ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក១៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពីព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌនៃព្រះ ដ្បិតខ្ញុំបានបំរុងអ្នករាល់គ្នាទុក ឲ្យមានប្តីតែ១ ទុកដូចជាក្រមុំបរិសុទ្ធ គឺដើម្បីនឹងថ្វាយទៅព្រះគ្រីស្ទតែមួយប៉ុណ្ណោះ។ កូរិនថូសទី២ ១១:២
ព្រះរាជសារនៃទេវតាទីមួយ
ព្រះរាជសារនៃទេវតាទីមួយនៅវិវរណៈ១៤ បានរៀបរៀងឡើង ដើម្បីញែកបណ្តាជនដែលតាំងខ្លួនជឿព្រះ ចេញអំពីឥទ្ធិពលពុករលួយ។ ក្នុងព្រះរាជសារនេះ ព្រះបានបញ្ជូនដល់ក្រុមជំនុំនូវសេចក្តីព្រមានដែលប្រសិនបើគេជឿនោះ នឹងបានកែប្រែនូវអំពើអាក្រក់ទាំងឡាយដែលបានបិទបាំងពួកគេចេញពីទ្រង់។ ប្រសិនបើពួកគេទទួលព្រះរាជសារ ហើយបន្ទាបចិត្តឱ្យបានរាបទាបទាំងស្វែងរកវិធីឈរឱ្យមាំនៅចំពោះវត្តមានព្រះអង្គ នោះព្រះវិញ្ញាណនៃព្រះនឹងបានបើកសម្តែងឱ្យគេឃើញទៅហើយ។ ក្រុមជំនុំនឹងបានឈានដល់ឯកភាពខាងជំនឿ និងសេចក្តីស្រឡាញ់ដូចក្នុងសម័យពួកសាវ័កម្តងទៀត នៅពេលពួកអ្នកជឿ «មានចិត្តគំនិតតែមួយ» និងនៅពេលដែល «ទ្រង់ ...បន្ថែមនូវអស់អ្នកដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ»។ កិច្ចការ ៤:៣២; ២:៤៧។
ប្រសិនបើបណ្តាជនព្រះព្រមទទួលពន្លឺពីព្រះបន្ទូលព្រះអង្គ គេនឹងបានឈានដល់ឯកភាពដែលសាវ័កពិពណ៌នាថា ជា «សេចក្តីរួបរួមរបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រីទុកជាចំណង» ជាមិនខាន «មានរូបកាយតែមួយ ហើយព្រះវិញ្ញាណតែមួយ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីសង្ឃឹមតែមួយ មានព្រះអម្ចាស់តែមួយ សេចក្តីជំនឿតែមួយ បុណ្យជ្រមុជតែមួយ»។ អេភេសូរ ៤:៣-៦។
អស់អ្នកដែលទទួលព្រះរាជសារនៃការនិវត្តរបស់ព្រះបានមកពីនិកាយផ្សេងៗ ហើយរបាំងរាំងរារវាងនិកាយរបស់ពួកគេ ត្រូវបានគ្រវាត់ចោលទៅដី។ គោលជំនឿដែលខ្វែងគ្នាទាំងប៉ុន្មានត្រូវបានកម្ទេចល្អិត ទស្សនៈខុសអំពីដំណើរយាងមកជាលើកទីពីរត្រូវបានកែតម្រូវឡើងវិញ សេចក្តីខុសបានកែឱ្យត្រូវចិត្តគំនិតបានឯកភាពគ្នាយ៉ាងជិតស្និទ្ធ សេចក្តីស្រឡាញ់បានគ្រងរាជ្យដ៏ឧត្តម។ គោលលទ្ធិនេះនឹងធ្វើឱ្យគេទាំងអស់បានជាយ៉ាង ដូច្នោះ ប្រសិនបើទាំងអស់គ្នាទទួល។
