ថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក២៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែពួកមនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ បើអ្នកណាថយទៅវិញ នោះចិត្តអញគ្មានសេចក្តីអំណរចំពោះអ្នកនោះទេ»។ ហេព្រើរ ១០:៣៨
លោកីយ៍បានគិតថា បើព្រះគ្រីស្ទពុំបានយាងមកទេ នោះលទ្ធិនិវត្តនិយមនឹងត្រូវរលាយសាបសូន្យហើយ ប៉ុន្តែនៅពេលដែលមនុស្សជាច្រើនលះបង់ជំនឿរបស់ខ្លួននោះ មានអ្នកខ្លះទៀតកាន់ជឿយ៉ាងខ្ជាប់ខ្ជួន។ ផលផ្លែនៃចលនានិវត្ត វិញ្ញាណនៃការត្រិះរិះ ការលះបង់លោកីយ៍ និងការកែទម្រង់ជីវិតធ្វើទីបន្ទាល់ថា ដំណឹងនោះគឺមកពីព្រះ។ គេមិនហ៊ានប្រកែកថា ព្រះវិញ្ញាណបរិសុទ្ធពុំបានធ្វើជាស្មរបន្ទាល់ដល់ការផ្សព្វផ្សាយអំពីការនិវត្តជាលើកទីពីរឡើយ។ គេរកកំហុសក្នុងអំឡុងបទទំនាយមិនឃើញសោះ។ បក្ខប្រឆាំងរបស់គេមិនបានជោគជ័យក្នុងការរំលំនូវការបកស្រាយបទទំនាយទេ។ គេមិនសុខចិត្តលះបង់ដំណាក់ការដែលខ្លួនស្រូតដល់ហើយនោះឡើយ ដោយព្រោះខ្លួនបានខិតខំសិក្សាបទគម្ពីរដោយអធិស្ឋាន និងការយកចិត្តទុកដាក់យ៉ាងអស់ពីចិត្តដោយគំនិតបានភ្លឺស្វាងដោយព្រះវិញ្ញាណរបស់ព្រះ ហើយចិត្តឆេះឆួលដោយអំណាចដ៏រស់នៃព្រះវិញ្ញាណនោះ ព្រមទាំងបានឈររឹងមាំប្រឆាំងនឹងអ្នកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ និងអ្នកប៉ិនប្រសប់ខាងវោហារផង។
ពួកនិវត្តកៈបានជឿថា ព្រះបានដឹកនាំគេឱ្យព្រមានអំពីការវិនិច្ឆ័យទោស។ គេបានថ្លែងថា «ដំណឹងនោះបានសាកល្បងចិត្តរបស់អស់អ្នកដែលឮ...ប្រយោជន៍ឱ្យអ្នកដែលនឹងពិនិត្យចិត្តរបស់ខ្លួនអាចដឹងថា តើព្រះនឹងឃើញគេនៅខាងណា បើទ្រង់យាងមកមែននោះ តើគេនឹងឧទានឡើងថា ‘នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង‘ ឬគេស្រែកហៅថ្ម និងភ្នំឱ្យធ្លាក់លើគេ ដើម្បីលាក់បាំងខ្លួនពីព្រះភ័ក្ត្ររបស់ព្រះដែលប្រថាប់នៅលើបល្ល័ង្ក»។
អារម្មណ៍របស់អ្នកដែលនៅតែជឿថា ព្រះបានដឹកនាំពួកគេនោះ គឺត្រូវបានបញ្ជាក់ឱ្យឃើញនៅក្នុងពាក្យពេចន៍របស់លោកវិល្លៀម មិល្លើរថា៖ «សេចក្តីសង្ឃឹមរបស់ខ្ញុំក្នុងការយាងត្រឡប់មកវិញនៃព្រះគ្រីស្ទ គឺនៅតែរឹងមាំដដែល។ ក្រោយពីបានពិចារណាយ៉ាងហ្មត់ចត់អស់រាប់ឆ្នាំហើយនោះ ខ្ញុំគ្រាន់តែធ្វើអ្វីដែលជាភារកិច្ចដែលខ្ញុំត្រូវធ្វើប៉ុណ្ណោះ»។ «មនុស្សរាប់ពាន់នាក់មិនថា ពណ៌សម្បុរអ្វីឡើយបានសិក្សាបទគម្ពីរដោយព្រោះតែការផ្សព្វផ្សាយនៅពេលនោះ ហើយមធ្យោបាយទាំងនោះតាមរយៈជំនឿ និងការប្រោះលោហិតរបស់ព្រះគ្រីស្ទបានធ្វើឱ្យគេស្រុះស្រួលជាមួយនឹងព្រះវិញ»។
