ថ្ងៃពុធ ទី២១​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក១៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដើម្បី​នឹង​កាត់​ទោស​ដល់​គ្រប់​មនុស្ស​ទាំងឡាយ ហើយ​និង​រំឭក​ពួក​ទមិល​ល្មើស​ទាំង​អម្បាលម៉ាន ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិល​ល្មើស ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្តី​រឹងទទឹង​ទាំង​ប៉ុន្មាន ដែល​អស់​ពួក​ទមិល​ល្មើស​ដ៏​មាន​បាប​ទាំង​នោះបាន​ពោល​ទាស់​នឹង​ទ្រង់។ យូដាស ខ:១៥

នៅរដ្ឋហ្សឺណែវ លោកហ្គ័រសិនអធិប្បាយពីការនិវត្តជាលើកទីពីរ។ នៅពេលគាត់ចាប់ផ្តើមធ្វើជាគ្រូគង្វាល គាត់បានស្ថិតក្នុងភាពសង្ស័យ។ ក្នុងយុវវ័យ គាត់បានក្លាយជាចាប់ចិត្តនឹងបទទំនាយ។ បន្ទាប់ពីអានសៀវភៅប្រវត្តិសាស្ត្របុរាណរបស់លោករូលិនចប់ហើយ គាត់ក៏បានផ្តោតអារម្មណ៍ទៅលើគម្ពីរដានីយ៉ែលជំពូក២ម្តង។ គាត់បានកោតស្ញប់ស្ញែងនឹងទំនាយ​ដែលទស្សន៍ទាយត្រូវទាំងអស់។ នេះជាទីបន្ទាល់នៃបទគម្ពីរស្តីពីការសណ្ឋិតដោយព្រះវិញ្ញាណ។ ការនិយមវែកញែករកហេតុផល ពុំបានធ្វើឱ្យ​គាត់ស្កប់ ចិត្តទេ ហើយដោយការសិក្សាព្រះគម្ពីរ គាត់ក៏បានឈានដល់ជំនឿ​ដ៏ល្អ ប្រពៃមួយ។

ការសិក្សាបង្ហាញដល់គាត់ថា ការយាងមករបស់ព្រះអម្ចាស់គឺកៀកហើយ។ ដោយរំភើបចិត្តនឹងភាពសំខាន់នៃសេចក្តីពិតនេះ គាត់ក៏ចង់ចែកចាយដល់មនុស្សម្នាទាំងឡាយដែរ។ ប៉ុន្តែ ជំនឿដែលគេនិយមជឿថា ទំនាយនៃដានីយ៉ែលមិនអាចយល់បាននោះគឺជាឧបសគ្គដ៏ធំមួយ។ ដូចជាលោកហ្វារ៉ែលដែលបានផ្សព្វផ្សាយមុនគាត់នៅឯរដ្ឋហ្សឺណែវនោះដែរ គាត់តាំងចិត្តថានឹងចាប់ផ្តើមជាមួយពួកកុមារ សង្ឃឹមថាពួកគេនឹងធ្វើឱ្យឪពុក ម្តាយចាប់ចិត្ត។ គាត់មានប្រសាសន៍ថា «ខ្ញុំប្រមូលហ្វូងកុមារមួយក្រុម កាល បើក្រុមនោះរីកធំឡើង ឬបើមើលទៅឃើញថាពួកកុមារស្តាប់ រីករាយចិត្ត ឬចាប់ចិត្ត ឬយល់ហើយពន្យល់មកវិញនូវអ្វីដែលគេបានរៀន នោះខ្ញុំដឹងជាប្រាកដថានឹងកើតមានក្រុមមួយទៀតមិនយូរមិនឆាប់ ហើយជាលទ្ធផល មនុស្សពេញវ័យនឹងឃើញថាជាការចំណេញមួយដែរក្នុងការចំណាយពេល សិក្សា។ នៅពេលការនេះបានសម្រេចសព្វគ្រប់ហើយ នោះនឹងរាប់ថាជា គួរ»។

ពេលគាត់ដំណាលប្រាប់ពួកកុមារ មនុស្សចាស់ៗបានមកស្តាប់ផងដែរ។ ទីធ្លាខាងក្រោយវិហារបានពេញដោយអ្នកស្តាប់ អ្នកមានបុណ្យស័ក្តិ និងតម្រិះវិជ្ជា ជនចម្លែក និងទេសចរបរទេសដែលមកលំហែកំសាន្តក្នុងរដ្ឋហ្សឺណែវ។ ម៉្លោះហើយដំណឹងក៏ឮដល់ផ្នែកនានាទៀត។

មើលទៅឃើញថាល្អហើយ លោកហ្គ័រសិនក៏បោះពុម្ពមេរៀនរបស់គាត់ ដោយសង្ឃឹមថានឹងលើកទឹកចិត្តឱ្យមនុស្សសិក្សាសៀវភៅទំនាយទាំងឡាយ។ ក្រោយមកគាត់បានធ្វើជាគ្រូក្នុងសាលាសាសនាមួយ ហើយនៅថ្ងៃអាទិត្យគាត់បន្តការងារជាអ្នកបង្ហាត់បង្រៀនដល់កុមារាកុមារីពីបទគម្ពីរ។ ពីកៅអីសាស្ត្រាចារ្យតាមរយៈសារព័ត៌មាន និងក្នុងនាមជាគ្រូបង្រៀនកុមារ គាត់បានធ្វើជាឧបករណ៍អស់រាប់ឆ្នាំក្នុងការអំពាវនាវហៅមនុស្សជាច្រើន មកឯបទទំនាយដែលបង្ហាញថា ការយាងមករបស់ព្រះអម្ចាស់គឺជិតដល់ហើយ។