គ្រូគង្វាលទាំងឡាយដែលជាអ្នកចាំយាម គួរបានជាអ្នកយល់ដឹងមុនគេនូវសញ្ញានៃដំណើរយាងមករបស់ព្រះយេស៊ូវ តែពួកគេពុំបានរៀនអំពីសេចក្តីពិតពីពួកហោរា ឬអំពីទីសម្គាល់នៃពេលវេលាទេ។ សេចក្តីស្រឡាញ់ដល់ព្រះ និងសេចក្តីជំនឿចំពោះព្រះបន្ទូលព្រះអង្គបានទៅជាខ្សោះអង្គើយ ហើយគោលលទ្ធិនៃការនិវត្តគ្រាន់តែធ្វើឱ្យគេមិនជឿប៉ុណ្ណោះ។ ដូចកាលពីដើមដែរ ទីបន្ទាល់នៃព្រះបន្ទូលព្រះបានជួបប្រទះនឹងពាក្យចោទសួរថា៖ «តើមានអ្នកណាក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ីដែលជឿដល់អ្នកនោះឬទេ?» យ៉ូហាន ៧:៤៨។ មនុស្សជាច្រើនធ្វើឱ្យគេធ្លាក់ទឹកចិត្តចំពោះការសិក្សាបទទំនាយ ហើយបង្រៀនថាសៀវភៅបទទំនាយទាំងឡាយ ត្រូវបានបោះត្រារួចហើយ ហើយក៏ពុំមែនសម្រាប់ឱ្យនរណាយល់បានដែរ។ ពួកបណ្តាជនបានជឿទុកចិត្តគ្រូគង្វាលរបស់ខ្លួន ក៏បដិសេធមិនព្រមស្តាប់ ចំណែកអ្នកដទៃទៀត ទោះបីបានជឿចំពោះសេចក្តីពិតហើយក៏ដោយ ក៏ពុំហ៊ានសារភាពថាខ្លួនជឿដែរក្រែងខ្លួនត្រូវ «កាត់ចេញពីក្រុមជំនុំ»។ យ៉ូហាន ៩:២២។ ព្រះរាជសារដែលព្រះបានបញ្ជូនមកដើម្បីសាកល្បងក្រុមជំនុំ បានបើកសម្តែងឱ្យឃើញថាមានមនុស្សសន្ធឹកសន្ធាប់ណាស់ ដែលផ្តោតចិត្តរបស់ខ្លួនទៅលើលោកីយ៍ជាជាងព្រះគ្រីស្ទ។
ការបដិសេធសេចក្តីព្រមានរបស់ទេវតាទីមួយ គឺជាដើមហេតុនៃលក្ខណៈដ៏គួរភ័យខ្លាចនៃសភាពលោកីយ៍នៃការជំពប់ដួល និងនៃសេចក្តីស្លាប់ខាងព្រលឹងវិញ្ញាណដែលកើតមាននៅក្នុងក្រុមជំនុំនាឆ្នាំ១៨៤៤។
ព្រះរាជសារនៃទេវតាទីពីរ
នៅក្នុងគម្ពីរវិវរណៈជំពូក១៤ ទេវតាទីពីរប្រកាសតាមក្រោយទេវតាទីមួយថា៖ «ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ បានរលំហើយដ្បិតវាបានឱ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្តីឃោរឃៅរបស់ការកំផិតខ្លួន»។ វិវរណៈ ១៤:៨។ ពាក្យថា «បាប៊ីឡូន» គឺមកអំពីពាក្យ «បាបិល» មានន័យថា ច្របូកច្របល់។ នៅក្នុងបទគម្ពីរពាក្យនេះតំណាងទម្រង់ផ្សេងៗនៃសាសនាខុសឆ្គង និងសាសនាដែលប្រាសចាកជំនឿ។ ក្នុងវិវរណៈ១៧ ក្រុងបាប៊ីឡូនជាតំណាងស្រ្តីមួយរូប រូបភាពប្រើនៅក្នុងគម្ពីរទុកជានិមិត្តរូបនៃក្រុមជំនុំ ស្រ្តីប្រកបដោយគុណធម៌ ជាតំណាងវិហារបរិសុទ្ធ ស្ត្រីពោរពេញទៅដោយបាបធម៌ ជាតំណាងក្រុមជំនុំដែលប្រាសចាកជំនឿ។
ទំនាក់ទំនងរវាងព្រះគ្រីស្ទ និងវិហាររបស់ទ្រង់នៅក្នុងគម្ពីរ គឺតំណាងដោយពិធីអាពាហ៍ពិពាហ៍។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អញនឹងដណ្តឹងនាងសម្រាប់អញ ទុកជាដរាបទៅ អើអញនឹងដណ្តឹងនាងសម្រាប់អញដោយសេចក្តីសុចរិត»។ ហូសេ ២:១៩។ «អញនឹងយកឯងរាល់គ្នា»។ យេរេមា ៣:១៤។ សាវ័កប៉ុលសម្តែងថា «ខ្ញុំបានបម្រុងអ្នករាល់គ្នា ទុកឱ្យមានប្តីតែមួយ ទុកដូចជាក្រមុំបរិសុទ្ធ គឺដើម្បីនឹងថ្វាយទៅព្រះគ្រីស្ទ»។ កូរិនថូសទី២ ១១:២។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីព្រះបន្ទូលដែលពួកសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានផ្សាយប្រាប់ពីដើមរៀងមកចុះ។ យូដាស ខ:១៧