ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិត ជំពួក៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង និងដល់ទីក្រុងបរិសុទ្ធរបស់ឯង ដើម្បីនឹងរំលត់បំបាត់អំពើរំលង និងធ្វើឲ្យអំពើបាបផុតទៅ ហើយឲ្យបានធួននឹងអំពើទុច្ចរិត ព្រមទាំងនាំសេចក្តីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក និងបិទត្រាការជាក់ស្តែង និងសេចក្តីទំនាយហើយនឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង។ ដានីយ៉ែល ៩:២៤
អំឡុងពេលពីរចាប់ផ្តើមជាមួយគ្នា
ប៉ុន្តែ តើគេត្រូវបានផ្តាច់ចេញពីអ្វី? ដោយ២៣០០ថ្ងៃជាអំឡុងពេល តែមួយគត់ ដែលចែងនៅក្នុងជំពូក៨ អំឡុងពេល៧០អាទិត្យត្រូវតែមាន ចំណែកក្នុង២៣០០ថ្ងៃ។ អំឡុងពេលពីរត្រូវតែចាប់ផ្តើមជាមួយគ្នា ៧០ អាទិត្យចាប់ផ្តើមពី «ការចេញបង្គាប់» ដើម្បីជួសជុល និងសង់ក្រុង យេរូសាឡិមឡើងវិញ។ បើអាចរកឃើញថ្ងៃទីនៃការបង្គាប់នេះ នោះក៏អាច រកឃើញចំណុចចាប់ផ្តើមនៃ២៣០០ថ្ងៃដែរ។
ក្នុងជំពូកទីប្រាំពីរនៃគម្ពីរអែសរ៉ា មានឃើញបញ្ញត្តិ ដែលបានចេញ ក្នុងឆ្នាំ៤៥៧ មុនកំណើតព្រះគ្រីស្ទ ដោយអើថាសុើកសេស ជាស្តេចនៃ ប្រទេសពើស៊ី។ ស្តេចបី ក្នុងការចាប់ផ្តើមចេញបង្គាប់ និងការបញ្ចប់សេចក្តី បង្គាប់នោះ បានសម្រេចបទទំនាយ ហើយត្រូវកត់ជាសេចក្តីផ្តើមនៃ២៣០០ថ្ងៃ។ ដោយយកឆ្នាំ៤៥៧មុនកំណើតព្រះគ្រីស្ទ នៅពេលក្រិត្យក្រមបាន សរសេររួចហើយ មកធ្វើជាកាលបរិច្ឆេទនៃការ «ចេញបង្គាប់» គ្រប់ទាំង ចំណុចនៃអំឡុងពេល៧០អាទិត្យ ឃើញថាបានសម្រេចសព្វគ្រប់។
«ចាប់តាំងពីចេញបង្គាប់ឱ្យតាំងយេរូសាឡិមហើយសង់ឡើងវិញ ដរាបដល់អ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកកំពូលបណ្តាច់ នោះត្រូវជា ចំនួនប្រាំពីរ និងហុកសិបពីរអាទិត្យ» ឬ៤៨៣ឆ្នាំ។ បញ្ញត្តិរបស់ស្តេច អើថាសុើកសេស បានចេញជាផ្លូវការនៅរដូវស្លឹកឈើរុះក្នុងឆ្នាំ៤៥៧ មុន កំណើតព្រះគ្រីស្ទ។ ចាប់ពីថ្ងៃនេះ រយៈពេល៤៨៣ឆ្នាំលាតសន្ធឹងរហូតដល់ រដូវស្លឹកឈើរុះ នៅគ.ស.២៧។ នៅពេលនោះ បទទំនាយត្រូវបានសម្រេច។ នៅក្នុងរដូវស្លឹកឈើរុះនៃគ.ស.២៧ លោកយ៉ូហានបានធ្វើបុណ្យជ្រមុជទឹកឱ្យព្រះគ្រីស្ទ ហើយទ្រង់បានទទួលការចាក់ប្រេងតាំងរបស់ព្រះវិញ្ញាណ បរិសុទ្ធ។ បន្ទាប់ពីបុណ្យជ្រមុជទឹករបស់ទ្រង់មក ទ្រង់បានយាងទៅស្រុក កាលីឡេ «ប្រកាសប្រាប់ពីដំណឹងល្អនៃនគរព្រះថា ពេលវេលា បានសម្រេច ហើយ»។ ម៉ាកុស ១:១៤,១៥។
ដំណឹងល្អបានប្រទានដល់ពិភពលោក
