ថ្ងៃច័ន្ទ ទី២៦​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២១) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក២០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​យ៉ាង​នោះ​ដែរ។ កូរិនថូសទី២ ១១:៣

អំពើសហាយស្មន់ខាងព្រលឹងវិញ្ញាណ

ក្រុមជំនុំដែលមិនស្មោះត្រង់ចំពោះព្រះគ្រីស្ទ ដោយអនុញ្ញាតឱ្យរបស់លោកីយ៍ចូលគ្រប់គ្រងព្រលឹងខ្លួន គឺដូចគ្នានឹងការក្បត់ពាក្យសច្ចានៃពិធី អាពាហ៍ពិពាហ៍ដែរ។ អំពើបាបពួកអ៊ីស្រាអែលក្នុងការចាកចោលព្រះត្រូវបានស្ថិតនៅក្រោមសេចក្តីប្រៀបធៀបនេះ៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ ពិតប្រាកដជាឯងបានប្រព្រឹត្តអំពើក្បត់ចំពោះអញ ប្រៀបដូចជាប្រពន្ធប្រព្រឹត្តក្បត់ចាកចោលប្តីខ្លួន» «ជាស្ត្រីដែលប្រព្រឹត្តសេចក្តីកំផិត ជាស្រីដែលយកមនុស្សដទៃមកជំនួសប្តីហើយ»។ យេរេមា ៣:២០; អេសេគាល ១៦:៣២។

សាវ័កយ៉ាកុបសម្តែងថា៖ «ឱ ពួកកំផិតទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ៍ នោះគឺស្អប់ដល់ព្រះហើយ ដូច្នេះអ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសម្លាញ់នឹងលោកីយ៍នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»។ យ៉ាកុប ៤:៤។

ស្ត្រី (បាប៊ីឡូន) ស្លៀកពាក់ «ពណ៌ស្វាយ ហើយក្រហម ក៏តែងដោយមាស ត្បូងមានតម្លៃហើយនិងកែវមុក្តា ព្រមទាំងកាន់ពែងមាសដែលពេញដោយសេចក្តីស្មោកគ្រោករបស់ការកំផិតដ៏គួរខ្ពើមរបស់វាផង ហើយនៅលើថ្ងាសវាមានកត់ឈ្មោះថា ‘សេចក្តីអាថ៌កំបាំងក្រុងបាប៊ីឡូនដ៏ជាធំជាម្តាយនៃពួកស្រីសំផឹង‘។ ហោរាសម្តែងថា៖ «ខ្ញុំក៏ឃើញស្រ្តីនោះស្រវឹងនឹងឈាមពួកបរិសុទ្ធ ហើយនិងឈាមពួកអ្នកធ្វើបន្ទាល់ពីព្រះយេស៊ូវ»។ បាប៊ីឡូន គឺជា «ទីក្រុងដ៏ធំដែលមានអំណាចលើស្តេចទាំងប៉ុន្មាននៅផែនដី»។ វិវរណ​ៈ ១៧:៤-៦,១៨។

អំណាចដែលមានឥទ្ធិពលលើពួកមហាក្សត្រនៃពិភពគ្រីស្ទានជាច្រើនសតវត្សមកហើយនោះគឺជាអំណាចរ៉ូម។ ពណ៌ស្វាយ ក្រហម មាស ត្បូង មានតម្លៃ និងកែវមុក្តាពិពណ៌នាអំពីភាពអធិកអធម និងមុខតំណែងដ៏ក្រអឺតរបស់រ៉ូម។ គ្មានអំណាចណាដែលសមនឹងសេចក្តីដែលបានចែងថា «ស្រវឹងនឹងឈាមពួកបរិសុទ្ធ» ដូចជាវិហារដែលបានធ្វើទុក្ខទោសដ៏សែនឃោរឃៅដល់ពួកអ្នកជឿព្រះគ្រីស្ទឡើយ។

បាប៊ីឡូនត្រូវជាប់ចោទផងដែរ ដោយបានប្រស្រ័យទាក់ទងទាំងខុសច្បាប់ជាមួយនឹង «ពួកស្តេចនៅផែនដី»។ ដោយការឃ្លាតចេញពីព្រះអម្ចាស់ ហើយទៅចងសម្ព័ន្ធជាមួយពួកមិនជឿ ក្រុមជំនុំជូវក៏បានក្លាយទៅជាសំផឹងម្នាក់ ឯរ៉ូមវិញក៏នឹងទទួលការផ្តន្ទាទោសដូចគ្នាដែរដោយការស្វែងរកកម្លាំងគាំទ្រពីអំណាចលោកីយ៍។

បាប៊ីឡូនជា «ម្តាយនៃពួកស្រីសំផឹង» កូនស្រីរបស់នាងគឺជាវិហារទាំងឡាយដែលតោងជាប់ទៅនឹងគោលលទ្ធិរបស់នាង ព្រមទាំងដើរតាមគំរូរបស់នាងក្នុងការលះបង់សេចក្តីពិត ដើម្បីចងសម្ព័ន្ធមេត្រីជាមួយនឹងលោកីយ៍។ ព្រះរាជសារដែលប្រកាសថាបាប៊ីឡូនរលំហើយ ត្រូវតែសំដៅទៅលើតួអង្គសាសនាទាំងឡាយដែលពីដើមស្អាតស្អំ ហើយក៏ក្លាយទៅជាពុករលួយ។ ព្រះរាជសារនេះត្រូវផ្សាយនៅថ្ងៃចុងបំផុត ក្រោយការព្រមាននៃសេចក្តីជំនុំជម្រះ។ ម៉្លោះហើយព្រះរាជសារនោះមិនអាចសំដៅទៅលើ វិហាររ៉ូមតែឯងទេ ព្រោះវិហារនោះបានស្ថិតនៅក្នុងលក្ខណៈរលំដួលរាប់សិបសតវត្សមកហើយ។

