ថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១
មហាវិវាទ (ជំពូកទី-១៨)
ពន្លឺថ្មីនៅផែនដីថ្មី
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១៤៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ អញបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា អញបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រកនៃសេចក្តីទៀងត្រង់ កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់នោះឯងនឹងមិនចំពប់ឡើយ។ សុភាសិត ៤:១១-១២
ជនដែលព្រះបានជ្រើសរើស ដើម្បីដឹកនាំក្នុងការប្រកាសផ្សាយអំពីការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ គឺជាកសិករស្មោះត្រង់ និងប្រកប ដោយគន្លងធម៌ម្នាក់ ដែលចង់ដឹងសេចក្តីពិតយ៉ាងអស់ពីចិត្ត។ ដូចជាអ្នកកែ ទម្រង់ជាច្រើនទៀតដែរ លោកវិល្លៀម មិល្លើរ (William Miller) បានប្រឡូក នឹងភាពទ័លក្រ និងបានរៀនមេរៀននៃការលះបង់ខ្លួន។
សូម្បីតែនៅក្នុងវ័យកុមារ គាត់បានបង្ហាញកម្លាំងបញ្ញាខ្លាំងលើសពីធម្មតា។ នៅពេលគាត់បានចម្រើនវ័យឡើង គាត់មានគំនិតរហ័សរហួន និង ដុះជ្រះថ្លា ហើយក៏មានតម្រេកស្រេកឃ្លាននូវចំណេះវិជ្ជាទៀតផង។ ការ ចូលចិត្តសិក្សា និងការទម្លាប់គិតពិចារណាដោយប្រយ័ត្នប្រយែង ព្រមទាំង ការរិះគន់ដ៏ដិតដាល បានធ្វើឱ្យគាត់ក្លាយជាមនុស្សមានយោបល់ជ្រៅជ្រះ និងមានទស្សនៈដ៏ទូលំទូលាយម្នាក់។ គាត់មានចរិយាសម្បត្តិខាងសីលធម៌ ដែលគ្មាននរណាអាចបន្ទោសបាន និងមានកិត្តិយសដ៏គួរឱ្យច្រណែន។ គាត់បានមានកិត្តិនាមល្អ ក្នុងតំណែងស៊ីវិល និងយោធា។ ទ្រព្យសម្បត្តិ និង កិត្តិយស ហាក់បីដូចជារត់មករកគាត់តែម្តង។
ក្នុងវ័យកុមារ គាត់បានឆ្លងកាត់ឥទ្ធិពលសាសនា។ នៅក្នុងវ័យជំទង់ គាត់បានចូលក្នុងសង្គមពួកទេពនិយម ដោយគេមានឥទ្ធិពលខ្លាំង ព្រោះ ភាគច្រើនជាពលរដ្ឋល្អ មានចិត្តអាណិតមេត្តា និងចិត្តជួយសង្គ្រោះគ្នា។ ដោយ រស់នៅក្នុងវិជ្ជាស្ថានគ្រីស្ទាន ចរិតលក្ខណៈរបស់គេត្រូវបានកែច្នៃទៅតាម បរិយាកាសជុំវិញខ្លួនគេ។ គុណសម្បត្តិដ៏ឧត្តុង្គឧត្តម ដែលធ្វើឱ្យគេគោរព គឺ បានទទួលមកដោយសារព្រះគម្ពីរ តែគេបានបង្វែរអំណោយទានដ៏ល្អ វិសេសទាំងនេះ ដើម្បីបញ្ចេញឥទ្ធិពលទាស់នឹងព្រះបន្ទូលរបស់ព្រះវិញ។ គេក៏បាននាំមិល្លើរឱ្យជឿតាមមតិរបស់គេ។
ការបកស្រាយថ្មីៗពីបទគម្ពីរ បានបង្ហាញនូវភាពលំបាកដែលមើលទៅទំនងជាដោះស្រាយពុំបាន តែជំនឿថ្មីរបស់គាត់ ក្នុងកាលដែលកំពុងទុកព្រះគម្ពីរដោយឡែក គឺគ្មានផ្តល់អ្វីប្រសើរជាងសោះ ហើយគាត់ក៏នៅតែមិន ស្កប់ចិត្ត។ ប៉ុន្តែ នៅពេលលោកមិល្លើរចម្រើនអាយុបាន៣៤ឆ្នាំ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើឱ្យគាត់យល់នូវលក្ខណៈរបស់គាត់ ថាជាអ្នកមានបាប។ គាត់បានឈ្វេងយល់ថាហួសពីសេចក្តីស្លាប់ទៅ គឺគ្មានការធានាថាមាន សុភមង្គលឡើយ។ អនាគតមើលទៅស្រអាប់ហើយខ្មៅងងឹត។ ស្តីពី អារម្មណ៍របស់គាត់នៅគ្រានេះ គាត់មានប្រសាសន៍ថា៖
«ផ្ទៃមេឃបានដូចជាដែកទង់ដែងនៅលើក្បាលខ្ញុំ ហើយផែនដីបានដូចជាដែកក្រោមជើងខ្ញុំ...កាលណាខ្ញុំគិតខ្លាំងឡើង សេចក្តីសន្និដ្ឋានកាន់តែស្ថិតនៅពាសពេញទីកន្លែង រកសម្រេចអ្វីមិនបាន។ ខ្ញុំខំឈប់គិតដែរ តែពុំ អាចទប់គំនិតខ្ញុំបាន។ ខ្ញុំបានទ្រុឌទ្រោមមែនទែន ប៉ុន្តែមិនដឹងពីដើមហេតុ។ ខ្ញុំបានរអ៊ូ និងត្អូញត្អែរ ប៉ុន្តែ មិនដឹងត្អូញពីនរណា។ ខ្ញុំដឹងថាមានកំហុសអ្វី មួយហើយ ប៉ុន្តែ មិនដឹងរកកំណែយ៉ាងណា ឬពីទីណា»។
មិល្លើររកឃើញមិត្តម្នាក់
គាត់បានមានប្រសាសន៍ថា៖ «មួយរំពេចនោះ ចរិតលក្ខណៈនៃព្រះ អង្គសង្គ្រោះ បានផ្តោតនៅក្នុងចិត្តខ្ញុំយ៉ាងច្បាស់។ ទំនងដូចជាមានបុគ្គល មួយអង្គដែលល្អថ្លៃថ្លាវិសេស និងប្រកបដោយសេចក្តីអាណិតមេត្តា ហើយលោះអំពើល្មើសរបស់យើងមកដាក់លើអង្គទ្រង់ ប្រយោជន៍ឱ្យយើងបានរួចពីការទទួលពិន័យនៃអំពើបាប...ប៉ុន្តែ សំណួរលេចឡើងថា ធ្វើម្តេចអាច បញ្ជាក់ ថាមានបុគ្គលដូចនេះបាន? ក្រៅពីព្រះគម្ពីរ ខ្ញុំដឹងថាមិនអាចរកភ័ស្តុតាង ថាមានព្រះអង្គសង្គ្រោះដូចនេះទេ ឬសូម្បីនៅបរលោកនាយក៏គ្មានផង...»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នៅគ្រានោះ មីកែល ជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើងក៏នឹងមានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី។ ដានីយ៉ែល ១២:១