«ហើយទ្រង់នឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាងអាទិត្យ» នេះជារយៈពេលប្រាំពីរឆ្នាំចុងក្រោយ សម្រាប់ពួកអ៊ីស្រាអែល។ នៅក្នុងអំឡុងពេលនេះ ពីគ.ស.២៧ ទៅគ.ស.៣៤ ព្រះគ្រីស្ទ និងពួកសាវ័ក របស់ទ្រង់បានផ្សាយដំណឹងល្អ ជាពិសេសដល់ពួកជូវ។ ការបង្គាប់របស់ព្រះ អង្គសង្គ្រោះគឺ៖ «កុំឱ្យអ្នករាល់គ្នាបែរទៅតាមផ្លូវរបស់សាសន៍ដទៃ ឬចូលទៅក្នុងទីក្រុងណាមួយរបស់សាសន៍សាម៉ារីឡើយ ចូរទៅឯចៀមបាត់បង់ របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលវិញ»។ ម៉ាថាយ ១០:៥,៦។
«តែដល់ពាក់កណ្តាលអាទិត្យនោះ ទ្រង់នឹងធ្វើឱ្យការថ្វាយយញ្ញបូជា និងតង្វាយ លែងមានតទៅទៀត»។ នៅក្នុងគ.ស.៣១ បីឆ្នាំកន្លះបន្ទាប់ពី បុណ្យជ្រមុជទឹករបស់ទ្រង់មក គេបានឆ្កាងព្រះអម្ចាស់របស់យើង។ ដោយយញ្ញបូជាដ៏ធំបានថ្វាយនៅកាល់វ៉ារី និមិត្តរូបតំណាងនូវអ្វីដែលនឹងកើតឡើង ត្រូវបានកើតមកពិត។ អស់ទាំងយញ្ញបូជា និងការថ្វាយតង្វាយនៃប្រព័ន្ធ យញ្ញពិធីនឹងត្រូវលែងមានតទៅទៀត។
អំឡុងពេល៤៩០ឆ្នាំទុកសម្រាប់ពួកជូវ បានផុតនៅគ.ស.៣៤។ នៅ ពេលនោះ តាមការប្រព្រឹត្តរបស់ក្រុមប្រឹក្សាសែនហ៊ីឌ្រិនជូវ (ក្រុមប្រឹក្សាជាន់ខ្ពស់នៃសាសន៍អ៊ីស្រាអែល) ប្រទេសជាតិបានបដិសេធដំណឹងល្អ ដោយ ការសម្លាប់លោកស្ទេផាន និងការធ្វើទុក្ខទោសដល់អ្នកដើរតាមព្រះគ្រីស្ទ។ បន្ទាប់មក ដំណឹងនៃសេចក្តីសង្គ្រោះ ក៏ត្រូវបានប្រទានដល់ពិភពលោក។ ដោយព្រោះការធ្វើទុក្ខបុកម្នេញ ពួកសាវ័កបានភៀសខ្លួនចេញពីយេរូសាឡិម ទៅគ្រប់ទីកន្លែង ផ្សាយដំណឹងល្អ។ កិច្ចការ ៨:៤។
រហូតមកដល់ពេលនេះ គ្រប់ទាំងចំណុចនៃបទទំនាយគឺបាន សម្រេចជាស្ថាពរ។ អំឡុងពេលចិតសិបអាទិត្យគឺច្បាស់ជាចាប់ផ្តើមដោយគ្មានចម្ងល់ នៅឆ្នាំ៤៥៧មុនកំណើតព្រះគ្រីស្ទ ហើយចប់នៅឆ្នាំ៣៤គ.ស.។ ៧០អាទិត្យ (៤៩០ថ្ងៃ) ដកចេញពី២៣០០ថ្ងៃទៅឃើញនៅសល់១៨១០ថ្ងៃទៀត។ បន្ទាប់ពី៤៩០ថ្ងៃកន្លងផុតទៅ រយៈពេល១៨១០ថ្ងៃ គឺនៅមិនទាន់ បានសម្រេចទេ។ រាប់ពីឆ្នាំ៣៤ទៅ រយៈពេល១៨១០ឆ្នាំ ត្រូវបន្តទៅដល់ឆ្នាំ ១៨៤៤។ ដូច្នេះ ២៣០០ថ្ងៃនៃដានីយ៉ែល ៨:១៤ ត្រូវផុតក្នុងឆ្នាំ១៨៤៤។ នៅទីបំផុតនៃអំឡុងពេលនៃបទទំនាយដ៏អស្ចារ្យនេះ «ទីបរិសុទ្ធនឹងបានស្អាត ឡើងវិញ»។ ដូច្នេះ ពេលវេលានៃការលាងសម្អាតទីបរិសុទ្ធ ដែលគេជឿស្ទើរតែគ្រប់គ្នាថានឹងកើតឡើងនៅគ្រាយាងមកជាលើកទីពីរ ក៏ត្រូវបានបង្ហាញ ឱ្យឃើញ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នៅគ្រានោះ មីកែល ជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើងក៏នឹងមានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី។ ដានីយ៉ែល ១២:១