ថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១៤៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ព្រះគ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់​១​ដង ហើយ​ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់ចាំ​ទ្រង់។ ហេព្រើរ ៩:២៨

ពួកចាស់ទុំអ៊ីស្រាអែល គួរតែបានសិក្សាដោយការចាប់អារម្មណ៍ យ៉ាងខ្លាំង អំពីទីកន្លែង ពេលវេលា និងស្ថានភាពនៃព្រឹត្តិការណ៍ដ៏ធំ នៅក្នុង ប្រវត្តិសាស្ត្រសាកលលោក ពោលគឺដំណើរយាងមកនៃព្រះរាជបុត្រារបស់ ព្រះ។ បណ្តាជនគួរតែបានរង់ចាំទទួលស្វាគមន៍ដល់ព្រះអង្គសង្គ្រោះនៃ លោកីយ៍។ ប៉ុន្តែ នៅឯបេថ្លេហិម អ្នកដំណើរដ៏ខ្សោះល្វើយពីរនាក់ អំពី ណាសារ៉ែត បានធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវតូចចង្អៀតហើយឆ្ងាយ ទៅកាន់ផ្នែកខាងកើតបំផុតនៃទីរួមស្រុក ខំស្វែងរកទាំងអស់សង្ឃឹមនូវទីស្នាក់ អាស្រ័យសម្រាប់រាត្រីនោះ។ គ្មានផ្ទះណាបើកទ្វារទទួលគេសោះ។ ទីបំផុត គេក៏រកបានក្រោលសត្វរហែកដាច់ដោចមួយធ្វើជាទីជ្រកអាស្រ័យ ត្រង់នោះហើយជាកន្លែងដែលព្រះអង្គសង្គ្រោះនៃលោកីយ៍បានប្រសូតមក។

ពួកទេវតា ត្រូវបានចាត់ឱ្យនាំយកដំណឹងរីករាយ ទៅដល់អស់អ្នក ដែលបានរៀបចំចាំទទួល ហើយក៏ជាអ្នកនឹងនាំយកទៅប្រាប់ដោយអំណរផង។ ព្រះគ្រីស្ទបានលំឱនអង្គទ្រង់ មកយកនិស្ស័យជាមនុស្សជាតិ ទទួល រងទុក្ខវេទនាដ៏ហួសល្បត់ ដោយបានប្រគល់ព្រលឹងទ្រង់ ធ្វើជាយញ្ញបូជា សម្រាប់អំពើបាប។ ទោះបីស្ថិតក្នុងសភាពបន្ទាបអង្គហើយក៏ដោយ ក៏ពួក ទេវតាប្រាថ្នាឱ្យទ្រង់ដ៏ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់ បានលេចមកនៅចំពោះ មនុស្ស ជាមួយនឹងសភាពថ្លៃថ្នូរ និងសិរីល្អ ឱ្យសមនឹងលក្ខណៈរបស់ព្រះ អង្គដែរ។ តើពួកអ្នកធំនៃផែនដី នឹងប្រមូលគ្នាមកឯរដ្ឋធានីអ៊ីស្រាអែល ដើម្បីទទួលស្វាគមន៍ទ្រង់ឬទេ? តើពពួកទេវតានឹងបង្ហាញទ្រង់ដល់ បណ្តាជនដែលកំពុងទន្ទឹងចាំឬ?

មានទេវតាមួយអង្គ ហោះមកកាន់ផែនដី ដើម្បីមើលឱ្យដឹងថាមាន នរណាខ្លះ បានរៀបចំទទួលស្វាគមន៍ព្រះយេស៊ូវ។ ប៉ុន្តែ លោកពុំបាន​មាន​ឮស្នូរសំឡេងណាមួយ សរសើរថាពេលវេលានៃដំណើរយាងមករបស់ព្រះ មែស្ស៊ី ជិតមកដល់ហើយនោះទេ។ ទេវតាបានហោះពីលើទីក្រុងជ្រើសរើស និងព្រះវិហារ ជាទីកន្លែងដែលវត្តមានពិសេសមាននៅទីនោះជាច្រើនយុគ សម័យមកហើយ ប៉ុន្តែ នៅទីនោះក៏នៅតែមានការព្រងើយកន្តើយដដែល។ ពួកសង្ឃនៃភាពអធិកអធម និងអំនួតបានថ្វាយយញ្ញបូជាស្មោកគ្រោក។ ពួក ផារិស៊ីបានប្រកាសដល់បណ្តាមនុស្សដោយសំឡេងខ្លាំងៗ ឬអធិស្ឋាន ជូន ពរដោយអំនួត នៅនឹងមាត់ផ្លូវ។ ពួកស្តេច ពួកទស្សនវិទូ និងពួកគ្រូសាសនា ទាំងអស់គ្នា ពុំមានអើពើចំពោះសេចក្តីពិតដ៏អស្ចារ្យដែលព្រះអង្គសង្គ្រោះ របស់មនុស្សហៀបនឹងលេចមកនោះឡើយ។

