ថ្ងៃសៅរ៍ ទី៣១​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២២) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក២៥

អ្នកដែលបានឮដំណឹងនោះ បានមកដល់ពេលដែលគេសង្ឃឹមថា នឹងជួបព្រះអម្ចាស់របស់ខ្លួនហើយ។ ពួកគេបានអធិស្ឋានជាញឹកញយជាមួយគ្នា។ គេតែងតែជួបជុំគ្នានៅទីស្ងាត់ដាច់ពីគេ ដើម្បីប្រកបជាមួយនឹងព្រះ ហើយសំឡេងនៃការអង្វរករចេញពីទីវាល និងព្រៃឈើ អណ្តែតឡើងទៅឋានសួគ៌។ ការមានទំនុកចិត្តក្នុងខ្លួនថាព្រះសព្វព្រះទ័យចំពោះខ្លួន ហើយនោះគឺប្រសើរជាងម្ហូបអាហារប្រចាំថ្ងៃទៅទៀត ហើយប្រសិនបើពពកមកគ្របដណ្តប់ចិត្តគេឱ្យខ្មៅងងឹតវិញ ក៏គេពុំនៅស្ងៀមដែរទាល់តែបានពិសោធព្រះគុណដែលអត់ទោសឱ្យសិន។

ខកចិត្តម្តងទៀត

ប៉ុន្តែ ម្តងទៀតហើយ ពេលវេលាដែលគេសង្ឃឹមថា ព្រះអង្គសង្គ្រោះនឹងយាងមកនោះក៏បានកន្លងផុតទៅ ហើយព្រះអង្គពុំបានយាងមក។ ឥឡូវនេះ គេមានអារម្មណ៍ដូចនាងម៉ារាដែរនៅពេលនាងចេញទៅផ្នូររបស់ព្រះអង្គសង្គ្រោះ ហើយឃើញនៅទទេនោះ នាងក៏យំហើយឧទានឡើងថា៖ «គេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ហើយ ខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ»។ យ៉ូហាន ២០:១៣។

ការខ្លាចក្រែងដំណឹងនោះអាចមកជាការពិតបានធ្វើជារនាំងមួយសម្រាប់ពិភពនៃអ្នកមិនជឿ។ ប៉ុន្តែ នៅពេលពុំឃើញសញ្ញានៃសេចក្តីក្រោធរបស់ព្រះ គេក៏លែងខ្លាច ហើយបន្តការផ្ចាញ់ផ្ចាល និងការចំអកឡកឡឺយតទៅទៀត។ ក្រុមមួយដ៏ធំដែលអះអាងថា ជឿបានលះបង់ជំនឿរបស់ខ្លួនវិញ។ ពួកអ្នកចំអកទាំងនេះបានទាក់ទាញមនុស្សខ្សោយ និងមនុស្សកំសាកមកខាងខ្លួន ហើយរួបរួមគ្នាប្រកាសថា ពិភពលោកប្រហែលជានៅដដែលអស់រាប់ពាន់ឆ្នាំទៅទៀត។

ពួកអ្នកជឿអស់ពីចិត្ត ហើយមានចិត្តស្មោះត្រង់បានលះបង់គ្រប់ទាំងអ្វីៗទាំងអស់ដើម្បីព្រះគ្រីស្ទ ហើយដូចដែលគេបានជឿនោះ គេបានផ្តល់នូវការព្រមានចុងក្រោយរបស់គេដល់លោកីយ៍ហើយ។ គេបានអធិស្ឋានដោយមានចិត្តប៉ងប្រាថ្នាយ៉ាងខ្លាំងថា «ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក»។ ប៉ុន្តែ ឥឡូវនេះការដែលត្រូវទទួលបន្ទុកស្មុគស្មាញនៃជីវិតម្តងទៀត ហើយត្រូវទ្រាំទ្រនឹងពិភពចំអកឡកឡឺយនោះ គឺជាគ្រាលំបាកដ៏អាក្រក់អាក្រីណាស់។

នៅពេលព្រះយេស៊ូវគង់លើសត្វលាយាងចូលទៅក្នុងក្រុង យេរូសាឡិមដោយជោគជ័យនោះ អស់អ្នកដែលដើរតាមទ្រង់បានជឿថា ទ្រង់នឹងឡើងសោយរាជ្យលើបល្ល័ង្ករបស់ស្តេចដាវីឌ ហើយរំដោះអ៊ីស្រាអែល​ឱ្យរួចពីពួកអ្នកជិះជាន់លើខ្លួន។ មនុស្សជាច្រើនបានដោះអាវធំលាតត្រដាងក្រាលធ្វើជាព្រំ ឬរាយធាងចាកតាមផ្លូវដែលទ្រង់យាងដោយក្តីសង្ឃឹមយ៉ាងខ្លាំង។ ពួកសាវ័កកំពុងតែសម្រេចគោលបំណងរបស់ព្រះ ប៉ុន្តែគេកំពុងតែឆ្ពោះទៅកាន់សេចក្តីខកចិត្តដ៏ល្វីងជូរចត់ដែរទេ។ ពីរបីថ្ងៃក្រោយមក គេបានរក​ឃើញជីវង្គតដ៏ឈឺចុកចាប់របស់ព្រះអង្គសង្គ្រោះ ហើយបានផ្តេកទ្រង់ទៅក្នុងផ្នូរ​ទៀតផង។ សេចក្តីសង្ឃឹមរបស់គេក៏បានស្លាប់ជាមួយនឹងព្រះយេស៊ូវដែរ។ លុះដល់ព្រះអម្ចាស់របស់គេបានចេញពីផ្នូរវិញ ទើបពួកគេបានយល់ថា អ្វីៗទាំងអស់សុទ្ធតែបានទាយទុកក្នុងបទទំនាយរួចមកហើយ។

ការផ្សាយដំណឹងចំពេលវេលា

ក្នុងរបៀបដូចគ្នាដូច្នោះដែរ លោកមិល្លើរ និងគូកនរបស់គាត់បានសម្រេចបទទំនាយ ហើយផ្សាយដំណឹងដែលព្រះគម្ពីរចែងឱ្យប្រាប់ដល់ពិភពលោក។ ប្រសិនបើគេបានយល់ពេញលេញនូវបទទំនាយដែលចង្អុលប្រាប់ពីការខកចិត្តរបស់គេនោះ គេមិនអាចផ្សាយដំណឹងនោះបានទេ ហើយក៏មិនអាចថ្លែងប្រាប់ពីដំណឹងផ្សេងៗទៀត ដែលនឹងត្រូវផ្សព្វផ្សាយដល់គ្រប់ជាតិសាសន៍មុនពេលព្រះយេស៊ូវយាងមកបានដែរ។ ព្រះរាជសាររបស់ទេវតាទីមួយ និងទីពីរត្រូវបានផ្សាយចំពេលវេលា ហើយបានសម្រេចកិច្ចការដែលព្រះគ្រោងទុកឱ្យទេវតាទាំងពីរនោះសម្រេច។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួក​ស្ងួនភ្ងា​អើយ ចូរ​នឹក​ចាំ​ពី​ព្រះបន្ទូល ដែល​ពួក​សាវ័ក​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ផ្សាយ​ប្រាប់​ពី​ដើម​រៀង​មក​ចុះ។ យូដាស ខ:១៧

Powered by CAM