ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក២៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ មនុស្សទាំងនោះជាពួកដែលចេះតែរទូរទាំ ហើយត្អូញត្អែរ ដែលដើរតាមតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួន ហើយមាត់គេពោលសុទ្ធតែពាក្យអំនួតអួតយ៉ាងសំបើម គេរាប់អានមនុស្សឲ្យតែបានកំរៃទេ។ យូដាស ខ:១៦
កំហុសត្រូវបានកែតម្រូវឡើងវិញ
«ដោយប្តីក្រមកពេក...នាងទាំងនោះងោកងុយហើយដេកលក់ទៅ។ លុះដល់កណ្តាលអធ្រាត្រ ស្រាប់តែឮសូរសម្រែកថា នែ ប្តីមកហើយ ចូរចេញទៅទទួលចុះ»។ នៅរដូវក្តៅនៃឆ្នាំ១៨៤៤ គេបានប្រកាសផ្សាយនូវអ្វីដែលបានចែងក្នុងបទគម្ពីរ។
អ្វីដែលធ្វើឱ្យគេឈានមកដល់ចលនានេះ គឺជាការរកឃើញថា បទបញ្ជារបស់ស្តេចអើថាស៊ើកសេសដែលបង្គាប់ឱ្យជួសជុលក្រុងយេរូសាឡិមឡើងវិញនោះ បង្កើតជាចំណុចដើមដំបូងនៃអំឡុងពេល២៣០០ថ្ងៃ បានចេញជាផ្លូវការនៅរដូវស្លឹកឈើរុះនៃឆ្នាំ៤៥៨មុនគ.ស. ពុំមែននៅដើមឆ្នាំដូចដែលគេបានគិតនោះទេ។ ដោយចាប់រាប់ពីរដូវស្លឹកឈើរុះនាឆ្នាំ៤៥៧មុនគ.ស. មក អំឡុងពេល២៣០០ឆ្នាំត្រូវចប់នៅរដូវស្លឹកឈើរុះក្នុងឆ្នាំ១៨៤៤។ និមិត្ត រូបតំណាងដែលមានចែងក្នុងគម្ពីរសញ្ញាចាស់ ក៏ចង្អុលទៅរដូវស្លឹកឈើរុះ ថាជាពេលដែលត្រូវសម្អាតទីបរិសុទ្ធដែរ។
ការសម្លាប់កូនចៀមសម្រាប់បុណ្យរំលងនោះ គឺជាស្រមោលនៃជីវង្គតរបស់ព្រះគ្រីស្ទ និមិត្តរូបតំណាងត្រូវបានសម្រេចពុំមែនចំពោះតែព្រឹត្តិការណ៍ប៉ុណ្ណោះទេ តែចំពោះពេលវេលាផងដែរ។ នៅថ្ងៃទីដប់បួននៃខែទីមួយរបស់សាសន៍ជូវ ជាថ្ងៃនឹងខែដែលគេសម្លាប់កូនចៀមសម្រាប់បុណ្យរំលងអស់រាប់សតវត្សមកហើយនោះ ព្រះគ្រីស្ទបានតាំងបុណ្យនោះឱ្យគេរំលឹកសេចក្តីសុគតរបស់ទ្រង់ ក្នុងនាមជា «កូនចៀមរបស់ព្រះ»។ នៅចំយប់ដដែលនោះឯងគេបានយកទ្រង់ទៅឆ្កាងហើយធ្វើគុតទ្រង់។
ក្នុងរបៀបដូចគ្នាដែរ និមិត្តរូបតំណាងដែលទាក់ទងនឹងការនិវត្តជាលើកទីពីរត្រូវតែសម្រេចនៅចំពេលដែលបានប្រាប់មកក្នុងយញ្ញកិច្ចដែលជានិមិត្តរូបនោះ។ ការសម្អាតទីបរិសុទ្ធ ឬថ្ងៃបុណ្យធួននឹងបាបកើតឡើងនៅថ្ងៃទីដប់ខែទីប្រាំពីរនៃខែជូវនៅពេលសម្តេចសង្ឃប្រារព្ធពិធីបុណ្យធួន នឹងបាបសម្រាប់អស់ទាំងសាសន៍អ៊ីស្រាអែល ហើយដូច្នេះអំពើបាបរបស់គេទាំងឡាយក៏ត្រូវបានលាងពីទីបរិសុទ្ធ រួចហើយសង្ឃក៏ចេញមកប្រទានពរដល់បណ្តាជន។ ហេតុដូច្នេះហើយបានជាគេជឿថាព្រះគ្រីស្ទនឹងយាង មកដើម្បីសម្អាតផែនដីឱ្យបានបរិសុទ្ធដោយកម្ទេចអំពើបាប និងអ្នកមានបាបផង ហើយដើម្បីប្រទានព្រះពរជាអមតភាពដល់ប្រជារាស្ត្រដែលកំពុងរង់ចាំទ្រង់។ ថ្ងៃទីដប់ក្នុងខែទីប្រាំពីរ ថ្ងៃបុណ្យធួននឹងបាបដ៏ឱឡារិក និងពេលលាងសម្អាតទីបរិសុទ្ធ ធ្លាក់ចំថ្ងៃទី២២ ខែតុលា ឆ្នាំ១៨៤៤ ដែលគេគិតថាជាថ្ងៃព្រះអម្ចាស់ត្រូវយាងមក។ អំឡុងពេល២៣០០ថ្ងៃនឹងចប់ក្នុងរដូវស្លឹកឈើរុះ ហើយការសម្រេចសេចក្តីនោះហាក់បីដូចជារកមិនជឿមិនបានឡើយ។
