ថ្ងៃព្រហស្បតិ៍ ទី២៩​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២២) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក២៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ រីឯ​ព្រះដែល​អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​និង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរីល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេកអរ​ផង។ យូដាស ខ:២៤

ជំនឿងប់ងុលលេចឡើង

មកទល់ពេលនេះ មានការជឿងប់ងុលចាប់ផ្តើមលេចចេញមក។ អ្នកខ្លះបង្ហាញការជឿងប់ដោយប្រកាន់ថាខ្លួនត្រូវទាំងអស់។ ក្រុមជំនុំដ៏ធំនៃពួកនិវត្តកៈ ពុំបានមូលមតិយល់ស្របដល់គំនិតដែលជឿងប់ងុលរបស់ពួកគេទេ ប៉ុណ្ណឹងហើយ ពួកងប់ងុលនៅតែថ្កោលទោសដល់ដំណើរការនៃសេចក្តីពិតទៀត។

សាតាំងបានដឹងថាខ្លួនកំពុងចាញ់ហើយក៏ខំស្វះស្វែងបញ្ឆោតអ្នក ខ្លះដែលអះអាងថាមានជំនឿ ហើយធ្វើឱ្យគេប្រព្រឹត្តជ្រុលហួសហេតុ ដើម្បីផ្ចាញ់ផ្ចាលដល់កិច្ចការរបស់ព្រះ។ បន្ទាប់មក ភ្នាក់ងាររបស់វានៅចាំចាប់គ្រប់ទាំងកំហុស គ្រប់ទាំងអំពើមិនសមរម្យ ហើយយកទៅនិយាយបន្លើសឱ្យគេដឹងឮគ្រប់គ្នា ដើម្បីឱ្យគេខ្ពើមរអើមដល់ពួកនិវត្តកៈ។ ចំនួនមនុស្សដែលវាប្រមូលឱ្យអះអាងថាជឿក្នុងការយាងមកជាលើកទីពីរបានកើនឡើងប៉ុនណាក្នុងពេលដែលអំណាចរបស់វាគ្រប់គ្រងចិត្តរបស់គេនោះ វាក៏បានប្រយោជន៍កាន់តែច្រើនឡើងប៉ុណ្ណោះដែរ។

សាតាំងគឺជាអ្នក «ដែលចោទប្រកាន់ពីពួកបងប្អូនយើង»។ វិវរណៈ ១២:១០។ វិញ្ញាណរបស់វាបណ្តាលចិត្តមនុស្សឱ្យសម្លឹងចាំចាប់កំហុសនៃរាស្ត្ររបស់ព្រះ ហើយលើកកំហុសទាំងនោះឡើង​ឱ្យគេឃើញ តែចំណែកឯអំពើល្អរបស់គេវិញគ្មាននរណាលើកមកនិយាយស្តីសោះ។

ក្នុងគ្រប់ទាំងប្រវត្តិសាស្ត្រនៃព្រះវិហារគ្មានការកែទម្រង់ណាដែលចម្រើនទៅមុខដោយឥតប្រទះនឹងឧបសគ្គដ៏ធ្ងន់ធ្ងរនោះឡើយ។ នៅទីណាដែលសាវ័កប៉ុលបានបង្កើតក្រុមជំនុំឡើង អ្នកខ្លះដែលអះអាងថាទទួលជឿ ហើយនោះរមែងនាំមកនូវលទ្ធិឈ្វេង។ លោកលូធើរក៏បានរងទុក្ខព្រួយដោយសារពួកជឿងប់ងុលអះអាងថា ព្រះបានមានបន្ទូលតាមរយៈពួកគេផ្ទាល់ និងដោយសារពួកគេតាំងគំនិតរបស់គេលើបទគម្ពីរ។ ភាគច្រើនត្រូវបានពួកគ្រូថ្មីៗបញ្ឆោត ហើយក៏ចូលរួមជាមួយនឹងសាតាំង ក្នុងការបំបាក់បំបែកនូវអ្វីដែលព្រះបានបណ្តាលឱ្យលោកលូធើរបានសង់ឡើងនោះ។ ពួកវែស្លីក៏បានប្រទះនឹងឧបាយកលដ៏ប៉ិនប្រសប់របស់សាតាំងដែរក្នុងការដែលវាជំរុញអ្នកដែលពុំមានលំនឹងរឹងមាំ និងមិនបរិសុទ្ធឱ្យមានជំនឿងប់ងុល។

