ថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១៤៧

ព្រះបន្ទូលដាស់តឿន

ក្នុងការប្រមើលមើលទៅថ្ងៃដ៏ធំនោះ ព្រះបន្ទូលនៃព្រះបានត្រាស់​ដល់បណ្តាជនព្រះអង្គ ឱ្យស្វែងរកព្រះភ័ក្ត្រទ្រង់ដោយការប្រែចិត្ត៖

«ថ្ងៃនៃព្រះយេហូវ៉ាកំពុងមក ក៏ជិតដល់ហើយ»។ «ចូរញែកពេល ចេញសម្រាប់តមអត់ ចូរប្រកាសឱ្យមានជំនុំមុតមាំចុះ ត្រូវឱ្យប្រមូលពួកជន ហើយញែកពួកជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ៗ ហើយប្រមូលកូន ក្មេង៖...ត្រូវឱ្យពួកសង្ឃ ជាពួកអ្នកធ្វើការងារថ្វាយព្រះយេហូវ៉ាបានយំនៅ កណ្តាលបាំងសាច និងអាសនា»។ «ចូរឱ្យឯងរាល់គ្នាវិលមកឱ្យអស់អំពីចិត្ត​ដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ៖ មិនត្រូវ​ឱ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ាជា ព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណ និងសេចក្តីមេត្តាករុណា ទ្រង់ យឺតនឹងខ្ញាល់ ហើយក៏មានសេចក្តីសប្បុរសជាបរិបូរ»។ យ៉ូអែល ២:១,១៥-១៧,១២,១៣។

ដើម្បីរៀបចំមនុស្សឱ្យឈរមាំនៅក្នុងថ្ងៃនៃព្រះ កិច្ចការដ៏ធំនៃលទ្ធិកែទម្រង់ត្រូវតែបញ្ចប់សព្វគ្រប់។ នៅក្នុងសេចក្តីមេត្តាករុណារបស់ទ្រង់ ទ្រង់ហៀបនឹងបញ្ជូនព្រះរាជសារទៅដាស់តឿនរាស្ត្ររបស់ព្រះអង្គ ព្រមទាំង ដឹកនាំពួកគេឱ្យរៀបចំជាស្រេច សម្រាប់ដំណើរយាងមករបស់ព្រះអង្គ។

ការព្រមានដាស់តឿននេះ គឺបានចែងនៅក្នុងគម្ពីរវិវរណៈជំពូក១៤។ ត្រង់នេះគឺជាព្រះរាជសារត្រីគុណ សម្តែងចេញមកជាសេចក្តីប្រកាសប្រាប់ ដោយតួមានជីវិតនៃស្ថានសួគ៌ បន្ទាប់មកទើបមានកូនមនុស្សយាងមកដើម្បីច្រូតកាត់ «ចម្រូតនៃផែនដី»។ ហោរាបានឃើញទេវតាហោះ «កាត់កណ្តាល មេឃ ទាំងមានដំណឹងល្អដ៏អស់កល្បជានិច្ច សម្រាប់នឹងថ្លែងប្រាប់ដល់ មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ។ ទេវតានោះ បន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោត ខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវ ជំនុំជម្រះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ»។ វិវរណៈ ១៤:៦,៧។

ព្រះរាជសារនេះគឺជាផ្នែកមួយនៃ «ដំណឹងល្អដ៏នៅអស់កល្ប»។ កិច្ចការអធិប្បាយផ្សព្វផ្សាយត្រូវបានផ្ទុកផ្តាក់ចំពោះមនុស្ស។ ពួកទេវតាបរិសុទ្ធ ជាអ្នកតម្រែតម្រង់ ប៉ុន្តែការប្រកាសផ្សាយពិតប្រាកដនៃដំណឹងល្អ ត្រូវធ្វើឡើងដោយអ្នកបម្រើរបស់ព្រះគ្រីស្ទនៅផែនដី។ ពួកជនមានជំនឿស្មោះ ត្រង់ ដែលស្តាប់បង្គាប់ចំពោះព្រះបន្ទូលដាស់តឿនរបស់ព្រះវិញ្ញាណបរិសុទ្ធនៃព្រះ ហើយនិងសេចក្តីបង្រៀននៃព្រះបន្ទូលព្រះអង្គ នឹងត្រូវប្រកាស សេចក្តីព្រមាននេះ។ ពួកគេបានខំប្រឹងស្វែងរកតម្រិះ និងយោបល់អំពីព្រះ «ដ្បិតការដែលបាននោះ វិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពី នោះមក ក៏ប្រសើរជាងមាសសុទ្ធផង»។ «សេចក្តីមេត្រីមិត្ររបស់ព្រះ យេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ ទ្រង់នឹងសម្តែងឱ្យគេស្គាល់សេចក្តីសញ្ញារបស់ទ្រង់»។ សុភាសិត ៣:១៤; ទំនុកតំកើង ២៥:១៤។

