ថ្ងៃអង្គារ ទី២៧​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២១) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក២១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា ជា​ពួក​ស្ងួនភ្ងា​អើយ ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចុះ ព្រម​ទាំង​រង់ចាំ​សេចក្តី​មេត្តាករុណា​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើងឲ្យ​បាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ។ យូដាស ខ:២០

ការចាកចេញពីដំណឹងល្អជាលើកដំបូង

តើវិហារបានចាកចេញពីភាពសាមញ្ញនៃដំណឹងល្អដោយរបៀបណា? គឺដោយសម្របទៅតាមពួកកាន់សាសនាដទៃ ដើម្បី​ឱ្យពួកមិនជឿទទួលជឿសាសនាព្រះគ្រីស្ទ។ «លុះដល់ចុងបញ្ចប់នៃសតវត្សទីពីរ មានវិហារជាច្រើនបានប្រកាន់យកទម្រង់ថ្មី...។ នៅពេលដែលពួកសិស្សចាស់បានចូលនិវត្តទៅកាន់ផ្នូររបស់ខ្លួនអស់ទៅពួកកូនចៅរបស់គេរួមជាមួយនឹងពួកអ្នកជឿថ្មី...ក៏បានចេញមកកែច្នៃបុព្វហេតុឱ្យបានជាថ្មី»។ «ពួកកាន់សាសនាដទៃក៏បានចូលទៅក្នុងវិហារ ទាំងនាំមកជាមួយនូវទំនៀមទម្លាប់ ការអនុវត្ត និងការថ្វាយបង្គំរូបរបស់គេផង»។ សាសនាព្រះគ្រីស្ទ ក៏ទៅពឹងពាក់ និងរកសេចក្តីគាំទ្រពីអ្នកកាន់អំណាចលោកីយ៍។ ពួកបណ្តាជនបានទទួលជឿ តែសំបកក្រៅទេ ភាគច្រើននៅតែ «មានធាតុជាជនកាន់សាសនាដទៃដដែលមានដូចជាការលបលួចថ្វាយបង្គំរូបសំណាករបស់ខ្លួនជាដើម»។

តើដំណើរការដូចគ្នានេះ មិនបានធ្វើផ្ទួនៗគ្នានៅស្ទើរតែគ្រប់វិហារដែលហៅខ្លួនថាប្រូតេស្តង់ទេឬ? នៅពេលដែលពួកបុព្វបុរសដែលប្រកបដោយវិញ្ញាណនៃលទ្ធិកែទម្រង់ពិតបានស្លាប់ទៅ កូនចៅតំណក្រោយរបស់ពួកគេ ក៏ «កែច្នៃបុព្វហេតុឱ្យបានជាថ្មីឡើង»។ កូនចៅនៃពួកអ្នកកែទម្រង់បានចាកចេញពីគំរូនៃការលះបង់ខ្លួន និងការលះបង់លោកីយ៍ ដោយបដិសេធទាំងងងឹតងងល់មិនទទួលនូវសេចក្តីពិតណាមួយដែលពួកបិតារបស់គេបានដឹង។

