ថ្ងៃសុក្រ ទី២៣​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក១៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ មើល មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មក​ដល់ នោះ​អញ​នឹង​ចាត់​អេលីយ៉ា ឲ្យ​មក​ឯ​ឯង​រាល់​គ្នា លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​អញ​មក​វាយ​ផែនដី​ដោយ​សេចក្តី​បណ្តាសា។។ ម៉ាឡាគី ៤:៥-៦

គេជំទាស់ដំណឹង

ការប្រកាសពេលកំណត់សម្រាប់ដំណើរយាងមករបស់ព្រះគ្រីស្ទបានធ្វើឱ្យមានសេចក្តីជំទាស់ជាខ្លាំងពីមនុស្សភាគច្រើននៃវណ្ណៈទាំងអស់ ពីគ្រូគង្វាលទៅដល់អ្នកមានបាបដ៏ឥតញញើតនឹងព្រះ។ ភាគច្រើនបាន​ថ្លែងថា គេឥតជំទាស់នឹងគោលលទ្ធិនៃការនិវត្តជាលើកទីពីរទេ គេគ្រាន់តែជំទាស់នឹងពេលកំណត់ប៉ុណ្ណោះ។ ប៉ុន្តែ ព្រះនេត្រដ៏ទតឃើញគ្រប់ទីកន្លែងរបស់ព្រះអាចមើលឃើញចិត្តរបស់គេ។ ពួកគេមិនចង់ឮពីការយាងមករបស់ព្រះគ្រីស្ទ ដើម្បីជំនុំជម្រះពិភពលោកដោយភាពសុចរិតទេ ព្រោះកិច្ចការរបស់គេមិនបានជាគួរដល់ព្រះដែលញាណដឹងចិត្តមនុស្សសព្វអន្លើម៉្លោះហើយបានខ្លាចជួបព្រះអម្ចាស់របស់ខ្លួន។ ដូចជាពួកជូវនាពេលព្រះគ្រីស្ទវិវត្តមកជាលើកទីមួយនោះដែរ ពួកគេពុំចង់ស្វាគមន៍ព្រះយេស៊ូវទេ។ ពួកគេមិនគ្រាន់តែបដិសេធមិនព្រមស្តាប់សេចក្តីពន្យល់ដ៏ងាយយល់អំពីព្រះគម្ពីរទេ តែបែរទៅជាចំអកឱ្យអ្នកដែលទន្ទឹងចាំព្រះអម្ចាស់ទៅវិញ។ សាតាំងបានចាក់រុកដល់ព្រះគ្រីស្ទថារាស្ត្រដែលអះអាងថាដើរតាមទ្រង់ មិនសូវស្រឡាញ់ទ្រង់ទេបានជាគេមិនចង់ឱ្យទ្រង់យាងមក។

គេតែងតែលើកឡើងថា «គ្មាននរណាដឹងពីថ្ងៃ ឬម៉ោងឡើយ» ដើម្បី យកមកបដិសេធជំនឿនិវត្ត។ បទគម្ពីរចែងដូច្នេះ៖ «ដ្បិតត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ»។ ម៉ាថាយ ២៤:៣៦។ អ្នកដែលរង់ចាំព្រះអម្ចាស់បានពន្យល់ខនេះច្បាស់ជាងនេះទៅទៀត ហើយការប្រើខនេះខុសរបៀបដោយពួកប្រឆាំងក៏ត្រូវបានបង្ហាញ​យ៉ាង​ច្បាស់​ដែរ។

