ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២១
មហាវិវាទ (ជំពូកទី-២២)
បទទំនាយត្រូវបានសម្រេច
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក២២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតការជាក់ស្តែងនេះទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះនឹងមិនកុហកទេ បើសិនជាបង្អង់យូរក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិតឥតរារង់ឡើយ។ ហាបាគុក ២:៣
នៅពេលរដូវផ្ការីកនាឆ្នាំ១៨៤៤ (ជាពេលដែលគេសង្ឃឹមជាលើកដំបូងថា ព្រះអម្ចាស់នឹងយាងមកវិញ) បានកន្លងផុតទៅ អ្នកដែលរង់ចាំការ យាងមករបស់ទ្រង់បានស្ថិតនៅក្នុងភាពសង្ស័យ និងភាពស្រពេចស្រពិល។ ពួកគេជាច្រើនបានបន្តការស្រាវជ្រាវបទគម្ពីរ ដើម្បីពិនិត្យរកឫសគល់នៃជំនឿរបស់ខ្លួនជាថ្មីឡើងវិញ។ បទទំនាយទាំងឡាយគឺច្បាស់ហើយប្រាកដ ព្រមទាំងបានចង្អុលប្រាប់ថា ការយាងមករបស់ព្រះគ្រីស្ទគឺជិតដល់ហើយ។ ព្រះពររបស់ព្រះក្នុងការផ្លាស់ប្រែចិត្តគំនិត និងក្នុងការភ្ញាក់រលឹកឡើងវិញនៅក្នុងចំណោមពួកគ្រីស្ទានទាំងឡាយបានធ្វើទីបន្ទាល់ថា ដំណឹងនោះគឺជាព្រះរាជសារមកពីស្ថានសួគ៌។ ការជំពាក់ជំពិនជាមួយនឹងបទទំនាយដែលគេស្មានថាសំដៅទៅឯពេលនៃការយាងមកជាលើកទីពីរនោះ គឺជាការបង្គាប់ដែលលើកទឹកចិត្តគេឱ្យរង់ចាំដោយអំណត់ក្នុងជំនឿ ព្រោះអ្វីដែលឥឡូវមើលទៅខ្មៅងងឹតហើយពិបាកយល់នោះ នឹងបានយល់ច្បាស់វិញ។ ក្នុងចំណោមបទទំនាយទាំងនេះមានដូចជាទំនាយក្នុងគម្ពីរហាបាគុក ២:១-៤ ជាដើម។ យ៉ាងណាមិញ គ្មាននរណាម្នាក់បានកត់សម្គាល់ថា ការពន្យារពេលវេលាពេលបង្អង់យូរមានចែងក្នុងបទទំនាយសោះឡើយ។ ក្រោយពីការខកចិត្តនោះមក បទគម្ពីរបានលេចធ្លោឡើងថា៖ «ដ្បិតការជាក់ស្តែងនេះទុកសម្រាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឱ្យដល់ពេលនោះហើយ នៅគ្រានោះនឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិតឥតរារង់ឡើយ...។ មនុស្សសុចរិតនឹងរស់នៅដោយសារសេចក្តីជំនឿរបស់ខ្លួន»។
បទទំនាយរបស់ហោរាអេសេគាលក៏ជាទីកំសាន្តចិត្តដល់អ្នកជឿទាំងឡាយដែរ៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ...វេលាកំណត់ជិតដល់ហើយ ព្រមទាំងពេលដែលនឹងសម្រេចតាមគ្រប់ទាំងការជាក់ស្តែងនោះផង...។ អញនឹងចេញបង្គាប់ ហើយពាក្យដែលអញប្រាប់នោះ នឹងបានសម្រេចជាពិត ឥតដែលបន្ថយទៀតឡើយ»។ «ពាក្យដែលអញបញ្ចេញនោះនឹងបានសម្រេចជាពិត»។ អេសេគាល ១២:២៣-២៥,២៨។
អ្នកដែលរង់ចាំបានអរសប្បាយ ព្រោះព្រះអង្គដែលជ្រាបពីទីបញ្ចប់តាំងតែពីដើមដំបូងមកបានប្រទានសេចក្តីសង្ឃឹមដល់គេ។ បើពុំមានបទគម្ពីរជាផ្នែកៗដូច្នេះនោះជំនឿរបស់គេនឹងបានសាបសូន្យជាមិនខាន។
រឿងប្រៀបធៀបអំពីនាងព្រហ្មចារីដប់នាក់ក្នុងគម្ពីរម៉ាថាយជំពូក២៥ ក៏សម្តែងពីការពិសោធរបស់ពួកនិវត្តកៈដែរ។ រឿងប្រៀបធៀបនេះ បាននាំយើងឱ្យឃើញអំពីដំណើរនៃក្រុមជំនុំនាថ្ងៃចុងក្រោយ។ ការពិសោធរបស់គេ គឺបានរ៉ាយរ៉ាប់ដោយអាពាហ៍ពិពាហ៍មួយនៅស្រុកខាងកើត៖
