ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តាជំពួក៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។ ហេព្រើរ ១០:២៣
ផ្ទុយនឹងអ្នកដែលរក្សាបញ្ញត្តិរបស់ព្រះ ហើយមានជំនឿដល់ព្រះយេស៊ូវនោះ ទេវតាចង្អុលទៅក្រុមមួយទៀតថា៖ «បើអ្នកណាក្រាបថ្វាយបង្គំសត្វនោះ និងរូបវា ហើយទទួលទីសម្គាល់វានៅលើថ្ងាស អ្នកនោះនឹងផឹកស្រាផងសេចក្តីឃោរឃៅរបស់ព្រះ»។ វិវរណៈ ១៤:១០,១១។ តើអ្វីទៅដែលតំណាងដោយសត្វ រូបវា និងទីសម្គាល់វានោះ?
អត្តសញ្ញាណនៃសត្វនាគ
និមិត្តរូបទាំងឡាយនៃបទទំនាយ គឺបានរកឃើញក្នុងវិវរណៈជំពូក១២។ នាគដែលរកបំផ្លាញព្រះគ្រីស្ទនៅពេលទ្រង់ចាប់បដិសន្ធិនោះ គឺជាសាតាំង (វិវរណៈ ១២:៩) ព្រោះវាបានបណ្តាលស្តេចហេរ៉ូដឱ្យធ្វើគុតដល់ ព្រះអង្គសង្គ្រោះ។ ប៉ុន្តែ ភ្នាក់ងាររបស់សាតាំងដែលធ្វើសង្គ្រាមជាមួយព្រះគ្រីស្ទ និងរាស្ត្រទ្រង់ក្នុងសតវត្សទីមួយ គឺជាចក្រភពរ៉ូមដែលនៅកាលនោះសាសនាដទៃជាសាសនាដែលគេកាន់ច្រើន។ ដូច្នេះនាគក្នុងន័យទីពីរ គឺជារ៉ូមដែលកាន់សាសនាដទៃ។
នៅក្នុងវិវរណៈជំពូក១៣ មានសត្វមួយទៀត «មើលទៅដូចជាខ្លារខិន» ដែលនាគឱ្យ «ឫទ្ធិ និងបល្ល័ង្ក...ព្រមទាំងអំណាចយ៉ាងធំ» ដល់សត្វនោះ។ ក្រុមប្រូតេស្តង់ភាគច្រើនបានជឿថា និមិត្តរូបនេះតំណាងប្រព័ន្ធកាតូលិករ៉ូមដែលបានទទួលឫទ្ធិ បល្ល័ង្ក និងអំណាចពីចក្រភពរ៉ូម។ ស្តីពីសត្វដែលដូចជាខ្លារខិនវិញមានចែងថា៖ «នាគក៏ឱ្យវាមានមាត់ចេះនិយាយពាក្យសម្តីដ៏ធំ និងពាក្យប្រមាថ...វាបើកមាត់ប្រមាថដល់...ព្រះ...ព្រះនាម និងព្រះវិហារនៃទ្រង់ដែរ ព្រមទាំងដល់ពួកអ្នកដែលនៅស្ថានសួគ៌ផង។ ក៏មានអំណាចបានប្រគល់ដល់វាឱ្យច្បាំងឈ្នះពួកបរិសុទ្ធបាន ហើយនិងអំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារភាសា ហើយនិងអស់ទាំងសាសន៍ផង»។ វិវរណៈ ១៣:២,៥-៧។ ទំនាយនេះ គឺស្ទើរតែដូចគ្នានឹងការពិពណ៌នាអំពីស្នែងតូចក្នុងគម្ពីរដានីយ៉ែលជំពូក៧ដែរ ដែលចង្អុលទៅប្រព័ន្ធកាតូលិករ៉ូមដោយពុំបាច់ឆ្ងល់។
«ក៏ឱ្យមានអំណាចនឹងធ្វើការ [របស់] វា រវាង៤២ខែ» ជាអំឡុងពេលបីឆ្នាំកន្លះ ឬ១២៦០ថ្ងៃ ក្នុងដានីយ៉ែលជំពូក៧ ក្នុងពេលដែលអំណាចកាតូលិករ៉ូមបានជិះជាន់ដល់រាស្ត្ររបស់ព្រះ។ អំឡុងពេលនេះ ដូចបានចែងពីជំពូកពី មុនហើយ គឺចាប់ផ្តើមឡើងដោយឧត្តមភាពនៃប្រព័ន្ធកាតូលិករ៉ូមពីឆ្នាំ៥៣៨គ.ស. ហើយចប់នៅឆ្នាំ១៧៩៨។ នៅពេលនោះអំណាចកាតូលិករ៉ូមបានទទួល «របួសដល់ស្លាប់» ហើយទំនាយត្រូវបានសម្រេចដូចបានទាយ៖ «អ្នកណាដែលដឹកគេឱ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនទៅជាឈ្លើយដែរ»។
ការលេចឡើងនៃអំណាចថ្មី
មកដល់ចំណុចនេះ និមិត្តរូបមួយទៀតបានមានលេចឡើង៖ «ខ្ញុំក៏ឃើញសត្វសាហាវមួយទៀតឡើងចេញពីដីមក វាមានស្នែងពីរដូចជាកូនចៀម តែពោលពាក្យដូចជានាគវិញ»។ វិវរណៈ ១៣:១១។ ប្រទេសជាតិនេះ គឺពុំដូចជាប្រទេសទាំងនោះដែលបានសម្តែងក្រោមនិមិត្តរូបពីមុនទេ។ នគរដ៏ធំៗដែលបានគ្រប់គ្រងពិភពលោក គឺបានសម្តែងដល់ហោរាដានីយ៉ែល ថាជាសត្វដែលបានលេចឡើងនៅពេល «ខ្យល់ទាំងបួននៅលើអាកាសធ្លាក់ចុះមកលើមហាសមុទ្រ»។ ដានីយ៉ែល ៧:២។ នៅក្នុងវិវរណៈ ១៧:១៥ ទេវតាបានពន្យល់ថា ទឹកគឺតំណាង «ប្រជាជន មនុស្សផងទាំងឡាយ គ្រប់សាសន៍ គ្រប់ភាសា។ ខ្យល់គឺតំណាងពីចលាចល។ ខ្យល់ទាំងបួនដែលបក់បោកមកលើមហាសមុទ្រតំណាងទស្សនីយភាពនៃការប្រយុទ្ធ និងបដិវត្តន៍ដ៏អាក្រក់ដែលនគរទាំងប៉ុន្មានបានបង្កើតឡើងដើម្បីកាន់អំណាច»។
ប៉ុន្តែ សត្វដែលមានស្នែងដូចជាកូនចៀម ត្រូវបានឃើញ «ឡើងចេញពីដី»។ ជាជាងទម្លាក់អំណាចនៃប្រទេសដទៃទៀត ដើម្បីដំឡើងខ្លួនឯង ប្រទេសនេះត្រូវតែលេចឡើងក្នុងតំបន់ដែលគ្មាននរណាគ្រប់គ្រងពីមុន ហើយបានលូតលាស់ឡើងដោយសន្តិភាព។ ប្រទេសនេះត្រូវរកឃើញនៅទ្វីបខាងលិច។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផងតាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ។ ហេព្រើរ ១០:២៥