ថ្ងៃពុធ ទី១១​ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៥) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តាជំពួក៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះត្រង់ និង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្តី​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​ប្រោះ​ញែក​ជា​ស្អាត​រួច​ពី​បញ្ញា​ចិត្ត​ដែល​សៅហ្មង​ផង ហើយ​បាន​លាង​រូបកាយ​នឹង​ទឹក​ដ៏​ស្អាត​ដែរ។ ហេព្រើរ ១០:២២

អ្នកដែលទទួលពន្លឺស្តីពីការសម្រុះសម្រួលនៃព្រះគ្រីស្ទ និងក្រឹត្យវិន័យរបស់ព្រះ បានដឹងថាប្រការទាំងនេះជាសេចក្តីពិតនៃវិវរណៈជំពូក១៤ ដែលជាការព្រមានបីលើក ដើម្បីរៀបចំអ្នកដែលរស់នៅផែនដីសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់។ ការប្រកាស «ពេលដែលទ្រង់ត្រូវជំនុំជម្រះនោះបានមកដល់ហើយ» ប្រាប់ឱ្យដឹងសេចក្តីពិតមួយដែលត្រូវតែប្រកាសលុះដល់ការអង្វរកររបស់ព្រះអង្គសង្គ្រោះនឹងត្រូវឈប់ ហើយទ្រង់នឹងត្រឡប់មកយករាស្ត្រទ្រង់មកឯទ្រង់វិញ។ ការជំនុំជម្រះដែលបានចាប់ផ្តើមនៅឆ្នាំ១៨៤៤ ត្រូវតែបន្តទៅមុខរហូតដល់ក្តីទាំងអស់ត្រូវបានសម្រេចទាំងអ្នកនៅរស់ និងអ្នកស្លាប់ ដូច្នេះការជំនុំជម្រះនេះនឹងពន្យារដល់ទីបញ្ចប់នៃពេលវេលាទុកឱ្យមនុស្សប្រែចិត្ត។

ដើម្បីឱ្យមនុស្សទាំងពួងអាចរៀបចំខ្លួន ដើម្បីឈរក្នុងទីជំនុំជម្រះបាន ព្រះរាជសារបានបង្គាប់ឱ្យគេ «កោតខ្លាចព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់» «ហើយចូរក្រាបថ្វាយបង្គំព្រះដ៏ [ជាអ្នក] បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មាន» ផង។ លទ្ធផលនៃការទទួលព្រះរាជសារទាំងនេះគឺបានចែងមកហើយថា៖ «នេះហើយជាសេចក្តីអត់ធ្មត់របស់ពួកបរិសុទ្ធដែលកាន់តាមបញ្ញត្តិរបស់ព្រះ ហើយមានសេចក្តីជំនឿដល់ព្រះយេស៊ូវ»។ វិវរណៈ ១៤:៧,១២។

ដើម្បីរៀបចំខ្លួនសម្រាប់ការជំនុំជម្រះ មនុស្សត្រូវរក្សាក្រឹត្យវិន័យរបស់ព្រះដែលជាខ្នាតនៃចរិតក្នុងការវិនិច្ឆ័យ។ សាវកប៉ុលបានមានប្រសាសន៍ថា៖ «អស់អ្នកណាដែលធ្វើបាបក្នុងបន្ទុកក្រឹត្យវិន័យនោះនឹងត្រូវ ក្រឹត្យវិន័យជំនុំជម្រះវិញ...ក្នុងថ្ងៃដែលទ្រង់នឹងជំនុំជម្រះអស់ទាំងការលាក់បាំងរបស់មនុស្ស...ដោយសារព្រះយេស៊ូវគ្រីស្ទ»។ «គឺបានរាប់ជាសុចរិតតែពួកអ្នកដែលប្រព្រឹត្តតាមក្រឹត្យវិន័យតែប៉ុណ្ណោះទេ»។ សេចក្តីជំនឿគឺមាន សារៈសំខាន់ណាស់ក្នុងការរក្សាក្រឹត្យវិន័យរបស់ព្រះព្រោះ «បើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ព្រះហឫទ័យព្រះបានឡើយ»។ «ដ្បិតការទាំងប៉ុន្មានដែលធ្វើដោយឥតមានសេចក្តីជំនឿនោះសុទ្ធតែជាបាបទាំងអស់»។ រ៉ូម ២:១២-១៦; ហេព្រើរ ១១:៦; រ៉ូម ១៤:២៣។