ព្រះរាជសារបានប្រគល់ជូនដោយជនរាបទាប

ប្រសិនបើពួកអ្នកចេះដឹងខាងសាសនា មានចិត្តជឿស្មោះត្រង់ ចាំ យាមដោយយកចិត្តទុកដាក់ ហើយស្រាវជ្រាវបទគម្ពីរដោយឧស្សាហ៍ អធិស្ឋាន នោះពួកគេនឹងដឹងពេលវេលាជាមិនខាន។ បទទំនាយប្រាកដជា នឹងបើកសម្តែងដល់ពួកគេឱ្យដឹង នូវព្រឹត្តិការណ៍ដែលនឹងហៀបកើតឡើង។ ប៉ុន្តែព្រះរាជសារត្រូវបានចែកចាយដោយជនរាបទាបវិញ។ អស់អ្នកដែល ធ្វេសប្រហែស ពុំព្រមស្វែងរកពន្លឺនៅពេលដែលអាចស្វែងរកឃើញនោះ នឹង ត្រូវចោលឱ្យស្ថិតនៅក្នុងភាពងងឹត។ ប៉ុន្តែ ព្រះអង្គសង្គ្រោះទ្រង់ប្រកាស បញ្ជាក់ថា «អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។ យ៉ូហាន ៨:១២។ ចំពោះអ្នកនោះ កាំរស្មីនៃផ្កាយ នៃស្ថានសួគ៌នឹងត្រូវបានបញ្ជូនមកណែនាំឱ្យទៅរកសេចក្តីពិត។

នៅគ្រាព្រះគ្រីស្ទយាងមកជាលើកទីមួយ ពួកសង្ឃ និងពួកអាចារ្យ នៃទីក្រុងបរិសុទ្ធ ប្រហែលជាបានយល់ដឹងនូវ «ទីសម្គាល់នៃពេលវេលា» ហើយប្រកាសប្រាប់ពីដំណើរយាងមករបស់ព្រះអង្គសន្យា។ ហោរាមីកា បានឱ្យឈ្មោះទីកន្លែងទ្រង់ប្រសូត ហោរាដានីយ៉ែលបានបញ្ជាក់អំពីពេល វេលា និងព្រឹត្តិការណ៍។ មីកា ៥:១; ដានីយ៉ែល ៩:២៥។ ពួកមេដឹកនាំជូវ ពុំ អាចដោះសាថាខ្លួនពុំដឹងបានឡើយ។ ការមិនដឹងរបស់ពួកគេ ជាលទ្ធផលនៃការធ្វេសប្រហែសដ៏ពោរពេញទៅដោយបាប។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ឲ្យ​អស់​អំពី​ចិត្ត​ដោយ​តម​អត់ ហើយ​យំ​ពិលាប ព្រម​ទាំង​សៅសោក​ឥឡូវ​នេះ​ចុះ មិន​ត្រូវ​ឲ្យ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត​វិញ ហើយ​វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះគុណ​នឹង​សេចក្តី​មេត្តាករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ទ្រង់​មាន​ព្រះហឫទ័យ​ស្តាយ​ដោយ​ត្រូវ​វាយផ្ចាល​គេ​ដែរ។ យ៉ូអែល ២:១២-១៣

Powered by CAM