លោកវិល្លៀម មិល្លើរ ពុំយល់ស្របនឹងជំនឿងប់ងុលនោះទេ។ គាត់មានប្រសាសន៍ថា «អារក្សមានអំណាចខ្លាំងណាស់លើចិត្តមនុស្សខ្លះនាបច្ចុប្បន្នកាលនេះ»។ «ខ្ញុំតែងតែឃើញជាញឹកញាប់នូវភ័ស្តុតាងនៃការគោរពដែលសម្តែងមកពីក្នុងចិត្ត តាមរយៈភ្នែកក្រហម ថ្ពាល់ដែលសើមដោយទឹកភ្នែក និងសំឡេងអួលដើមក ជាងអស់ទាំងសំឡេងក្នុងពិភពគ្រីស្ទានទៅទៀត»។

ក្នុងកំណែទម្រង់ពួកសត្រូវបានចោទអំពើអាក្រក់នៃជំនឿងប់ងុលទៅលើអ្នកដែលខិតខំធ្វើការប្រឆាំងនឹងកិរិយារបៀបនោះវិញ។ អ្នកដែលប្រឆាំងនឹងចលនានិវត្ត ក៏បានខិតខំប្រព្រឹត្តអំពើស្រដៀងគ្នាដែរ។ ដោយមិនស្កប់ស្កល់នឹងការពន្លើសកំហុសនៃពួកជឿងប់ងុល គេថែមទាំងផ្សព្វផ្សាយរបាយការណ៍ដែលខុសស្រឡះអំពីរឿងពិត។ ការប្រកាសផ្សាយថា ព្រះគ្រីស្ទគឺនៅនឹងមាត់ទ្វារខ្លួនបានធ្វើឱ្យរំខានដល់សេចក្តីសុខរបស់គេ ព្រោះគេខ្លាចក្រែងការនោះនឹងបានមកជាពិតតែគេខំសង្ឃឹមថា នឹងមិនពិតវិញ។ នេះហើយជាអាថ៌កំបាំងរបស់ពួកគេ ដែលប្រឆាំងទាស់នឹងពួកនិវត្តកៈនោះ។

ការផ្សាយព្រះរាជសាររបស់ទេវតាទីមួយបានសំដៅទៅលើការគាបសង្កត់នឹងជំនឿងប់ងុលតែម្តង។ អ្នកដែលចូលរួមក្នុងចលនាដ៏ឱឡារិកនេះ មានការចុះសម្រុងនឹងគ្នា ចិត្តគំនិតគេទាំងឡាយបានពោរពេញទៅដោយសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក និងចំពោះព្រះយេស៊ូវដែលគេសង្ឃឹមថានឹងឃើញក្នុងពេលបន្តិចទៀត។ ជំនឿតែមួយ សេចក្តីសង្ឃឹមតែមួយដែលប្រកបទៅដោយព្រះពរបានបង្ហាញថាជាខែលរារាំងដល់ការវាយប្រហាររបស់សាតាំង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួក​ស្ងួនភ្ងា​អើយ ចូរ​នឹក​ចាំ​ពី​ព្រះបន្ទូល ដែល​ពួក​សាវ័ក​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ផ្សាយ​ប្រាប់​ពី​ដើម​រៀង​មក​ចុះ។ យូដាស ខ:១៧

Powered by CAM