លើសពីនេះទៅទៀតបណ្តាជននៃព្រះត្រូវបានហៅឱ្យចេញពីបាប៊ីឡូន។ យោងទៅតាមបទគម្ពីរត្រង់នេះ រាស្ត្ររបស់ព្រះជាច្រើនច្បាស់ជានៅក្នុងបាប៊ីឡូននៅឡើយ។ តើនៅក្នុងតួអង្គនៃសាសនាណាខ្លះដែលមានអ្នកដើរតាមព្រះគ្រីស្ទច្រើនជាងគេ? គឺនៅក្នុងវិហារទាំងឡាយដែលកាន់ជំនឿប្រូតេស្តង់។ នៅគ្រាដែលវិហារទាំងនេះចេញមុខឡើង ពួកគេបានឈរការពារយ៉ាងមាំទាំសម្រាប់សេចក្តីពិត ហើយព្រះពរនៃព្រះក៏មាននៅជាមួយពួកគេដែរ។ ប៉ុន្តែ ពួកគេបានធ្លាក់ចុះដោយសេចក្តីប៉ងប្រាថ្នាដែលដូចគ្នានឹងការហិនវិនាសនៃពួកអ៊ីស្រាអែលដែរ ពោលគឺដោយការយកតម្រាប់តាមការអនុវត្ត និងការចែចង់ចងមិត្តភាពជាមួយពួកឥតមានព្រះនៅក្នុងខ្លួន។

ការរួមប្រាស្រ័យជាមួយលោកីយ៍

វិហារប្រូតេស្តង់ជាច្រើនបានដើរតាមគំរូរបស់រ៉ូមក្នុងការចងមេត្រីជាមួយ «ពួកស្តេចនៅផែនដី» ពោលគឺវិហាររដ្ឋដោយមានទំនាក់ទំនងដល់រដ្ឋាភិបាលលោកីយ៍ និងជាមួយគណ​ៈដទៃទៀតដោយស្វែងរកសន្តានចិត្តនៃលោកីយ៍។ ពាក្យថា «បាប៊ីឡូន» ច្របូកច្របល់អាចបានដល់តួអង្គទាំងនេះដែលអះអាងថាបានដកយកគោលលទ្ធិរបស់ខ្លួនចេញពីព្រះគម្ពីរ តែបានបែងចែកគណៈដ៏រាប់មិនអស់ទាំងមានគោលជំនឿខ្វែងគ្នាទៀតផង។

អ្នកធ្វើការកាតូលិករ៉ូមម្នាក់បានជជែកថា «ប្រសិនបើវិហាររ៉ូមមានកំហុសដោយការថ្វាយបង្គំរូបក្នុងទំនាក់ទំនងទៅនឹងពួកសន្តបុគ្គល កូនស្រីរបស់វិហារនេះដែលជាវិហារអង់គ្លេស ក៏មានកំហុសដូចគ្នាដែរ ដែលមានវិហារដប់ថ្វាយចំពោះនាងម៉ារា ហើយមានមួយថ្វាយចំពោះព្រះគ្រីស្ទ»។

បណ្ឌិតហប់ឃិនស៍បានថ្លែងថា៖ «កុំថាឡើយវិហាររ៉ូមមានឥរិយាប្រឆាំងគ្រីស្ទបរិស័ទ និងការអនុវត្តដែលប្រឆាំងគ្រីស្ទបរិស័ទ វិហារប្រូតេស្តង់​ក៏មានការប្រឆាំងគ្រីស្ទបរិស័ទច្រើនណាស់ទៅទៀត ហើយក៏នៅឆ្ងាយអំពីការកែទម្រង់ពេញលេញចេញពីអំពើពុករលួយ និងអំពើអាក្រក់ទៀតផង»។

ស្តីអំពីការបែកចេញនៃវិហារប្រែសប៊ីធារៀន (Presbyterian Church) ពីរ៉ូមវិញបណ្ឌិតហ្គូថរីសរសេរថា៖ «កាលពីបីរយឆ្នាំមុនវិហាររបស់យើងបានដើរក្បួនចេញពីខ្លោងទ្វាររបស់រ៉ូម ដោយមានគម្ពីរបើកនៅលើទង់សញ្ញាទាំងមានពាក្យ ‘ចូរស្វែងរកបទគម្ពីរ‘ នៅលើគ្រាំងទៀតផង»។ បន្ទាប់មកគាត់ក៏សួរសំណួរដ៏សំខាន់ថា «តើពួកគេបានចេញដោយជ្រះស្រឡះពីបាប៊ីឡូនឬទេ?»
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួក​ស្ងួនភ្ងា​អើយ ចូរ​នឹក​ចាំ​ពី​ព្រះបន្ទូល ដែល​ពួក​សាវ័ក​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ផ្សាយ​ប្រាប់​ពី​ដើម​រៀង​មក​ចុះ។ យូដាស ខ:១៧

Powered by CAM