ព្រះបន្ទូលណាមួយរបស់ព្រះអង្គសង្គ្រោះ មិនត្រូវប្រើដើម្បីបំបាត់ព្រះបន្ទូលមួយទៀតឡើយ។ ទោះជាគ្មាននរណាដឹងពីថ្ងៃ ឬម៉ោងនៃការយាងមករបស់ទ្រង់ក៏ដោយ យើងត្រូវដឹងថា តើកៀកពេលហើយ ឬនៅ។ ការបដិសេធ ឬមិនអើពើនឹងចង់ដឹងថាការនិវត្តរបស់ទ្រង់គឺជិតដល់ហើយនោះ គឺនឹងកើតគ្រោះថ្នាក់ដល់យើងដូចជាដល់ពួកអ្នកដែលនៅជំនាន់លោកណូអេដែរ ដែលគេមិនចង់ដឹងថាទឹកជំនន់នឹងធ្លាក់មកនៅពេលណា។ ព្រះគ្រីស្ទមានបន្ទូលថា៖ «បើឯងមិនចាំយាមទេ នោះអញនឹងមកឯឯង ដូចជាចោរ ហើយនិងមិនដឹងជាវេលាណាដែលអញមកឯឯងឡើយ»។ វិវរណៈ ៣:៣។

សាវ័កប៉ុលបានមានប្រសាសន៍អំពីអ្នកយកចិត្តទុកដាក់ពីសេចក្តីព្រមានថា៖ «បងប្អូនអើយអ្នករាល់គ្នាមិនមែននៅក្នុងសេចក្តីងងឹត ឱ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នាដូចជាចោរនោះទេ។ អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃថ្ងៃ»។ ថែស្សាឡូនីចទី១ ៥:២-៥។

ប៉ុន្តែ អ្នកដែលប្រាថ្នារកលេសដើម្បីបដិសេធសេចក្តីពិតបានបិទត្រចៀករបស់ខ្លួនមិនព្រមស្តាប់សេចក្តីពន្យល់នេះ ហើយពាក្យថា «គ្មាន​នរណាដឹងពីថ្ងៃ ឬម៉ោងឡើយ» បានឮនៅតែនឹងមាត់នៃពួកចំអកឡកឡឺយ និងទាំងអ្នកដែលអះអាងថាជាគ្រូគង្វាលរបស់ព្រះគ្រីស្ទ។ នៅពេលបណ្តាជនសុើបសួរផ្លូវឱ្យបានសង្គ្រោះ ពួកគ្រូសាសនាបានជ្រៀតខ្លួនចូលរវាងគេ និងសេចក្តីពិតដោយបកស្រាយព្រះបន្ទូលរបស់ព្រះមិនឱ្យត្រឹមត្រូវ។

អ្នកដែលស៊ប់ជាងគេក្នុងវិហារច្រើនតែទទួលដំណឹងនោះមុនគេ។ ទីណាដែលក្រុមគ្រូគង្វាលមិនបានក្តោបក្តាប់បណ្តាជន ទីណាដែលគេស្រាវជ្រាវព្រះបន្ទូលរបស់ព្រះដោយខ្លួនឯង ទីនោះគោលលទ្ធិនៃការនិវត្តនឹងបានរកឃើញដោយគ្រាន់តែផ្ទៀងនឹងបទគម្ពីរប៉ុណ្ណោះ ដើម្បី​ឱ្យដឹងថា ជាអំណាច​មកពីស្ថានសួគ៌មែន។

មនុស្សជាច្រើនត្រូវបានវង្វេងវង្វាន់ដោយសារប្តីប្រពន្ធ ឪពុកម្តាយ ឬកូនចៅផង ហើយគេបានធ្វើឱ្យពួកគេជឿថា ការស្តាប់ «លទ្ធិខុសឆ្គងទាំងឡាយ» ដែលពួកនិវត្តកៈបង្រៀន គឺជាអំពើបាបមួយ។ ព្រះបានដាក់ទេវតាឱ្យមើលថែរក្សាព្រលឹងទាំងនេះព្រោះនៅមានពន្លឺមួយទៀតដែលនឹងត្រូវចាំងជះមកលើគេពីបល្ល័ង្ករបស់ព្រះ។