ចន វែស្លី បានថ្លែងថា តើវិហារដ៏មានប្រជាប្រិយបានឃ្លាតចេញអំពីទម្រង់ព្រះគម្ពីរសែនឆ្ងាយអ្វីម៉្លេះហ្ន៎! និយាយអំពីប្រាក់កាសវិញ៖ «ចូរកុំខ្ជះខ្ជាយផ្នែកណាមួយនៃប្រាក់ដ៏វិសេសវិសាលឱ្យសោះ...ដោយមានសំលៀកបំពាក់ច្រើនហួសពីសេចក្តីត្រូវការ ឬមានតម្លៃថ្លៃៗ និងប្រេងម្សៅមិនចាំបាច់។ កុំឱ្យចំណាយទៅលើរបស់តាក់តែងផ្ទះហួសខ្នាត ទៅលើគ្រឿងសង្ហារិមច្រើនហួសពីត្រូវការ ឬថ្លៃៗទៅលើរូបភាពរូបគំនូរ គ្រឿងស្រោប មាសដ៏ថ្លៃៗជាដើម...។ ដរាបណាអ្នក ‘ស្លៀកពាក់សំពត់ពណ៌ស្វាយ និង សំពត់ឡែនស្អាត‘ ហើយនិង ‘គ្រឿងឆើតឆាយបំផុតឱ្យបានរាល់ថ្ងៃ‘ នោះ មិនបាច់ឆ្ងល់ទេ ប្រាកដជាមានមនុស្សជាច្រើនសរសើររាប់អានដល់សភាពហ៊ឺហាសប្បុរសធម៌ និងកិច្ចរាក់ទាក់ចៅរ៉ៅរបស់អ្នកជាមិនខាន។ ប៉ុន្តែ គួរឱ្យស្កប់ចិត្តជាមួយនឹងកិត្តិយសមកអំពីព្រះវិញ»។

ពួកគ្រប់គ្រង ពួកនយោបាយ ពួកអ្នកច្បាប់ ពួកបណ្ឌិត និងពួកអ្នកជំនួញបានចូលរួមជាមួយវិហារ ដើម្បីរកផលប្រយោជន៍លោកីយ៍។ តួអង្គសាសនាទាំងឡាយដែលត្រូវបានពង្រឹងឡើងដោយភោគទ្រព្យនៃពួកលោកីយ៍ដែលបានទទួលបុណ្យជ្រមុជហើយនោះ បានធ្វើឱ្យវិហារមានប្រជាប្រិយកាន់តែខ្លាំងឡើង។ ក្រុមជំនុំដែលប្រកបដោយសភាពសង្ហា ល្អប្រណីតលើសលប់ក៏ត្រូវបានស្ថាបនាឡើង។ គេបានបង់ប្រាក់ខែខ្ពស់ឱ្យគ្រូគង្វាលដែលមានទេពកោសល្យ ចេះធ្វើឱ្យមនុស្សសប្បាយរីករាយ។ សេចក្តីអធិប្បាយរបស់គាត់ត្រូវតែពីរោះដល់ត្រចៀកអ្នកសម័យនិយម។ ម៉្លោះហើយ អំពើបាបសម័យនិយមត្រូវបានលាក់បាំងនៅក្រោមសេចក្តីពុតត្បុតថាមានព្រះក្នុងខ្លួន។

អ្នកនិពន្ធសារព័ត៌មានប្រចាំរដ្ឋញូយ៉ក ឯករាជ្យ បាននិយាយអំពីលទ្ធិមេថូឌីសត៍និយមដូច្នេះថា «បន្ទាត់នៃការបែងចែករវាងអ្នកជឿព្រះ និងអ្នកឥតសាសនាត្រូវសាបរលាបទៅជាស្រមោលព្រឿងៗ ហើយអ្នកខ្ជាប់ខ្ជួនទាំងសងខាង ខំប្រឹងបំបាត់សេចក្តីខុសឆ្គងទាំងប៉ុន្មាន រវាងប្រភេទនៃការប្រព្រឹត្ត និងសេចក្តីកាត់ចិត្តរបស់ខ្លួន»។

នៅក្នុងជំនោរនៃការស្វែងរកសេចក្តីត្រេកត្រអាលនេះ ការធ្វើពលីកម្មខ្លួនដើម្បីព្រះគ្រីស្ទត្រូវបានបាត់បង់ស្ទើរទាំងស្រុង។ «បើចង់បានថវិកា ...ពុំបាច់សុំគេទេ។ ឱទេ! នាំគ្នាតាំងពិពណ៌លក់របស់របរ ផ្ទាំងគំនូរ របស់ច្នៃប្រឌិតរបស់បុរាណ ធ្វើពិធីទទួលទានរបៀបបុរាណទៅ! ពោលគឺធ្វើអ្វីៗដែលធ្វើឱ្យមនុស្សសប្បាយរីករាយ»។

