បានខ្នះខ្នែងក្នុងការផ្សាយ «ដំណឹងល្អ នេះដែលសម្តែងពីនគរ»ព្រះ។
ដំណឹងដែលចង្អុលទៅឆ្នាំ១៨៤៤ ថាជាពេលវេលានៃការយាងមករបស់ព្រះគ្រីស្ទក៏ត្រូវបានផ្សាយក្នុងចក្រភពអង់គ្លេសដែរ។ ការបោះពុម្ភផ្សាយចេញពីសហរដ្ឋអាមេរិកអំពីការនិវត្តក៏ត្រូវបានចែកចាយពាសពេញដែរ។ ក្នុងឆ្នាំ១៨៤២ លោករ៉ប់បិត វិនធើរ ដែលជាសាសន៍អង់គ្លេសម្នាក់បានត្រឡប់ទៅមាតុប្រទេសខ្លួនវិញដើម្បីផ្សាយពីដំណើរយាងមកនៃព្រះអម្ចាស់ បន្ទាប់ពីគាត់បានទទួលជឿជំនឿនិវត្តន៍នៅប្រទេសអាមេរិកហើយ។ មនុស្សជាច្រើនបានរួបរួមជាមួយនឹងគាត់ក្នុងកិច្ចការនេះនៅទីកន្លែងផ្សេងៗទៀតនៃប្រទេសអង់គ្លេស។
ក្នុងអាមេរិកខាងត្បូងនៅរដ្ឋឡាឃូនសា មានសាសន៍អេស្ប៉ាញ៉ុលម្នាក់ដែលជាសមាជិកនៃក្រុមជេស៊ួតបានជឿដល់សេចក្តីពិតនៃការយាងមកវិញដ៏ឆាប់រហ័សនៃព្រះគ្រីស្ទ។ ដោយមានចំណង់ចង់គេចពីការតិះដៀលរបស់រ៉ូម គាត់ក៏បោះពុម្ភសៀវភៅមួយដោយប្រើឈ្មោះក្លែងក្លាយថា រ៉ាប់ប៊ី បិនអេសរ៉ា តំណាងខ្លួនធ្វើជាជនជាតិជូវដែលប្រែចិត្តជឿដល់គ្រីស្ទសាសនា។ លុះប្រហែលឆ្នាំ១៨២៥ គេបានបកប្រែសៀវភៅគាត់ទៅជាភាសាអង់គ្លេស។ សៀវភៅនេះបានធ្វើឱ្យមនុស្សដែលបានភ្ញាក់រឭកនៅ ប្រទេសអង់គ្លេសមានការចាប់ចិត្តកាន់តែខ្លាំងឡើង។
គម្ពីរវិវរណៈបើកសម្តែងដល់លោកបិនជែល
នៅប្រទេសអាល្លឺម៉ង់ លោកបិនជែលដែលជាគ្រូគង្វាលនៃគណៈ លូធើរិន និងជានិស្សិតខាងព្រះគម្ពីរបានបង្ហាត់បង្រៀនអំពីគោលលទ្ធិ។ កាលកំពុងព្រាងសេចក្តីអធិប្បាយចេញពីគម្ពីរវិវរណៈជំពូក២១ ពន្លឺនៃដំណើរយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទក៏ចាំងជះចូលក្នុងគំនិតគាត់។ បទទំនាយនៃគម្ពីរវិវរណៈបានបើកសម្តែងឱ្យគាត់យល់។ ដោយអស្ចារ្យពន់ពេកចំពោះសារៈសំខាន់ និងភាពរុងរឿងនៃទស្សនីយភាពទាំងឡាយដែលហោរាបានបរិយាយ គាត់ក៏ត្រូវងាកចេញពីរឿងនេះមួយរយៈសិន។ កាលកំពុងអធិប្បាយស្រាប់តែទស្សនីយភាពនេះបានលេចឡើងយ៉ាងច្បាស់ក្រឡែតដល់គាត់ម្តងទៀត។ តាំងពីពេលនោះមក គាត់ក៏តាំងចិត្តសិក្សាបទទំនាយហើយក្រោយមកបានជឿថា ការយាងមករបស់ព្រះគ្រីស្ទគឺជិតដល់ហើយ។ ថ្ងៃទីដែលគាត់បានកំណត់ថាជាពេលវេលានៃការនិវត្តជាលើកទីពីរ គឺមិនហួសពីពីរឬបីឆ្នាំដែលលោកមិល្លើរកំណត់ទុកដែរនោះទេ។
សំណេររបស់លោកបិនជែលបានឮសុសសាយក្នុងរដ្ឋវើតថិមបឺករបស់គាត់ និងផ្នែកនានានៃប្រទេសអាល្លឺម៉ង់។ ដំណឹងនៃការនិវត្តត្រូវបានឮនៅប្រទេសអាល្លឺម៉ង់ក្នុងពេលដំណាលគ្នាដែលគេកំពុងចាប់អារម្មណ៍នៅទឹកដីផ្សេងៗទៀត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ វេទនាដល់ពួកអ្នក ដែលរាប់សេចក្តីអាក្រក់ថាជាល្អ ហើយសេចក្តីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្តីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្តីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ។ អេសាយ ៥:២០