ទេវតាទីមួយបានហៅមនុស្សឱ្យ «កោតខ្លាចព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់» ព្រមទាំងឱ្យថ្វាយបង្គំទ្រង់ដែលជាអ្នកបង្កបង្កើតផ្ទៃមេឃ និងផែនដី។ ដើម្បីធ្វើការនេះទៅបាន គេត្រូវគោរពក្រឹត្យវិន័យរបស់ទ្រង់។ ដោយគ្មានការប្រតិបត្តិតាម នោះគ្មានការគោរពណាដែលអាចគាប់ព្រះទ័យដល់ព្រះឡើយ។ «ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឱ្យយើងកាន់តាមអស់ទាំងបញ្ញត្តិរបស់ទ្រង់»។ យ៉ូហានទី១ ៥:៣; សូមអាន សុភាសិត ២៨:៩។

ការហៅឱ្យគោរពព្រះអាទិករ

ភារកិច្ចដែលយើងត្រូវថ្វាយបង្គំព្រះ គឺស្ថិតនៅលើសេចក្តីដែលថា ទ្រង់ជាព្រះដ៏ជាអ្នកបង្កបង្កើត។ «ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏ [ជាអ្នក] បង្កើតយើងខ្ញុំ»។ ទំនុកតំកើង ៩៥:៦; ទំនុកតំកើង ១០០:៣; អេសាយ ៤០:២៥,២៦; ៤៥:១៨។

នៅក្នុងវិវរណៈជំពូក១៤ មនុស្សត្រូវបានហៅឱ្យគោរពព្រះអាទិករ ហើយរក្សាបទបញ្ញត្តិរបស់ព្រះ។ មានបញ្ញត្តិមួយក្នុងបញ្ញត្តិទាំងនេះដែលចង្អុលទៅព្រះថាជាអ្នកបង្កបង្កើត៖ «រីឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ានៃឯង៖...ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនិងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សម្រាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សម្រាក ហើយក៏ញែកចេញជាបរិសុទ្ធ»។ និក្ខមនំ ២០:១០,១១។ ចំពោះថ្ងៃឈប់សម្រាក ព្រះយេហូវ៉ាមានបន្ទូលថាជា «ទី សម្គាល់...ដើម្បីឱ្យឯងដឹងថា អញនេះគឺជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា»។ អេសេគាល ២០:២០។ ប្រសិនបើមនុស្សបានរក្សាថ្ងៃឈប់សម្រាកទូទាំង សកលលោក នោះគេប្រាកដជាបានបែរទៅឯព្រះអាទិករ ដើម្បីថ្វាយបង្គំ ហើយក៏នឹងលែងមានអ្នកថ្វាយបង្គំរូបចម្លាក់ លែងមានទមិឡ ឬអ្នកមិនជឿដែរ។ ការរក្សាថ្ងៃឈប់សម្រាក គឺជាសញ្ញានៃសេចក្តីស្មោះត្រង់ដល់ «ព្រះដ៏ [ជាអ្នក] បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មាន»។ ព្រះរាជសារដែលអំពាវនាវមនុស្សឱ្យថ្វាយបង្គំព្រះ និងឱ្យរក្សាក្រឹត្យវិន័យរបស់ទ្រង់នោះ នឹងហៅគេឱ្យរក្សាបញ្ញត្តិទីបួន។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផងតាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ។ ហេព្រើរ ១០:២៥

Powered by CAM