ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តាជំពួក៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តាមផ្លូវដែលទ្រង់បានតាំងសំរាប់យើងរាល់គ្នាជាផ្លូវថ្មី ហើយរស់ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់ ហើយដែលមានសំដេចសង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ ។ ហេព្រើរ ១០:២០-២១
«នោះមានបើកព្រះវិហារនៃព្រះនៅស្ថានសួគ៌ ហើយឃើញមានហឹបនៃសេចក្តីសញ្ញារបស់ទ្រង់នៅក្នុងព្រះវិហារនោះ»។ វិវរណៈ ១១:១៩។ ហឹបនៃសេចក្តីសញ្ញារបស់ព្រះគឺស្ថិតនៅក្នុងទីបរិសុទ្ធបំផុតដែលជាបន្ទប់ទីពីរនៃ រោងឧបោសថ។ ក្នុងការប្រកបយញ្ញកិច្ចក្នុងរោងឧបោសថនៅផែនដីដែល «គ្រាន់តែជាគំរូ និងស្រមោលនៃរបស់នៅស្ថានសួគ៌» នោះ បន្ទប់នេះត្រូវបានបើកឡើងនៅថ្ងៃបុណ្យធួននឹងបាបដ៏ធំប៉ុណ្ណោះ សម្រាប់លាងសម្អាតទីបរិសុទ្ធ។ ដូច្នេះ ការប្រកាសថា គេបើកព្រះវិហារនៅស្ថានសួគ៌ ហើយមានឃើញហឹបនៃសេចក្តីសញ្ញានោះ ចង្អុលទៅការបើកទីបរិសុទ្ធបំផុតនៃរោងឧបោសថនៅស្ថានសួគ៌ក្នុងឆ្នាំ១៨៤៤ នៅពេលព្រះគ្រីស្ទបានយាងចូលក្នុងបន្ទប់នោះ ដើម្បីប្រារព្ធកិច្ចការលោះបាប។ អ្នកដែលដើរតាមសម្តេចសង្ឃរបស់ខ្លួនដោយជំនឿ នៅពេលទ្រង់ផ្តើមការងាររបស់ទ្រង់ក្នុងទីបរិសុទ្ធបំផុតនោះ បានឃើញហឹបនៃសេចក្តីសញ្ញារបស់ព្រះអង្គ។ នៅពេលគេបានសិក្សាកម្មវត្ថុនៃរោងឧបោសថ គេបានយល់ពីការផ្លាស់ប្តូរកិច្ចការរបស់ព្រះអង្គសង្គ្រោះ ហើយគេបានឃើញថា ឥឡូវនេះទ្រង់កំពុងប្រកបករណីយកិច្ចនៅចំពោះហឹបរបស់ព្រះ។
ហឹបក្នុងរោងឧបោសថនៅផែនដី មានបន្ទះថ្មពីរបាំង ដែលចារឹកនៃក្រឹត្យវិន័យរបស់ព្រះ។ នៅពេលព្រះវិហាររបស់ព្រះបានបើកឡើងនៅស្ថានសួគ៌ ហឹបនៃសេចក្តីសញ្ញាក៏ត្រូវបានឃើញ។ ក្នុងក្រអៅនៃទីបរិសុទ្ធបំផុតនៅស្ថានសួគ៌មានក្រឹត្យវិន័យដ៏ពិសិដ្ឋតម្កល់នៅទីនោះ គឺជាក្រឹត្យវិន័យ ដែលបានមានព្រះបន្ទូលដោយព្រះ ហើយបានសរសេរដោយព្រះអង្គុលីរបស់ទ្រង់នៅលើបន្ទះថ្ម។
អ្នកដែលបានយល់មកដល់ចំណុចនេះបានឃើញដូចពុំដែលឃើញពីមុននូវអត្ថន័យដ៏ជ្រាលជ្រៅនៃព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះដែលថា៖ «នឹងគ្មានបាំងឈើមួយ ឬក្បៀសមួយនៅក្នុងក្រឹត្យវិន័យត្រូវបាត់ឡើយ ដរាបដល់មេឃ និងផែនដីបានកន្លងបាត់ទៅ»។ ម៉ាថាយ ៥:១៨។ ក្រឹត្យវិន័យរបស់ព្រះដែលជាការបើកសម្តែងព្រះហឫទ័យរបស់ទ្រង់ ហើយជាចំណារចារឹកនៃចរិតលក្ខណៈរបស់ទ្រង់ត្រូវតែស្ថិតស្ថេរជាដរាប។
ក្នុងក្រអៅនៃទសបញ្ញត្តិមានបញ្ញត្តិនៃថ្ងៃឈប់សម្រាក។ ព្រះវិញ្ញាណរបស់ព្រះបានធ្វើការក្នុងចិត្តនៃសិស្សដែលសិក្សាព្រះបន្ទូលទ្រង់ ថាគេបានប្រព្រឹត្តរំលងសិក្ខាបទនេះដោយមិនដឹងខ្លួន ដោយពុំគោរពថ្ងៃឈប់សម្រាករបស់ព្រះអាទិករ។ គេបានចាប់ផ្តើមវែកញែករកមូលហេតុ ដើម្បីគោរពថ្ងៃទីមួយនៃសប្តាហ៍វិញ។ គេរកភ័ស្តុតាងពុំឃើញសោះថា បញ្ញត្តិទីបួនត្រូវបានលុបចោល ឬថ្ងៃឈប់សម្រាកត្រូវបានប្តូរហើយនោះឡើយ។ គេបានសង្វាតចង់ដឹង និងចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះដោយអស់អំពីចិត្ត ហើយឥឡូវ នេះគេសម្តែងភាពស្មោះត្រង់ដល់ព្រះដោយរក្សាថ្ងៃឈប់សម្រាករបស់ព្រះឱ្យបានបរិសុទ្ធវិញ។
មានមនុស្សជាច្រើនបានខិតខំ ដើម្បីរំសាយជំនឿនៃពួកនិវត្តកៈទាំងឡាយ។ គ្មាននរណាម្នាក់ដែលពុំយល់ថា ការទទួលជឿសេចក្តីពិតស្តីពីរោងឧបោសថនៅស្ថានសួគ៌នោះទាក់ទងនឹងការទាមទារនៃក្រឹត្យវិន័យរបស់ព្រះ និងថ្ងៃឈប់សម្រាកនៃបញ្ញត្តិទីបួនសោះឡើយ។ នេះជាអាថ៌កំបាំងនៃអ្នកតស៊ូជំទាស់នឹងការពិពណ៌នាដ៏ជាក់លាក់នៃបទគម្ពីរដែលសម្តែងអំពីកិច្ចការរបស់ព្រះគ្រីស្ទ ក្នុងរោងឧបោសថនៅស្ថានសួគ៌។ មនុស្សបានស្វះស្វែងរកបិទទ្វារដែលព្រះបានបើក ហើយបើកទ្វារដែលទ្រង់បានបិទ។ ប៉ុន្តែ ព្រះគ្រីស្ទបានបើកទ្វារ ដើម្បីប្រកបការងារក្នុងទីបរិសុទ្ធបំផុតហើយ។ បញ្ញត្តិទីបួនក៏មាននៅក្នុងក្រឹត្យវិន័យដែលតម្កល់នៅទីនោះដែរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផងតាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ។ ហេព្រើរ ១០:២៥