ក្នុងក្តីស្ងើចចិត្តជាខ្លាំង អ្នកនាំសារនៃនគរស្ថានសួគ៌ ក៏ហៀបតែនឹង ត្រឡប់ទៅវិញជាមួយដំណឹងដ៏គួរខ្មាសអៀន ស្រាប់តែឃើញអ្នកគង្វាល​មួយក្រុមកំពុងចាំយាមហ្វូងសត្វ។ នៅពេលគេសម្លឹងមើលទៅលើមេឃដ៏ ពោរពេញទៅដោយផ្កាយព្រោងព្រាត គេបានរំពឹងគិតអំពីបទទំនាយនៃព្រះមែស្ស៊ីដែលនឹងត្រូវមក ហើយក៏ទន្ទឹងចាំនូវដំណើរយាងមករបស់ព្រះអង្គ សង្គ្រោះនៃលោកីយ៍នេះទៀតផង។ ទីនេះហើយជាក្រុមដែលបានរៀបចំចាំទទួលព្រះរាជសារនៃស្ថានសួគ៌។ រំពេចនោះស្រាប់តែសិរីរុងរឿងនៃនគរ ស្ថានសួគ៌បានជោរជន់ពេញលើទីវាល មានពពួកទេវតាដ៏រាប់មិនអស់បាន លេចមក ហាក់ដូចជាអំណរនោះធំធេងពេកណាស់ ចំពោះអ្នកនាំសារមួយ រូបដែលត្រូវនាំពីស្ថានសួគ៌ សំឡេងមួយហ្វូងធំក៏ផ្ទុះច្រៀងឡើងនូវបទនគររាជ ជាបទដែលជាតិសាសន៍ទាំងអស់នៃសេចក្តីសង្គ្រោះ នឹងត្រូវច្រៀង ឡើងនៅថ្ងៃមួយថា៖ «សួស្តីដល់ព្រះនៅស្ថានសួគ៌ដ៏ខ្ពស់បំផុត ហើយសេចក្តី សុខសាន្តនៅផែនដីនៅកណ្តាលមនុស្សដែលជាទីគាប់ព្រះហឫទ័យទ្រង់» លូកា ២:១៤។

រឿងដ៏អស្ចារ្យនៅបេថ្លេហិមនេះ ជាមេរៀនដ៏ល្អណាស់! ជារឿង ដែលស្តីបន្ទោសដល់ជំនឿ ការមានឫកខ្ពស់ និងភាពស្តុកស្តម្ភផ្ទាល់ខ្លួន របស់យើង។ ជារឿងដែលដាស់តឿនយើង ឱ្យភ្ញាក់រឭកក្រែងលោយើងនៅតែមិនបានយល់ដឹងអំពីទីសម្គាល់នៃពេលវេលា ហើយទៅជាពុំបានដឹងនូវ ថ្ងៃនៃដំណើរយាងមក។

ពុំមែនមានតែពួកគង្វាលដ៏រាបទាបប៉ុណ្ណោះទេ ដែលពួកទេវតាបាន រកឃើញថាកំពុងចាំមើលដំណើរយាងមករបស់ព្រះមែស្ស៊ី។ នៅក្នុងដែនដី នៃពួកកាន់សាសនាដទៃ ក៏មានអស់អ្នកកំពុងរកមើលទ្រង់ដែរ អ្នកមាន អ្នក ខ្ពង់ខ្ពស់ និងអ្នកប្រាជ្ញ ជាពួកទស្សនវិទូនៃប្រទេសខាងកើត។ នៅក្នុងគម្ពីរ ហេព្រើរ ពួកគេបានរៀនយល់ដឹងអំពីព្រះដ៏ជាផ្កាយដែលរះចេញពីត្រកូលយ៉ាកុប។ ដោយសេចក្តីប្រាថ្នាដ៏ខ្លាំងក្លា ពួកគេបានរង់ចាំដំណើរយាងមក របស់ព្រះអង្គ ដែលមិនគ្រាន់តែជា «សេចក្តីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល» ប៉ុណ្ណោះទេ តែជា «ពន្លឺសម្រាប់បំភ្លឺដល់សាសន៍ដទៃ» និង «ជាសេចក្តី សង្គ្រោះដល់ចុងផែនដីបំផុត» ទៀតផង។ លូកា ២:២៥,៣២; កិច្ចការ ១៣:៤៧។ ផ្កាយដែលបានបញ្ជូនមកពីស្ថានសួគ៌ បាននាំជនចម្លែកនៃសាសន៍ ដទៃឱ្យមករកទីកំណើតនៃព្រះឱរស។