រ៉ប់បិត អាតឃិនស៍បានសម្តែងការជាក់ស្តែងនៃការរាថយខាងព្រលឹងវិញ្ញាណនៅប្រទេសអង់គ្លេសថា៖ «មានពាក្យ ប្រាសចាកជំនឿប្រាសចាក ជំនឿ ប្រាសចាកជំនឿ ឆ្លាក់នៅគ្រប់មុខវិហារ តើពួកគេបានដឹងខ្លួនឬទេ ប្រហែលជាអាចមានសង្ឃឹមខ្លះ ប៉ុន្តែ ពួកគេបានស្រែកឡើងថា «អាឡាស់! យើងមានស្តុកស្តម្ភ មានសម្ភារៈកើនឡើងជាលំដាប់ គ្មានត្រូវការអ្វីទៀតទេ»។

អំពើបាបដ៏ធំដែលបានចោទចំពោះក្រុងបាប៊ីឡូន គឺត្រង់ថា «វាបានធ្វើឱ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្តីឃោរឃៅរបស់ការកំផិតខ្លួន»។ ពែងនេះជាតំណាងគោលលទ្ធិខុសឆ្គង ដែលវាបានទទួលដោយព្រោះការ ចងមិត្តភាពជាមួយលោកីយ៍ ហើយបាប៊ីឡូនក៏បញ្ចេញឥទ្ធិពលពុករលួយមកលើពិភពលោក ដោយបង្ហាត់បង្រៀនគោលលទ្ធិដែលប្រឆាំងនឹងសេចក្តីចែងមកយ៉ាងច្បាស់ក្នុងព្រះគម្ពីរ។

បើលោកីយ៍មិនបានពុលស្រារបស់បាប៊ីឡូនវិញ បណ្តាជនទាំងឡាយប្រាកដជាជឿហើយប្រែចិត្ត ដោយសេចក្តីពិតដ៏ងាយយល់នៃព្រះបន្ទូលរបស់ព្រះទៅហើយ។ ប៉ុន្តែ ជំនឿសាសនាមើលទៅដូចជាច្រឡូកច្រឡំជាខ្លាំង ធ្វើឱ្យមនុស្សឡប់សតិ មិនដឹងជាត្រូវជឿអ្វីខ្លះ។ អំពើបាបដ៏មិនចេះកែប្រែរបស់លោកីយ៍បានដេកនៅនឹងមាត់ទ្វារវិហារ។

ព្រះរាជសាររបស់ទេវតាទីពីរពុំបានមកដល់ទីសម្រេចពេញលេញនៅឆ្នាំ១៨៤៤ទេ។ នៅគ្រានោះវិហារទាំងឡាយបានជួបប្រទះនឹងការអន់ថយផ្នែកសីលធម៌ដោយព្រោះការបដិសេធពន្លឺនៃព្រះរាជសារពីដំណើរយាងមក ប៉ុន្តែ ការធ្លាក់ចុះនោះពុំបានពេញលេញទេ។ ក្នុងពេលដែលគេនៅតែបដិសេធសេចក្តីពិតដ៏វិសេសសម្រាប់ពេលនេះ គេក៏បានធ្លាក់ចុះកាន់តែទាបទៅៗ ក៏ប៉ុន្តែ យើងពុំអាចនិយាយថា «បាប៊ីឡូនបានរលំហើយ...ពីព្រោះ វាបានធ្វើឱ្យគ្រប់ទាំងសាសន៍ ផឹកស្រានៃសេចក្តីឃោរឃៅរបស់ការកំផិត ខ្លួន» បានឡើយ។ វិហារប្រូតេស្តង់ទាំងឡាយត្រូវបានរួមបញ្ចូលនៅក្នុងការប្រកាសប្រឆាំងដ៏ឱឡារិករបស់ទេវតាទីពីរដែរ។ ប៉ុន្តែ កិច្ចការនៃការប្រាសចាកជំនឿពុំទាន់ឈានដល់កំពូលនៅឡើយទេ។