សម្រែកពាក់កណ្តាលយប់
ការវែកញែកបានធ្វើឱ្យគេជឿយ៉ាងខ្លាំងហើយ «សម្រែកកណ្តាលអធ្រាត្រ» បានបន្លឺឡើងដោយអ្នកជឿរាប់ពាន់នាក់។ ចលនានេះបានផ្សាយចេញពីទីក្រុងមួយទៅទីក្រុងមួយ ពីភូមិមួយទៅភូមិមួយដូចរលកសមុទ្រដ៏ធំមួយដូច្នោះ។ ជំនឿងប់ងុលក៏បានរលាយបាត់ទៅដូចទឹកកករលាយនៅពេលថ្ងៃរះ។ កិច្ចការនោះគឺស្រដៀងនឹងពេលដែលពួកកូនចៅអ៊ីស្រាអែល កាលពីជំនាន់បុរាណងាកមកឯព្រះយេហូវ៉ាវិញ បន្ទាប់ពីបានទទួលព្រះរាជសារនៃការបន្ទោស មកពីអ្នកបម្រើទាំងឡាយរបស់ទ្រង់។ អំណរដ៏ស្រើបស្រាលនោះ មានតែបន្តិចបន្តួចទេ តែមានការត្រិះរិះយ៉ាងជ្រាលជ្រៅក្នុងចិត្តមានការសារភាពអំពើបាប ហើយនិងការលះបង់លោកីយ៍ទៀតផង។ ឃើញថាមានការឧទ្ទិសទៅរកព្រះយ៉ាងខ្លាំង។
ក្នុងគ្រប់ទាំងចលនាសាសនាដ៏ធំៗទាំងប៉ុន្មានតាំងពីជំនាន់ពួកសាវ័កមកមិនដែលមានចលនាណាដែលវៀរចាកផុតពីសេចក្តីមិនគ្រប់លក្ខណ៍របស់មនុស្ស និងឧបាយកលដ៏ប៉ិនប្រសប់របស់សាតាំងដូចជាចលនានៅរដូវស្លឹកឈើរុះនាឆ្នាំ១៨៤៤នោះឡើយ។
នៅពេលមានសម្រែកថា «ប្តីមកហើយ» នោះអ្នកដែលរង់ចាំ «ក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងខ្លួន» គឺគេទាំងឡាយបានសិក្សាព្រះបន្ទូលរបស់ព្រះទាំងចូលចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលគេពុំបានដឹងពីមុនៗមក។ អ្នកទីមួយដែលគោរពតាមសម្រែកហៅនោះ គឺមិនមែនអ្នកមានអំណោយទានខ្លាំងក្លានោះទេ ប៉ុន្តែ គឺជាអ្នកដែលបន្ទាបខ្លួនជាងគេ និងជឿស៊ប់ជាងគេវិញ។ អ្នកធ្វើស្រែចម្ការបានចោលធញ្ញជាតិរបស់ខ្លួននៅឯវាល ជាងជួសជុល រថយន្តដាក់ប្រដាប់ប្រដារបស់ខ្លួនចុះ ហើយចេញទៅព្រមានប្រាប់ដល់អ្នកដទៃដោយរីករាយ។ ព្រះវិហារទូទៅបានបិទទ្វាររបស់គេជំទាស់នឹងដំណឹងនេះ ហើយក្រុមជំនុំមួយចំនួនធំដែលជឿដល់ដំណឹងនោះក៏បានដកខ្លួនចេញពីព្រះវិហារ។ អ្នកមិនជឿទាំងឡាយដែលមកចូលរួមក្នុងការប្រជុំ ជាមួយពួកនិវត្តកៈ មានអារម្មណ៍ថា ដំណឹង «នែ ប្តីមកហើយ» នេះមានអំណាចគួរឱ្យជឿមែន។ ជំនឿបានធ្វើឱ្យមានការឆ្លើយតបដល់សេចក្តីអធិស្ឋាន។ ព្រះវិញ្ញាណនៃព្រះគុណបានបង្អុរចុះមកលើអ្នកដែលខំស្វែងរកយ៉ាងអស់ពីចិត្ត ដូចជាភ្លៀងធ្លាក់លើដីដែលហួតហែងដែរ។ អ្នកដែលសង្ឃឹមថានឹងបានឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គប្រោសលោះក្នុងពេលបន្តិចទៀត នោះមានអំណរពេកក្រៃ ព្រោះព្រះវិញ្ញាណបរិសុទ្ធបានរំលាយចិត្តរបស់គេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីព្រះបន្ទូល ដែលពួកសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានផ្សាយប្រាប់ពីដើមរៀងមកចុះ។ យូដាស ខ:១៧