កុមារផ្សាយដំណឹងនៃប្រទេសស្កែនឌីនេវី

នៅប្រទេសស្កែនឌីនេវី ដំណឹងនៃការនិវត្តក៏ត្រូវបានប្រកាសផ្សាយដែរ។ ជនជាច្រើនបានលន់តួបាបនិងលះបង់នូវអំពើបាបរបស់ខ្លួនចោល ហើយទូលអង្វរករសូមការលើកលែងទោសក្នុងព្រះនាមនៃព្រះគ្រីស្ទ។ ប៉ុន្តែក្រុមគ្រូគង្វាលនៃព្រះវិហារប្រចាំរដ្ឋបានជំទាស់នឹងចលនានេះ ហើយអ្នកដែលផ្សាយដំណឹងខ្លះនោះត្រូវគេចាប់ដាក់គុកទៀតផង។

នៅកន្លែងជាច្រើនដែលអ្នកផ្សាយដំណឹងពីការយាងមករបស់ព្រះអម្ចាស់ដ៏ឆាប់ត្រូវបានគេហាមឃាត់ ព្រះទ្រង់សព្វព្រះទ័យនឹងផ្សាយដំណឹងតាមរយៈក្មេងតូចៗវិញ។ រដ្ឋមិនអាចឃាត់ឃាំងពួកគេបានទេ ព្រោះគេមិនទាន់គ្រប់អាយុ ដូច្នេះគេអាចផ្សាយដោយគ្មាននរណាព្យាបាទឡើយ។

ក្នុងទីលំនៅដ៏ខ្សត់ក្រទាំងឡាយនៃពួកកម្មករ ប្រជាជនបានផ្តុំគ្នាដើម្បីស្តាប់ការព្រមាន។ ក្មេងផ្សាយដំណឹងខ្លះមានអាយុមិនលើសពីប្រាំមួយទៅប្រាំបីឆ្នាំទេ ហើយក្នុងពេលដែលជីវិតរបស់គេធ្វើទីបន្ទាល់ថា គេស្រឡាញ់ព្រះអង្គសង្គ្រោះនោះ គេបង្ហាញបញ្ញា និងសមត្ថភាពដែលក្មេងចំណាស់នោះមានប៉ុណ្ណោះ។ ពេលឈរនៅចំពោះមនុស្សម្នាវិញ គេបាន​ប្រកបដោយឥទ្ធិពលហួសពីអំណោយទានធម្មជាតិរបស់ខ្លួន។ សូរស័ព្ទ និងអាកប្បកិរិយាត្រូវបានកែប្រែ ហើយគេបានស្រែកព្រមានពីការជំនុំជម្រះ ដោយអំណាចដ៏ម៉ឺងម៉ាត់ថា៖ «ចូរកោតខ្លាចព្រះហើយសរសើរសិរីល្អរបស់ ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជម្រះនោះបានមកដល់ហើយ»។

មនុស្សទាំងឡាយបានឮទាំងញាប់ញ័រ។ ព្រះវិញ្ញាណរបស់ព្រះបានខ្សឹបដល់ចិត្តគេ។ មនុស្សជាច្រើនបានបែរទៅស្រាវជ្រាវបទគម្ពីរ ពួកអ្នកឥតប្រមាណខ្លួន និងមនុស្សឥតសីលធម៌បានកែខ្លួន ហើយកិច្ចការនេះបានសម្រេចយ៉ាងអស្ចារ្យបំផុត សូម្បីតែពួកគ្រូគង្វាលនៃវិហារប្រចាំរដ្ឋក៏ទប់ខ្លួនមិនបានត្រូវតែទទួលស្គាល់ថាព្រះបានដាក់ព្រះហស្តទ្រង់ក្នុងចលនានេះ។

ជាព្រះហឫទ័យរបស់ព្រះដែលដំណឹងនៃការយាងមករបស់ព្រះអង្គសង្គ្រោះត្រូវបានផ្សព្វផ្សាយក្នុងប្រទេសស្កែនឌីនេវីនោះ ហើយទ្រង់ប្រទាន ព្រះវិញ្ញាណរបស់ទ្រង់ក្នុងកុមារទាំងឡាយ ដើម្បីឱ្យការងារបានសម្រេច។ នាកាលដែលព្រះយេស៊ូវបានយាងមកជិតក្រុងយេរូសាឡិមហើយនោះ ពួកបណ្តាជនឈប់ស្រែកអបអរសាទរនៅពេលគេចូលទ្វារក្រុង ព្រោះខ្លាចពួកសង្ឃ និងពួកអ្នកគ្រប់គ្រង។ ប៉ុន្តែ កុមារាកុមារីទាំងឡាយដែលនៅក្នុងទីធ្លា ព្រះវិហារនោះនៅតែបន្ទរឡើងថា «ហូសាណាដល់ព្រះវង្សហ្លួងដាវីឌ»។ ម៉ាថាយ ២១:៨-១៦។ ដូចជាព្រះប្រកបការងារតាមរយៈកូនក្មេងនៅពេលព្រះគ្រីស្ទយាងមកជាលើកទីមួយនោះ ទ្រង់ក៏ប្រកបការងារតាមរយៈពួកគេក្នុងការផ្សាយដំណឹងនៃការនិវត្តជាលើកទីពីរដែរ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ វេទនា​ដល់​ពួក​អ្នក ដែល​រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្តី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្តី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ។ អេសាយ ៥:២០

Powered by CAM