ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក១៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ។ វិវរណៈ ១៤:៧
ដំណឹងឮសុសសាយ
ប្រទេសអាមេរិកបានក្លាយទៅជាមជ្ឈមណ្ឌលនៃមហាចលនានិវត្ត។ សំណេររបស់លោកមិល្លើរ និងគូកនរបស់គាត់ត្រូវបាននាំទៅទឹកដីឆ្ងាយៗទៅគ្រប់ទីកន្លែងណាដែលពួកបេសកជនអាចលុកលុយចូលក្នុងអស់ទាំងពិភពលោកបាន។ ដំណឹងដ៏អស់កល្បបានឮសុសសាយគ្រប់ទិសទី៖ «ចូរកោតខ្លាចព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជម្រះនោះបានមកដល់ហើយ»។
បទទំនាយដែលហាក់បីដូចជាចង្អុលទៅការយាងមករបស់ព្រះគ្រីស្ទ នៅរដូវផ្ការីកក្នុងឆ្នាំ១៨៤៤ បានដក់ជាប់ក្នុងគំនិតនៃបណ្តាមនុស្ស។ មនុស្សភាគច្រើនជឿថាការវែកញែកចេញពីអំឡុងពេលនៃបទទំនាយ គឺត្រឹមត្រូវហើយ ហើយដោយលះបង់អំនួតនៃមតិរបស់គេរៀងៗខ្លួនចោល គេក៏បានទទួលសេចក្តីពិតដោយអំណរ។ គ្រូគង្វាលខ្លះលាមុខតំណែង និងចេញពីវិហាររបស់ខ្លួន ហើយរួបរួមគ្នាប្រកាសពីការយាងមករបស់ព្រះយេស៊ូវ។ យ៉ាងណាមិញ មានគ្រូគង្វាលតិចតួចណាស់ដែលទទួលជឿដល់ដំណឹងនេះ ដូច្នេះអ្នកជឿគឺសម្បូរតែជនសុភាពរាបសាទៅវិញ។ អ្នកកសិករចេញពីស្រែចម្ការរបស់ខ្លួនជាងរថយន្តចោលគ្រឿងជួសជុល អ្នកលក់ដូរចោលទំនិញ ហើយជនមានមុខវិជ្ជាចោលតំណែងរបស់ខ្លួន។ គេស្ម័គ្រចិត្តទ្រាំទ្រនឹងពលកម្ម ការខ្វះមុខខ្វះក្រោយ និងការរងទុក្ខប្រយោជន៍ឱ្យគេអាចហៅមនុស្សឱ្យលន់តួបាបខ្លួន ដើម្បីឱ្យបានសង្គ្រោះ។ មនុស្សរាប់ពាន់នាក់បានទទួលជឿដល់សេចក្តីពិតនៃការនិវត្ត។
ខងាយយល់បានធ្វើឱ្យគេជឿ
ដូចជាយ៉ូហានបាទីស្ទដែរ ពួកផ្សាយដំណឹងបានដាក់ពូថៅនៅ នឹងឫសឈើ ហើយក៏ហៅឱ្យមនុស្សទាំងអស់ឱ្យ «បង្កើតផលដែលសំណំ នឹងសេចក្តីប្រែចិត្ត»។ ផ្ទុយពីការធានានូវសន្តិភាព និងសន្តិសុខដែលបន្លឺចេញពីតុអធិប្បាយល្បីៗនោះទីបន្ទាល់នៃបទគម្ពីរដ៏ងាយយល់បានធ្វើឱ្យគេជឿជាក់ក្នុងចិត្ត ហើយមានតែអ្នកខ្លះទេដែលមិនព្រមជឿ។ មនុស្សភាគច្រើនបានស្វែងរកព្រះដោយមានចិត្តកែប្រែ។ អ្វីៗនៅផែនដីដែលគេស្រឡាញ់ជាយូរមកហើយនោះ ឥឡូវនេះ គេផ្តោតទៅលើស្ថានសួគ៌វិញម្តង។ គេបានចូលរួមស្រែកប្រកាសដោយចិត្តធូរស្រាល និងស្រទន់ថា៖ «ចូរកោតខ្លាចព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជម្រះនោះបានមកដល់ហើយ»។
អ្នកមានបាបសួរទាំងទឹកភ្នែកថា៖ «តើត្រូវធ្វើដូចម្តេចដើម្បីឱ្យខ្ញុំបានសង្គ្រោះ?» គឺអ្នកដែលធ្លាប់វៀចវេរអន្ទះអន្ទែងចង់កែតម្រង់ខ្លួនវិញ។ អស់អ្នកដែលរកឃើញសន្តិភាពក្នុងព្រះគ្រីស្ទ ក៏មានចិត្តចង់ឃើញអ្នកដទៃទទួល ព្រះពរដែរ។ ចិត្តរបស់មាតាបិតាបាននឹងភ្នកដល់កូនរបស់ខ្លួន ហើយកូនដល់ឪពុកម្តាយខ្លួនវិញ។ ម៉ាឡាគី ៤:៥,៦។ រនាំងនៃសេចក្តីមានឫកខ្ពស់ និងសេចក្តីគុំកួនត្រូវបានរសាត់បាត់ទៅ។ ការសារភាពដ៏អស់ពីចិត្តក៏បានកើតឡើង។ មនុស្សបានអង្វរករដល់ព្រះគ្រប់ទីកន្លែង។ ភាគច្រើនបានខិតខំអធិស្ឋានអស់មួយយប់ទូលសូមនូវការលើកលែងបាបទាំងឡាយរបស់ខ្លួន ឬទូលសូមឱ្យញាតិសន្តាន ឬអ្នកជិតខាងខ្លួនកែប្រែចិត្ត។
មនុស្សគ្រប់វណ្ណៈ អ្នកមាន និងអ្នកក្រ ខ្ពស់ និងទាបមានចិត្តក្តុកក្តួលចង់ស្តាប់នូវគោលលទ្ធិនៃការនិវត្តជាលើកទីពីរ។ ព្រះវិញ្ញាណរបស់ព្រះបានប្រទានអំណាចព្រះចេស្តាដល់សេចក្តីពិតរបស់ទ្រង់។ គេបានពិសោធវត្តមាននៃពួកទេវតាបរិសុទ្ធក្នុងការប្រជុំទាំងនេះ ហើយមានអ្នកប្រែចិត្តជឿរាល់ថ្ងៃ។ មនុស្សដ៏សន្ធឹកសន្ធាប់បានស្តាប់ដោយស្ងៀមស្ងាត់ដល់ពាក្យពេចន៍ដ៏មានន័យ។ ស្ថានសួគ៌ និងផែនដីហាក់បីដូចជាតម្រង់រកគ្នា។ បណ្តាមនុស្សត្រឡប់ទៅផ្ទះរបស់ខ្លួនវិញដោយច្រៀងសរសើរជាប់នៅនឹងមាត់ ធ្វើឱ្យរាត្រីដ៏ស្ងប់ស្ងាត់បានពោរពេញទៅដោយសូរស័ព្ទដ៏ពីរោះ។ គ្មាននរណាម្នាក់ដែលបានអញ្ជើញទៅប្រជុំហើយ អាចភ្លេចទស្សនីយភាពដ៏ចាប់ចិត្តពេកក្រៃនោះឡើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ វេទនាដល់ពួកអ្នក ដែលរាប់សេចក្តីអាក្រក់ថាជាល្អ ហើយសេចក្តីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្តីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្តីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ។ អេសាយ ៥:២០