ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តាជំពួក៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ។ ហេព្រើរ ១០:២៤
តើប្រទេសនៃដែនដីថ្មីណាដែលក្នុងឆ្នាំ១៧៩៨ បានលេចមានអំណាចឡើង ហើយអះអាងនូវកម្លាំងខ្លាំងក្លា ហើយទាក់ស្មារតីពិភពលោកនោះ? មានតែប្រទេសមួយគត់ ដែលត្រូវនឹងទំនាយនេះគឺសហរដ្ឋអាមេរិក។ ក្នុងការពិពណ៌នាដំណើរលូតឡើងនៃប្រទេសនេះ អ្នកប្រវត្តិសាស្ត្របានប្រើពាក្យដោយមិនដឹងខ្លួនថា អ្វីដែលខ្លួនបានសរសើរគឺស្ទើរតែដូចគ្នានឹង សំណេររបស់ហោរា។ អ្នកនិពន្ធដ៏ល្បីល្បាញម្នាក់បានថ្លែងពី «អាថ៌កំបាំងនៃការលេចឡើងពីកន្លែងទទេ» ហើយមានប្រសាសន៍ថា «ដូចជាគ្រាប់ពូជមួយ យើងបានលូតលាស់ឡើងទៅជាចក្រភព»។ ទស្សនាវដ្តីអឺុរ៉ុបក្នុងឆ្នាំ១៨៥០ បានថ្លែងពីសហរដ្ឋអាមេរិកថា «លេចធ្លោឡើង» ហើយ «ក្នុងភាពស្ងប់ស្ងាត់នៃផែនដី វាបានមានអំណាច និងឫកក្អេងក្អាងរាល់ថ្ងៃ»។
«វាមានស្នែងពីរដូចជាកូនចៀម»។ ស្នែងដូចជាកូនចៀម បង្ហាញពីយុវភាព ភាពស្លូតបូត និងភាពទន់ភ្លន់។ ក្នុងចំណោមជននិរទេសគ្រីស្ទានដែលបានគេចខ្លួនទៅអាមេរិក ពីអំណាចជិះជាន់របស់ស្តេច និងពីការបៀតបៀនរបស់ពួកសង្ឃ ភាគច្រើនជាអ្នកតាំងចិត្តតស៊ូ ដើម្បីកសាងសេរីភាព ស៊ីវិល និងសេរីភាពសាសនា។ សេចក្តីប្រកាសឯករាជ្យបានពន្លេចចេញការពិតថា «មនុស្សគ្រប់រូបត្រូវបានបង្កើតមកទាំងមានភាពស្មើគ្នា» ហើយបានប្រកបដោយសិទ្ធិនឹងទទួល «ជីវិត សេរីភាព និងការស្វែងរកសុភមង្គល» ដែលពុំអាចដកចេញបាន។ រដ្ឋធម្មនុញ្ញធានាឱ្យប្រជាជននូវសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ឱ្យតែអ្នកតំណាងរាស្ត្រដែលត្រូវបានជ្រើសរើសដោយសន្លឹកឆ្នោតច្រើននោះអនុម័តហើយចាត់ចែងច្បាប់។ សេរីភាពនៃជំនឿសាសនាក៏បានអនុញ្ញាតឱ្យមានដែរ។ សាធារណរដ្ឋនិយម និងប្រូតេស្តង់និយម បានក្លាយជាគោលការដ៏សំខាន់របស់ជាតិ ហើយនេះជាភាពសម្ងាត់នៃអំណាច និងការរីកចម្រើនរបស់វា។ មនុស្សរាប់លានបានឆ្លងមកតាំងទីលំនៅ ហើយសហរដ្ឋអាមេរិកបានលូតឡើងចូលក្នុងចំណោមប្រទេសមានអំណាចបំផុតនៃផែនដី។
ការផ្ទុយគ្នាដ៏ច្បាស់ក្រឡែត
ប៉ុន្តែ សត្វដែលមានស្នែងដូចកូនចៀម «ពោលពាក្យដូចជានាគវិញ ក៏ប្រព្រឹត្តដោយនូវគ្រប់ទាំងអំណាចរបស់សត្វទីមួយនៅមុខនាគនោះ ទាំងបណ្តាលឱ្យផែនដី និងអស់អ្នកដែលនៅផែនដីបានក្រាបថ្វាយបង្គំដល់សត្វទីមួយដែលមានរបួសដល់ស្លាប់នោះ តែបានសះជាវិញ...ក៏ប្រាប់ដល់ពួកអ្នកនៅផែនដី ឱ្យធ្វើរូបសត្វនោះដែលត្រូវរបួសនឹងដាវតែបានរស់វិញ»។ វិវរណៈ ១៣:១១-១៤។
