ថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១
មហាវិវាទ (ជំពូកទី-២១)
ការច្រូតកាត់ខ្យល់កួច
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក១៨
វិល្លៀម មិល្លើរ និងសហការីបាននាំគ្នាស្វែងរកវិធីដាស់ស្មារតីពួកសាស្ត្រាចារ្យសាសនាឱ្យបែរទៅរកសេចក្តីសង្ឃឹមដ៏ពិតនៃព្រះវិហារ និង សេចក្តីត្រូវការរបស់ខ្លួន ចំពោះការពិសោធដ៏ជ្រាលជ្រៅរបស់អ្នកគ្រីស្ទាន។ ពួកគេបានពញ្ញាក់ស្មារតីនៃពួកអ្នកមិនជឿ ឱ្យផ្លាស់ប្រែចិត្ត ហើយទទួលជឿ។ «ពួកគេពុំបានព្យាយាមប្រែមនុស្សឱ្យចូលគណៈណាទេ តែបានធ្វើការក្នុងចំណោមបក្ស និងគណៈវិញ»។ មិល្លើរថ្លែងថា «ខ្ញុំបានគិតរកផលប្រយោជន៍ឱ្យមនុស្សទាំងអស់គ្នា។ ប្រសិនបើជនគ្រីស្ទានទាំងអស់មានអំណរចំពោះដំណើរយាងមករបស់ព្រះគ្រីស្ទនៅខាងមុខ ហើយបើអស់អ្នកដែលពុំបានយល់ឃើញដូចខ្ញុំ រាប់អានដល់អ្នកដែលឱបក្រសោបគោលលទ្ធិនេះ នោះខ្ញុំជឿថា ពុំគួរចាំបាច់នឹងបំបែកក្រុមជំនុំទេ...។ ចំនួនមនុស្សភាគច្រើននៃអស់អ្នកដែលបានប្រែចិត្តជឿដោយសារការងាររបស់ខ្ញុំបានរួបរួមជាមួយនឹងវិហារផ្សេងៗ»។
ប៉ុន្តែ ពួកមេដឹកនាំសាសនាបានសម្រេចជំទាស់នឹងគោលលទ្ធិនិវត្តន៍វិញ ពួកគេបដិសេធមិនឱ្យសមាជិករបស់ខ្លួនមានសិទ្ធិរួមប្រជុំស្តាប់សេចក្តី អធិប្បាយអំពីដំណើរយាងមកជាលើកទីពីរ ឬក៏និយាយគ្នាអំពីសេចក្តីសង្ឃឹមរបស់ខ្លួននៅក្នុងវិហារឡើយ។ អ្នកជឿទាំងឡាយស្រឡាញ់វិហារណាស់។ ប៉ុន្តែ នៅពេលដែលពួកគេបានឃើញថា ខ្លួនមិនមានសិទ្ធិតាមដានបទទំនាយនោះ ពួកគេមានអារម្មណ៍ថា ភក្តីភាពចំពោះព្រះបានហាមមិនឱ្យចុះចូល ហើយគិតថាការបំបែកចេញក៏ជាការត្រឹមត្រូវដែរ។ នៅរដូវ ក្តៅនៃឆ្នាំ១៨៤៤ មានប្រហែលប្រាំម៉ឺននាក់បានដកខ្លួនចេញពីវិហារទាំងឡាយ។
នៅក្នុងវិហារភាគច្រើន មានការកើនឡើងជាលំដាប់អស់រាប់ឆ្នាំមកហើយ នូវការសម្របជាមួយនឹងការអនុវត្តនៃលោកីយ៍ ហើយជីវិតខាងព្រលឹងវិញ្ញាណក៏ត្រូវបានថយចុះដែរ។ ប៉ុន្តែ នៅក្នុងឆ្នាំនោះមានភ័ស្តុតាងបញ្ជាក់ ថាមានការថយចុះយ៉ាងខ្លាំង នៅស្ទើរតែគ្រប់វិហារទាំងអស់ក្នុងប្រទេស។ ហេតុពិតប្រាកដត្រូវបានលើកឡើងជាទូទៅទាំងនៅតាមសារព័ត៌មាន និងលើតុអធិប្បាយ។
លោកបាណស៍ដែលជាអ្នកនិពន្ធសៀវភៅវចនាធិប្បាយ និងជាគ្រូគង្វាលនៃវិហារធំមួយនៅរដ្ឋភីឡាដិលភា «បានថ្លែងថា...ឥឡូវនេះគ្មានការភ្ញាក់រឭក គ្មានការប្រែចិត្តជឿអ្វីទេ ពុំសូវមានឃើញការលូតលាស់នៅក្នុងព្រះគុណនៅក្នុងពួកសាស្ត្រាចារ្យប៉ុន្មានដែរ ហើយក៏ពុំមាននរណាមកកាន់បន្ទប់របស់គាត់ ដើម្បីនិយាយពីសេចក្តីសង្គ្រោះដល់ព្រលឹងខ្លួនសោះ...។ មានការខ្វល់ខ្វាយខាងលោកីយ៍កាន់តែច្រើនឡើងទាំងនៅក្នុងគណៈទាំងអស់ផង»។