«គ្រានោះនគរស្ថានសួគ៌ នឹងបានដូចជាស្រីព្រហ្មចារីដប់នាក់ដែលយកចង្កៀងរៀងខ្លួនចេញទៅទទួលប្តីថ្មោងថ្មី។ ក្នុងពួកនាងទាំងនោះ មានប្រាំនាក់មានគំនិត ហើយប្រាំនាក់ល្ងង់។ នាងល្ងង់ទាំងនោះ គេយកតែចង្កៀងទៅ តែមិនបានយកប្រេងជាប់នឹងខ្លួនផងទេ។ ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀងហើយនិងប្រេងដាក់ក្នុងដបទៅជាមួយផង។ តែដោយប្តីក្រមកពេកបានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ។ លុះដល់កណ្តាលអធ្រាត្រស្រាប់តែឮសូរសម្រែកថា៖ នែ ប្តីមកហើយ ចូរចេញទៅទទួលចុះ។» ម៉ាថាយ ២៥:១-៦។
គេបានយល់ថា ការយាងរបស់ព្រះគ្រីស្ទដែលបានប្រកាសដោយព្រះរាជសារនៃទេវតាទីមួយ គឺតំណាងដោយការមកដល់នៃកូនកម្លោះ។ ការកែទម្រង់ជាសកលដោយសារសេចក្តីប្រកាសថាព្រះគ្រីស្ទយាងមកជាឆាប់ៗ នោះគឺប្រៀបទៅនឹងស្រីព្រហ្មចារី ដែលធ្វើដំណើរចេញទៅជួបកូនកម្លោះ។ ក្នុងរឿងប្រៀបធៀបនេះ គេទាំងអស់គ្នាបានយកចង្កៀងរៀងៗខ្លួន ពោលគឺព្រះគម្ពីរ ហើយក៏ចេញទៅទទួលកូនកម្លោះ។ ប៉ុន្តែ កាលពួកនាងល្ងង់មិនបានយកប្រេងជាប់នឹងខ្លួន «នោះ ពួកនាងមានគំនិត...គេបានយកទាំងចង្កៀង ហើយនិងប្រេងដាក់ក្នុងដបទៅជាមួយផង»។ ពួកនាងមានគំនិតបានសិក្សាបទគម្ពីរដើម្បីរៀនពីសេចក្តីពិត ហើយបានមានបទពិសោធន៍ផ្ទាល់ខ្លួនដែលជាការជឿដល់ព្រះដែលមិនអាចរំលំបានឡើយ ទោះជាមានការខកចិត្ត ឬការពន្យារពេលវេលាក៏ដោយ។ ខ្លះទៀតប្រព្រឹត្តទៅដោយកម្សួលចិត្ត ព្រោះដំណឹងនោះធ្វើឱ្យគេភិតភ័យ។ គេបានសំអាងទៅលើជំនឿរបស់អ្នកដទៃ គេស្កប់ចិត្តនឹងមនោសញ្ចេតនាដែលឆេះលឹមៗ ដោយមិនបានយល់ច្បាស់អំពីសេចក្តីពិត ឬអំពីព្រះគុណដែលធ្វើការក្នុងចិត្តឡើយ។ ពួកគេទាំងនេះបានចេញ «ទៅទទួល» ព្រះអម្ចាស់ដោយសង្ឃឹមថា បានរង្វាន់ភ្លាមៗ ប៉ុន្តែពុំចង់ប្រទះនឹងការពន្យារពេលវេលាឬការខកចិត្តណាឡើយ។ ជំនឿរបស់គេក៏ត្រូវសាបសូន្យទៅ។
«ដោយប្តីក្រមកពេក...នាងទាំងនោះងោកងុយ ហើយដេកលក់ទៅ»។ ការដែលកូនកម្លោះក្រមក គឺតំណាងពីពេលវេលាដែលកន្លងផុតទៅ ពោលគឺការខកចិត្ត ដែលជាការមើលទៅដូចជាពន្យារពេលវេលា។ អ្នកដែលតាំងគោលជំនឿទៅលើការចេះដឹងពីព្រះគម្ពីរ ប្រៀបដូចជាមានថ្មនៅក្រោមជើងរបស់គេដែលរលកនៃការខកចិត្តមិនអាចបក់បោកឱ្យរសាត់រសាយបានឡើយ។ «នាងទាំងនោះងោកងុយ ហើយដេកលក់ទៅ» មានន័យថា ក្រុមមួយបានបោះបង់ជំនឿរបស់ខ្លួនចោល មួយទៀតរង់ចាំទាំងអំណត់ លុះត្រាតែទទួលពន្លឺដែលភ្លឺជាង។ អ្នកមានជំនឿសើៗមិនអាចពឹងផ្អែកទៅលើ ជំនឿរបស់អ្នកដទៃបានទេ។ ម្នាក់ៗត្រូវឈរឬដួលដោយខ្លួនឯង។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីព្រះបន្ទូល ដែលពួកសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានផ្សាយប្រាប់ពីដើមរៀងមកចុះ។ យូដាស ខ:១៧