គេនៅតែមានជំនឿ
ព្រះវិញ្ញាណរបស់ព្រះនៅតែគង់ជាមួយនឹងអស់អ្នកដែលមិនរហ័សនឹងបដិសេធនូវពន្លឺ ដែលគេបានទទួល និងមិនរហ័សជំទាស់នឹងចលនានិវត្ត។ «ដូច្នេះ ចូរកុំឱ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នាដែលមានរង្វាន់ជាធំនោះឡើយ។ ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ ដើម្បីឱ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ។ ពីព្រោះនៅតែបន្តិចទៀត ‘នោះព្រះអង្គដែលត្រូវមក ទ្រង់នឹងយាងមកមែនឥតបង្អង់ឡើយ។ តែពួកសុចរិតនឹងរស់នៅដោយអាងសេចក្តីជំនឿ បើអ្នកណាថយទៅវិញ នោះចិត្តអញគ្មានសេចក្តីអំណរចំពោះអ្នកនោះទេ‘។ តែយើងរាល់គ្នាមិនមែនជាពួកអ្នកដែលថយទៅវិញឱ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសម្រាប់ឱ្យព្រលឹងបានសង្គ្រោះវិញ»។ ហេព្រើរ ១០:៣៥-៣៩។
ការដាស់តឿននេះ គឺសម្រាប់ក្រុមជំនុំនៅថ្ងៃចុងក្រោយ ព្រោះបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះអង្គហាក់បីដូចជានៅបង្អង់។ មនុស្សដែលត្រូវបានបរិយាយខាងលើនេះ បានធ្វើតាមព្រះហឫទ័យរបស់ព្រះក្នុងការដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណរបស់ទ្រង់ និងព្រះបន្ទូលរបស់ទ្រង់ តែគេពុំបានយល់នូវគោលបំណងរបស់ទ្រង់ក្នុងបទពិសោធន៍របស់គេទេ។ ជួនកាលគេមានចិត្តសង្ស័យថា តើព្រះបានដឹកនាំគេមែន ឬមិនមែន។ មកដល់ពេលនេះ ពាក្យទាំងនេះគឺសមសួននឹងកាលៈទេសៈ «មនុស្សសុចរិតនឹងរស់នៅដោយអាងសេចក្តីជំនឿ»។ បើទោះជាធ្លាក់ទឹកចិត្តដោយសេចក្តីសង្ឃឹមដែលធ្វើឱ្យខកចិត្តក៏ដោយ ក៏គេនៅតែអាចឈរបានដោយសារតែជំនឿទៅលើព្រះ និងព្រះបន្ទូលទ្រង់ប៉ុណ្ណោះ។ ការដែលលះបង់ចោលជំនឿរបស់ខ្លួន ហើយបដិសេធអំណាចនៃព្រះវិញ្ញាណបរិសុទ្ធដែលបានជួយរត់ការក្នុងការផ្សាយដំណឹងនោះ គឺជាការដកខ្លួនងាកទៅឯនរកហើយ។ ផ្លូវដ៏សុខសាន្តតែមួយគត់នោះ គឺការឱបក្រសោបពន្លឺដែលគេបានទទួលពន្លឺដែលគេបានទទួលពីព្រះរួចហើយ ហើយបន្តការស្រាវជ្រាវបទគម្ពីរ ព្រមទាំងរង់ចាំមើល ដោយអំណត់ដើម្បីទទួលពន្លឺបន្ថែមទៀត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នកដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ។ ហេព្រើរ ១០:១៤