នៅខែកុម្ភៈនៃឆ្នាំដដែលនោះសាស្ត្រាចារ្យហ្វ៊ិននី នៅមហាវិទ្យាល័យ អូបឺលីន បានមានប្រសាសន៍ថា៖ «ជាទូទៅវិហារប្រូតេស្តង់ទាំងឡាយនៃប្រទេសយើង ដូចជាគ្មានទឹកចិត្ត ហើយខ្សោះអង្គើយចំពោះទម្រង់សីលធម៌នៃសម័យកាលស្ទើរតែទាំងអស់...។ ការខ្សោះអង្គើយខាងព្រលឹងវិញ្ញាណកំពុងរាលដាលស្ទើរសព្វអន្លើ ហើយជ្រាលជ្រៅគួរឱ្យខ្លាចផង សារព័ត៌មានសាសនានៃប្រទេសទាំងមូលថ្លែងទីបន្ទាល់ដូច្នេះវិញ...។ សមាជិកដ៏ច្រើនរបស់វិហារបានក្លាយទៅជាអ្នកហ៊ឺហារខាងម៉ូដសំលៀកបំពាក់ ចូលដៃជាមួយនឹងពួកគ្មានព្រះក្នុងពិធីជប់លៀង សប្បាយភ្លើតភ្លើនក្នុងការរាំច្រៀង និងក្នុងពិធីផ្សេងៗជាដើម...។ វិហារទាំងឡាយជាទូទៅកំពុងធ្លាក់ចុះជាការគួរឱ្យសោកស្តាយ។ គេបានឃ្លាតសែនឆ្ងាយពីព្រះ ហើយព្រះអង្គក៏បានដកអង្គទ្រង់ចេញអំពីគេដែរ»។
ការបដិសេធពន្លឺ
ភាពងងឹតខាងព្រលឹងវិញ្ញាណកើតមានឡើងពុំមែនដោយព្រោះព្រះដកព្រះគុណចេញស្រេចតែព្រះទ័យព្រះអង្គទេ តែដោយសារមនុស្សបដិសេធពន្លឺវិញ។ ពួកអ៊ីស្រាអែល ដោយមានការជាប់ចិត្តចំពោះលោកីយ៍ ហើយភ្លេចព្រះ ពុំបានដឹងអំពីដំណើរយាងមករបស់ព្រះមែស្ស៊ីទេ។ គេបានបដិសេធព្រះអង្គសង្គ្រោះដោយសេចក្តីមិនជឿ។ ព្រះអង្គពុំបានកាត់ផ្តាច់ សាសន៍អ៊ីស្រាអែលចេញអំពីព្រះពរនៃសេចក្តីសង្គ្រោះឡើយ។ អស់អ្នកដែលបានបដិសេធសេចក្តីពិតបាន «យកសេចក្តីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត»។ អេសាយ ៥:២០។
បន្ទាប់ពីបានបដិសេធចោលដំណឹងល្អហើយ ពួកជូវនៅតែរក្សាទំនៀមទម្លាប់របស់ខ្លួនពីបុរាណដដែលនៅពេលដែលពួកគេទទួលសារភាពថា វត្តមាន របស់ព្រះពុំមាននៅក្នុងចំណោមពួកគេទៀតឡើយ។ បទទំនាយរបស់ហោរា ដានីយ៉ែលបានចង្អុលបង្ហាញដោយឥតខុសទៅឯពេលវេលានៃការយាងមករបស់ព្រះមែស្ស៊ី ហើយនិងទស្សន៍ទាយជាមុនយ៉ាងច្បាស់ អំពីជីវង្គតរបស់ព្រះអង្គទៀតផង។ ដូច្នេះ ពួកគេក៏បំបាក់ទឹកចិត្តជនទាំងឡាយមិនឱ្យសិក្សាស្រាវជ្រាវបទទំនាយ ហើយនៅទីបំផុតពួកគ្រូអាចារ្យ បានដាក់បណ្តាសាទៅលើអស់អ្នកដែលព្យាយាមទូទាត់អំពីពេលវេលានោះ។ ក្នុងសេចក្តីកង្វាក់ និងសេចក្តីមិនលន់តួប្រែចិត្ត បណ្តាជនអ៊ីស្រាអែលមិនបានរវីរវល់នឹងព្រះពរនៃដំណឹងល្អអស់រាប់សតវត្សតៗមក ដោយសារការព្រងើយ កន្តើយចំពោះភាពសប្បុរសនៃការប្រទានសេចក្តីសង្គ្រោះ។ នេះជាសេចក្តីព្រមានដ៏ម៉ឺងម៉ាត់ ហើយដ៏គួរឱ្យខ្លាចចំពោះភាពគ្រោះថ្នាក់នៃការបដិសេធពន្លឺពីស្ថានសួគ៌។
អ្នកណាដែលមិនប្រព្រឹត្តភារកិច្ចដែលខ្លួនដឹងថាត្រូវធ្វើ ដោយព្រោះខ្លាចរំខានដល់ការលំអៀងរបស់ខ្លួននៅទីបំផុតនឹងត្រូវបាត់បង់អំណាចក្នុងការបែងចែករវាងសេចក្តីពិត និងសេចក្តីខុសឆ្គង។ ព្រលឹងនោះនឹងបែកចេញអំពីព្រះ។ នៅទីណាដែលគេច្រានចោលសេចក្តីពិតដ៏ពិសិដ្ឋ ក្រុមជំនុំនឹងស្ថិតនៅក្នុងភាពងងឹត សេចក្តីជំនឿ និងសេចក្តីស្រឡាញ់ទៅជាខ្សោះអង្គើយ ហើយសេចក្តីទាស់ទែងគ្នាក៏ជ្រៀតចូលមក។ សមាជិកក្រុមជំនុំមានការចាប់អារម្មណ៍ក្នុងការដេញតាមសម្ភារៈលោកីយ៍ ហើយបាបជនមានចិត្តរឹងរូសក្នុងសេចក្តីមិនលន់តួប្រែចិត្តរបស់គេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ វេទនាដល់ពួកអ្នក ដែលរាប់សេចក្តីអាក្រក់ថាជាល្អ ហើយសេចក្តីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្តីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្តីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ។ អេសាយ ៥:២០