មុនដំណើរយាងមករបស់ព្រះជាម្ចាស់ សាតាំងនឹងធ្វើការ «ដោយនូវគ្រប់ទាំងឫទ្ធិ ទីសម្គាល់ និងការអស្ចារ្យដ៏កំភូត ហើយនិងដោយសេចក្តីឆបោកដ៏ទុច្ចរិត» ហើយពួក «ដែលមិនព្រមទទួលសេចក្តីស្រឡាញ់ដល់ សេចក្តីពិតដើម្បីឱ្យបានសេចក្តីសង្គ្រោះ» នឹងត្រូវទុកនៅឱ្យទទួល «សេចក្តីខុសឆ្គងបណ្តាលឱ្យជឿតាមសេចក្តីភូតភរវិញ»។ ថែស្សាឡូនីចទី២ ២:៩,១១។ បាប៊ីឡូនមិនទាន់រលំទាំងស្រុងនៅឡើយទេ រហូតទាល់តែសហភាពរបស់វិហារជាមួយនឹងលោកីយ៍ត្រូវបានសម្រេចពេញលេញជាមុនសិន។ ការផ្លាស់ប្តូរកំពុងជឿនលឿនទៅមុខ ហើយសេចក្តីសម្រេចដ៏គ្រប់លក្ខណៈនៃគម្ពីរវិវរណៈ ១៤:៨ គឺនៅក្នុងអនាគតកាលនៅឡើយ។

ថ្វីបើមានភាពងងឹតខាងព្រលឹងវិញ្ញាណនៅក្នុងវិហារទាំងឡាយដែល រួមជាមួយបាប៊ីឡូនក៏ដោយក៏តួអង្គដ៏ធំនៃពួកគ្រីស្ទានបរិស័ទពិតប្រាកដនៅតែមានឃើញនៅក្នុងជំនុំរបស់ពួកគេដែរ។ ជាច្រើនគ្នាពុំដែល​ឃើញ​សេចក្តីពិតដ៏ពិសេសសម្រាប់ពេលនេះឡើយ។ ពួកគេទន្ទឹងចង់បានពន្លឺដ៏ច្បាស់ជាង។ គេខំប្រឹងរកជាអសារឥតការនូវរូបសំណាករបស់ព្រះគ្រីស្ទនៅក្នុងវិហារទាំងឡាយដែលពួកគេមានទំនាក់ទំនងជាមួយ។

វិវរណៈ១៨ ចង្អុលទៅពេលវេលាដែលព្រះនឹងហៅបណ្តាជនរបស់ព្រះអង្គដែលកំពុងស្ថិតនៅក្នុងបាប៊ីឡូននៅឡើយ ឱ្យបែរចេញពីជំនុំរបស់វា។ ព្រះរាជសារនេះ ដែលនឹងត្រូវផ្សាយជាចុងក្រោយបង្អស់ដល់លោកីយ៍ នឹងសម្រេចការងារជាស្ថាពរ។ ពន្លឺនៃសេចក្តីពិតនឹងបំភ្លឺទៅលើអស់អ្នកណាដែលមានចិត្តបើកចំហ ហើយកូនរបស់ព្រះនៅក្នុងបាប៊ីឡូន នឹងឆ្លើយតបចំពោះព្រះបន្ទូលត្រាស់ហៅដែលថា៖ «រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក»។ វិវរណៈ ១៨:៤។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួក​ស្ងួនភ្ងា​អើយ ចូរ​នឹក​ចាំ​ពី​ព្រះបន្ទូល ដែល​ពួក​សាវ័ក​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ផ្សាយ​ប្រាប់​ពី​ដើម​រៀង​មក​ចុះ។ យូដាស ខ:១៧

Powered by CAM