«អស់អ្នកដែលរង់ចាំទ្រង់» ព្រះគ្រីស្ទនឹងត្រូវ «លេចមកជាលើកទីពីរ ក្រៅពីរឿងអំពើបាបគឺសម្រាប់នឹងជួយសង្គ្រោះ»។ ហេព្រើរ ៩:២៨។ មិន ខុសគ្នាពីដំណឹងព្រះអង្គប្រសូតទេ ព្រះរាជសារពីដំណើរយាងមកជាលើកទីពីរ ពុំបានជ្រាបទៅក្នុងគំនិតនៃពួកមេដឹកនាំសាសនាទេ។ ពួកគេបាន បដិសេធពន្លឺអំពីស្ថានសួគ៌ ម៉្លោះហើយពួកគេពុំត្រូវបានរាប់បញ្ចូលទៅក្នុង ជំពូក ដែលសាវ័កប៉ុលបានពិពណ៌នានោះឡើយ៖ «តែបងប្អូនអើយ អ្នករាល់ គ្នាមិនមែននៅក្នុងសេចក្តីងងឹត ឱ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នាដូចជាចោរនោះទេ៖ អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃថ្ងៃ យើងមិន មែនជាពួកនៃយប់ ឬនៃសេចក្តីងងឹតឡើយ»។ ថែស្សាឡូនីចទី១ ៥:៤,៥។

ពួកអ្នកយាម នៅលើជញ្ជាំងក្រុងស៊ីយ៉ូន គួរតែជាអ្នកទីមួយដែល ទទួលដំណឹងអំពីព្រះអង្គសង្គ្រោះយាងមក គួរតែជាអ្នកទីមួយដែលត្រូវ ប្រកាសប្រាប់ថា ទ្រង់ជិតយាងមកហើយ។ ប៉ុន្តែពួកគេនៅព្រងើយ នៅពេល ដែលមនុស្សម្នាកំពុងដេកលង់លក់នៅក្នុងអំពើបាបរបស់ខ្លួន។ ព្រះយេស៊ូវ បានទតឃើញវិហារព្រះអង្គ ដូចជាដើមល្វាឥតមានផល ដែលគ្របដណ្តប់ ដោយស្លឹកជាច្រើន តែឥតមានផ្លែ។ វិញ្ញាណនៃការបន្ទាបខ្លួនពិតប្រាកដ ការសោកស្តាយ និងជំនឿ ឃើញថាមានការខ្វះខាត។ មានតែក្តីអំនួត សេចក្តីនិយមផ្លូវការ ការគិតប្រយោជន៍ផ្ទាល់ខ្លួន និងអំពើសង្កត់សង្កិន។ វិហារដែលជំពប់ដួល បានបិទភ្នែកចំពោះទីសម្គាល់នៃពេលវេលា។ ពួកគេ បានចាកចេញអំពីព្រះ ហើយក៏បំបែកខ្លួនចេញពីសេចក្តីស្រឡាញ់របស់ ទ្រង់។ នៅពេលដែលពួកគេបានបដិសេធពុំព្រមសម្របតាមលក្ខន្តិកៈ សេចក្តី សន្យារបស់ទ្រង់ពុំបានសម្រេចដល់ពួកគេឡើយ។

មានអ្នកតាំងខ្លួនថាជាសិស្សរបស់ព្រះគ្រីស្ទជាច្រើន បានបដិសេធ មិនទទួលពន្លឺអំពីស្ថានសួគ៌។ ដូចជាពួកជូវពីសម័យដើមដែរ ពួកគេពុំបានដឹង នូវពេលវេលាព្រះអង្គយាងមកទេ។ ព្រះអម្ចាស់បានរំលងចោលពួកគេ ហើយ ទៅសម្តែងសេចក្តីពិតរបស់ទ្រង់ដល់មនុស្ស ដូចជាពួកគង្វាលនៅបេថ្លេហិម និងពួកហោរពីទិសខាងកើត ដែលបានខំយកចិត្តទុកដាក់ចំពោះអស់ទាំង ពន្លឺដែលខ្លួនបានទទួល។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នៅ​គ្រា​នោះ មីកែល ជា​មហា​ទេវតា​ដែល​ដំណាង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក លោក​នឹង​ឈរ​ឡើង​ក៏​នឹង​មាន​គ្រា​វេទនា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ចាប់​តាំង​ពី​មាន​នគរ​ដរាប​ដល់​វេលា​នោះ​ឯង នោះ​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​នៅ​គ្រា​នោះ សាសន៍​អ្នក​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​អស់​អ្នក​ណា​ដែល​មាន​កត់​ទុក​ក្នុង​បញ្ជី។ ដានីយ៉ែល ១២:១

Powered by CAM