ស្នែងដូចជាកូនចៀម និងនាគចង្អុលប្រាប់ថាមានសេចក្តីផ្ទុយគ្នា។ ការទាយថាវានឹងពោល «ដូចជានាគ» ហើយ «ប្រព្រឹត្តដោយនូវគ្រប់ទាំង អំណាចរបស់សត្វទីមួយ» គឺសំដៅទៅលើកិរិយាមិនអត់ធ្មត់ និងការធ្វើទុក្ខបុកម្នេញ ដែលអនុវត្តដោយនាគ និងសត្វដែលដូចជាខ្លារខិន ហើយប្រយោគដែលថាសត្វមានស្នែងពីរដែល «បណ្តាលឱ្យផែនដី និងអស់អ្នក ដែលនៅផែនដីបានក្រាបថ្វាយបង្គំដល់សត្វទីមួយ» នោះបង្ហាញថា ប្រទេសនេះនឹងប្រើអំណាចបង្ខំឱ្យគេគោរពដល់ប្រព័ន្ធកាតូលិក។
អំពើរបៀបនេះ នឹងផ្ទុយទៅនឹងសេចក្តីក្លៀវក្លានៃច្បាប់សេរី ផ្ទុយនឹងសច្ចាប្រណិធាននៃសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញហើយ។ រដ្ឋធម្មនុញ្ញបានចែងមកថា «សភានឹងមិនត្រូវធ្វើច្បាប់ចំពោះការស្ថាបនានៃសាសនាណាមួយ ឬហាមប្រាមការអនុវត្តដោយសេរីនូវសាសនានោះឡើយ» ហើយ «នឹងមិនត្រូវការការសាកល្បងខាងសាសនា ដើម្បីឱ្យបានចូលទៅក្នុងក្រសួងសាធារណៈណាមួយក្នុងសហរដ្ឋអាមេរិកឡើយ»។ ការរំលោភដ៏ជាក់ស្តែងដែលមិនឱ្យមានសេរីភាពចំពោះសេចក្តីអះអាងទាំងនេះ គឺ តំណាងដោយនិមិត្តរូបវិញ។ តាមសេចក្តីអះអាងនោះ សត្វដែលមានស្នែងដូចជាកូនចៀមគឺបរិសុទ្ធ សុភាព និងស្លូតបូត តែពោលដូចជាសត្វនាគវិញ។
«ក៏ប្រាប់ដល់ពួកអ្នកនៅផែនដី ឱ្យធ្វើរូបសត្វនោះ»។ នេះជាការសម្តែង ទម្រង់រដ្ឋាភិបាលដែលអំណាចបង្កើតច្បាប់ គឺស្រេចនៅលើប្រជាជន ហើយជាភ័ស្តុតាងយ៉ាងជាក់លាក់បំផុតថា ប្រទេសដែលសំដៅទៅនោះ គឺសហរដ្ឋអាមេរិក។
ប៉ុន្តែ តើអ្វីទៅជា «រូបសត្វ»? តើវានឹងមានរូបរាងយ៉ាងណាទៅ? នៅពេលវិហារជំនាន់ដើមបានពុករលួយទៅ គេក៏បានរកការគាំទ្រពីអំណាចលោកីយ៍។ លទ្ធផលគឺ៖ ប្រព័ន្ធកាតូលិករ៉ូមដែលជាវិហារគ្រប់គ្រង រដ្ឋ ជាពិសេសខាងការដាក់ទណ្ឌកម្មចំពោះ «លទ្ធិខុសឆ្គង»។ ដើម្បីឱ្យ សហរដ្ឋអាមេរិកធ្វើ «រូបសត្វ» នោះបានអំណាចសាសនាត្រូវតែគ្រប់គ្រងរដ្ឋាភិបាលស៊ីវិល ហើយរដ្ឋត្រូវធ្វើការក្រោមការត្រួតត្រារបស់វិហារដើម្បីឱ្យបានសម្រេចគោលបំណងរបស់ខ្លួន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផងតាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ។ ហេព្រើរ ១០:២៥