អ្នកដែលបានទទួលដំណឹងហើយ បានរង់ចាំនូវការយាងមករបស់​ព្រះអង្គសង្គ្រោះរបស់ខ្លួន។ ពេលវេលាដែលគេសង្ឃឹមថានឹងជួបទ្រង់គឺជិតដល់ហើយ។ គេបានទន្ទឹងចាំវេលានេះដោយចិត្តស្ងប់ស្ងាត់។ គ្មានអ្នកណាដែលបានពិសោធការនេះហើយ អាចភ្លេចវេលារង់ចាំដ៏មានតម្លៃនោះឡើយ។ ប៉ុន្មានសប្តាហ៍មុនពេលនោះ ជំនួញលោកីយ៍ភាគច្រើនត្រូវបានផ្អាកមួយរយៈ។ អ្នកជឿដែលមានចិត្តស្មោះត្រង់បានពិនិត្យចិត្តរបស់ខ្លួនយ៉ាងប្រយ័ត្នប្រយែង ហាក់បីដូចជាប៉ុន្មានម៉ោងទៀត គេនឹងលាចាកទស្សនីយភាពនៃផែនប្រថពីដូច្នោះ។ គ្មានការធ្វើ «សំលៀកបំពាក់ឡើងទៅស្ថានសួគ៌» ទេ ប៉ុន្តែ គេទាំងអស់គ្នាបានដឹងក្នុងខ្លួនថាមានភ័ស្តុតាងដើម្បីបញ្ជាក់ថា គេបានរៀបចំខ្លួនដើម្បីនឹងជួបព្រះអង្គសង្គ្រោះ។ សំលៀកបំពាក់សរបស់គេគឺជា ព្រលឹងដ៏បរិសុទ្ធ ចរិយាសម្បត្តិដែលបានលាងស្អាតដោយព្រះលោហិតលោះបាបរបស់ព្រះគ្រីស្ទ។ តើជាការប្រសើរយ៉ាងណាទៅ បើរាស្ត្រ​របស់​ព្រះនឹងនៅតែមានចិត្តស្វះស្វែងចង់ដឹង និងនៅតែមានជំនឿដ៏អស់ពីចិត្តដដែលនោះ។

ព្រះបានគ្រោងនឹងបង្រៀនរាស្ត្រទ្រង់។ ព្រះហស្តរបស់ទ្រង់បានគ្របបាំងកំហុសក្នុងការទូទាត់អំឡុងពេលនៃបទទំនាយ។ ពេលដែលត្រូវយាងមក [ពោលគឺពេលដែលព្រះគ្រីស្ទនឹងយាងមកនៅរដូវផ្ការីកក្នុងឆ្នាំ១៨៤៤] បានកន្លងផុតទៅហើយ ប៉ុន្តែព្រះគ្រីស្ទពុំបានយាងមក។ អ្នកដែលទន្ទឹងចាំព្រះអង្គសង្រ្គោះរបស់ខ្លួនបានពិសោធការខកចិត្តដ៏ជូរចត់។ តែព្រះបានសាកល្បងចិត្តអ្នកដែលអះអាងថារង់ចាំទ្រង់យាងមក។ ភាគច្រើនបានប្រែចិត្តជឿដោយភ័យខ្លាច។ មនុស្សទាំងនេះបានថ្លែងថា គេមិនដែលជឿថា ព្រះគ្រីស្ទនឹងយាងមកឡើយ។ គេជាមនុស្សក្នុងចំណោមអ្នកចំអកមុនគេដល់សេចក្តីសោកសង្រេងនៃអ្នកជឿពិតប្រាកដ។

ប៉ុន្តែព្រះយេស៊ូវ និងពួកពលបរិវារនៃស្ថានសួគ៌បានទតមើលដោយ សេចក្តីស្រឡាញ់ និងសេចក្តីអាណិតអាសូរលើពួកអ្នកស្មោះត្រង់ដែលបានខកចិត្តនោះ។ ប្រសិនបើស្បៃដែលញែកពិភពមើលឃើញ និងពិភពមើលមិនឃើញត្រូវបានដកចេញ នោះនឹងឃើញទេវតាស្ថិតនៅជិតព្រលឹងដែលកាន់ជឿជាប់ព្រមទាំងបំបាំងគេពីចង្កូមរបស់សាតាំងទៀតផង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ វេទនា​ដល់​ពួក​អ្នក ដែល​រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្តី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្តី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ។ អេសាយ ៥:២០

Powered by CAM