ថ្ងៃសៅរ៍ ទី១៤​ ខែសីហា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-២៥) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តាជំពួក៨

វិហារប្រូតេស្តង់ដែលបានតាមជំហានរបស់រ៉ូម បានសម្តែងចំណង់ប្រហាក់ប្រហែលគ្នាដើម្បីបន្តឹងសេរីភាពខាងសតិសម្បជញ្ញៈ។ ឧទាហរណ៍ពីការនេះ មានដូចជាការធ្វើទុក្ខទោសដ៏យូរអង្វែងដល់ពួកអ្នកខ្វែងយោបល់ ដោយព្រះវិហារអង់គ្លេស។ ក្នុងអំឡុងសតវត្សទី១៦ និង១៧ ពួកគ្រូគង្វាលដែលមិនចុះចូលនឹងគេ និងពួកបណ្តាជនទាំងឡាយ ត្រូវបានទទួលពិន័យ ការជាប់គុក ទារុណកម្ម និងការប្តូរជីវិតដល់ស្លាប់ទៀតផង។

ការងាកចេញពីជំនឿ បាននាំឱ្យវិហារជាន់ដើមរកជំនួយពីរដ្ឋាភិបាល​ស៊ីវិល ហើយការនេះបានរៀបចំផ្លូវសម្រាប់ប្រព័ន្ធកាតូលិកដែលជាសត្វ។ សាវ័កប៉ុលមានប្រសាសន៍ថា៖ «ទាល់តែមានការក្បត់សាសនាមក ជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក»។ ថែស្សាឡូនីចទី២ ២:៣។

ព្រះគម្ពីរបានចែងថា៖ «ចូរឱ្យដឹងថា នៅជាន់ក្រោយបង្អស់នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្ត សាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ មិនព្រមទទួលស្គាល់ព្រះចេស្តាដែលមកដោយ [ការ] គោរពប្រតិបត្តិនោះទេ»។ ធីម៉ូថេទី២ ៣:១-៥។ «តែព្រះវិញ្ញាណទ្រង់មានបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាចាកចេញពីសេចក្តីជំនឿដោយស្តាប់តាមវិញ្ញាណបញ្ឆោតនឹងសេចក្តីបង្រៀនរបស់ពួកអារក្ស»។ ធីម៉ូថេទី១ ៤:១។

អស់អ្នកដែល «មិនព្រមស្រឡាញ់ដល់សេចក្តីពិត ដើម្បីឱ្យបានសង្គ្រោះនោះ» នឹងទទួល «សេចក្តីខុសឆ្គងបណ្តាលឱ្យគេជឿតាមសេចក្តី ភូតភរវិញ»។ ថែស្សាឡូនីចទី២ ២:១០-១១។ នៅពេលបានដល់ស្ថានភាពនេះនឹងមានលទ្ធផលដូចនៅក្នុងសតវត្សទីមួយដែរ។

ការមានជំនឿប្លែកគ្នាជាច្រើនក្នុងព្រះវិហារប្រូតេស្តង់ ធ្វើឱ្យជនជាច្រើនចាត់ទុកជាសក្ខីភាពថាមិនអាចបង្ខំឱ្យមានឯកភាពបានឡើយ។ ប៉ុន្តែ វិហារប្រូតេស្តង់ចង់ធ្វើឱ្យមានសហភាពនឹងគ្នាអស់រាប់ឆ្នាំមកហើយ។ ដើម្បីឱ្យ បានសហភាពនេះ គោលលទ្ធិណាមួយដែលគេទាំងអស់គ្នាពុំយល់ស្របតាមនោះនឹងត្រូវទុកដោយឡែក។ ក្នុងការព្យាយាមទាញយកឯកភាពទាំងស្រុងនោះ គឺខ្វះតែមួយជំហានទៀតដល់ការបង្ខំហើយ។

នៅពេលព្រះវិហារល្បីៗនៃសហរដ្ឋអាមេរិក រួបរួមគោលជំនឿដែលគេមានដូចគ្នា បង្ខំរដ្ឋឱ្យចេញក្រឹត្យក្រមរបស់ខ្លួន ហើយលើកស្ទួយច្បាប់ដែលបានតាំងឡើងនោះ នោះប្រូតេស្តង់អាមេរិកនឹងបានធ្វើជារូបនៃឋានន្តររបស់រ៉ូម ហើយនឹងមានការដាក់ពិន័យដល់អ្នកខ្វែងយោបល់ជាពុំខាន។

សត្វ និងរូបវា

សត្វដែលមានស្នែងពីរ វាបង្ខំឱ្យមនុស្សទាំងអស់ ទាំងធំទាំងតូច ទាំងមានទាំងក្រ ហើយទាំងអ្នកជានិងបាវគេឱ្យទទួលទីសម្គាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន ហើយមិនបើកឱ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកតែអ្នកដែលមានទីសម្គាល់នោះចេញគឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា។ វិវរណៈ ១៣:១៦-១៧។ ទេវតាទីបី ព្រមានថា៖ «បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះនិងរូបវា ហើយទទួលទីសម្គាល់វានៅលើថ្វាស ឬនៅដៃ អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្តីឃោរឃៅរបស់ព្រះ»។

«សត្វ» ដែលគេបង្ខំឱ្យគោរពនោះ គឺជាសត្វដូចជាខ្លារខិន ឬសត្វទីមួយនៃវិវរណៈជំពូក១៣ដែលជាប្រព័ន្ធកាតូលិករ៉ូម។ «រូបសត្វ» គឺតំណាងរូបរាងនៃប្រូតេស្តង់និយមដែលងាកចេញពីជំនឿដែលនឹងកកើតឡើងនៅពេលវិហារប្រូតេស្តង់រកជំនួយពីអំណាចស៊ីវិល ដើម្បីបង្ខំឱ្យគេទទួលគោលជំនឿរបស់ខ្លួន។ រីឯ «ទីសម្គាល់របស់សត្វ» យើងនឹងឱ្យអត្ថន័យនៅពេលបន្តិចទៀត។

អ្នកដែលរក្សាបញ្ញត្តិរបស់ព្រះគឺផ្ទុយទៅនឹងអ្នកដែលគោរពសត្វនិងរូបសត្វ ហើយទទួលទីសម្គាល់របស់វា។ ការរក្សា និងការបំពានក្រឹត្យវិន័យរបស់ព្រះ នឹងបានជាទីសម្គាល់រវាងអ្នកគោរពថ្វាយបង្គំព្រះ និងអ្នកគោរពថ្វាយបង្គំសត្វ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផងតាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ។ ហេព្រើរ ១០:២៥

Powered by CAM